Monday, 13 January 2020

សាលាដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ឲ្យ​ទៅ​បំភ្លឺ​ពេល​ជម្រះ​ក្តី​លោក កឹម សុខា

ដោយ អាស៊ីសេរី
2020-01-

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែង​ក្នុង​វេទិកា​យុវជន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែង​ក្នុង​វេទិកា​យុវជន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA



សាក្សី​​ម្នាក់ទៀត​ហើយ ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កោះហៅ​ឲ្យទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា នា​ពេល​បើក​សវនាការ​ជំនុំជម្រះ​ក្តី នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ខាងមុខនេះ។ អ្នកវិភាគ​យល់​ថា វត្តមាន​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​សវនាការ​លោក កឹម សុខា ជា​ការ​បន្ថែម​ការ​បន្ទុក​លើ​លោក កឹម សុខា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​នឹង​ទៅ​បំភ្លឺ​ក្នុង​សវនាការ​តាម​ដីកា​របស់​តុលាការ។ លោក ឈឹម ផល​វរុណ ដែល​ធ្លាប់​ធ្វើ​ការ​ជា​មួយ​លោក កឹម សុខា កាល​ពី​លោក កឹម សុខា ធ្វើ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ទោះ​ពេល​នេះ​លោក​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ក្តី ប៉ុន្តែ​លោក​មិន​និយាយ​បំផ្លើស​បំភ្លៃ​ទេ ដោយ​លោក​និយាយ​តែ​ការ​ពិត​ប្រាប់​តុលាការ៖ «»

ក្នុង​ដីកា​តុលាការ​ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនវិសុទ្ធ តម្រូវ​ឲ្យ​លោក ឈឹម ផល​វរុណ ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរ​ដេញដោល​នៃ​សំណុំ​រឿង​លោក កឹម សុខា ពី​ដំណើរ​រឿង​សន្ទិដ្ឋិភាព ​ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាល​ពី​អំឡុង​ឆ្នាំ១៩៩៣ រហូត​ដល់ ឆ្នាំ២០១៧។



អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ និយាយ​ថា ការចោទប្រកាន់​លោក កឹម សុខា គឺ​ជា​ការ​រៀបចំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​លោក ឈឹម ផលវរុណ អាច​និយាយ​ការពិត ឬ​និយាយ​ការពារ​លោក កឹម សុខា ឡើយ ផ្ទុយ​ទៅ​វិញ​លោក គឹម សុខ យល់ថា វត្តមាន​លោក ឈឹម ផល​វរុណ ជា​ចេតនា​របស់​របប​ក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​ដាក់​បន្ទុក​លើ​លោក កឹម សុខា៖ «»

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​មេធាវី​លោក កឹម សុខា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​មករា ករណី​ដែល​តុលាការ​កោះ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ឲ្យ​បំភ្លឺ​បែប​នេះ។

មេធាវី​ការពារក្តី​លោក កឹម សុខា អ្នកស្រី ម៉េង សុធារី ធ្លាប់​ឲ្យ​អាស៊ី​សេរី​ដឹង​ថា ករណី​បែប​នេះ​ជា​រឿង​ធម្មតា​ទេ ព្រោះ​ចៅក្រម​ជំនុំជម្រះ​អាច​កោះ​ហៅ​សាក្សី​មាន​ក្នុង​សំណុំ​រឿង​ឲ្យ​ទៅ​បំភ្លឺ​នៅ​ពេល​ជម្រះ​ក្តី។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា តុលាការ​ហៅ​សាក្សី​មួយ​ចំនួន រួមមាន៖ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​សកម្មជន​ដីធ្លី​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​លោក កឹម សុខា ហាក់​មិន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​សោះ ដែល​ករណី​នេះ​ធ្វើឲ្យ​សាធារណជន​យល់​ថា ជា​សវនាការ​មួយ​ធ្វើ​ឡើង​គ្មាន​ភាព​ត្រឹមត្រូវ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា សមាគម អាដហុក នឹង​បន្ត​ឃ្លាំមើល​ដំណើរ​រឿង​នេះ​នៅ​ក្នុង​សវនាការ​បន្ត​ទៀត៖ «»

ខណៈ​​ថ្ងៃ​បើកសវនាការ​កាន់តែ​កៀក គឺ​នៅថ្ងៃទី១៥ ខែ​មករា​ តុលាការ​ក៏​ខំ​កោះហៅ​សាក្សី​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ទៅ​បំភ្លឺ​នៅ​សវនាការ​ ក្នុង​នោះ មាន​ទាំង​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ទាំង​សកម្មជន​ដីធ្លី​ផង​ដែរ។​ សេចក្តី​ជូន​ដំណឹង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា សវនាការ​នេះ​នឹង​ប្រើ​រយៈ​ពេល ២ថ្ងៃ គឺ​ចាប់​ពីព្រឹកថ្ងៃទី១៥ ដល់ថ្ងៃទីល្ងាចថ្ងៃទី១៦ ខែ​មករា ដើម្បី​សួរដេញដោល និង​ជំនុំជម្រះ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៨ តុលាការ​ធ្លាប់​បាន​កោះ​ហៅ លោក ឈឹម ផល​វរុណ ម្ដង​ហើយ ឲ្យ​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង​លោក កឹម សុខា នេះ។ កាល​ពី​ពេល​នោះ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ​ផែង ហេង ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក (វិទ្យុ​បារាំង​អន្តរជាតិ) ថា លោក​ ឈឹម ផលវរុណ មិន​មែន​ជា​មនុស្ស​កណ្ដាល​ឡើយ ហើយ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​តែង​តែ​វាយ​ប្រហារ​លើ​រូប​លោក កឹម សុខា ​ជា​រឿយៗ នា​ពេល​កន្លង​មក៕

No comments: