Tuesday, 7 January 2020
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ស្នើឱ្យអាជ្ញាធររក្សាថ្មបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ
ដោយ អាស៊ីសេរី
2020-01-07
ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគីរីប្រារព្ធពិធីរំឭកវប្បធម៌ជនជាតិដើមភាគតិច ឋិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
Provided photo
ក្រុមជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី អំពាវនាវដល់អាជ្ញាធរជំនាញ ឱ្យអភិរក្សថ្មបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ ដែលអ្នកភូមិជឿថា ស័ក្ដិសិទ្ធិ និងជាវត្ថុបុរាណធម្មជាតិមានតម្លៃ។ ការអំពាវនាវនេះ ក្រោយពីសហគមន៍ប្រទះឃើញទាហាន និងពលរដ្ឋខ្មែរ បានឃុបឃិតជាមួយជនជាតិវៀតណាម ប្រមូលយកសសរថ្មបុរាណ ២ដុំ ដឹកទៅលក់នៅប្រទេសវៀតណាម។
ក្រុមជនជាតិដើមភាគតិចព្នង រស់នៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្នើឱ្យអាជ្ញាធរ អភិរក្សថ្មបុរាណធម្មជាតិរាប់រយកំណាត់ មានអាយុកាលរាប់ពាន់ឆ្នាំ ដុះនៅចំណុចអូរស្រាល ក្នុងភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា មកជាសម្បត្តិបេតិកភណ្ឌជាតិ បម្រើវិស័យទេសចរ។ អ្នកភូមិថា ផ្ទាំងថ្មទាំងនេះ ជាតំបន់គោរពបូជា របស់ជនជាតិដើមភាគតិចព្នងជាច្រើនជំនាន់មកហើយ ដែលពួកគេតែងតែមកបន់ស្រន់សុំសេចក្ដីសុខ និងសុំឱ្យជាសះស្បើយពីជំងឺផ្សេងៗ ជាដើម។
សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ឱ្យដឹងនៅថ្ងៃទី៧ មករាថា ថ្មធម្មជាតិ ពណ៌ខ្មៅ ដែលមានអាយុកាលរាប់ពាន់ឆ្នាំទាំងនេះ អាចនឹងបាត់បង់ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនរូតរះអភិរក្សឱ្យមានប្រសិទ្ធភាពទេ។ លោកថា កាលពីសប្ដាហ៍មុន អ្នកភូមិប្រទះឃើញ ជនជាតិវៀតណាម ៣នាក់ ឃុបឃិតជាមួយមន្ត្រីយោធា ៣នាក់ មកពីមូលដ្ឋានកងទ័ព "គ១" ក្នុងស្រុកពេជ្រាដា និងពលរដ្ឋខ្មែរ ៣នាក់ទៀត បានលួចគាស់យកថ្មធម្មជាតិ ២ដុំ ដឹកជញ្ជូនទៅប្រទេសវៀតណាម ដើម្បីកែច្នៃធ្វើជាវត្ថុបុរាណ មានតម្លៃរាប់ពាន់ដុល្លារ៖ «»
លោក គ្រើង តុលា បន្ថែមថា កាលពីថ្ងៃទី៣០ ខែធ្នូ អ្នកភូមិមួយក្រុម សហការជាមួយនគរបាលមូលដ្ឋាន បានចុះដល់ទីតាំងថ្មបុរាណ ប្រទះឃើញស្លាកស្នាមថ្មមួយចំនួន ត្រូវបានជនជាតិវៀតណាម មន្ត្រីយោធា និងពលរដ្ឋខ្មែរទាំងនោះ ឃុបឃិតគ្នាគាស់កកាយយកថ្ម ដឹកទៅលក់នៅប្រទេសវៀតណាម។ លោកថា ថ្មធម្មជាតិទាំងនោះ មានមុខកាត់ចាប់ពី ៥តឹក ដល់ ៦តឹក ប្រវែង ចាប់ពី ២ម៉ែត្រដល់ ៤ម៉ែត្រ៖ «»
ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភក្ត្រ មានប្រសាសន៍ថា ការគាស់កកាយថ្ម នៅក្នុងតំបន់ព្រៃការពារធម្មជាតិ ជាអំពើខុសច្បាប់ ហើយមន្ត្រីបរិស្ថានកំពុងតាមដាមរឿងនេះថា តើព័ត៌មានទាំងនេះ ជារឿងពិតឬយ៉ាងណា។ លោកថា មន្ត្រីជំនាញនៅមិនទាន់សន្និដ្ឋានថា ថ្មនោះមានលក្ខណៈបែបណានោះទេ ព្រោះសហគមន៍មិនទាន់រាយការណ៍ទៅមន្ត្រីបរិស្ថាន៖ «»
លោក គ្រើង តុលា បន្ថែមថា ផ្ទាំងថ្មទាំងនោះ ជាសម្បត្តិធម្មជាតិរបស់រដ្ឋ ដែលត្រូវអភិរក្ស និងថែរក្សាឱ្យគង់វង្ស មិនគួរធ្វេសប្រហែស ឱ្យមានការលួចគាស់កាយ យកមកធ្វើអាជីវកម្មនោះទេ។ លោកសង្ស័យថា មូលហេតុដែលជនជាតិវៀតណាម អាចមកគាស់យកថ្មទាំងនេះបាន គឺដោយសារមានការបើកដៃពីមន្ត្រីពាក់ព័ន្ធក្នុងខេត្តនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment