Sunday, 15 December 2019
គណបក្សសង្គ្រោះជាតិ អះអាងអំពីការទទួលបានការគាំទ្រខ្លាំងពីសហគមន៍អន្តរជាតិ ក្នុងឆ្នាំ២០១៩
ដោយ មួង ណារ៉េត
2019-12-14
សកម្មជនគណបក្សសង្គ្រោះជាតិជួបជុំគ្នានៅប្រទេសថៃ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក ជីម ផាត
គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញថា គណបក្សនេះទទួលបានការគាំទ្រខ្លាំងពីសហគមន៍អន្តរជាតិ ដោយធ្វើឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះវិបត្តិនយោបាយនៅកម្ពុជា រហូតដល់មានការដាក់ទណ្ឌកម្មលើបុគ្គលពុករលួយមួយចំនួននៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា ជោគជ័យដែលគណបក្សសង្គ្រោះជាតិលើកឡើងថា ជាជោគជ័យក្លែងក្លាយទៅវិញទេ។
គណបក្សសង្គ្រោះជាតិលើកឡើងថា ខ្លួននឹងបន្តធ្វើការងារការទូតឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីឲ្យមានការដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា អ្នកទោសនយោបាយទាំងអស់ និងសុំឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
ការបង្ហាញសន្ទុះគាំទ្រពីសហគមន៍អន្តរជាតិមកលើគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៩ និងផែនការបន្តសម្រាប់ ២០២០ របស់គណបក្សសង្គ្រោះជាតិនេះ ក៏ត្រូវបានបង្ហាញតាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបង្ហោះចែកចាយតាមហ្វេសប៊ុករបស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែរ។ សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា គណៈកម្មាធិការអចិន្ត្រយ៍គណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នានៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែធ្នូ ដែលមានលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សនេះដឹកនាំកិច្ចប្រជុំ។
គណបក្សនេះក៏បានវាយតម្លៃខ្ពស់ ចំពោះស្មារតីគាំទ្ររបស់ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ជាពិសេស ពលករនៅប្រទេសថៃ និងកូរ៉េខាងត្បូង ដែលមានឆន្ទៈមោះមុតតស៊ូគាំទ្រគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ជោគជ័យ ដែលគណបក្សសង្គ្រោះជាតិលើកឡើងនេះ គឺជាជោគជ័យបញ្ច្រាសខ្យល់ ឬជាជោគជ័យក្លែងក្លាយប៉ុណ្ណោះ។ ទាក់ទងការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើមនុស្សជំនិតលោក ហ៊ុន សែន លោក សុខ ឥសាន យល់ថា ក្រុមលោក សម រង្ស៊ី តែងតែអង្គុយរង់ចាំលទ្ធផល ហើយយកលទ្ធផលនោះមកធ្វើជារបស់ខ្លួន៖ «ក្រុមហ្នឹងវាចាំតែរើសយកផលស្រាប់ ហើយយកមកផ្សាភ្ជាប់នឹងជោគជ័យខ្លួនឯង។ ឥឡូវនេះ គាត់អត់ដឹងថា គាត់មើលងាយចៅហ្វាយរបស់គាត់ទេ។ រឿងអាមេរិកដាក់ទណ្ឌកម្មជារឿងអាមេរិក ម៉េចគាត់ថា ជោគជ័យរបស់គាត់? អ៊ីចឹងមានតែអាមេរិកស្ដាប់បង្គាប់គាត់?!»។
រីឯអ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក គឹម សុខ ដែលត្រូវបានបង្ខំចិត្តនិរទេសខ្លួនទៅក្រៅប្រទេសសង្កេតឃើញថា កិច្ចការការទូតរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើជារឿងសំខាន់មួយហើយ ប៉ុន្តែអ្វីដែលជារឿងសំខាន់មួយទៀត គឺប្រធានគណបក្សនេះ លោក កឹម សុខា បានលះបង់ខ្លាំងដោយហ៊ានប្រឈមមុខនឹងវិធានការនានា របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ អ្នកវិភាគរូបនេះលើកឡើងទៀតថា អ្វីដែលគណបក្សត្រូវធ្វើបន្តទៀត គឺការបង្រួបបង្រួមគ្នារបស់គណបក្សនេះដោយមិនមានការបែងចែកជាក្រុមអ្នកនេះក្រុមអ្នកនោះ៖ «ដើម្បីលើកទឹកចិត្តឲ្យសហគមន៍អន្តរជាតិកាត់តែមានសន្ទុះក្នុងការប្រឹងប្រែងឲ្យចេញផលជាវិជ្ជមានទាល់តែសង្គ្រោះជាតិរួបរួមកម្លាំងគ្នាក្នុងស្មារតីធ្វើការងារជាមួយគ្នា»។
អាស៊ីសេរីមិនទាន់អាចស៊ីការបញ្ជាក់ពីលើសេចក្ដីប្រកាសព័ត៌មាននេះ ពីអនុប្រធានគណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងមន្ត្រីផ្សេងទៀត ដែលចូលរួមក្នុងកិច្ចប្រជុំនេះនៅឡើយទេ នៅថ្ងៃទី១៤ ខែធ្នូនេះ។
ក្នុងបទសម្ភាសន៍មួយជាមួយស្ថាបនិកទូរទស្សន៍ព្រះអាទិត្យ គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក សម រង្ស៊ី លើកឡើងថា វិធានការរបស់សហគមន៍អន្តរជាតិ ដែលដាក់ទណ្ឌលើមន្ត្រីស្និទ្ធ របស់លោក ហ៊ុន សែន នឹងធ្វើឲ្យបែកបាក់ផ្ទៃក្នុងនៃគណបក្សនេះ ឬហៅម៉្យាងទៀតថា ពាលស៊ីពាល៖ «បន្តិចទៀតគណបក្សប្រជាជនកម្ពុជាគេឈ្លោះគ្នាហើយ ពាលស៊ីពាលហើយ ដែលសហរដ្ឋអាមេរិកកំពុងធ្វើហ្នឹង គឺថា ជំរុញដល់ដំណាក់កាលពាលស៊ីពាល»។
លោក សម រង្ស៊ី មានជំនឿថា នៅដើមឆ្នាំ២០២០ កម្ពុជានឹងមានការផ្លាស់ប្ដូរ ដោយសារតែកម្ពុជារងនូវសម្ពាធធំៗ មួយចំនួនទាក់ទិននឹងការប្រឈមមុខការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក រួមនឹងច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដើម្បីបង្កកទ្រព្យសម្បត្តិមន្ត្រីពុករលួយ និងរំលោភសិទ្ធិមនុស្ស ដែលនៅស្និទ្ធនឹងលោក ហ៊ុន សែន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment