Saturday, 14 December 2019

គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ព្យួរEBA ពី​កម្ពុជា ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០២០


ដោយ មាន ឫទ្ធិ
2019-12-13

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page
តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page
Photo: RFA



គណៈកម្មការ​អឺរ៉ុប​បាន​ទទួល​សេចក្ដី​ឆ្លើយ​បំភ្លឺ​ចុងក្រោយ​ពី​សំណាក់​ភាគី​កម្ពុជា ជុំវិញ​បញ្ហា EBA កាលពី​ម្សិលមិញ​។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​។ ប្រភព​ដដែល​ថា ជំហាន​បន្ទាប់​គឺ​គណៈកម្មការ​អឺរ៉ុប នឹង​សរសេរ​បញ្ចប់​របាយការណ៍​របស់​ខ្លួន មុននឹង​ឈាន​ទៅ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០ ថា​តើ​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ឬ​យ៉ាងណា​។ យ៉ាងណាក៏ដោយ មន្ត្រី​គណៈកម្មការ​អឺរ៉ុប មិន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អាស៊ីសេរី ថា តើ​ពេលណា​ទើប​គណៈកម្មការ​អឺរ៉ុប នឹង​បញ្ចេញ​របាយការណ៍​នេះ​ជា​សាធារណៈ។

ទោះបីជា​លោក ហ៊ុន សែន ថា លោក​មិន​ខ្ចី​ឱន​ក្បាល​ដើម្បី​ទទួល​បាន EBA និង​ចោទ​សហភាព​អឺរ៉ុប​ថា កំពុង​រំលោភ​អធិបតេយ្យ​កម្ពុជា​ក៏ដោយ ក៏ប៉ុន្តែ ក្រសួង​ការបរទេស កាលពី​ថ្ងៃ​ទី​១២ ធ្នូ នៅតែ​ទទូច​ឱ្យ​គណៈកម្មការ​អឺរ៉ុប កុំ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។



ផ្អែក​តាម​របាយការណ៍​វាយតម្លៃ​បឋម​របស់​គណៈកម្មការ​អឺរ៉ុប ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ឆ្លើយតប​កាលពី ១​ខែ​មុន​នោះ គណៈកម្មការ​អឺរ៉ុប បាន​ព្រមាន​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្ដោះអាសន្ន​នេះ បើ​កម្ពុជា​នៅតែ​មិន​ព្រម​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​។ គណៈកម្មការ​អឺរ៉ុប​រកឃើញ​ថា ការ​កែប្រែ​ស្ថានភាព​កន្លងមក​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​ថា មានការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​សំខាន់ៗ​ចំនួន​៥ ក្នុង​នោះ​រួមមាន សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី សិទ្ធិ​សង្គម និង​វប្បធម៌។

ការ​សម្រេចចិត្ត​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ធ្វើ​ឡើង​ក្រោម​រូបភាព​ជា​ការ​ព្យួរ​ទាំ​ង​ស្រុង​តែម្ដង ដែល​មានន័យថា កម្ពុជា ត្រូវ​បង់ពន្ធ​រាល់​មុខទំនិញ​នាំចេញ​ទាំងអស់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។ ជម្រើស​មួយទៀត គឺ​គណៈកម្មការ​អឺរ៉ុប​អាច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដោយ​ផ្នែក ដែល​មានន័យថា កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប។

បច្ចុប្បន្ន គណៈកម្មការ​អឺរ៉ុប កំពុង​វិភាគ និង​ពិចារណា​ទៅលើ​ផល​ប៉ះពាល់​ផ្នែក​សង្គម សេដ្ឋកិច្ច និង​ធុរកិច្ច ក្នុង​ករណី​ដែល​មាន​ការ​ព្យួរ​ដោយ​ផ្នែក ឬ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា​។ យ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​គណៈកម្មការ​អឺរ៉ុប កន្លងមក​ធ្លាប់​បញ្ជាក់​ថា ការ​ព្យួរ​ប្រព័ន្ធ​នេះ នឹង​ត្រូវ​ធ្វើឡើង​ដោយ​សមាមាត្រ​ទៅ​នឹង​គុណ​តម្លៃ​របស់​សហភាព​អឺរ៉ុប​។ ក្នុង​ករណី​ដែល​មាន​ការ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន នោះ​សភា និង​រដ្ឋ​សមាជិក​អឺរ៉ុប មាន​ពេល ២​ខែ ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ហើយ​ប្រសិនបើ​គ្មាន​ការជំទាស់​ណាមួយ​នោះ​ទេ នោះ​ការ​យកពន្ធ​ផ្លូវការ​ពី​កម្ពុជា នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខ​។ បើ​មាន​ការ​យកពន្ធ​ទាំងស្រុង​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ជិត​២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ ដែល​នេះ​គេ​នៅ​មិនទាន់​គិត​ពី​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដទៃ​ទៀត​ផង៕

No comments: