ដោយ អាស៊ីសេរី
2019-12-25

ស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនវៀតណាម ដែលត្រូវបានអាជ្ញាធរខេត្តកំពង់ធំ សម្រេចកសាងឲ្យកាន់តែធំនៅខាងក្រោយរូបសំណាកដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Saut Sokprathna
ក្រុមយុវជន និងពលរដ្ឋមួយចំនួន រិះគន់ការសាងសង់ស្ដូបមិត្តភាពកម្ពុជាវៀតណាម គ្រប់ ២៥ ខេត្ត/ក្រុងនៅទូទាំងប្រទេស។ ពួកគេចាត់ទុកថា បញ្ហានេះហាក់បីដូចប្រទេសកម្ពុជា ឋិតនៅក្រោមឥទ្ធិពលនយោបាយរបស់វៀតណាម ដោយអាថ៌កំបាំង។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកអ្នករិះគន់ថា ជាក្រុមបក្សប្រឆាំងកើតជំងឺព្រួយឥតប្រយោជន៍។
ក្រុមយុវជន គណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន មិនគាំទ្រចំពោះការសាងសង់ស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅទូទាំងប្រទេសនោះទេ។ ពួកគេអះអាងថា វៀតណាម ជាប្រទេសដែលមានប្រវត្តិឈ្លានពានទឹកដីកម្ពុជា ជាច្រើន ដូចជា ដែនដីកម្ពុជាក្រោម និងកោះត្រល់ជាដើម។ ម្យ៉ាងវិញទៀត ស្របពេលភាពចម្រូងចម្រាសរវាងព្រំដែនប្រទេសទាំងពីរ មិនទាន់ដោះស្រាយរួចរាល់ផង ស្រាប់តែរដ្ឋាភិបាលកម្ពុជា បានសាងសង់ស្តូបអនុស្សាវរីយ៍រំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា-វៀតណាម នៅទូទាំងប្រទេស។
ពលរដ្ឋម្នាក់រស់នៅខេត្តស្ទឹងត្រែង ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងនៅថ្ងៃទី ២៥ ខែធ្នូថា នៅខេត្តស្ទឹងត្រែងមានស្តូបមិត្តភាពកម្ពុជា-វៀតណាម លើសួនច្បារមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង ដែលទើបសាងសង់រួចរាល់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកមិនសប្បាយចិត្តចំពោះ ការសាងសង់ស្តូបនេះទេ ព្រោះមិនបានផ្ដល់ប្រយោជន៍អ្វីដល់ពលរដ្ឋកម្ពុជាឡើយ៖ «បើដូចខ្ញុំ មិនសប្បាយចិត្តទេធ្វើអ៊ីចឹងៗ ស្តូបអីគេហ្នឹង? ២៤ ខេត្តក្រុងមិនមែនពលរដ្ឋអត់បាយទៅអង្គាមអាស្តូបហ្នឹងបានឆ្អែតអីណា? យើងរាល់ថ្ងៃខ្វះប្រឡាយទឹក គគោក សូមមេត្តាខាងវៀតណាមហ្នឹង សង់ស្តូបតែមួយបានហើយ សល់លុយប៉ុន្មានជួយខ្មែរវិញទៅ។ ប្រសិនជាមិត្តពិតប្រាកដហ្នឹងខ្មែរ។ តែខ្ញុំខ្លាចស្រាប់តែមានថ្ងៃណាមួយ អានេះខេត្តខ្ញុំ អានោះខេត្តខ្ញុំ។ ខ្លាចតែមានថ្ងៃណាមួយទេណា»។
សមាជិកក្រុមការងារ ១០០រាត្រី លោក សឺន ពិសិដ្ឋ យល់ថា ការសាងសង់ស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅទូទាំង ២៥ខេត្ត/ក្រុង ហាក់ជាយុទ្ធសាស្ត្រឈ្លានពាន រយៈពេលវែង របស់វៀតណាម និងហាក់បីដូចជាប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម មានភាពស៊ីជម្រៅដែលមិនអាចវាស់វែងបានដូច្នេះដែរ៖ «ប្រសិនបើយុទ្ធសាស្ត្ររបស់វៀតណាម ធ្វើបានជោគជ័យ ១៤ខេត្ត/ក្រុង គឺជារឿងមួយព្រួយបារម្ភបំផុតសម្រាប់ខ្ញុំជាខ្មែរផ្ទាល់។ អនាគតទៅជាភស្តុតាង ជាមនោគមន៍វិជ្ជារបស់វៀតណាម យើងអាចបាត់បង់ដីបន្តបន្ទាប់ទៀត»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកអ្នករិះគន់ទាំងនេះ ជាក្រុមបក្សប្រឆាំង។ លោកថា ការសាងសង់ស្ដូបទាំងនេះ ជានិមិត្តរូបនៃការបញ្ចប់របបប្រល័យពូជសាសន៍ប៉ុល ពត និងជានិម្មិតរូបនៃសាមគ្គីភាព មិត្តភាពមិនអាចខ្វះបាន នៃប្រទេសទាំង២៖ «ការដែលផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឱ្យវារលាយសាបសូន្យទៅហ្នឹង គឺមានកម្លាំងសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម។ បើគ្មានកម្លាំងសាមគ្គីហ្នឹងទេ មិនអាចយកឈ្នះពួកខ្មែរក្រហម ប៉ុន្មានកងពលហ្នឹងទេ។ អ៊ីចឹងទៅ បានយើងធ្វើស្តូបអនុស្សាវរីយហ្នឹង។ ជំងឺព្រួយហ្នឹងគាត់ព្រួយរហូត អត់មានរឿងអីក៏ព្រួយដែរ អស់លោកអ្នកប្រឆាំងកើតជំងឺព្រួយប្រចាំត្រកូលគាត់ហើយ»។
កាលពីចុងឆ្នាំ២០១៧ សារព័ត៌មានវៀតណាមបានចុះផ្សាយថា កម្ពុជាបានចំណាយប្រាក់ ៧លាន ៨សែនដុល្លារដើម្បីជួសជុល ស្តូបមិត្តភាពកម្ពុជា-វៀតណាម ចំនួន១៧ស្ដូប នៅតាមបណ្ដាខេត្ត/ក្រុងមួយចំនួន។ ស្ដូបមិត្តភាព-កម្ពុជាទាំងនេះ គេកសាងរូបទាហានវៀតណាមម្នាក់ ទាហានឡាវម្នាក់ និងរូបស្ដ្រីខ្មែរម្នាក់ ពកូនខ្ចី។
តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិដែលត្រូវរបបក្រុងភ្នំពេញរំលាយចោល លោក អ៊ុំ សំអាន យល់ថា ការសាងសង់ស្តូបទាំងនេះ គឺជារឿងមួយខុសឆ្គងរបស់មេដឹកនាំកម្ពុជា និងជាករណីដ៏គ្រោះថ្នាក់មួយទៀត នៅថ្ងៃអនាគត។ លោកថា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល នឹងស្នើឱ្យរដ្ឋសភាពិចារណាបញ្ហានេះឡើងវិញ៖ «ខុសគ្នាអ៊ីចឹងសមិទ្ធផលរបស់ព្រះបាទជ័យវរ្ម័នទី ៧ គឺប្រាសាទ សមិទ្ធផលរបស់លោក ហ៊ុន សែន គឺស្តូបពេញទឹកដីខ្មែរវិញ។ ទឹកដីកម្ពុជាក្រោម យួនយកដែរ មិនរំឭកគុណខ្មែរយើង បែរជាយើងនឹកគុណយួន។ ធ្វើស្តូបយួននៅស្រុកខ្មែរ នេះជារឿងមួយខុសឆ្គងរបស់មេដឹកនាំខ្មែរយើងសព្វថ្ងៃនេះ»។
ស្តូបមិត្តភាព កម្ពុជា-វៀតណាមនៅ រាជធានីភ្នំពេញមានទំហំធំជាងគេ ហើយថ្នាក់ដឹកនាំវៀតណាម និងកម្ពុជាតែងមកគោរព និងដាក់កម្រងផ្កាស្ទើរជារៀងរាល់ឆ្នាំ៕
No comments:
Post a Comment