Saturday, 14 December 2019

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) ប្ដេជ្ញា​ការពារ និង​លើក​ស្ទួយ​វិស័យ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ដែល​កំពុង​ធ្លាក់​ចុះ​​ខ្លាំង


ដោយ អាស៊ីសេរី
2019-12-13
rfa
តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា ម្ចាស់​ជំនួយ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ និ​អ្នក​សារព័ត៌មាន​ប្រមាណ ២០០នាក់ ចូលរួម​ក្នុង​ពិធី​សម្ពោធ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា CamboJa «ខេមបូចា» នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៩។
តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា ម្ចាស់​ជំនួយ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ និ​អ្នក​សារព័ត៌មាន​ប្រមាណ ២០០នាក់ ចូលរួម​ក្នុង​ពិធី​សម្ពោធ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា CamboJa «ខេមបូចា» នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៩។
 រូប៖ ផ្ដល់​ដោយ​អ្នក​សារព័ត៌មាន



ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ជា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​គ្នា​សម្ពោធ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ថ្មី​មួយ ហៅ​កាត់​ថា CamboJa «ខេមបូចា» នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ធ្នូ ដែល​រៀបចំ​នៅ​សណ្ឋាគារ ហ៊ីម៉ាវារី ក្នុង​រាជធានី​ភ្នំពេញ។ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ប្ដេជ្ញា​ការពារ និង​លើក ស្ទួយ​វិស័យ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ខណៈ​ស្ថាប័ន​មួយ​នេះ មើល​ឃើញ​ថា សេរីភាព​សារ ព័ត៌មាន​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

ស្ថាបនិក​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ប្រកាស​ថា ខេមបូចា គឺ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​និន្នាការ នយោបាយ​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ ហើយ​បេសកកម្ម​របស់ ខេមបូចា គឺ​ពង្រឹង​វិជ្ជាជីវៈ​សារ ព័ត៌មាន ពង្រឹង​សេរីភាព​អ្នក​សារព័ត៌មាន ពង្រឹង​ឯករាជភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អំណាច សារព័ត៌មាន និង​ដើម្បី​ការពារ​អ្នក​សារព័ត៌មាន។



ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា លោក ណុប វី មានប្រសាសន៍ថា "សម្ព័ន្ធ អ្នក​សារព័ត៌មាន​កម្ពុជា" ថ្មី​មួយ​នេះ ចង់​ឃើញ​អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ អាច​រាយការណ៍​ព័ត៌មាន​បាន​ដោយ​សេរី ប្រកប​ដោយ​សុវត្ថិភាព និង​សន្តិសុខ​ពេញលេញ មិន​ទទួល​រង​ការ​បង្គាប់​បញ្ជា​ពី​ភាគី​ណា​មួយ។ លោក​មាន​ជំនឿ​ថា សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) នឹង​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ពង្រឹង​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញ​មតិ ដែល​ជា​សសរ​ស្ដម្ភ​យ៉ាង​រឹង​មាំ​នៃ​សង្គម​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​ពង្រឹង​វិជ្ជាជីវៈ និង​ដើរ​តួនាទី​ជា​អ្នក​សារព័ត៌មាន​គំរូ៖ «អ្នក​សារព័ត៌មាន​មិន​មែន​ជាស​ត្រូវ​របស់​បក្ស​នយោបាយ ឬ​ក្រុម​ណា​ មួយ​ឬ​រដ្ឋាភិបាល ឬ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។អ្នក​សារព័ត៌មាន​ ដើរតួ​នាទី​ផ្ដល់​ព័ត៌មាន​ពិត​និង​គ្រប់​ជ្រុងជ្រោយ ដូច្នេះ​ពួក​គេ​គួរតែ​មាន​សេរីភាព​ពេញលេញ​ប្រមូល​ព័ត៌មាន​ សរសេរ​ និង​ផ្សព្វ​ ផ្សាយ​ព័ត៌មាន ជាពិសេស​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ទៅលើ​ប្រភេទ​រឿង ដែល​ត្រូវ​សរសេរ​ដោយ​ មិន​មានការ​គំរាម​កំហែង បំភិតបំភ័យ​ និង​ការ​ដាក់​គំនាប​លើ​ខ្លួន​ឯង។ ការ​ផ្សាយ​ព័ត៌មាន​ពិត​ស៊ី ជម្រៅ និង​រឿង​រ៉ាវ​រសើបៗ គឺជា​ការ​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សង្គម»។

ក្នុង​ពិធី​សម្ពោធ​នេះ មាន​ការ​ចូលរួម​ពី​ឯក​អគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា លោក ប្យ៊ន ហេកម៉ាក (Bjorn Haggmark ) ដែល​ជា​ម្ចាស់​ចំនួយ​របស់​ខេមបូចា និង​មាន​តំណាង​ស្ថានទូត​នានា ប្រចាំ​កម្ពុជា តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​សារព័ត៌មាន​ច្រើន​រូប​ផង។

ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា លោក ប្យ៊ន ហេកម៉ាក (Bjorn Haggmark ) ថ្លែង​ក្នុង​ពិធី​នោះ​ថា ប្រទេស​ស៊ុយអែត គាំទ្រ​ចំពោះ​បង្កើត​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​នេះ​ឡើង ដោយសារ​តែ កន្លង​មក​លោក​សង្កេត​ឃើញ​ថា សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ គួរ​ឲ្យ​កត់​សម្គាល់។ លោក​សង្ឃឹម​ថា ខេមបូចា នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង។

ជា​មួយ​គ្នា​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​នេះ មាន​លក្ខណៈ ខុស​ប្លែក​ពី​សមាគម និង​ក្លឹប​សារ​ព័ត៌មាន​ដទៃ​ទៀត ដោយ​លោក​មើល​ឃើញ​ថា ស្ថាប័ន​មួយ​នេះ មាន​ជំហរ​ឯករាជ្យ និង​មាន​គោលដៅ​ និង​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អ្នកសារព័ត៌មាន​ឯករាជ្យ៖ «គោល​បំណង ខេមបូចា នេះ​ គឺ​ចង់​ការពារ​ និង​គាំទ្រ​ដល់​អ្នក​សារព័ត៌មាន​ដែល​មាន​បញ្ហា​នៅ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ ហើយនិង​មាន​គោលបំណង​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​ដោយ​លើកកម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន​។នេះ​គឺជា​រឿង​ល្អ»។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​នេះ​ បង្កើត​ឡើង​ដោយក្រុម​អ្នកកាសែត​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​គេ​មើល​ឃើញ​ថា សមាគម និង​ក្លឹប​អ្នកកាសែត​កន្លង​មក ជាប់​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ​ មិន​បាន​បំពេញ​តួនាទី​ឲ្យ​បាន​សកម្ម​ និង​ត្រឹមត្រូវ​ក្នុង​ការ​ជួយ​អ្នកសារព័ត៌មាន ក្នុង​ពេល​មាន​យុទ្ធនាការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

ប្រធាន​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ លោក ម៉ៃ ទិត្យថារ៉ា មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ខេមបូចា ទទួល​បាន​អ្នក​គាំទ្រ​ជា​សមាជិក​ជិត ១០០នាក់​ហើយ។ លោក​បញ្ជាក់​ថា ខេមបូចា នឹង​ទទួល​យក​អ្នក​សារព័ត៌មាន​ទាំង​អស់ ដោយ​គ្មាន​ការរើសអើង។ ក្នុង​នោះ​ក៏​មាន​អ្នក​សារព័ត៌មាន​ពលរដ្ឋ​ផង​ដែរ ហើយ​លក្ខខណ្ឌ​ដើម្បី​ចូល​ជា​សមាជិក គឺ​ត្រូវ​បំពេញ​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន ក្នុង​ទម្រង់​ពាក្យ​ស្នើសុំ និង​ត្រូវ​បង់​ថវិកា​ចំនួន ៨ពាន់​រៀល​ក្នុង​មួយ​ខែ។ លោក មៃ ទិត្យថារ៉ា បន្ថែម​ថា អត្ថប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក គឺ​ទទួល​បាន​ការ​គាំទ្រ ការ​បណ្ដុះបណ្ដាល​សមត្ថភាព​ប្រចាំ​ឆ្នាំ និង​អាហារូបករណ៍​សិក្សា​ផ្សេងៗ ពី​ស្ថាប័ន​ដៃ​គួរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រម​ទាំង​ទទួល​បាន​ការ​គាំពារ ការ​ពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់ និង​ការ​ពឹងពាក់​មេធាវី ដោយ​មិន​គិត​ប្រាក់​កម្រៃ​ជា​ដើម៖ «ខេមបូចា ក្រៅ​ពី​ផ្ដល់​សេវា​គាំពារ​គាំទ្រ​ផ្លូវច្បាប់​ និង​ជួយ​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​កាសែត គឺ​យើង​ក៏​នឹង​ជួយ​ផ្ដល់​ការងារ​ដល់​អ្នក​សារ​ព័ត៌មាន ដូច​ជា ទទួល​យក​អត្ថបទ freelance ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ពួក​គាត់​មាន​ការ​ងារ​ធ្វើ ឬមួយ​ពួកគាត់​ចង់​នៅ​ផ្នែក​ឯករាជ្យ​អ៊ីចឹង​ទៅ»។

ប្រធាន​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ រូប​នេះ​ អះអាង​ថា​ ស្ថាប័ន​អង្គការ​អ្នក​សារព័ត៌មាន​មួយ​នេះ​ ប្រើប្រាស់​ថវិកា​ខ្លួន​ឯង និង​កំពុង​រក​ជំនួយ​គាំទ្រ​ទាំង​ផ្នែក​ធនធាន និង​បច្ចេកទេស​ពី​អង្គការ​ដៃគួ​ដែល​ធ្វើ​ការ​លើក​ស្ទួយ​វិស័យ​សារព័ត៌មាន​ឯករាជ្យ ប៉ុន្តែ​មិន​ទទួល​លុយ​ជំនួយ​ពី​រដ្ឋាភិបាល​ ឬ​គណបក្ស​នយោបាយ​នោះ​ទេ។

ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «ខេមបូចា» (CamboJA) ដោយ​ក្រុម​អ្នក​កាសែត ឯករាជ្យ​នេះ គឺ​ចំ​ពេល​ដែល​មាន​ការ​រិះគន់​ខ្លាំងៗ ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​រយៈ​ពេល ២ឆ្នាំ ចុង​ក្រោយ​នេះ អាក្រក់​ខ្លាំង ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ខ្លួន។ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៩​ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា កម្ពុជា​ជាប់​លេខ ១៤៣ ដែល​មាន​ន័យ​ថា ចំណាត់​ថ្នាក់​នេះ​ កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។ រីឯ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ កាលពី​ខែ​កក្កដា​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​តែ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជា​ចំណាប់​ខ្មាំង ដើម្បី​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ហ៊ាន​រិះគន់​របប​របស់​លោក។ អង្គការ​អន្តរជាតិ​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ឱ្យ​ចាត់​ទុក​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ថា បាន​ស្លាប់​ដូច​គ្នា​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ ហើយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទម្លាក់​ចោលការ​ចោទ​ ប្រកាន់​មិន​សម​ទំនង​នេះ​លើ​អ្នក​សារព័ត៌មាន៕

No comments: