Thursday, 26 December 2019

"ការ​ដែល​លោក ហ៊ុន សែន ព្យាយាម​និយាយ​​វៀតណាម បង្ហាញ​ថា កម្ពុជា​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម"


ដោយ អាស៊ីសេរី
2019-12-25

លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
 RFA




អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា លោក ហ៊ុន សែន ព្យាយាម​និយាយ​ភាសា​វៀតណាម​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស ជា​ការ​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋ​របស់​វៀតណាម។ អ្នកឃ្លាំមើល​សង្គម​លើកឡើង​បែបនេះ ក្រោយពី​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​ប្រទេស ប៉ុន្តែ​និយាយ​ភាសា​វៀតណាម បើ​ទោះ​ក្នុង​ពិធី​មាន​អ្នកបកប្រែ​ភាសា​រួច​ទៅ​ហើយ​ក្ដី។

មេដឹកនាំ​កម្ពុជា បាន​ព្យាយាម​និយាយ​ភាសា​វៀតណាម​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ពិធី​ផ្លូវការ​មួយ​ក្នុង​នាម​លោក​ជា​នាយករដ្ឋមន្ត្រី​។ លោក ហ៊ុន សែន ថែមទាំង​រំលឹក​ដដែលៗ​ថា វៀតណាម ជា​អ្នកមានគុណ​បាន​ជួយ​លោក​វាយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម។

ក្នុង​ពិធី​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ទី​២៤ ខែ​ធ្នូ កន្លង​ទៅ លោក ហ៊ុន សែន នៅ​តែ​ឆ្លៀត​និយាយ​ភាសា​វៀតណាម ទោះ​ជា​មាន​អ្នកបកប្រែ​ក៏ដោយ​។ លោក​ហាក់​ដូចជា​រីករាយ​នៅ​ពេល​បាន​និយាយ​ជា​ភាសា​វៀតណាម ទៅកាន់​មន្ត្រី​អ្នកមុខអ្នកការ​របស់​វៀតណាម ក៏ប៉ុន្តែ​លោក បាន​ថ្លែង​ការពារ​ខ្លួន​ថា ការ​និយាយ​ភាសា​វៀតណាម នេះ គឺ​មិនមែន​មានន័យ​លោក​ជា​ខ្ញុំ​បម្រើ​របស់​វៀតណាម​នោះ​ទេ ប៉ុន្តែ​លោក​ចង់​ឱ្យ​ជនជាតិ​វៀតណាម​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​អាច​ដឹង​ពី​​អ្វី​ដែល​លោក​និយាយ៖ «ជា​ការ​សោយ​ស្ដាយ​ដែល​ជនជាតិ​វៀតណាម​មក​ចូលរួម​អត់​ដឹង ហ៊ុន សែន និយាយ​…(​លោក ហ៊ុន សែន និយាយ​ភាសា​វៀតណាម​) ហើយ​កុំ​ថា ខ្ញុំ​និយាយ វៀតណាម ជា​អាយ៉ង វៀតណាម​នោះ ខ្ញុំ​ក៏​អាច​និយាយ​តិចតួច​ជា​ភាសា​អង់គ្លេស ខ្ញុំ​ក៏​អាច​និយាយ​តិចតួច​ជា​ភាសា​បារាំង ម៉ិច​ក៏​មិន​ថា ខ្ញុំ​ជា​អាយ៉ង​របស់​អាមេរិក បារាំង និង​អង់គ្លេស ផង​ទៅ រឿង​អី​ខ្ញុំ​មិន​អាច​និយាយ​ភាសា​វៀតណាម​បាន​…….(​លោក ហ៊ុន សែន និយាយ​ភាសា​វៀតណាម)»។



ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់​ថា មេដឹកនាំ​ប្រទេស​គួរ​ថ្លែង​ជា​ភាសា​ខ្មែរ​ដើម្បី​លើក​តម្លៃ​ភាសាជាតិ​។ លោក​បន្ត​ថា ការ​ថ្លែង​បែបនេះ​របស់​លោក ហ៊ុន សែន នឹង​ធ្វើ​ឱ្យ​មានការ​ចោទ​ប្រកាន់​ថា ប្រទេស​កម្ពុជា​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋ​ពី​ប្រទេស​វៀតណាម ដដែល៖ «យើង​តែង​កត់សម្គាល់​ឃើញ​ថា វៀតណាម នៅតែ​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា»។

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា។ រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ
ចំណែក អ្នកវិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​វិញ យល់ថា ភាសា​វៀតណាម​មិនមែន​ជា​ភាសា​អន្តរជាតិ​ជា​សកល​ទេ ដូច្នេះ​មេដឹកនាំ​ប្រទេស​មិន​ចាំបាច់​និយាយ​ក្នុង​ពេល​ពិធី​ផ្លូវការ​បែបនេះ​ឡើយ​។ ម្យ៉ាងវិញទៀត លោក​យល់ថា ជនជាតិ​វៀតណាម​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​ពួកគេ​អាច​ស្ដាប់ ឬ​និយាយ​ភាសា​ខ្មែរ​បាន ដោយ​មិន​ចាំបាច់​ឱ្យ​លោក ហ៊ុន សែន និយាយ​ភាសា​វៀតណាម​នោះ​ទេ​។ លោក គឹម សុខ ចោទ​ប្រកាន់​ថា ឥរិយា​របស់​លោក ហ៊ុន សែន បែបនេះ ជា​ការ​បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​លើក​ទូល​វៀតណាម៖ «មានន័យ​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន ដាក់​វៀតណាម នៅ​លើ​ក្បាល ហើយ​សប្បាយ​នឹង​ធ្វើ​តាម​តាម​ផែនការ​វៀតណាម ពីព្រោះ​អី​ភាសា​វៀតណាម មិនមែន​ភាសា​អន្តរជាតិ​ដូច​បារាំង អង់គ្លេស​ដែល​ត្រូវ​ទាក់ទង​ជា​ការទូត​ខាន​មិន​បាន​នៅ​ពេល​ប្រទេស​ទាំងពីរ​ហ្នឹង​មិន​ចេះ​ភាសា​រៀងៗ​ខ្លួន​ឯណា»។

អ្នកវិភាគ​រូប​នេះ​យល់ថា នៅ​ពេល​មេដឹកនាំ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោយ​ឥទ្ធិពល​របស់​វៀតណាម​បែបនេះ​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេសជាតិ​ខូចប្រយោជន៍​។ លោក​លើក​ឧទាហរណ៍​ករណី​មួយ​ចំនួន ដូចជា​៖ គម្រោង​ការចែក​ដី ៤០​ហិកតារ​ដល់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់​ឆ្នាំ កងទ័ព​វៀតណាម​មក​ធ្វើ​សមយុទ្ធ​នៅ​ខេត្ត​ស្វាយរៀង និង​ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ជាដើម ដែល​លោក គឹម សុខ ហៅ​ទង្វើ​ទាំងនេះ​ថា​ជា​ការ​ផ្តល់​ប្រយោជន៍​ទៅ​ឱ្យ​វៀតណាម៖ «គ្រាន់តែ​ជា​ចំណែក​មួយ​ទេ​បាន​ន័យថា នៅ​មានរឿង​សម្ងាត់​ច្រើន​ទៀត​ដែល​គេ​បាន​រៀបចំ​ជាមួយគ្នា ហើយ​យើង​មិន​បាន​មើល​ឃើញ​ផែនការ​ទាំងនោះ​ផ្ទាល់​ភ្នែក»។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និយាយ​ភាសា​វៀតណាម​នៅ​ទី​សាធារណៈ​បែបនេះ​។ កន្លងទៅ លោក​ក៏​ធ្លាប់​ថ្លែង​សុន្ទរកថា​ជា​ភាសា​វៀតណាម​ដែរ​ក្នុងពេល​លោក​ទៅ​បំពេញ​ទស្សនៈ​ផ្លូវការ​នៅ​ប្រទេស​វៀតណាម ហើយ​លោក​ថែមទាំង​ស្តី​ឱ្យ​អ្នកបកប្រែ​ថា បក​មិន​អស់​អត្ថន័យ​របស់​លោក​ទៀត​ផង។

ក្នុង​សៀវភៅ​ចេញផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ស្តីពី​ឧត្ដមសេនីយ៍​ខ្មែរ​បាតដៃ​កខ្វក់ ១២​រូប បញ្ជាក់ ថា ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ដែល​ជ្រើសរើស​លោក​ឱ្យ​កាន់​តំណែង៕

No comments: