Tuesday, 7 January 2020

លោក ហ៊ុន សែន មិន​ព្រម​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដោយ​ហៅ​ការ​ទាមទារ​ថា គ្មាន​មូលហេតុ​ត្រឹមត្រូវ


ដោយ អាស៊ីសេរី
2020-01-07

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន



លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន រក្សា​ជំហរ​មិន​ព្រម​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស តាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ។ លោក​ថា ហេតុផល​នៃ​ការ​ទាមទារ​​របស់​សហគមន៍​អន្តរជាតិ​ទាំង​នោះ មិន​សម​ហេតុផល។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង គាំទ្រ​ការ​ទាមទារ​របស់​សភាព​អឺរ៉ុប និង​ហៅ​ជា​ការ​សម​រម្យ​បំផុត។

ថ្លែង​ក្នុង​ពិធី​បុណ្យ ៧ មករា ខួប​ទី ៤១ឆ្នាំ លោក ហ៊ុន សែន ប្រកាស​ថា នឹង​មិន​ព្រម​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ទេ តែ​បាន​​ចោទ​អ្នក​ទាមទារ​​​ទៅ​វិញ​ថា បាន​បង្ខំ​ឲ្យ​​របប​លោក​មិន​អាច​អនុវត្ត​ច្បាប់​ជាតិ​ ដែល​​របប​ក្រុង​ភ្នំពេញ​បាន​តាក់តែង​ឡើង។

សហគមន៍​អន្តរ​ជាតិ កំពុង​ថ្កោល​ទោស និង​​​ដាក់​កំហិត​ឲ្យ​របប​លោក ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​បាន​ដាច់​ខាត នៅ​​មុន​ថ្ងៃ​ទី១២ កុម្ភៈ ខាង​មុន​នេះ។ តែ​លោក ហ៊ុន​ សែន លើក​ឡើង​​ថា របប​លោក​កំពុង​តែ​គោរព​ ថែរក្សា និង​លើក​កម្ពស់​​លទ្ធិ​ប្រជាធិបតេយ្យ​រាល់​ថ្ងៃ ដោយ​​ឥត​ឈប់​ឈរ ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន៖ «ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ​​ណា​មួយ ដែល​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លះ បាន​លើក​ឡើង ដដែលៗ អំពី​ការ​ស្ដារ​ឡើង​វិញ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​​​នៅ​កម្ពុជា​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា មជ្ឈដ្ឋាន​ទាំង​នោះ នឹង​ពិចារណា​ឲ្យ​ត្រឹមត្រូវ ចំពោះ​ការ​វិវត្តន៍​ប្រកប​ដោយ​ភាព​វិជ្ជមាន​នៅ​កម្ពុជា ហើយ​គោរព​ចំពោះ​សិទ្ធិ ​និង​ការ​ជ្រើស​រើស​របស់​ប្រជាជន​កម្ពុជា នូវ​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍន៍​​របស់​ខ្លួន ដែល​ស្រប​ទៅ​នឹង​ប្រវត្តិ​សាស្ត្រ​ ស្ថានភាព​ សង្គម​ វប្បធម៌​ និង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន»។



ថ្វី​បើ លោក ហ៊ុន សែន ថា ហេតុផល​របស់​សហភាព​អឺរ៉ុប​មិន​សម​ទំនង ប៉ុន្តែ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​របប​ក្រុង​ភ្នំពេញ កម្រាស់ ៧០ទំព័រ។ របប​ លោក ហ៊ុន សែន បាន​ព្យាយាម​ប្រកែក​រាល់​ការ​ចោទ​ប្រកាន់​ និង​បាន​ផ្ញើ​របាយការណ៍​ការពារ​ខ្លួន ​ជូន​សហភាព​អឺរ៉ុប​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៩។ នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ខាង​មុខ​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប នឹង​សម្រេច​ថា ឲ្យ​របប​ក្រុង​ភ្នំពេញ​​ បន្ត​ការ​មិន​បង់​ពន្ធ ឬ​តម្រូវ​ឲ្យ​បង់​ពន្ធ​ រាល់​មុខ​ទំនិញ​នាំ​ចូល​ទៅ​អឺរ៉ុប ចំពោះ​ការ​រឹង​ទទឹង មិន​ព្រម​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ តាម​ការ​ទាមទារ​នោះ។

អ្នក​វិភាគ​នយោបាយ​ លោក គឹម​ សុខ អះអាង​ថា សហភាព​អឺរ៉ុប​មាន​ហេតុផល​ច្បាស់លាស់​ និង​ត្រឹម​ត្រូវ​ណាស់ ក្នុង​ការ​ទាញ​​របប លោក ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ឲ្យ​ត្រឹមត្រូវ​។ លោក គឹម សុខ ថា ប្រជាធិបតេយ្យ ដែល​លោក ហ៊ុន សែន តែង​លើក​ឡើង​ការពារ​ខ្លួន​នេះ​ គឺ​ក្លែងក្លាយ ​​ជា​ប្រជាធិបតេយ្យ​របៀប​​ទឹក​កន្លះ​ក្អម ​បំពាន​​រដ្ឋធម្មនុញ្ញ និង​បំភ្លៃ​ប្រវត្តិសាស្ត្រ៖ «ការ​បំភ័ន្ត​ប្រវត្តិសាស្ត្រ​បែប​នេះ​ហើយ ហើយ​ការ​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ​របស់​ លោក ហ៊ុន សែន ដែល​កំពុង​តែ​ធ្វើ​ គឺ​ប្រជាធិបតេយ្យ​ទឹក​កន្លះ​ក្អម ដែល​គេ​បង្កើត​ឡើង ដើម្បី​​តែ​ការពារ​អំណាច​របស់​គេ​ ហើយ​និង​បម្រើ​បក្ខពួក​របស់​គេ​ ដែល​នៅ​ពី​ក្រោយ​ ដែល​បាន​លើក​បន្តុប​គេ​ឲ្យ​ឡើង​កាន់​អំណាច​ តាំង​ពី​ឆ្នាំ១៩៧៩ មក​ដល់​ឥឡូវ​ហ្នឹង»។

ជំទប់​ទី​២ ជាប់​ឆ្នោត​ ​ឃុំ​ក្ដី​រុន ស្រុក​ពួក ខេត្ត​សៀមរាប លោក ឈុន វាន (អានថា ឈុន វៀន​ មិនមែន ឈុន វ៉ាន​​) និយាយ​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ទទួល​ស្គាល់​កំហុស និង​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ ទើប​ខំ​ប្រកែក ​ចោទ​គេ​ឯង​ថា មិន​សម​រម្យ មិន​ត្រឹមត្រូវ ជាដើម។ ​លោក​ថា លោក ហ៊ុន សែន​ ទេ ដែល​ប្រឹង​ប្រកែក​គ្រប់​ពេល ដើម្បី​ថែរក្សា​អំណាច​របស់​ខ្លួន។ ឯ​សហគមន៍​អឺរ៉ុប គ្រាន់​តែ​ចង់​ឲ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ៕

No comments: