ដោយ ទីន ហ្សាការីយ៉ា
2020-02-27

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងលោក សម រង្ស៊ី
គណបក្សសង្គ្រោះជាតិអះអាងថា ថា លោក ហ៊ុន សែន កំពុងសាងកំហុសធំៗពីរ ក្នុងការដឹកនាំប្រទេស។ សេចក្តីថ្លែងការណ៍គណបក្សផ្សាយនៅថ្ងៃនេះថា កំហុសទាំងនោះ គឺ ទី១ លោក ហ៊ុន សែន សាងកំហុស និងបំផ្លាញប្រជាធិបតេយ្យ ទី២ បំផ្លាញសេដ្ឋកិច្ចជាតិ ដើម្បីក្រាញអំណាចមួយជីវិត។
សេចក្ដីថ្លែងការណ៍បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សាងកំហុសនយោបាយធំជាងគេចុងក្រោយនោះ គឺការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ដើម្បីទប់ស្កាត់មិនឱ្យចូលរួមបោះឆ្នោតឆ្នាំ២០១៨។ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការសម្លាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយងាកទៅចាប់យកចិនជាខ្នងបង្អែកតែមួយគត់ ដោយងាកចេញពីសហភាពអឺរ៉ុប ធ្វើឱ្យគណៈកម្មការអឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធEBA២០% ពីកម្ពុជា ដែលប្រការនេះ ជាកំហុសនយោបាយដ៏ធ្ងន់ធ្ងរ។
គណបក្សសង្គ្រោះជាតិ ចាត់ទុកកំហុសនយោបាយរបស់លោក ហ៊ុន សែន នេះ គឺមានលក្ខណៈស្រដៀងកំហុសរបស់ ប៉ុល ពត ដែរ ដែលប៉ុល ពត បានពឹងតែលើរដ្ឋាភិបាលចិនតែមួយគត់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងការពារអំណាចរបស់ខ្លួននៃរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
សេចក្ដីថ្លែងការណ៍បន្ថែមថា លោក ហ៊ុន សែន ដើរនយោបាយខុសនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ឬបំផ្លាញសេដ្ឋកិច្ចជាតិ ដោយសារតែ អសមត្ថភាពក្នុងការដឹកនាំ គ្មានបទពិសោធន៍ គ្មានចក្ខុវិស័យសេដ្ឋកិច្ច។ គ្រឹះសេដ្ឋកិច្ចរបស់ប្រទេសពឹងតែលើឧស្សាហកម្មកាត់ដេរ ដែលជាឧស្សាហកម្មប្រើបច្ចេកវិទ្យាទាប និងផ្ដល់ប្រាក់ខែទាបជូនកម្មករ។ វិស័យឧស្សាហកម្មកាត់ដេរនេះ លោក ហ៊ុន សែន ក៏ពឹងតែលើទីផ្សារលោកសេរី មានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ រីឯវត្ថុធាតុដើមវិញ លោក ហ៊ុន សែន ពឹងតែលើប្រទេសចិនតែមួយគត់។
ឥលូវនេះ ទាំងទីផ្សារសម្រាប់នាំចេញ ទាំងវត្ថុធាតុដើមយកមកពីចិននោះ កំពុងតែមានភាពច្របូកច្របល់ ដោយការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA និង ដោយការរីករាលដាលវីរុសCOVID-19 ឬកូរ៉ូណា។ ការរាតត្បាតវីរុសកូរ៉ូណា នៅប្រទេសចិននេះ បានបង្ខំឱ្យចិន បិទទ្វាររោងចក្រ ដែលមិនអាចនាំវត្ថុធាតុដើម មកកម្ពុជាបាន។ ដោយបញ្ហាទាំងពីរនេះ នាំឱ្យប្រទេសកម្ពុជា នឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅៗ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់។
លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ប្រកាសថា រោងចក្រមួយចំនួននៅកម្ពុជា នឹងត្រូវបិទទ្វារ ដោយសារតែគ្មានវត្ថុធាតុដើមពីចិននោះ លោកជំរុញឱ្យខាងថៅកែរោងចក្រផ្ដល់ប្រាក់ខែជូនកម្មករចំនួន៦០%នៃប្រាក់ខែកម្មករសរុបចំនួន១៩០ដុល្លារក្នុងមួយខែ ហើយខាងរបបរបស់លោកផ្ដល់ជួន២០%ទៀត គិតជាទឹកប្រាក់ កម្មករទទួលបានប្រាក់ខែប្រមាណ ១២០ដុល្លារ ក្នុងមួយខែ។ តែការផ្ដល់ជូននេះ លោក ហ៊ុន សែន បានដាក់លក្ខខណ្ឌឱ្យកម្មករ ទៅទទួលការបណ្ដុះបណ្ដាលពីក្រសួងការងារជាមុនសិន។
សេចក្ដីថ្លែងការណ៍គណបក្សសង្គ្រោះជាតិដដែលបញ្ជាក់ថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន យកប្រាក់ពីរដ្ឋ មកបើកប្រាក់ខែឱ្យកម្មករនេះ មិនអាចទៅរួចឡើយ ពីព្រោះថា ឃ្លាតឆ្ងាយពីមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងនាំមកនូវភាពច្របូកច្របល់ នឹងធ្វើឱ្យក្ស័យធន ទាំងវិស័យសាធារណៈ និងទាំងក្នុងវិស័យឯកជន៕
No comments:
Post a Comment