ដោយ ហេង រស្មី
2020-01-13
អ្នកតវ៉ារឿងដីធ្លី ៥នាក់ ដែលអាជ្ញាធរចាប់ឃុំឃាំង និងវាយដំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងចំណោមអ្នកជាប់ឃុំ ៥នាក់ មានម្នាក់ គឺលោក ទុយ ស្រស់ បានស្លាប់ក្នុងអំឡុងពេលឃុំខ្លួន ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
Photo Provided
គណៈកម្មការប្រឆាំងអំពើទារុណកម្មថ្នាក់ជាតិ ចាប់ផ្ដើមចុះស្រាវជ្រាវរកយុត្តិធម៌ក្នុងសំណុំរឿងប្រជាពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ស្លាប់ក្នុងពេលជាប់ឃុំនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ មករា។ សាក្សីរំពឹងថា មន្ត្រីថ្នាក់ជាតិនឹងអាចជួយរកយុត្តិធម៌ដល់ពួកគេ និងជនរងគ្រោះក្នុងសំណុំរឿងនេះបាន។
សាក្សីម្នាក់ក្នុងចំណោមមនុស្ស ៤នាក់ ដែលឃើញសមត្ថកិច្ចវាយជនរងគ្រោះផ្ទាល់ភ្នែក គឺលោក ហ៊ឹម គិរី ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៣ មករាថា គណៈកម្មការប្រឆាំងអំពើទារុណកម្មថ្នាក់ជាតិ ចំនួន ៨នាក់ បានហៅពួកលោកទាំង ៤នាក់ទៅសាកសួរម្ដងម្នាក់ៗ នៅផ្ទះរបស់ប្រពន្ធជនរងគ្រោះ គឺលោក ទុយ ស្រស់ នៅភូមិជ្រៃ ឃុំចង្ហា ស្រុក អូរជ្រៅ នៅព្រឹកថ្ងៃទី១៣ មករានេះ។
លោក ហ៊ឹម គិរី បញ្ជាក់ថា លោកបានរៀបរាប់ហេតុការណ៍ ដែលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ វាយដំទៅលើជនរងគ្រោះនោះ ប្រាប់គណៈកម្មការថ្នាក់ជាតិទាំងអស់ ដោយមិនមានលាក់បាំងឡើយ។ លោកបន្ថែមថា ពួកលោកទាំង ៤នាក់ ក៏ជាជនរងគ្រោះ ដែលត្រូវបានមន្ត្រីអាវុធហត្ថវាយធ្វើបាបដែរ៖ «ខ្ញុំអរគុណណាស់ដែលពួកថ្នាក់ជាតិបាននឹកដល់ពួកខ្ញុំមកជួយរកយុត្តិធម៌ដល់ពួកខ្ញុំ។ពេលនោះខ្ញុំបានស្នើសុំឱ្យ សម្ដេចហ៊ុន សែន និង អ្នកស្រីប៊ុនរានី ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យខ្ញុំផង ព្រោះសមត្ថកិច្ចវាយធ្វើទារុណកម្មពួកខ្ញុំរហូតដល់មានអ្នកស្លាប់ម្នាក់។ខ្ញុំចង់ឱ្យជនប្រព្រឹត្តដែលធ្វើបាបខ្ញុំហ្នឹងដាក់ឃុំតាមច្បាប់ ព្រោះវាធ្វើបាបខ្ញុំវាដាក់ខ្នោះដៃហើយវាយទាត់ធាក់តាមអំពើចិត្ត។ ខ្ញុំសុំឱ្យដកពីតំណែងហើយសងជំងឺចិត្តខ្ញុំ»។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីគណៈកម្មការប្រឆាំងអំពើទារុណកម្មថ្នាក់ជាតិ លោក តុប សំភី ដើម្បីសុំអត្ថាធិប្បាយពីការចុះស្រាវជ្រាវនេះបានទេ នៅថ្ងៃទី១៣ មករា ដោយសារទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែលោក ហ៊ឹម គិរី ថ្លែងថា គណៈកម្មការនេះនឹងបន្តទៅសាកសួរទៅស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ លោកបន្ថែមថា ស្ថាប័នមួយនេះ បានប្រាប់ពួកគាត់ថា នឹងបំពេញការងារដោយវិជ្ជាជីវៈ ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកគាត់ និងជនរងគ្រោះ។
លោក ទុយ ស្រស់ តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ បានស្លាប់នៅថ្ងៃទី១ មករា គឺក្រោយពេលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ជូនបន្តទៅពន្ធនាគារខេត្ត។ កាលនោះ សមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់យកទៅសាកសួរ ដោយសារតែពួកគាត់ តវ៉ារឿងទំនាស់ដីរបស់ពួកគាត់នៅស្រុកស្វាយចេក។
កាលពីថ្ងៃទី២៨ ខែធ្នូនោះ ប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឱ្យអាជ្ញាធរខេត្ត ចេញទៅជួបពួកគាត់ពន្យល់អំពីមូលហេតុ ដែលមិនឱ្យពួកគាត់កាន់កាប់ដីទំនាស់ ប៉ុន្តែពេលនោះអាជ្ញាធរខេត្តមិនបានចេញជួបក្រុមអ្នកតវ៉ានោះឡើយ។ នៅថ្ងៃនោះ ពលរដ្ឋក៏មិនព្រមត្រឡប់ទៅផ្ទះវិញដែរ គឺរង់ចាំក្បែររបងសាលាខេត្ត រហូតដល់ម៉ោង ២រសៀល ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើននាក់ទៅបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះ និងបានចាប់មនុស្ស ៥នាក់យកទៅឃុំខ្លួន។ អំឡុងពេលសមត្ថកិច្ចឃុំខ្លួននោះ មានពលរដ្ឋម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅពន្ធនាគារខេត្តបានមួយថ្ងៃ និង ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញនៅថ្ងៃទី៣ មករា។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១០ មករាថា មន្ត្រីអាវុធហត្ថមិនបានប្រើហិង្សាលើជនរងគ្រោះដូចការចោទប្រកាន់ឡើយ។លោកបញ្ជាក់ថា អាជ្ញាធរខេត្តក៏បានចេញសេចក្ដីថ្លែងជុំវិញបញ្ហានេះរួចហើយដែរ៖ «បើមានមែនសូមសាក្សីហ្នឹងគាត់ឱ្យប្ដឹងទៅតុលាការ យើងនឹងទទួលយក ព្រោះធម្មតាទេអ្នកណាដែលប្រើហិង្សាទោះបីសមត្ថកិច្ចក៏ដោយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។អីចឹងយើងចាំទទួលយកនៅពេលដែលមានពាក្យបណ្ដឹង។បាទយើងហ្នឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះយើងបានអប់រំណែនធ្វើអ្វីទៅតាមនីតិវិធីទាំងអស់»។
សាក្សីដែលបានបំភ្លឺមន្ត្រីថ្នាក់ជាតិនោះ ថ្លែងថា មន្ត្រីប្រឆាំងអំពើទារុណកម្មចុះធ្វើការជាសម្ងាត់ ដោយពុំមានអាជ្ញាធរក្នុងខេត្តបន្ទាយមានជ័យណាម្នាក់បានដឹងនោះឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា មន្ត្រីថ្នាក់ជាតិចុះស៊ើបអង្កេតជាគឺរឿងល្អ ដែលអាចជួយរកយុត្តិធម៌ដល់ជនរងគ្រោះបាន។ លោកថា អង្គការរបស់លោកនឹងបញ្ជូនមេធាវីទៅការពារក្ដីដល់ជនរងគ្រោះនិងសាក្សី ដើម្បីស្វែងរកយុត្តិធម៌លើសំណុំរឿងនេះ។ លោកបញ្ជាក់ថា សំណុំរឿងនេះ ជាអំពើមនុស្សឃាតឃោរឃៅ ដែលជនប្រព្រឹត្តត្រូវទទួលទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដោយមិនអាចលើកលែងបានឡើយ៖ «ហើយយើងសង្ឃឹមថាគណៈកម្មការនេះក្រោយពីមានការ ចុះស្រាវជ្រាវស៊ើបអង្កេតរួចនឹងធ្វើអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសខាងស្ថាប័នតុលាការ និងចាត់វិធានការចោទប្រកាន់និងផ្ដន្ទាទោសជនប្រព្រឹត្តដែលបានអនុវត្តផ្ទុយពីច្បាប់ចែងអីចឹង»។
លោកបន្ថែមថា អង្គការរបស់លោកនឹងតាមដានសំណុំរឿងនេះយ៉ាងចិត្តទុកដាក់បន្តទៀត ដើម្បីជួយស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះផង និងដើម្បីកុំឱ្យមន្ត្រីមានអំណាចចេះតែវាយដំប្រជាពលរដ្ឋខុសច្បាប់តាមអំពើចិត្តទៀត៕
No comments:
Post a Comment