Tuesday, 4 February 2020
លោក ស ខេង អះអាងថា កម្ពុជាមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវ
Khmer Circle: Well, Pol Pot and Sihanouk also believed their regimes were democratic...
^^^
ដោយ អាស៊ីសេរី
2020-02-03
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងទៅកាន់អ្នកកាសែត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅតែអះអាងថា កម្ពុជាមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវតាមច្បាប់ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ប្រជាពលរដ្ឋមិនទាន់មានសិទ្ធិសេរីភាពពេញលេញនៅឡើយទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរនៅតែរឹតត្បិតសិទ្ធិសេរីភាព ការជួបប្រជុំសម្ដែងមតិរបស់អង្គការសង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋដដែល។ លោកបន្តថា កន្លងមកអង្គការរបស់លោកតែងសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ ដើម្បីបំពេញការងារឱ្យបានត្រឹមត្រូវតាមច្បាប់ ប៉ុន្តែអាជ្ញាធរនៅតាមខេត្តមួយចំនួនហាក់មិនសូវសហការជាមួយសង្គមស៊ីវិលឡើយ។លោកបន្ថែមថា ការលើកឡើងរបស់លោក ស ខេង ដែលថា កម្ពុជាមានសិទ្ធិសេរីភាពការសម្ដែងមតិ គឺមិនឆ្លុះបញ្ចាំការពិតឡើយ៖ «អីចឹងអ្វីៗ ទាំងអស់ហ្នឹងមិនមែនអង្គការសង្គមស៊ីវិលជាអ្នកថាទេ គឺកើតឡើងជាក់ស្ដែង ហើយបញ្ហាទាំងអស់ហ្នឹងក៏កំពុងតែកើតមានដែរ ហើយអ្វីដែលសំខាន់ស្ថាប័នរបស់រដ្ឋាភិបាលគួរតែចេះរកការពិត គឺរកដំណោះស្រាយដ៏ត្រឹមត្រូវ ទើបអាចដោះស្រាយបញ្ហាវិបត្តិសង្គម វិបត្តិនយោបាយដែលអន្តរជាតិ កំពុងតែរិះគន់ហ្នឹង។ ចៀសវាងគ្រាន់តែធ្វើរបាយការណ៍មួយមិនឆ្លុះបញ្ចាំងពីការពិត នោះបញ្ហារបស់ជាតិ ស្ថានភាពនយោបាយរបស់សង្គមជាតិ នៅតែធ្ងន់ធ្ងរដដែល»។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍នៅថ្ងៃទី៣ កុម្ភៈថា របាយការណ៍របស់អង្គការជាតិ និងអន្តរជាតិកន្លងមក ដែលថាកម្ពុជារឹតត្បិតសិទ្ធិសេរីភាព គឺជារឿងមិនត្រឹមត្រូវឡើយ ហើយលោកបានស្ដីបន្ទោសអង្គការទាំងនោះថា បានបំប៉ោងព័ត៌មានសំអុយឈ្មោះកម្ពុជា។ លោកបន្ថែមទៀតបថា នៅកម្ពុជាមានប្រជាធិបតេយ្យត្រឹមត្រូវ ហើយរដ្ឋាភិបាលបន្តកែលំអប្រជាធិបតេយ្យនេះឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យដើរទន្ទឹមនឹងការអភិវឌ្ឍរបស់ប្រទេស៖ «ខ្ញុំបញ្ជាក់មិញហើយ គឺសូមឱ្យមានព័ត៌មានជាក់លាក់ ហើយកាលណាមានព័ត៌មានយើងមានដៃគួរដើម្បីជជែកដោះស្រាយបញ្ហា។ប៉ុន្តែពួកគាត់មិនព្រមយកមកដាក់លើតុដោះស្រាយទេ គាត់ទៅបំប្លោងព័ត៌មាន ខ្ញុំគិតថា ព័ត៌មានហ្នឹងប្រហែលជាព័ត៌មានមិនពិត»។
ផ្ទុយពីការអះអាងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ប្រជាពលរដ្ឋកម្ពុជាមិនមានសិទ្ធិសេរីភាពពេញលេញនោះទេ ជាពិសេសក្រុមមនុស្សដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល គឺតែងតែត្រូវបានអាជ្ញាធររារាំងក្នុងពេលជួបប្រជុំគ្នាសម្ដែងមតិ។ លោកថា អាជ្ញាធរតែងចោទប្រជាពលរដ្ឋ និងសង្គមស៊ីវិលទាំងឡាយណាដែលធ្វើសកម្មភាពមិនស្របតាមការចង់បានរបស់រដ្ឋាភិបាលថា ជាក្រុមអ្នកប្រឆាំង ហើយបញ្ជូនមនុស្សតាមឃ្លាំមើលស្ទើរគ្រប់ទីកន្លែង ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងការងាររបស់ពួកគេទៀតផង៖ «ហើយខ្ញុំយល់ថា របាយការណ៍នីមួយៗយើងឃើញហើយកន្លែងមក ទាំងរបាយការណ៍របស់អង្គការជាតិនិងអន្តរជាតិហ្នឹងយើងឃើញហើយ រដ្ឋាភិបាលតែងតែច្រានចោល ហើយទាត់ចោល ជួនការថារបាយការណ៍ហ្នឹងវាមានចរិតលក្ខណៈជានយោបាយអីជាដើមនោះ ជាជាងដែលត្រេះរិះ ពិចារណាថាអ្វីដែលយើងនៅខ្វះខាត ត្រូវការកែលំអ ពីព្រោះការចេញរបាយការណ៍របស់អង្គការសង្គមស៊ីវិលនីមួយៗ គេចេញជារបាយការណ៍ហើយមានផ្ដល់ជាអនុសាសន៍នៅក្រោមដែរ»។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានរកឃើញថា ក្នុងឆ្នាំ២០១៩ អំពើបណ្ដេញចេញដោយបង្ខំ ការសម្លាប់មនុស្សក្រៅច្បាប់ និងការរំលោភសិទ្ធិអ្នកជាប់ឃុំដោយសារភាពចង្អៀតណែននៃពន្ធនាគារ នៅតែកើតមាននៅកម្ពុជាដដែល។ ដោយឡែក ករណីរំលោភសិទ្ធិមនុស្សដទៃទៀត រួមមាន អំពើធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការចាប់ខ្លួនតាមទំនើងចិត្ត ទៅលើក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដែលមានការកើនឡើងខ្លាំងក្នុងអំឡុងពេលពេញមួយឆ្នាំ២០១៩ ជាពិសេស មានការបង្ក្រាបខ្លាំងនៅពេលដំណើរត្រឡប់ចូលស្រុកវិញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា។ អំឡុងពេលនោះមានសកម្មជន និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំងជិត ១០០ត្រូវបានចាប់ដាក់គុក ហើយជាង ១០០នាក់ទៀត រងបទចោទមានចរិតនយោបាយ ពីបទរួមគំនិតក្បត់ជាតិ។
មន្ត្រីសិទ្ធិមនុស្សសង្កត់ធ្ងន់ថា បញ្ហារំលោភសិទ្ធិមនុស្សនេះ ប្រសិនបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយឱ្យបានទាន់ពេលទេនោះ សហភាពអឺរ៉ុបនឹងផ្ដាច់ការអនុគ្រោះពន្ធ EBA ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខ ដែលធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment