Thursday, 23 January 2020
កុមារនៅតាកែវនិងកំពតរងផលប៉ះពាល់ផ្លូវដង្ហើម ដោយសារធូលីដីហុយខ្លាំងតាមផ្លូវជាតិលេខ៣
ដោយ សន ចាន់រដ្ឋា
2020-01-22
ទិដ្ឋភាពដីហុយតាមផ្លូវជាតិលេខ៣ ខណៈផ្លូវនេះកំពុងជួសជុល កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
RFA
ពលរដ្ឋរស់នៅជាប់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងខេត្តតាកែវ បារម្ភថា កុមារមួយចំនួនកើតជំងឺ រលាកសួត និងផ្លូវដង្ហើម ដោយសារតែធូលីដីហុយខ្លាំងអស់រយៈពេលជាង ២ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត ពួកគាត់ថា បញ្ហាធូលីហុយនេះបានបង្កជាគុណវិបត្តិធ្ងន់ធ្ងរ ដូចជាហានិភ័យ គ្រោះថ្នាក់ចរាចរណ៍ ប្រឡាក់សំលៀកបំពាក់ និងប៉ះពាល់ដល់សុខភាពជាដើម។
ពលរដ្ឋមួយចំនួន អំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពន្លឿនការកសាងផ្លូវជាតិលេខ ៣ និងស្រោចទឹកផ្លូវនេះជាប្រចាំ ដើម្បីកាត់បន្ថយធូលីដីហុយខ្លាំង ប៉ះពាល់ដល់សុខភាពពលរដ្ឋ អ្នកដំណើរ និងជាពិសេសកុមារ។
ពលរដ្ឋរស់នៅស្រុកត្រាំកក់ ខេត្តតាកែវ លោក ស៊ឺន ពិសិទ្ធិ ឱ្យដឹងនៅថ្ងៃទី២១ មករា ផ្លូវជាតិលេខ៣ ចាប់ចំណុចកំពង់ទួល នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដល់ស្រុកត្រាំកក់ខេត្តតាកែវ មានប្រវែងប្រមាណ ៥០គីឡូម៉ែត្រ មានភាពលំបាកយាប់យ៉ឺនខ្លាំង និងហុយធូលីដី។ លោកថា ពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិនេះ តែងត្អូញត្អែរពីផលប៉ះពាល់សុខភាព និងលំបាកធ្វើដំណើរជាង ២ឆ្នាំមកហើយ៖ «ការធ្វើផ្លូវវិនិយោគរបស់ចិន ឃើញថា វាធ្វើយឺតយ៉ាវ អត់មានបច្ចេកទេសត្រឹមត្រូវ។ អ្នកនៅជុំវិញហ្នឹងប៉ះពាល់សុខភាពទី១ សួត និងខ្យល់ដង្ហើមរបស់គាត់ ហើយវាប៉ះពាល់សុខភាព ពលរដ្ឋរស់នៅភូមិហ្នឹង ដែលរស់នៅតាមដងផ្លូវហ្នឹងប៉ះពាល់សុខភាពគាត់មែនទែន។ វាហុយចូលចំណីអាហារគាត់ គាត់ធ្វើដំណើរ និងជំងឺផ្លូវដង្ហើម»។
ចំណែក ពលរដ្ឋម្នាក់ទៀត រស់នៅជាប់ផ្លូវជាតិលេខ ៣ ក្នុងស្រុកទឹកឈូ ខេត្តកំពត ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងថា កូនៗរបស់លោកស្រី ២នាក់ មានអាយុ ៧ឆ្នាំ និង ៩ឆ្នាំ មានជំងឺរលាកសួត និងផ្លូវដង្ហើម ដោយសារស្រូបយកធូលីដី នៅពេលដែលពួកគេធ្វើដំណើរទៅសាលារៀនដោយជិះកង់។ លោកស្រីថា មិនត្រឹមតែគ្រួសារលោកស្រីទេ កើតជំងឺនេះ មានកុមារជាច្រើននាក់ទៀត ក៏មានជំងឺដូចគ្នានេះដែរ៖ «កូនខ្ញុំពីរនាក់ ហើយក្មេងៗពីរ បីនាក់ទៀត នៅក្បែរគ្នាហ្នឹង ដូចគ្នាឈឺដូចគ្នាហ្នឹង ក្អកហត់ មានបញ្ហាសួតរហូតផ្លូវដង្ហើម។ គាត់ក្អកហើយរលាកសួត ហើយភ្នែកឡើងក្រហមអស់ហើយពូអើយ ដីហុយ។ ពិបាកធ្វើដំណើរហុយខ្លាំងពេកមើលមនុស្សអត់ឃើញហ្មង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកំពត លោក យន់ ផល្លី សង្កេតឃើញថា នៅពេលមានរថយន្តធ្វើដំណើរម្តងៗ ធូលីដីហុយចូលផ្ទះពលរដ្ឋប្រឡាក់ចានឆ្នាំង ភួយ ខ្នើយ រួមទាំងសម្ភារៈនៅក្នុងផ្ទះ ជាដើម ដែលជាហេតុបង្កការលំបាកធ្ងន់ធ្ងរដល់សុខុមាលភាពពលរដ្ឋ។ លោកចាត់ទុកករណីនេះថា ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ និងរដ្ឋាភិបាល ដែលត្រូវធានាការរស់នៅរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «សង្កេតទៅក៏មានការព្រួយបារម្ភដែរ ពាក់ព័ន្ធហ្នឹងទៅដល់ពលរដ្ឋទូទៅ វាអាចមានផលប៉ះពាល់ពាក់ព័ន្ធសុខភាព និងមានផលប៉ះពាល់មួយទៀត គ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ព្រោះថា ធម្មតាដីហុយវាងងឹតមិនអាចមើលគ្នាឃើញ។ កន្លងទៅមានគ្រោះថ្នាក់ដោយសារហុយដីហ្នឹងដែរបាទ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសាធារណការ លោក ប៉ាល់ ចន្ទតារា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី២១ មករា។
ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា កុមារ និងមនុស្សចាស់ ដែលស្រូបធូលីដី បង្កឱ្យប៉ះពាល់ផ្លូវដង្ហើម រលាកបំពង់ក រលាកច្រមុះ និងសួត ដែលបណ្ដាលឱ្យមានជំងឺរលាកសួត និងបញ្ហាផ្លូវដង្ហើម ជាដើម៖ «ធ្វើឱ្យក្មេងកើតអាលែកហ្សី ដោយសារធូលីដីចូលទៅក្លាយទៅជា ពាក្យបារាំងហៅថា អាលែកហ្សែន។ អាលែកហ្សែន វាមិនមែនជាមេរោគទេ តែជាសារធាតុមួយ ធ្វើឱ្យខ្លួនយើងកុមារប្រឆាំងហ្នឹអាហ្នឹង ដល់ពេលវាប្រឆាំងខ្លាំងពេក វាបង្កឱ្យមានរលាកបំពង់ក រលាកច្រមុះ ជួនកាលឱ្យហើមសួតអ៊ីចឹងទៅ អាហ្នឹងទី១។ ទី២ ហុយច្រើនអាចមានមេរោគហើរ ជួនកាលអាចបង្កធ្វើឱ្យប៉ះពាល់សួតដែរ ជាពិសេសប៉ះពាល់ធ្ងន់ផ្លូវដង្ហើមហ្នឹងឯង ផ្លូវដង្ហើមមានច្រមុះ បំពង់ក ហើយនិងសួត»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាព សង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈចាំបាច់ត្រូវមាន គណនេយ្យភាពសាធារណៈ ដូច្នេះក្រុមហ៊ុន ត្រូវមានការទទួលខុសត្រូវជាសាធារណៈដែរ ដោយត្រូវខ្វល់ខ្វាយពីប្រយោជន៍របស់ពលរដ្ឋ និងអ្នកដែលរងផលប៉ះពាល់នេះ។ លោកថា នៅពេលដែលមានផលប៉ះពាល់ ត្រូវតែមានដំណោះស្រាយ ព្រោះរាល់គម្រោងសាងសង់ទាំងអស់ សុទ្ធសឹងមានការសិក្សាពីផលប៉ះពាល់៖ «រឿងដែលសំខាន់គឺ រដ្ឋាភិបាលមានសិទ្ធិពេញលេញ ក្នុងការចាប់បង្ខំឱ្យក្រុមហ៊ុនកសាងផ្លូវហ្នឹង ធ្វើទៅតាមកិច្ចសន្យារបស់ខ្លួន ដូចជាធ្វើឱ្យគេដោះស្រាយផលប៉ះពាល់ដូចជាហុយ និងផលប៉ះពាល់ផ្សេងទៀតពាក់ព័ន្ជាមួយនឹងសុខុមាលភាពពលរដ្ឋ»។
ក្រុមពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៣ ត្អូញថា ធូលីដីហុយខ្លាំង នៅតាមផ្លូវជាតិលេខ៣ រាប់សិបគីឡូម៉ែត្រ ដែលងាយនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ខ្លាំងជាងគេ គឺអ្នកធ្វើដំណើរតាមម៉ូតូ និងកង់ ជាពិសេសសិស្សានុសិស្សដែលធ្វើដំណើរទៅសាលារៀន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment