Thursday, 31 October 2019

ក្រសួង​មហាផ្ទៃរឹ​ត​បន្តឹង​សន្តិសុខ​នៅអំឡុង​ពិធី​បុណ្យឯករាជ្យ​ជាតិ និង​បុណ្យ​អុំ​ទូក


ដោយ សេក បណ្ឌិត
2019-10-31

លោក ស ខេង រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ
លោក ស ខេង រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ
 រូប៖ ហ្វេសប៊ុកលោក ស ខេង ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០១៩




ក្រសួង​មហាផ្ទៃដាក់​ចេញ​នូវ​វិធានការ​​​រឹត​បន្តឹង​សន្តិសុខ​នៅអំឡុងពិធី​បុណ្យ​ឯករាជ្យ​ជាតិ និង​​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ ដោយសារ​តែ​ជា​ពេល​វេលា​នៃ​ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិត្រូវចំពេលតែមួយ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា វិធានការ​របស់​អាជ្ញាធរ​នេះ​រឹតត្បិត​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

ក្រសួង​មហាផ្ទៃបញ្ជា​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់តាម​ដាន​សភាព​​ការណ៍​​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​​បាន​ដិត​ដល់ និង​ត្រៀម​កម្លាំង​បង្រ្កាប​ក្រុម​​អ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ​ដែល​ចង់​ទៅ​​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​​របស់​លោក សម រង្ស៊ី ដែល​ក្រសួង​ចាត់​ទុក​ថា ជា​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល។ ក្រៅពីនេះ ក្រសួង​បាន​បញ្ជាឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​ បង្កើន​ការ​គ្រប់​គ្រង​ការ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មុខ​សញ្ញានីមួយៗផងដែរ។

លោក ស ខេង រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ ដាក់​បញ្ជា​បែបនេះទៅកាន់​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​​តាម​រយៈលិខិត​មួយ​ច្បាប់​នៅ​ថ្ងៃទី៣០ តុលា។ លោក​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​​ចុះ​អប់​រំ​ពលរដ្ឋ​ឱ្យ​ចៀសវាង​ការ​ចូល​រួម​ក្នុង​សកម្មភាព​​ណាមួយ​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម រង្ស៊ី ។



ក្រៅពីវិធានការ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ ក្រសួង​មហាផ្ទៃ​ក៏​ដាក់​បញ្ជា​មួ​យចំនួន​ទៀត​ផង​ដែរ ដូច​ជា​​ ការ​តម្រូវ​ឱ្យ​អភិបាល​រាជ​ធានី​ខេត្ត​មាន​វត្តមាន​ជាប់​ជា​ប្រចាំនៅ​រាជធានី​ខេត្ត​​របស់​ខ្លួនចាប់​ពី​ដើម​ខែ​វិច្ឆិការហូត​ដល់​ចប់ពិធី​បុណ្យ​អុំ​ទូក និង​ចាត់​មន្ត្រី​ប្រចាំ​ការ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ត្រៀម​ដោះស្រាយ​សភាព​ការណ៍​ចំពោះមុខ។ ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​បញ្ជា​ឱ្យអភិបាល​រាជធានី​ខេត្ត​​ត្រួត​ពិនិត្យ​វត្តមាន​កង​កម្លាំង​ក្រោម​ឱវាទ និង​បង្កើន​ការ​គ្រប់​គ្រង​វត្តមាន និង​ការ​បំពេញ​ការងារ​របស់​មន្ត្រីថ្នាក់​ក្រោម​ឱ្យ​បាន​ហ្មត់​ចត់​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល​យល់​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃនេះ​ហាក់បង្ហាញ​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​គ្រា​មាន​អាសន្ន។

អ្នក​​សម្របសម្រួល​ផ្នែក​អង្កេតនៃ​អង្គការ​ខុម​ហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​​ថា ការការពារ​​សន្តិសុខ​នៅក្នុង​អំឡុង​ពិធី​បុណ្យ​ជាតិ​ ជារឿង​ចាំបាច់ ប៉ុន្តែ​លោក​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃនេះ មាន​លក្ខណៈរឹត​បន្តឹង​ខ្លាំង​ពេក​ ដែល​អាច​​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋទៅវិញទេ។ ជាពិសេស លោក​ថា វិធានការ​ខ្លះ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាពក្នុង​ការ​ដើរហើរ ការ​ជួប​ប្រជុំ និង​ធ្វើ​សកម្មភាព​នយោបាយ​របស់​ប្រជាពលរដ្ឋ៖ «សេរីភាពក្នុង​ការ​ដើ​រ​ហើរ ជួប​ជុំ សម្តែង​មតិ​ហ្នឹង គឺ​ជា​សេរីភាព​មួយ​ដែល​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ អ៊ីចឹង​បើ​សេរីភាព​ទាំង​អស់​នេះ​ត្រូវ​បាន​តាម​ដាន​ រឹត​បន្តឹង ​យើង​គិត​ថាវា​ជា​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​មែន​ទែន​សម្រាប់​​ប្រជាពលរដ្ឋ​យើង»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​អាច​នឹង​អនុវត្តសកម្មភាព​លើស​ពី​អ្វី​ដែល​ក្រសួង​បាន​ដាក់​ចេញ ហើយ​ខ្លឹមសារ​នៃ​បទ​បញ្ជា​នេះ​អាច​នឹងនៅមាន​សុពល​ភាព​ក្រោយ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ទៅទៀត។

លោក សម រង្ស៊ី ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ និង​ក្រុម​មេដឹកនាំបក្ស​ប្រឆាំងមួយ​ចំនួនទៀត បាន​ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា ដែល​ចំ​ថ្ងៃ​បុណ្យ​ទិវាឯករាជ្យ​ជាតិ។ ​លោក​ សម រង្ស៊ី អះអាង​ថា ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នេះ គឺដើម្បី​ទៅ​ជួយ​សង្គ្រោះប្រទេស​កម្ពុជា​ពី​អំណាច​ផ្តាច់ការ​របស់​លោក ហ៊ុន សែន និង​វិបត្តិ​ជាតិ​ដទៃ​ទៀត​ដែល​របបក្រុង​ភ្នំពេញ​មិន​អាច​ដោះស្រាយ​បាន។

ទោះជាយ៉ាងណា របបលោក ហ៊ុន សែន បាន​ប្រកាស​រួច​ជា​ស្រេច​ហើយ​ថា នេះ​ជា​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល ហើយ​របបនេះ​នឹង​ចាប់​ខ្លួន​ជន​ណា​ក៏​ដោយ​ដែល​មាន​ពាក់ព័ន្ធនឹង​គម្រោង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ បច្ចុប្បន្ននេះ អាជ្ញាធរ​បាន​បង្កើន​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​​ជា​បន្ត​បន្ទាប់ ដោយចោទប្រកាន់​​ពី​បទរួម​គំនិត​ក្បត់​ជាតិ។

អ្នក​ជំនាញ​កិច្ច​ការ​បោះឆ្នោត​ និង​ប្រជាធិបតេយ្យ លោក កន សាវាង្ស ថ្លែង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិពេញលេញ​ក្នុង​ការ​គាំទ្រ​អ្នក​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​ការ​ប្រកាស​​ទៅចូល​រួម​អម​ដំណើរ​​លោក សម រង្ស៊ី ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ មិន​មែន​ជាការ​ប្រព្រឹត្ត​បទល្មើស ឬជាបទ​ឧក្រិដ្ឋ​អ្វីនោះឡើយ៕

2 comments:

Anonymous said...

Ah Yuon's slave Hun Sen will not go out quietly.

Khmer people need to make their ultimate sacrifice in order to stop this traitor Hun Sen from completing the Vietnamization of Cambodia.

Anonymous said...

I agree with you 11:34pm but the problem is khmer people are very chicken and Hun Sen will be in power until he dies of old age.
It's sad but that's the reality. How else do you think a hated dictator like Hun Sen can stay in power for so long? The main reason is khmers just don't care much about their country and the ones who care are too afraid to do anything.