ដោយ សេក បណ្ឌិត
2019-10-31

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
រូប៖ ហ្វេសប៊ុកលោក ស ខេង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩
ក្រសួងមហាផ្ទៃដាក់ចេញនូវវិធានការរឹតបន្តឹងសន្តិសុខនៅអំឡុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ដោយសារតែជាពេលវេលានៃការប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវចំពេលតែមួយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា វិធានការរបស់អាជ្ញាធរនេះរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ក្រសួងមហាផ្ទៃបញ្ជាឱ្យអភិបាលរាជធានីខេត្តទាំងអស់តាមដានសភាពការណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់ និងត្រៀមកម្លាំងបង្រ្កាបក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលចង់ទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដែលក្រសួងចាត់ទុកថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ក្រៅពីនេះ ក្រសួងបានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្ត បង្កើនការគ្រប់គ្រងការចេញចូលរបស់ប្រជាពលរដ្ឋនៅតាមមុខសញ្ញានីមួយៗផងដែរ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ជាបែបនេះទៅកាន់អាជ្ញាធរគ្រប់រាជធានីខេត្តតាមរយៈលិខិតមួយច្បាប់នៅថ្ងៃទី៣០ តុលា។ លោកបានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តចុះអប់រំពលរដ្ឋឱ្យចៀសវាងការចូលរួមក្នុងសកម្មភាពណាមួយពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី ។
ក្រៅពីវិធានការប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ក្រសួងមហាផ្ទៃក៏ដាក់បញ្ជាមួយចំនួនទៀតផងដែរ ដូចជា ការតម្រូវឱ្យអភិបាលរាជធានីខេត្តមានវត្តមានជាប់ជាប្រចាំនៅរាជធានីខេត្តរបស់ខ្លួនចាប់ពីដើមខែវិច្ឆិការហូតដល់ចប់ពិធីបុណ្យអុំទូក និងចាត់មន្ត្រីប្រចាំការនៅតាមមូលដ្ឋានដើម្បីត្រៀមដោះស្រាយសភាពការណ៍ចំពោះមុខ។ ជាងនេះទៅទៀត ក្រសួងបានបញ្ជាឱ្យអភិបាលរាជធានីខេត្តត្រួតពិនិត្យវត្តមានកងកម្លាំងក្រោមឱវាទ និងបង្កើនការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីថ្នាក់ក្រោមឱ្យបានហ្មត់ចត់ផងដែរ។
អង្គការសង្គមស៊ីវិលយល់ថា វិធានការរបស់ក្រសួងមហាផ្ទៃនេះហាក់បង្ហាញថា ប្រទេសកម្ពុជាកំពុងស្ថិតគ្រាមានអាសន្ន។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា ការការពារសន្តិសុខនៅក្នុងអំឡុងពិធីបុណ្យជាតិ ជារឿងចាំបាច់ ប៉ុន្តែលោកថា វិធានការរបស់ក្រសួងមហាផ្ទៃនេះ មានលក្ខណៈរឹតបន្តឹងខ្លាំងពេក ដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទៅវិញទេ។ ជាពិសេស លោកថា វិធានការខ្លះប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការដើរហើរ ការជួបប្រជុំ និងធ្វើសកម្មភាពនយោបាយរបស់ប្រជាពលរដ្ឋ៖ «សេរីភាពក្នុងការដើរហើរ ជួបជុំ សម្តែងមតិហ្នឹង គឺជាសេរីភាពមួយដែលជាអាទិភាពរបស់ប្រជាពលរដ្ឋទូទៅ អ៊ីចឹងបើសេរីភាពទាំងអស់នេះត្រូវបានតាមដាន រឹតបន្តឹង យើងគិតថាវាជាការព្រួយបារម្ភ និងការភ័យខ្លាចមែនទែនសម្រាប់ប្រជាពលរដ្ឋយើង»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបារម្ភថា អាជ្ញាធរថ្នាក់ក្រោមជាតិអាចនឹងអនុវត្តសកម្មភាពលើសពីអ្វីដែលក្រសួងបានដាក់ចេញ ហើយខ្លឹមសារនៃបទបញ្ជានេះអាចនឹងនៅមានសុពលភាពក្រោយពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកទៅទៀត។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងក្រុមមេដឹកនាំបក្សប្រឆាំងមួយចំនួនទៀត បានប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី០៩ វិច្ឆិកា ដែលចំថ្ងៃបុណ្យទិវាឯករាជ្យជាតិ។ លោក សម រង្ស៊ី អះអាងថា ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ គឺដើម្បីទៅជួយសង្គ្រោះប្រទេសកម្ពុជាពីអំណាចផ្តាច់ការរបស់លោក ហ៊ុន សែន និងវិបត្តិជាតិដទៃទៀតដែលរបបក្រុងភ្នំពេញមិនអាចដោះស្រាយបាន។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន បានប្រកាសរួចជាស្រេចហើយថា នេះជាផែនការផ្តួលរំលំរដ្ឋាភិបាល ហើយរបបនេះនឹងចាប់ខ្លួនជនណាក៏ដោយដែលមានពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី។ បច្ចុប្បន្ននេះ អាជ្ញាធរបានបង្កើនការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានជាបន្តបន្ទាប់ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។
អ្នកជំនាញកិច្ចការបោះឆ្នោត និងប្រជាធិបតេយ្យ លោក កន សាវាង្ស ថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការគាំទ្រអ្នកនយោបាយដែលខ្លួនពេញចិត្ត ហើយការប្រកាសទៅចូលរួមអមដំណើរលោក សម រង្ស៊ី ពីសំណាក់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះ មិនមែនជាការប្រព្រឹត្តបទល្មើស ឬជាបទឧក្រិដ្ឋអ្វីនោះឡើយ៕
2 comments:
Ah Yuon's slave Hun Sen will not go out quietly.
Khmer people need to make their ultimate sacrifice in order to stop this traitor Hun Sen from completing the Vietnamization of Cambodia.
I agree with you 11:34pm but the problem is khmer people are very chicken and Hun Sen will be in power until he dies of old age.
It's sad but that's the reality. How else do you think a hated dictator like Hun Sen can stay in power for so long? The main reason is khmers just don't care much about their country and the ones who care are too afraid to do anything.
Post a Comment