Tuesday, 4 February 2020
តើសារលោក ហ៊ុន សែន ជាមួយពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង មានការពិតកម្រិតណាខ្លះ?
ដោយ មាន ឬទ្ធិ
2020-02-03
លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក
លោក ហ៊ុន សែន បានបញ្ចេញសារជាច្រើនអួតអាងប្រាប់ទៅពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនៅថ្ងៃទី០៣ កុម្ភៈនេះ។ តើលោកបានថ្លែងសារជាវោហារសព្ទនយោបាយអ្វីខ្លះ ស្របពេលដែលលោក កំពុងដឹកនាំមន្ត្រីរបស់លោកទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ កុម្ភៈនោះ? តើសាររបស់លោក ទាំងនោះមានការពិតកម្រិតណាខ្លះ?
មានចំណុច ៤ ដែលលោក ហ៊ុន សែន បានលើកយកមកនិយាយជាមួយពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងក្នុងពេលដែលលោកជួបសំណេះសំណាលជាមួយពួកគេ។
លោកនិយាយអួតអាងថាលោកជាស្ថាបនិកនៃទំនាក់ទំនាក់ទំនងកូរ៉េខាងត្បូង និងរក្សាតុល្យភាពល្អរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។
លោកនិយាយថា លោកនឹងទៅសួរទុក្ខពលរដ្ឋខ្មែរកំពុងជាប់នៅក្រុងវូហាន ប្រទេសចិនដោយសារការផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី។
លោកនិយាយពីរឿងដែលថា ប្រសិនបើបិទជើងហោះហើរ គឺត្រូវបិទគ្រប់ប្រទេសទាំងអស់។
លោកនិយាយថា ការជួបសំណេះសំណាលនេះ មិនតម្រូវឲ្យមានការចោទសួរសំណួរទៅលោកនោះទេ ព្រោះនេះ មិនមែនជាសន្និសីទកាសែត។
-ទំនាក់ទំនងកូរ៉េខាងត្បូង
ចំពោះ បញ្ហាទំនាក់ទំនងកូរ៉េខាងត្បូង លោក ហ៊ុន សែន និយាយអួតអាងថា លោកទទួលបានជោគជ័យក្នុងទំនាក់ទំនងនេះ និងថាប្រសិនបើលោកមិនផ្ដួចផ្ដើមឲ្យមានទំនាក់ទំនងនេះទេ នោះពលរដ្ឋខ្មែរនឹងមិនអាចមានឱកាសបានធ្វើការនៅកូរ៉េ ដូចសព្វថ្ងៃនេះឡើយ។
«ខ្ញុំអាចនិយាយបានថា ក្នុងឋានៈ ជាស្ថាបនិក នៃទំនាក់ទំនងជាមួយសាធារណៈរដ្ឋកូរ៉េ ហើយដែលមានការគាំទ្រពីព្រះមហាក្សត្រ ចាត់ទុកថាយើងមានជោគជ័យធំណាស់ ក្នុងការទំនាក់ទំនងការទូតជាមួយប្រទេសមួយនេះ។ ក្មួយៗអាចចោទជាសំណួរមួយថា ប្រសិនបើពេលនោះពូមិនសម្រេចចិត្តឲ្យចុះហត្ថលេខា និងមកទស្សនកិច្ចនៅកូរ៉េ ដើម្បីបង្កើតឲ្យចាប់ផ្តើមនៅដំណើរការការទូត ហើយយើងមានទំនាក់ទំនងជាមួយកូរ៉េខាងជើងតែមួយ សួរថា ក្មួយៗអាចមានវត្តមាននៅប្រទេសកូរ៉េខាងត្បូងទេ បើយើងអត់មានទំនាក់ទំនងការទូតជាមួយគេផងហ្នុង រឿងអីដែលគេមកជាមួយយើង? វាមិនអាចទេ។»
✔ ការពិត
ជាការពិតលោកបានរួមចំណែកក្នុងការបង្កើតទំនាក់ទំនងនេះឡើង។ ក៏ប៉ុន្តែ លោក ហ៊ុន សែន តែម្នាក់ឯងមិនអាចធ្វើឲ្យកម្ពុជារក្សាតុល្យភាពល្អក្នុងទំនាក់ទំនងកម្ពុជា-កូរ៉េ នេះឡើយ។ បើទោះជាគ្មានលោក ហ៊ុន សែន ហើយកម្ពុជាមានមេដឹកនាំដទៃ គួបផ្សំនឹងកត្តាពេលវេលា នៃការបិទបញ្ចប់សង្គ្រាមត្រជាក់កាលពីដើមទសវត្សទី៩០ កត្តាការវិវឌ្ឍន៍នៃសាកលភាវូបនីយកម្ម កត្តាភូមិសាស្ត្រនយោបាយ និងកត្តាប្រវត្តិសាស្ត្រក្រោមការផ្ដួចផ្ដើមរបស់សម្ដេច ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ សុទ្ធតែជាការពិតដែលតម្រូវឲ្យកម្ពុជារក្សាតុល្យភាពបានល្អ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ។
-ទៅសួរសុខទុក្ខពលរដ្ឋខ្មែរនៅក្រុងវូហាន ប្រទេសចិន
លោក ហ៊ុន សែន និយាយថាលោកនឹងទៅសួរសុខទុក្ខពលរដ្ឋខ្មែរនៅក្រុងវូហាន(Wuhan) ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាតឲ្យលោកទៅទីនោះ។
«មានអ្នកចូលមកឌឺថា សូមឲ្យលោក ហ៊ុន សែន ដែលយកចិត្តទុកដាក់ប្រជាជនគ្រប់ទីកន្លែងទៅសួរសុខទុក្ខ ប្រជាជនខ្មែរនៅក្រុងវូហាន ប្រទេសចិន។ សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ ឯងមិនបាច់ចាំឌឺជាមួយ ហ៊ុន សែន ទេ។ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីការឯកភាពជាតិបញ្ចប់សង្គ្រាម។ រឿងអី ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដែលកំពុងរៀននៅក្រុង វូហាន។ កុំចង់សាកជាមួយ ហ៊ុន សែន ឲ្យសោះ បើស្គាល់ ហ៊ុន សែន មិនច្បាស់កុំនិយាយ។»
✔ ការពិត
លោក ហ៊ុនសែន បានដាក់លក្ខខណ្ឌស្រេចទៅហើយថា ទាល់តែចិនអនុញ្ញាត។ លោកអួតអាងយ៉ាងដូច្នេះ ទាំងដែលលោក ដឹងច្បាស់នូវចម្លើយរួចទៅហើយថា ចិននឹងមិនអនុញ្ញាត ព្រោះតំបន់នោះត្រូវអាជ្ញាធរចិនកាត់ផ្ដាច់ និងបិទមិនឲ្យមានទំនាក់ទំនងនឹងប្រភពពីខាងក្រៅនោះឡើយ ហើយសូម្បីតែការប្រារព្ធពិធីបុណ្យសព ចំពោះអ្នកដែលស្លាប់ដោយសារមេរោគនោះ ក៏អាជ្ញាធរចិនមិនអនុញ្ញាតឲ្យធ្វើជាធំដុំដោយមានការជួបប្រជុំមហាជនច្រើននោះឡើយ។
-បិទជើងហោះហើរពីចិន
លោក ហ៊ុន សែន បានលើកពីរឿងបិទជើងហោះហើរទៅចិន ដែលលោកថា គឺបិទគ្រប់ប្រទេសទាំងអស់ ដោយសារតែប្រទេសទាំងនោះបានឆ្លងមេរោគនេះរួចហើយ ដែលបច្ចុប្បន្នលើកលែងតែប្រទេសឡាវមួយនោះទេ។
«ឥឡូវថាឲ្យបិទផ្លូវហោះហើរ។ យើងដាក់ជាសំណួរថា បើសិនជាបិទផ្លូវហោះហើរ យើងនៅសល់តែឡាវមួយទេ ដែលអាចហោះហើរមកកម្ពុជាបាន ព្រោះប្រទេសទាំងអស់បានឆ្លងមេរោគហ្នុងរួចស្រេចទៅហើយ។ អ៊ីចឹង ត្រូវតែបិទទាំងអស់។ កូរ៉េមាន១៥ករណី ចឹងត្រូវបិទកូរ៉េដែរ។ បិទកូរ៉េ មិនប៉ះពាល់ពីណា? ប៉ះពាល់ក្មួយៗ? ក្មួយៗជួនកាលត្រូវការទៅស្រុក អត់មានយន្តហោះជិះ? ប៉ះភ្លាម ទេសចរណ៍កូរ៉េទៅខ្មែរ វិនិយោគទុនកូរ៉េ ប៉ះភ្លាម។ យើងត្រូវបិទទាំងអស់បើគ្រប់ប្រទេសវាឆ្លងទៅហើយ។ ប្រទេសចិន តំបន់វូហាន គេបានម្ចាស់ការបិទខ្លួនគេ ដោយការទទួលខុសត្រូវទៅហើយ។ មិនមែនបិទតែផ្លូវអាកាសទៅក្រៅប្រទេសទេ បិទផ្លូវអាកាសទៅក្នុងប្រទេសខ្លួន បិទផ្លូវដែក បិទផ្លូវគោក...។»
✔ ការពិត
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ប្រហែលជាការនិយាយឌឺដងទាំងកម្រោលដោយខ្វះហេតុផលត្រឹមត្រូវ។ បើគេក្រឡេកទៅមើលប្រទេសផ្សេងៗ ដែលបានបើកយុទ្ធនាការជម្លៀស និងបិទជើងហោះហើរ តើក្រុមប្រទេសទាំងនោះ ដែលមានដូចជាអាមេរិក បារាំង អង់គ្លេសកាណាដា កូរ៉េខាងជើង ឥណ្ឌូនេស៊ី ជាដើមនោះ មានបិទជើងហោះហើរទាំងអស់ដូច លោក ហ៊ុន សែន លើកឡើងដែរឬទេ? ជាការពិតប្រទេសទាំងនោះ បិទជើងហោះហើរទាំងឡាយណា ដែលមានប្រភពមកពី ឬទៅកាន់ចិនដីគោកតែប៉ុណ្ណោះ។
-សំណេះសំណាល
ចំណុចចុងក្រោយដែលគេអាចចាប់អារម្មណ៍ គឺលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យមានការសួរឆ្លើយរវាងពលរដ្ឋខ្មែរដែលលោកជួបទាំងនោះ។ លោកថា នេះដោយសារជាជំនួបសំណេះសំណាល មិនមែនជាសន្និសីទកាសែត។
«តាំងទៀតហើយ គេថា ហ៊ុន សែន មកនិយាយតែឯង មិនឲ្យគេនិយាយផង។ ឥឡូវ ប្រសិនបើមិនឲ្យខ្ញុំនិយាយ ហើយទុកឲ្យអ្នកទាំងអស់គ្នានិយាយ អ៊ីចឹងស្រួលតែម្តង ខ្ញុំមកដល់អង្គុយស្តាប់តែម្តង។ ណេះមួយម៉ាត់ ណោះមួយម៉ាត់។ ព្រោះនេះមិនមែនជាសន្និសីទសារព័ត៌មានទេ។ ដូចកន្លងទៅ ខ្ញុំទៅជួបជាមួយនឹងអ្នកសារព័ត៌មាន អាមួយសន្និសីទសារព័ត៌មាន អាមួយជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន គឺវាខុសគ្នា។ អាជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និយាយតែខ្ញុំតើស? រដ្ឋមន្ត្រីក្រសួងព័ត៌មានរាយការណ៍ទៅសភាពការណ៍វាយ៉ាងម៉េច អីយ៉ាងម៉េច? មានសំណូមពរអី រួចហើយនាយករដ្ឋមន្ត្រីឡើងថ្លែងការណ៍ទៅ និយាយទៅ ដោះស្រាយអី គឺលើកតាមរយៈហ្នុង។ ប៉ុន្តែ បើសន្និសីទកាសែត សន្និសីទសារព័ត៌មាន អាហ្នុងទើបគេបើកឲ្យសួរ។ ប៉ុន្តែថ្ងៃនេះ យើងសំណេះសំណាលសួរសុខទុក្ខគ្នាទេតើ?»
✔ ការពិត
តាមការពិត លោក ហ៊ុន សែន ប្រហែលជាមិនហ៊ានតតាំង ឆ្លើយនឹងសំណួររបស់ពលរដ្ឋខ្មែរនៅទីនោះ ដោយយកលេសថានេះគ្រាន់តែជាការសំណេះសំណាល មិនមែនជាសន្និសីទកាសែត។ បើគេពិនិត្យមើលការជួបសំណេះសំណាលរវាងមេដឹកនាំនៅប្រទេសនានានៅលើពិភពលោក ដរាបណាមេដឹកនាំមានឆន្ទៈពិតប្រាកដក្នុងការជួយដោះស្រាយបញ្ហាសុខទុក្ខរបស់ពលរដ្ឋខ្លួន នោះ ក្នុងពិធីណាក៏ដោយ ក៏គេសង្កេតឃើញមេដឹកនាំទាំងនោះ អនុញ្ញាត និងបើកឲ្យពលរដ្ឋខ្លួន សួរឆ្លើយនោះដែរ។
ជារួមទៅគេអាចនិយាយបានថា លោក ហ៊ុន សែន ថ្លែងសារនៅថ្ងៃនេះ ទំនងគ្រាន់តែជាវោហារសព្ទនយោបាយតែប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment