Saturday, 14 December 2019

មេ​បក្ស​ប្រឆាំងលោក សម រង្ស៊ី ​ថា ប្រទេស​កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឆ្នាំ​២០២០


ដោយ ហេង រស្មី
2019-12-13

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page



មេដឹកនាំ​គណបក្សប្រឆាំង​មាន​ជំនឿ​ថា ដើម​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដោយសារតែ​កម្ពុជា​រក​នូវ​សម្ពាធ​ធំៗ​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ប្រឈមមុខ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប EBA និង GSP របស់​សហរដ្ឋអាមេរិក និង ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដើម្បី​បង្ក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុម​ភ្នំពេញ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ច្រានចោល​ចំពោះ​ការ​លើកឡើង​នេះ ដោយ​ចាត់ទុកថា លោក សម រង្ស៊ី កំពុង​ភូត​កុហក​ប្រជាពលរដ្ឋ។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា លោក​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ចូល​មាតុប្រទេស​វិញ នៅ​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​នយោបាយ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ពេល​ឆាប់​ឆាប់​ខាងមុខនេះ ទោះបី​លោក​ត្រូវ​ពន្យារពេល កាលពី​ថ្ងៃ​ទី៩ វិច្ឆិកា កន្លង​ទៅ​ក៏ដោយ។



លោក សម រង្ស៊ី ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​រដ្ឋ​វីជីនៀ សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី១២ ធ្នូ ថា ដោយសារតែ​មានការ​ជំរុញ​ពី​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ប្រទេស​នឹង​ក្រៅ​ប្រទេស​ហើយ​លោក​សង្កេត​ឃើញ​ថា ប្រជារាស្ត្រ​ខ្មែរ​ក៏​ចង់​ឱ្យ​មាន​ការ​ប្ដូរ​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​ទាមទារ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ ជូន​កម្ពុជា​វិញ។

លោក​បញ្ជាក់​ថា ស្ថានភាព​អន្តរជាតិ​ក៏​មាន​ការ​គាប​សង្កត់​របប​ហ៊ុន សែន កាន់តែខ្លាំង​ដើម្បី​ឱ្យ​លោក ហ៊ុន សែន ត្រូវ​កែខ្លួន​ហើយ​វិលត្រឡប់​ដើរមក​តាម​ផ្លូវ​ប្រជាធិបតេយ្យ​វិញ ហេតុ​ដូច្នេះ​ហើយ​សម្ពាធ​និង​ចរន្ត​ទាំងពីរ​នេះ​គឺ​ច្បាស់​ជា​នាំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា៖ «ទាំង​សហភាព​អឺរ៉ុប ទាំង​សហរដ្ឋអាមេរិក​អនុវត្ត​ច្បាប់​ថ្មី គេ​មាន​នីតិវិធី​ដែល​គេ​បាន​កំណត់​ដើម្បី​ធ្វើ​ឱ្យ ហ៊ុន សែន នឹង​យល់ថា​គេ​មិន​បណ្ដោយ​ឱ្យ ហ៊ុន សែន ធ្វើ​អី​បាន​តាម​ចិត្ត សម្លាប់​ប្រជាធិបតេយ្យ​បាន​តាម​ចិត្ត​ផ្ទុយទៅវិញ​គេ​តម្រូវ​ឱ្យ ហ៊ុន សែន បើកផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ឡើងវិញ​ហើយ​ឱ្យ​ប្រជាធិបតេយ្យ​រស់​ឡើងវិញ»។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បាន​កើតមានឡើង​ក្រោយពេល​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​បាន​រកឃើញ​ថា លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង​ចំនួន ១១ ក្រុមហ៊ុន និង​លោក គន់ គីម ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​បី (៣) រូប​ត្រូវ​បាន​សហរដ្ឋអាមេរិក​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ប្រយោល។

ប្រជាពលរដ្ឋ​នៅ​រដ្ឋ​វីជីនៀ លោក ម៉ា រុំ ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​លោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី​ថា លោក​ក៏​មាន​ជំនឿ​ថា កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដោយសារតែ​សម្ពាធ​ពី​អន្តរជាតិ​ទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក៖ «ធ្វើ​អ្វី​ក៏ដោយ​ត្រូវតែ​មាន​ទស្សនៈ​លើ​សេចក្តី​សង្ឃឹម បើ​យើង​ធ្វើ​អ្វី​អត់​មាន​សង្ឃឹម​យើង​អត់​មាន​អ្វី​នឹង​ធ្វើ​ទេ ដូច្នេះ​ឆ្នាំ​២០២០ បើ​យើង​មើល​តាម​ស្ថានការណ៍​នេះ កម្លាំង​គាបសង្កត់​ពី​ខាងក្នុង និង​ខាងក្រៅ​គឺ​ថា អាច​នាំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​មែន យើង​មើល​ធ្វើការ​ប្រៀបធៀប​ពី​ស្ថានការណ៍​ខាងក្រៅ​ក៏ដូចជា​ខាងក្នុង​ដែរ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់​ថា សម្ពាធ​ជា​អន្តរជាតិ​គ្មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​ទេ។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​លើកឡើង​របស់​មេ​បក្ស​ប្រឆាំង​គ្រាន់តែ​ជា​ការ​ភូត​កុហក តែ​ប៉ុន្តែ​ពីព្រោះ​អ្វី​ដែល​លោក​បាន​លើកឡើង​នេះ​មិនមែន​លើកទីមួយ​ទេ គឺ​បាន​កើតមានឡើង​ជាច្រើន​ដង​រួច​មក​ហើយ។ លោក​អះអាង​ថា សម្ពាធ​អន្តរជាតិ​គ្មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​ទេ៖ «អា​ភាសា​ផ្លាស់ប្ដូរ​ហ្នឹង​គឺជា​ពាក្យ​សម្រាប់​គាត់​ប្រើប្រាស់​ដើម្បី​បោក​ប្រាស​មហាជន។ ជាក់ស្តែង​រាប់​អាណត្តិ​មក​ហើយ គ្មាន​អ្វី​គួរ​ឱ្យ​ចម្លែក​នោះ​ទេ ពាក្យ​ផ្លាស់ប្ដូរ​គេ​ហៅថា ជា​ពាក្យ​មួយ​សម្រាប់​អ្នកដឹកនាំ​គាត់​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ល្បី​តាម​បណ្ដាញ​សារព័ត៌មាន​ទេ ម៉្លោះហើយ​គាត់​ប្រើ​ពាក្យ​ផ្លាស់ប្ដូរ​ហ្នឹង​ជា​ពាក្យ​បោក​ប្រាស់»។

លោក សម រង្ស៊ី កំពុង​មាន​វត្ត​មាននៅ​អាមេរិក ដើម្បី​ជួប​មន្ត្រី​ការបរទេស និង​សមាជិកសភា​អាមេរិក និង​ស្ថាប័ន​អាមេរិក​មួយ​ចំនួន​ដើម្បី​ពិភាក្សា​រក​វិធី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា៕

No comments: