Saturday, 1 February 2020

លោក ហ៊ុន សែន ជំរុញ​ឱ្យ​អន្តរជាតិ​ជួយ​ជ្រោមជ្រែង​កម្ពុជា ជា​ជាង​ដាក់​ទណ្ឌកម្ម


ដោយ សុ ជីវី
2020-01-31

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page
តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page
Photo: RFA



ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ អះអាង​ដោយ​មោទនភាព​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ឱ្យ​អ្នកណា​មក​ដឹកច្រមុះ​បាន​ឡើយ ហើយ​លោក​នៅតែ​ប្រើ​ភាសា​ដដែល គឺ​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ប្ដូរ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ពី​បរទេស​នោះ​ទេ​។ សហជីព​ឯករាជ្យ​យល់ថា ប្រសិនបើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​គិត​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​មែន នោះ​លោក​នឹង​អនុវត្ត​តាម​លក្ខខណ្ឌ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លើ​ទីផ្សារ​សហភាព​អឺរ៉ុប។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​វាយប្រហារ​ក្រុម​ប្រទេស​មហាអំណាច​ថា បាន​ប្រើប្រាស់​ហេតុផល​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឬ​ការ​ការពារ​បរិស្ថាន ដើម្បី​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​តូចៗ ឬ​ប្រើប្រាស់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ដែល​ទន់ខ្សោយ​ជាង​ខ្លួន នៅ​ពេល​ប្រទេស​ទាំងនោះ​ធ្វើ​អ្វី​មិន​ស្របតាម​ការ​ចង់​បាន​របស់​ពួកគេ​។ លោក​បញ្ជាក់​ថា កម្ពុជា​ក៏​កំពុង​កើតមាន​ករណី​ដូចគ្នា​នេះ ដែល​ទំនងជា​លោក​ចង់​សំដៅ​លើ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA និង​ការរិះគន់​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។



មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ ថ្លែង​ថា សហគមន៍​អន្តរជាតិ​គួរ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ឱ្យ​ខ្លាំង​ជាង​នេះ មិនមែន​រក​មធ្យោបាយ​បំបែក​កម្ពុជា​នោះ​ឡើយ​។ លោក​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​គោរព​ជម្រើស​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ពីព្រោះ​រដ្ឋាភិបាល​របស់​លោក​បាន​បំពេញ​តម្រូវ​ការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ តាំងពី​ក្រោយ​សម័យ​ខ្មែរក្រហម​រហូត​មក៖ «ចំពោះ​កម្ពុជា​វិញ សហគមន៍​អន្តជាតិ​គប្បី​ជួយ​យើង​ឱ្យ​បាន​ខ្លាំង​ឡើង ឯកភាព​រឹងមាំ​ឡើងជា​ជាង​បំបែកបំបាក់ បន្ទុច​បង្អាក់​ឱ្យ​ចុះ​ខ្សោយ​តាម​វិធាន​ការដែល​នឹង​អាច​ក្លាយ​ជា​កំហុស​លើក​ទី​៣ របស់​ខ្លួន»។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​ពិធី​បូកសរុប​ការងារ​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃ​ទី​៣១ មករា ពោល​គឺ​នៅ​ស្រប​ពេល​ដែល​ការសម្រេច​ចិត្តជា​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​រឿង​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA នៅសល់​ពេល​តែ​ជាង​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ EBA មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ជិត​៧ រយ​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ចំពោះ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។ បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​ការ​វិនិយោគ ពីព្រោះ​វិស័យ​ឯកជន​នឹង​រារែក​ចិត្ត​ក្នុង​ការ​បន្ត​រកស៊ី​នៅ​កម្ពុជា ហើយ​ពេលនោះ​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច និង​សង្គម អាច​មាន​ទំហំ​ធំធេង​ជាង​នេះ​ទៅ​ទៀត​។ ជាពិសេស ក្រុម​ថៅកែ​រោងចក្រ​បាន​បញ្ជាក់​រួចហើយ​ថា វិធានការ​នេះ​នឹង​ប៉ះពាល់​ដល់​កម្មករ​វិស័យ​កាត់ដេរ​ជាង​៧ សែន​នាក់ និង​គ្រួសារ​របស់​ពួកគេ​ជាង ៣​លាន​នាក់​ថែមទៀត។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មើល​ឃើញ​ថា សហគមន៍​អន្តរជាតិ​បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា​ជាច្រើន គិត​ចាប់​តាំង​ពី​ការបោះឆ្នោត​អាណត្តិ​ទី​១ មក​ម្ល៉េះ​។ លោក​ថា ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​នៅ​ពេល​នេះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ ប៉ុន្តែ​ជា​ការ​ទាញ​រដ្ឋាភិបាល​ឱ្យ​ងាក​មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​ប៉ុណ្ណោះ៖ «អ្នកដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​កំពុងតែ​បំផ្លាញ​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន ពីព្រោះ​ប្រជាពលរដ្ឋ​ចង់បាន​សិទ្ធិ​សេរីភាព និង​មាន​ការ​គោរព​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ តែ​ផ្ទុយទៅវិញ​អ្នកដឹកនាំ​ទេ​ដែល​ដឹកនាំ​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ខុស​ទៅ​នឹង​គន្លង​ប្រជាធិបតេយ្យ​។ អ៊ីចឹង​ហើយ​បានជា​គេ​ខំ​ចូលរួម​ទាញ​អ្នកដឹកនាំ​កម្ពុជា​ហ្នឹង​ឱ្យ​ដើរចូល​គន្លង​ប្រជាធិបតេយ្យ​វិញ»។

ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​មាន​នីតិរដ្ឋ​ពិតប្រាកដ​នោះ ត្រូវ​បាន​លោក ហ៊ុន សែន វាយកម្ទេច​ចោល​ពីរ​លើក​រួច​មក​ហើយ។លើកទីមួយ គឺ​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម ដណ្ដើម​អំណាច​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​១ កាលពី​ឆ្នាំ​១៩៩៧ និង​ការ​បន្សាប​ឥទ្ធិពល​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច តាមរយៈ​ឧបាយ​ទុច្ចរិត​ជាច្រើន​ប្រភេទ​។ លើក​ទី​ពីរ គឺ​ក្នុង​ឆ្នាំ​២០១៧ ដោយ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ រួច​លោក​បាន​ប្រើ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស ហាមប្រាម​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង ធ្វើ​ទុក​បុក​ម្នេញ​ឥត​ឈប់ឈរ​លើ​សំឡេង​ឯករាជ្យ ព្រមទាំង​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​លោក ហ៊ុន សែន បាន​ប្រមូល​យក​អំណាច​រដ្ឋ​ទាំងអស់ រួមមាន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ មក​ក្ដាប់​យ៉ាង​ណែន​ក្នុង​ដៃ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ប្រទេស​ឯក​បក្ស ប្រាស​ចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១៕

2 comments:

Anonymous said...

This devil Khmer traitor Hun Sen has never cared about Khmer people's welfare. He cared only about his power, pleasing at all costs his 2 masters - the evil Vietnam and the monster China.

Anonymous said...

Hun Sen now is scared. EBA will be withdrawn, and forests are mysterious burn. There is something working against him.