Tuesday, 7 January 2020

សាច់ញាតិ​សម្រេច​បូជា​សព​ពលករ​ខ្មែរ​ម្នាក់​​នៅ​ប្រទេស​ថៃ ដែល​ស្លាប់​ដោយសារ​រថយន្ត​កិន​ក្នុង​ចម្ការ​អំពៅ


ដោយ អាស៊ីសេរី
2020-01-07
rfa
សមត្ថកិច្ច​ថៃ​ចុះ​ពិនិត្យ​សាកសព​ពលករ​ខ្មែរ​ម្នាក់ ដែល​ឡាន​ដឹក​អំពៅ​កិន​ស្លាប់​នៅ​ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០២០។
សមត្ថកិច្ច​ថៃ​ចុះ​ពិនិត្យ​សាកសព​ពលករ​ខ្មែរ​ម្នាក់ ដែល​ឡាន​ដឹក​អំពៅ​កិន​ស្លាប់​នៅ​ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០២០។
 រូប៖ ហ្វេសប៊ុក​ពលករ​ខ្មែរ​នៅ​ថៃ



សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​សម្រេច​បូជា​សព​ជន​រងគ្រោះ​​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​ស្លាប់​ដោយសារ​ឡាន​កិន ពេល​ធ្វើ​ការ​ក្នុង​ចម្ការ​អំពៅ​​កាល​ពី​ថ្ងៃ​ទី​៦ មករា។

អ៊ុំ​ស្រី​បង្កើត​ជន​រងគ្រោះ​ លោក​ស្រី​ ឈឿន​ ឈន់ ប្រាប់​អាស៊ី​សេរី​ថា​ ជន​រងគ្រោះ​ឈ្មោះ​ រាន ឆៃ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ រស់​នៅ​ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ត្រូវ​បាន​ឡាន​កិន​ស្លាប់​នៅ​​លើ​គំនរ​អំពៅ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦​ មករា។ លោក​ស្រី​បន្ត​ថា ក្រោយ​ពេល​ស្លាប់ គឺ​ប៉ូលិស​ថៃ​បាន​ទៅ​ពិនិត្យ​សាកសព និង​បាន​បញ្ជូន​សព​ទៅ​ធ្វើ​បុណ្យ​​នៅ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ នៅ​ព្រឹក​ថ្ងៃ​ទី៧ មករា។ លោក​ស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​បុណ្យ​នៅ​ប្រទេស​ថៃ​ ដោយសារ​គ្មាន​ប្រាក់​ដឹក​សព​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត ព្រោះ​គ្រួសារ​ជន​រងគ្រោះ​ក្រីក្រ៖ «ថៅកែ និង​ប៉ូលិស​អី គេ​មក​ជួយ​ធ្វើ​បុណ្យ​ជា​ច្រើន​នាក់។ ខ្ញុំ​យក​កូន​មក ដូច​នាំ​កូន​មក​ស្លាប់​ស្រុក​គេ។ ខ្ញុំ​យំ​បោក​ខ្លួន​បោក​ប្រាណ​ស្ដាយ​កូន​ស្លាប់​ទាំង​ក្មេង។ ខ្ញុំ​ឃើញ​កូន​បែក​ក្បាល​ បែក​មុខ ក៏​វា​ស្លុត​អស់​និយាយ​មិន​កើត​ទេ។ ដោយ​ហេតុ​ថា​ ក្រ​ក៏​នាំ​កូន​មក​រក​ស៊ី​ខ្លាច​បាន​ប្រាក់​ខ្លះ ព្រោះ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ​ មក​ដល់​មិន​ទាន់​បាន ១ខែ​ផង ស្រាប់​តែ​កូន​ស្លាប់​វា​វង្វេង​អស់​រលីង​ខ្ញុំ»។



លោក​ស្រី​បន្ថែម​ថា ជន​រងគ្រោះ​បាន​ធ្វើ​ដំណើរ​រួម​ជា​មួយ​ពលករ​ខ្មែរ​ប្រមាណ ២០នាក់ ចេញ​ពី​ឃុំ​មោង ដើម្បី​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​នៅ​ប្រទេស​ថៃ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។ លោកស្រី​ថា ពួក​គាត់​ធ្វើ​ការ​បាន​​ប្រហែល ៣សប្ដាហ៍​ ក៏​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង។ ក្រោយ​ពី​បូជា​សព​ហើយ គឺ​ពលករ​ទាំង​នោះ​គ្រោង​ត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​យក​ឆ្អឹង​របស់​ជន​រង​គ្រោះ​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​សៀមរាប​បន្ត​ទៀត នៅ​ដើម​សប្ដាហ៍​ខាង​មុខ​នេះ៕

No comments: