ដោយ អាស៊ីសេរី
2020-02-27

កញ្ញា សើ ស្រីម៉ៅ បេក្ខនារីសិស្សចៅក្រមជំនាន់ទី១០ ដែលតវ៉ាលទ្ធផលប្រឡង ចូលបំភ្លឺតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ទាក់ទងនឹងវីដេអូឃ្លិប បង្ហាញអំពើពុករលួយនៃការប្រឡង។
រូប៖ ពលរដ្ឋ
បេក្ខនារី ដែលតវ៉ាលទ្ធផលប្រឡងចូលសិស្សចៅក្រម ឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសួរនាំកញ្ញា ពីទំនាក់ទំនង និងសកម្មភាព នៃការចូលរួមបង្ហោះវីដេអូឃ្លិប បង្ហាញ ថា មានអំពើពុករលួយនៃការប្រឡងចូលសិស្សចៅក្រមជំនាន់ទី១០។ ក្រោយការបំភ្លឺ តំណាងអយ្យការបានឲ្យកញ្ញាត្រឡប់ទៅផ្ទះវិញ និងប្រាប់ថា នឹងកោះហៅអ្នកចូលរួមតវ៉ាលទ្ធផលសិស្សចៅក្រមផ្សេងទៀត ដើម្បីបំភ្លឺបទបរិហារកេរ្តិ៍ បង្កាច់កេរ្តិ៍ និងញុះញង់។
កញ្ញា សើ ស្រីម៉ៅ ឲ្យដឹងថា តំណាងអយ្យការមិនបានបញ្ជាក់ថា នឹងបន្តនីតិវិធី ឬកោះហៅកញ្ញាបន្តទៀត ឬអត់ទេ។ កញ្ញាថា ព្រះរាជអាជ្ញារង លោក សាយ ណូរ៉ា បានប្រើពេលមួយកំណាត់ថ្ងៃ សាកសួរ ដោយសង្កត់ធ្ងន់លើសំណួរថា តើកញ្ញាបានចូលរួមធ្វើសកម្មភាព ឬមានដឹងពីសាររបស់បេក្ខជនតវ៉ាលទ្ធផលសិស្សចៅក្រម លោក គង់ ប៊ុនរិទ្ធិ បានធ្វើជាវីដេអូឃ្លិបថា មានអំពើពុករលួយនៃការប្រឡងចូលសិស្សចៅក្រមនោះឬទេ។
កញ្ញាបដិសេធថា មិនបានដឹងរឿងនេះទេ ដោយកញ្ញាចូលរួមតែសកម្មភាពស្នើសុំឲ្យបង្ហាញតម្លាភាព នៃការប្រឡងប៉ុណ្ណោះ។ កញ្ញាអះអាងថា កញ្ញាបានសំណូមពរឲ្យតំណាងអយ្យការ រកយុត្តិធម៌លើបទចោទប្រឆាំងរូបនាង៖ «គេបញ្ជក់ណាបង គេដាក់ពាក្យប្ដឹងលោក គង់ ប៊ុនរិទ្ធិ និងបក្ខពួក។ អ៊ីចឹងហើយ បក្ខពួកហ្នឹង ដែលធ្វើឲ្យគាត់ស៊ើបបន្ត។ អ៊ីចឹងទៅ បានគាត់កោះហៅខ្ញុំហ្នឹង ដើម្បីសាកសួរបន្ថែមថា បានចូលរួមដែរ ឬអត់? អ៊ីចឹង ខ្ញុំក៏ឆ្លើយថា មិនបានចូលរួមនូវសកម្មភាព (បង្ហោះសារវីដេអូ បង្ហាញថា មានអំពើពុករលួយនៃការប្រឡងចូលសិស្សចៅក្រម) ទាំងហ្នឹងទេ»។
កញ្ញា សើ ស្រីម៉ៅ ជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខជន យ៉ាងហោចណាស់ ៥នាក់ ដែលបានតវ៉ាចំពោះលទ្ធផលប្រឡងចូលសិស្សចៅក្រមជំនាន់ទី១០ និងជាមនុស្សទី២ រងការកោះហៅពីតំណាងអយ្យការ បន្ទាប់ពី បេក្ខជន គង់ ប៊ុនរិទ្ធិ ដែលជាចុងចោទ នៃបណ្ដឹងបរិហារកេរ្តិ៍ និងបរិហារបង្កាច់កេរ្តិ៍ មន្ត្រីក្រសួងយុត្តិធម៌ ៣នាក់។
ក្នុងការសាកសួរមួយកំណាត់ថ្ងៃ នៅថ្ងៃទី២៧ កុម្ភៈ តំណាងអយ្យការមិនបានស្នើសុំដកហូតទូរស័ព្ទដៃ ឬសម្ភារៈផ្សេងទៀតរបស់កញ្ញា សើ ស្រីម៉ៅ ដូចករណីលោក គង់ ប៊ុនរិទ្ធិ ឡើយ។ កញ្ញា សើ ស្រីម៉ៅ បន្តថា ព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះប្រាប់ថា នឹងបន្តកោះហៅបេក្ខជនតវ៉ាលទ្ធផលសិស្សចៅក្រមផ្សេងទៀត ដែលជាប់សង្ស័យក្នុងសំណុំរឿងលោក គង់ ប៊ុនរិទ្ធិ ព្រោះតាមបណ្ដឹងប្រឆាំងលោក គង់ ប៊ុនរិទ្ធិ គឺដើមបណ្ដឹង បានប្ដឹងលោក គង់ ប៊ុនរិទ្ធិ និងបក្ខពួក។
ទោះយ៉ាងណាក្ដី បេក្ខនារីរូបនេះអះអាងថា បើទោះជាកញ្ញាមិនបានដឹងពីឫសគល់ព័ត៌មាននៃការបង្ហោះសាររបស់លោក គង់ ប៊ុនរិទ្ធិ តែកញ្ញានឹងនៅតែបន្តសកម្មភាពជាក្រុមជាមួយលោក គង់ ប៊ុនរិទ្ធិ ដដែល ដើម្បីទាមទារឲ្យមានការបង្ហាញតម្លាភាព ក្នុងដំណើរការប្រឡងចូលសិស្សចៅក្រម។
ដើមហេតុនៃសំណុំរឿងនេះ ផ្ដើមចេញពីការមិនពេញចិត្តនឹងដំណើរការប្រកាសលទ្ធផលសិស្សចៅក្រម ដោយគ្មានការបង្ហាញពិន្ទុ និងការទទួលបានព័ត៌មានថា មានភាពមិនប្រក្រតីការប្រឡងចូលសិស្សចៅក្រមជំនាន់ទី១០។ លោក គង់ ប៊ុនរិទ្ធិ ជាបេក្ខជនតវ៉ាម្នាក់ បានបង្ហោះវីដេអូ នៅថ្ងៃទី២៦ មករាថា អំពើពុករលួយកើតជាប្រព័ន្ធនៃដំណើរការប្រឡងចូលសិស្សចៅក្រម ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាអ្នកនៅពីក្រោយ ក្នុងការទទួលសំណូកក្នុងតម្លៃចាប់ពី ៦ម៉ឺន (៦០.០០០) ដុល្លារអាមេរិក ដល់ដប់ប្រាំម៉ឺន (១៥០.០០០) ដុល្លារ។
សង្គមស៊ីវិល ដែលឃ្លាំមើលករណីនេះ ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត និងបង្ហាញពិន្ទុ នៃការប្រឡងតាមវិញ្ញាសានីមួយៗ ជាសាធារណៈតាមការស្នើសុំ ជាជាងការប្រើវិធានការផ្លូវច្បាប់ ប្រឆាំងបេក្ខជនតវ៉ាទាំងនោះ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការចេញដីកាកោះហៅក្រុមអ្នកតវ៉ាលទ្ធផលសិស្សចៅក្រមជាបន្តបន្ទាប់ ជារឿងផ្ទុយពីកម្មវត្ថុនៃការទាមទាររបស់ពួកគេ។ លោកថា ដើម្បីលាងជម្រះមន្ទិលសង្ស័យនេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំស្រាវជ្រាវរកឲ្យឃើញភាពត្រឹមត្រូវ មកបង្ហាញជាសាធារណៈ ទើបជាការប្រសើរ៕
No comments:
Post a Comment