ដោយ វ៉ែន សុមេធ
2019-10-16

លោក ជិន សុខង៉េង ដែលត្រូវឡើងកាន់តំណែងជាចៅសង្កាត់សាលាកំរើក ក្នុងខេត្តសៀមរាប ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។ RFA
RFA
តុលាការរបបក្រុងភ្នំពេញសម្រេចចោទប្រកាន់អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខេត្តសៀមរាប លោក ជិន សុខង៉េង ពីបទរួមគំនិតក្បត់ និងបានប្រកាសតាមចាប់ខ្លួនយុវជនរូបនេះ។
អយ្យការអមតុលាការខេត្តសៀមរាបបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៤ តុលាថា លោក ជិន សុខង៉េង បានទៅជួបជាមួយលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែសីហា ដើម្បីទទួលផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ ស្ថាប័នអយ្យការខេត្តសៀមរាបបញ្ជាក់ទៀតថា អ្នកដែលពាក់ព័ន្ធនឹងគម្រោងរបស់លោក សម រង្ស៊ី នេះ នឹងត្រូវប្រឈមការចោទប្រកាន់ និងកាត់ទោសឱ្យជាប់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ។ ចំណែកចៅក្រមស៊ើបសួរតុលាការខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក ជិន សុខង៉េង ដើម្បីយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា ចៅសង្កាត់សាលាកម្រើកក្រុងសៀមរាប ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក ជិន សុខង៉េង ប្រាប់អាស៊ីសេរីថា លោកបានទៅដល់កន្លែងមានសុវត្ថិភាពហើយ ដើម្បីគេចចេញពីការតាមយាយីនេះ។ លោកចាត់ទុកចំណាត់ការរបស់តុលាការខេត្តសៀមរាបនេះថា ជារឿងអយុត្តិធម៌ និងជាការរំលោភច្បាប់៖ «មកចោទពួកយើងរួមគំនិតក្បត់ជាតិ យើងមិនអាចទទួលយកបានទេ ភាពអយុត្តិធម៌ទាំងអស់នេះ។ បើយើងក្បត់ជាតិ ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរជាច្រើនពាក់កណ្ដាលនគរ ហើយជាពិសេសនៅសង្កាត់សាលាកំរើក ធ្វើឱ្យគណបក្សសង្គ្រោះជាតិបានឈ្នះលើការបោះឆ្នោតយ៉ាងសន្ធឹកសន្ធាប់ អ៊ីចឹងមានន័យថា ប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិគាត់ក្បត់ជាតិដែរ។ នេះហើយជារឿងមួយដែលលាបពណ៌ ធ្វើឱ្យអ្នកនយោបាយឈឺចាប់ ប៉ុន្តែពួកយើងនៅតែបន្តតស៊ូរឿងទាំងអស់នេះបន្តទៅទៀត។ យើងជឿជាក់ថា នៅពេលឆាប់ៗ នេះនឹងមានដំណោះស្រាយនយោបាយមួយសមរម្យសម្រាប់ពលរដ្ឋខ្មែរ»។
លោក ជិន សុខង៉េង គឺជាមន្ត្រីគណបក្សសង្គ្រោះជាតិទីពីរហើយ នៅក្នុងខេត្តសៀមរាប ដែលត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់។ កាលពីសប្ដាហ៍មុន តុលាការបានចោទប្រកាន់ និងតាមរកចាប់ខ្លួនអនុប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិស្រុកពួក លោក ឈុន វាន ដោយចោទប្រកាន់ពីបទល្មើសដូចគ្នានេះ។
គិតត្រឹមថ្ងៃទី១៥ តុលា អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤៦នាក់ហើយ និងមានម្នាក់ត្រូវបានដោះលែងវិញ ក្រោយសារភាពតាមការចង់បានរបស់អាជ្ញាធរ។ ដោយឡែក ចំនួនសកម្មជនបក្សប្រឆាំងដែលអាជ្ញាធរកោះហៅ និងចេញដីកាតាមចាប់ខ្លួន បានកើនឡើងដល់ ១៨៣នាក់ គិតត្រឹមរយៈពេលដូចគ្នា៕
No comments:
Post a Comment