Sunday, 15 December 2019
ជនដៃដល់វាយស្ត្រីសកម្មជនបក្សប្រឆាំង សមត្ថកិច្ចមិនទាន់វែកមុខរកឃើញនៅឡើយ
ដោយ យន់ សាមៀន
2019-12-14
rfa
អ្នកស្រី ទេព ច័ន្ទសុខខែយ៉ា ជាចៅសង្កាត់រងទី២ ជាប់ឆ្នោតនៅសង្កាត់អូរឫស្សី៤ របស់គណបក្សសង្គ្រោះជាតិ នៅក្រុងភ្នំពេញ ត្រូវបានជនមិនស្គាល់មុខលួចវាយប្រហារពីក្រោយបណ្ដាលឱ្យសន្លប់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Morn Phalla
រូប៖ ហ្វេសប៊ុក Morn Phalla
ស្ត្រីសកម្មជនបក្សប្រឆាំងនៅភ្នំពេញម្នាក់ ដែលត្រូវជនមិនស្គាល់មុខពីរនាក់វាយធ្វើបាប កាលពីសប្ដាហ៍មុនថ្លែងថា សមត្ថកិច្ចព្រងើយកន្តើយក្នុងកាស្វែងរកយុត្តិធម៌សម្រាប់អ្នកស្រី។ មន្ត្រីសង្គមស៊ីវិលយល់ថា ការអនុវត្តច្បាប់របស់សមត្ថកិច្ចរបៀបនេះ បង្ហាញថា ស្ថាប័នយុត្តិធម៌ និងសមត្ថកិច្ច រើសអើងប្រជាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ហើយមិនគោរពគោលការណ៍យុត្តិធម៌ស្មើភាព។
ជនរងគ្រោះ អ្នកស្រី ទេព ច័ន្ទសុខខែយ៉ា មិនសង្ឃឹមថា អ្នកស្រីនឹងទទួលបានយុត្តិធម៌ទេ ព្រោះមកទល់ពេលនេះ សមត្ថកិច្ចមិនដែលជូនដំណឹងអំពីភាពជឿនលឿននៃ ដំណើរការស៊ើបអង្កេតរកជនដៃដល់នោះទេ។ អ្នកស្រីយល់ថា ករណីហិង្សានេះ នឹងមិនខុសពីករណីសកម្មជនគណបក្សសង្គ្រោះជាតិ១២នាក់ទៀតដែរ គឺ សមត្ថកិច្ចមិនបានចាប់ ជនដៃដល់យកមកផ្ដន្ទាទោសឡើយ។ ជនរងគ្រោះបន្តថា ការបណ្ដោយឲ្យជនល្មើសរួចខ្លួនពីច្បាប់នេះ រឹតតែធ្វើឲ្យអ្នកស្រី និងក្រុមគ្រួសារ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព៖ «នៅពេលគេមិនទាន់រកជនដៃដល់ឃើញអ៊ីចឹង ខ្ញុំមានអារម្មណ៍ភិតភ័យដោយសារការធ្វើទុក្ខបុកម្នេញការវាយដំអីនេះ វាក្លាយជាអំពើមួយលែងមានច្បាប់ ទម្លាប់ក្នុងប្រទេស។ ចង់វាយនរណាក៏បាន ហើយពេលប្ដឹងផ្ដល់ហើយ មិនឮសូរអាជ្ញាធរហៅយើងទៅប្រាប់សួរនាំសាកសួរអីទេ។ ស្ងាត់ឈឹងទាំងអស់។ រឿងនេះជារឿងនយោបាយតែម្ដង»។
អ្នកស្រី ទេព ច័ន្ទសុខខែយ៉ា អាយុ ៥១ឆ្នាំ គឺជាចៅសង្កាត់រងទី២ ជាប់ឆ្នោតនៅសង្កាត់អូរឬស្សី៤ របស់គណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខពីរនាក់ លួចវាយឲ្យដួលសន្លប់ កាលថ្ងៃទី៦ ខែធ្នូ។ បច្ចុប្បន្ន អ្នកស្រី កំពុងសម្ងំព្យាបាលជំងឺនៅទីកន្លែងមានសុវត្ថិភាពមួយ ដោយសារបារម្ភខ្លាចជនដៃដល់បន្តតាមធ្វើបាបអ្នកស្រីបន្តទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណី អាជ្ញាធរមិនដែលវែកមុខ និងនាំខ្លួនជនដៃដល់មកផ្ដន្ទាទោស តាមច្បាប់បែបនេះ គឺជៀសមិនផុតពីការរិះគន់នោះទេ។ លោកថ្លែងបន្តថា សមត្ថកិច្ចបន្ត ប្រើភាសាដដែលៗ ថា កំពុងស៊ើប អង្កេតកន្លងមកនេះ ប៉ុន្តែគ្មានលទ្ធផលនេះ គឺជាទម្លាប់របស់អាជ្ញាធរ ដោះសាតែប៉ុណ្ណោះ៖ «ទោះបីជាករណីនេះអាជ្ញាធរពន្យល់ថា កំពុងសិក្សា ឬស៊ើបអង្កេតក៏ដោយ ក៏មិនទាន់រកឃើញតម្រុយនៃអ្នកប្រព្រឹត្តល្មើសដែរ។ ដូច្នេះ នាំឲ្យគេរិះគន់ថា ជាការរើសអើងផ្នែកនយោបាយ ព្រោះពលរដ្ឋគ្រប់រូបរស់នៅក្នុងប្រទេស ត្រូវតែទទួលកិច្ចការពារសុវត្ថិភាព និងត្រូវតែទទួលបានយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានទេនៅថ្ងៃទី១៤ ធ្នូនេះ។
យ៉ាងហោចណាស់មាន សកម្មជនគណបក្សប្រឆាំង ១៣នាក់ ហើយ ត្រូវជនល្មើសវាយប្រហារ ពេលវិបត្តិនយោបាយកើតឡើង ប៉ុន្តែមកទល់ពេលនេះ គ្មានសំណុំរឿងមួយណា ត្រូវសមត្ថកិច្ចបានរកឃើញជនល្មើសនោះទេ។ កន្លងមក សមត្ថកិច្ចលោក ហ៊ុន សែន ថ្លែងថា សមត្ថកិច្ចបន្តស៊ើបអង្កេតករណីទាំងនេះ ហើយថា សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីទាំងនោះជាករណីនយោបាយនៅឡើយទេ។
អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ ចាត់ទុកអំពើហិង្សាកើតឡើងញឹកញាប់ទៅលើសកម្មជនបក្សប្រឆាំង ដោយសារតែការបញ្ចេញទស្សនៈនយោបាយ ស្របពេលរដ្ឋាភិបាលចេញបញ្ជាឲ្យបង្ក្រាបសកម្មជនបក្សប្រឆាំងនៅទូទាំងប្រទេស។
អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ កំពុងរងគ្រោះពីរដង។ ពួកគេមិនត្រឹមតែទទួលរងអំពើហិង្សាដោយសារទស្សនៈនយោបាយប៉ុណ្ណោះទេ ថែមទាំងមិនបានទទួលការគាំទ្រពីស្ថាប័នយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចថែមទៀត។ សង្គមស៊ីវិល ព្រួយបារម្ភពីការគំរាមកំហែងករណីហិង្សាទាំងនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជារស់នៅក្នុងភាពភ័យខ្លាច មិនហ៊ានចូលរួមសកម្មភាពរឿងនយោបាយ ហើយនិទណ្ឌភាព បង្ហាញថា ស្ថាប័នយុត្តិធម៌ និងសមត្ថកិច្ច គ្មានឯករាជ្យ រើសអើងប្រជាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment