Thursday, 23 January 2020

មេធាវី​លោក កឹម សុខា បន្ថែម​ភស្តុតាង ៣៥ចំណុច​ក្នុង​សវនាការ​ជម្រះ​ក្តី​លើក​ទី២


ដោយ អាស៊ីសេរី
2020-01-22

ស្ថានភាព​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​ធ្វើ​សវនាការ​ជម្រះ​ក្ដី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០។
ស្ថានភាព​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​ធ្វើ​សវនាការ​ជម្រះ​ក្ដី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០។
 រូប៖ RFA



សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា ក្នុងសប្តាហ៍ទី២ ថ្ងៃទី២២ ខែ​មករា​នេះ តុលាការ​ចែក​ចេញ​ពីរ​ពេល​គឺ ពេល​ព្រឹក និង​ពេល​រសៀល។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឲ្យ​ដឹង​ថា ការ​បន្ថែម​ភស្តុតាង ៣៥ចំណុច​នេះ ដើម្បី​ដោះ​បន្ទុក​លោក កឹម សុខា។ ប៉ុន្តែ​មេធាវី​រដ្ឋាភិបាល​ថា ភស្តុតាង​ដាក់​បន្ថែម​មួយ​ចំនួន​នៅ​ពេល​នេះ គឺ​ជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ទៅ​វិញ​ទេ។

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា គឺ ​លោក ផែង ហេង ឲ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​ថា សវនាការ​នៅ​ពេល​ព្រឹក​មិន​ទាន់​មាន​ការ​ជជែក​ដល់​អង្គ​សេចក្ដី​នៅ​ឡើយ​ទេ ដោយ​ចៅក្រម​អនុញ្ញាត​ឲ្យ​មាន​ការ​ដេញដោល​ពី​ការ​ដាក់​ភស្តុតាង និង​របៀប​ដាក់​ភស្តុតាង ដែល​ភាគី​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដាក់​ជូន​តុលាការ។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា ភស្តុតាង​នោះ​មាន​ចំនួន ៣៥ចំណុច​ជា​ភស្តុតាង ដើម្បី​ដោះ​បន្ទុក​ក្នុង​នោះ​រួម​មាន វីដេអូ​ពេញ​រយៈ​ពេល​ជាង​មួយ​ម៉ោង នៃ​ការ​ថ្លែង​របស់​លោក​ កឹម សុខា និង​រូបថត​មួយ​ចំនួន ព្រម​ទាំង​វីដេអូ​ខ្លីៗ ខ្លះ​ទៀត​ផង​ដែរ។ លោក​ថា សវនាការ​នៅ​ពេល​រសៀល គឺ​ជា​ការ​ចាក់​វីដេអូ​ពេញ​នៃ​ការ​ថ្លែង​របស់​លោក ​កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១៣ដែលមាន​រយៈ​ពេល​ជា​ង​មួយ​ម៉ោង៖ «»



រីឯ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្ដឹង គឺ​លោក គី តិច ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ភស្តុតាង​ខ្លះ ដែល​សហ​មេធាវី​លោក កឹម សុខា ដាក់​ជូន​តុលាការ​នោះ គឺ​ជា​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ទៅ​វិញ​ទេ។ ប៉ុន្តែ​មេធាវី​រូប​នេះ មិន​បាន​បញ្ជាក់​ថា ចំណុច​ណា​ខ្លះ​នៃ​ភស្តុតាង ដែល​ជា​ការ​បន្ទុក​នោះ​ទេ ដោយ​លោក​បង្ហើប​ថា មេធាវី​លោក កឹម សុខា ក៏​បាន​ដាក់​ជូន​តុលាការ​នូវ​វីដេអូ​ខ្លីៗ នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា ដែល​លោក​អះអាង​ថា ភស្តុតាង​បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​វីដេអូ​ខ្លីៗ របស់​សមត្ថកិច្ច​ដែល​បាន​ផ្ដល់​ទៅ​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា៖ «»

សវនាការ​ថ្ងៃ​ទី២២ ខែ​មករា តុលាការ​អនុញ្ញាត​ឲ្យ​សារ​ព័ត៌មាន និង​តំណាង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ចូល​រួម​ស្ដាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ គឺ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ដែល​បាន​ចូល​ស្អាប់​សវនាការ​នេះ សរសេរ​លើ​ហ្វេសប៊ុក​ថា ដើម្បី​បុព្វហេតុ​តម្លាភាព​លោក​យល់​ថា សវនាការ​នេះ​គួរ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​យ៉ាង​ហោច​ណាស់​ដាក់​អេក្រង់​ផ្សាយ​មក​ក្រៅ​បន្ទប់​សម្រាប់​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​អ្នក​ទៀត ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​តុលាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចោទ​ប្រកាន់​ថា វីដេអូ​ខ្លី​ដែល​យក​មក​ចោទ​ប្រកាន់​រូប​លោក​ជា​វីដេអូ​ក្លែង​បន្លំ ព្រោះ​បាន​កាត់​ជា​កង់ៗ។ លោក​បញ្ជាក់​ថា ខ្លឹមសារ​វីដេអូ​ពេញ ដែល​លោក​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី គឺ​ជា​ការ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​មូលដ្ឋាន ដើម្បី​សិទ្ធិ និង​ការ​ផ្លាស់ប្ដូរ និង​ទិសដៅ​ទី២ គឺ​ការ​ធ្វើ​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ លោក កឹម សុខា ឲ្យ​ដឹង​ទៀត​ថា ខ្លឹមសារ​ទី២ នៃ​វីដេអូ​នោះ គឺ​លោក​ពន្យល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសពីការផ្អាកធ្វើបាតុកម្ម ឆ្នាំ២០១៣ មិន​មែន​ជា​ការ​លក់​ក្បាល​ឲ្យ​គណបក្ស​កាន់​អំណាច​ទេ ប៉ុន្តែ​លោក​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម និង​ចង់​ដោះ​ស្រាយ​ដោយ​សន្តិវិធី៖ «»

រដ្ឋាភិបាល​យក​វីដេអូ​ខ្លី​របស់​លោក កឹម សុខា ធ្វើ​ជា​ភស្តុតាង​សំខាន់​បំផុត​ទៅ​ចាប់​ខ្លួន​លោក កឹម សុខា ខណៈ​លោក​មាន​អភ័យ​ឯក​សិទ្ធិ​សភា​ទាំង​កណ្ដាល​យប់​រហូត​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។

ប៉ុន្តែ​លោក កឹម សុខា អះអាង​ថា មាន​ពលរដ្ឋ​ក្រៅ​ស្រុក និង​មតិ​ខ្លះ​ចង់​ឃើញ​លោក​ធ្វើ​ការ​ទាមទារ​ដោយ​មធ្យោបាយ​ផ្សេងៗ ប៉ុន្តែ​លោក​នៅ​តែ​ប្រកាន់​ជំហរ​រក​ដំណើរ​ដោះ​ស្រាយ​ដោយ​អហិង្សា ដោយ​សន្តិវិធី មិន​មែន​យក​ក្បាល​ទៅ​ជល់​នឹង​ថ្ម និង​មិន​ឲ្យ​ឈាម​ខ្មែរ​ហូរ​ទៀត​ទេ។

សវនាការ​កាត់​ក្តី​លោក កឹម សុខា នឹងបន្តនៅថ្ងៃទី២៣ ខែ​មករា​ទៀត តុលាការ​ប្រកាស​ថា សំណុំ​រឿង​នៃ​បទ​ចោទ “សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ តុលាការ​ត្រូវ​ប្រើ​រយៈ​ពេល​ច្រើន​ខែ ដើម្បី​ជំនុំ​ជម្រះ៕


(អ្នក​កាសែត និង​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ ខណៈ​សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា សប្ដាហ៍​ទី២ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ខាង​ក្នុង។ រូប៖ RFA)

1 comment:

Anonymous said...

Whatever he does, Kem Sokha must oppose the notion from his daughter (Kanha Leukeu Kem MonoShittia) that he will make a comprehensive unification among Cambodian different political parties, not including Sam Rainsy party.

If that happens, Yuon and Ah Kwack will be ecstatic and Karma (Ah Meh Choy) Sokha will become automatically Khmer traitor.