Tuesday, 4 February 2020

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​លោក ហ៊ុន សែន ឱ្យ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ​និង​ខ្មែរ មុន​ផ្ដល់​ដំបូន្មាន​ដល់​អន្តរជាតិ


ដោយ អាស៊ីសេរី
2020-02-04

លោ​ក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​កិច្ច​​​ប្រជុំ​កំពូល​ពិភពលោក ​ឆ្នាំ២០២០ ​របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
លោ​ក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​កិច្ច​​​ប្រជុំ​កំពូល​ពិភពលោក ​ឆ្នាំ២០២០ ​របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន




មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​​តាម​ដាន​ស្ថានការណ៍​យល់ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គួរ​តែ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ជាមុន​សិន មុន​នឹង​លោក​ផ្ដល់​អនុសាសន៍​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ចេះ​កសាង​​ទំនុក​ចិត្ត​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ ប្រមុខ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ផ្តល់​យោបល់​ឱ្យ​​សហគមន៍​អន្តរជាតិ​គោរព​គ្នា និង​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​របស់​មនុស្ស​ជាតិ។

ប្រធាន​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ជឿថា សហគមន៍​អន្តរជាតិ​ទំនង​ជា​មិន​ខ្វល់​នឹង​​​អនុសាសន៍​របស់​លោក ហ៊ុន សែន នោះ​ទេ ដោយសារ​ពួក​គេ​ដឹង​ថា បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ ​ជា​មនុស្ស​ដែល​មិន​ចេះ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ​និង​ខ្មែរ​ដូច​គ្នា​ឡើយ ហើយ​ថែម​ទាំង​កំពុង​ធ្វើ​ឱ្យ​​ប្រជាជាតិ​ខ្លួន​ឯង​បែក​​បាក់​គ្នា​ទៀត​ផង។ លោក​​យល់ថា សុន្ទរកថា​របស់​លោក ហ៊ុន សែន ល្អ​តែ​នៅ​លើ​ឆាក និង​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​លើ​សាច់​ការ​ជាក់​ស្ដែង នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ​កំពុង​តែ​ញៀន​អំណាច ហើយ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ក្នុង​នោះ​មាន​ការ​​​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​លើ​​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ជា​ដើម៖ «ខ្ញុំ​មើល​​មិន​ឃើញ​នូវ​ការ​កសាង​ទំនុក​ចិត្ត​ដែល​លោក​ ហ៊ុន សែន បាន​ផ្ដួចផ្ដើម​នេះ​ទេ ​ព្រោះ​កន្លងទៅ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​បង្កើត​នូវ​ការ​សន្ទនា​រវាង​ខ្មែរ​និង​ខ្មែរ​ ហើយ​បញ្ចប់​នូវ​អរិភាព​ទាំងអស់​​ដើម្បី​​ដោះស្រាយ​បញ្ហា​ជាតិ​ទាំង​អស់​គ្នា។ ផ្ទុយ​ទៅវិញ លោក ហ៊ុន សែន មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​ជា​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ និង​ជា​វិជ្ជមាន​នោះ​ទេ។ គាត់​តែ​ង​​តែ​បង្កើត​ព្រឹត្តិការណ៍​ ហើយ​​យក​​លេស​ដាក់​បន្ទុក​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ដែល​ហ៊ាន​ប្រតិកម្ម ឬ​សម្ដែង​មតិ​ទាក់ទង​ទៅ​នឹង​ការ​ខុស​ឆ្គង​របស់​គាត់»។



ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​ទី៤ កុម្ភៈ ទៅ​កាន់​ឥស្សរជន​នយោបាយ និង​អ្នក​សន្តិភាព​និយម​ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ២០២០ ​របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​មួយ​រូប​ ដែល​​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ដោយ​ផ្ទាល់​លោក​បាន​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព​ជូន​ប្រជាជាតិ​ខ្មែរ។ លោក​បន្ត​ថា ការ​កសាង និង​ថែរក្សា​សន្តិភាព មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​សន្តិភាព​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ការ​ពង្រឹង​សន្តិសុខ និង​ការ​អភិវឌ្ឍ​មនុស្សជាតិ។ ក្នុង​បរិបទ​នេះ លោក​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​សហគមន៍​អន្តរជាតិ​លើក​កម្ពស់​កិច្ច​សន្ទនា​​ជិតស្និទ្ធ ​គោរព​គ្នា កសាង​ទំនុក​ចិត្ត និង​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរជាតិ។ ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ ព្រោះ​លោក​​ថា រឿង​នេះ​តែង​​​តែ​នាំមក​នូវ​ក្តី​វិនាស និង​មហន្តរាយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ផ្ដល់​អនុសាសន៍​ខ្លី​ខ្លឹម​បែប​នេះ ​ដោយ​សារ​លោក​មាន​សុន្ទរកថា​កម្រាស់ ៤ទំព័រ​នៅ​ក្នុង​ដៃ​ ដែល​មន្ត្រី​របស់​លោក​បាន​​​​សរសេរ​យ៉ាង​ផ្ចិតផ្ចង់​ទុក​ឱ្យ​លោក​អាន​​ជា​ស្រេច ហើយ​ម្យ៉ាង​ដោយសារ​នេះ​ជា​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ​និយាយ​ពី​រឿង​សន្តិភាព​ផង។ ជា​ធម្មតា ​បើជា​វេទិកា​របស់​លោក​វិញ លោក ហ៊ុន សែន ច្រើន​ប្រើ​ពេល​​រាប់​ម៉ោង ដើម្បី​​​និយាយ​អ្វី​ស្រេច​តែ​នឹង​ចិត្ត គ្មាន​អ្នក​ណា​ហ៊ាន​កម្រិត​លោក​ឡើយ ជាពិសេស​ទោះ​ជា​ប្រសាសន៍​ដែល​លោក​ថ្លែង​នោះ ជា​​ការ​សាប​​ព្រួស​​ការ​រើសអើង ​ជា​សម្ដី​អសីលធម៌ ឬ​ជា​ការ​គំរាម​​កំហែង​​ដល់​អាយុ​ជីវិត​អ្នក​ដទៃ​​ក៏ដោយ ក៏​សម្ដី​ទាំងនោះ​ទទួល​បាន​ការ​ទះ​ដៃ​សាទរ ឬ​សើច​ក្អាកក្អាយ​ពី​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​ដែរ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់ថា អនុសាសន៍​នេះ​ល្អ​តែ​​នៅ​លើ​ទ្រឹស្ដី​ប៉ុណ្ណោះ ប៉ុន្តែ​ស្ថានភាព​នៅ​កម្ពុជា​វិញ លោក​ថា​ក្រុម​​អ្នក​កាន់​អំណាច​កំពុង​តែ​​បំផ្លាញ​ទំនុក​ចិត្ត​​របស់​ពលរដ្ឋ និង​ធ្វើ​ឱ្យ​​ជាតិ​បែក​បាក់​គ្នា​ទៅ​វិញ​ទេ តាម​រយៈ​វិធានការ​បង្ក្រាប​ឥតត្រាប្រណី​លើ​សំឡេង​​ប្រឆាំង និង​សំឡេង​រិះគន់ ជាឧទាហរណ៍​​ ការ​រំលាយ​បក្ស​ប្រឆាំង​ដែល​​មាន​ពលរដ្ឋ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​គាំទ្រ​ជិត​ពាក់​កណ្ដាល​​ប្រទេស ជាដើម។ ទន្ទឹម​នឹង​នេះ លោ​ក​មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​​មិន​សូវ​ជ្រើស​រើស​រក​ការ​​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឬ​ស្រប​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​ច្រើន​ប្រើ​វិធានការ​បង្ក្រាប និង​គាប​សង្កត់​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «រដ្ឋាភិបាល​ខ្លួន​ឯង​ គឺ​កំពុង​តែ​ធ្វើ​ឱ្យ​ខ្មែរ​បាត់​បង់​ទំនុក​ចិត្ត​ទៅលើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ ហើយ​ម្យ៉ាង​វិញ​​ទៀត កម្ពុជា​កំពុង​តែ​មាន​បញ្ហា និង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ គឺ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP។ មក​ដល់​ពេល​នេះ អ្វី​ដែល​​ជា​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល គ្រាន់​តែ​ជា​​ការ​បិទបាំង​អ្វី​​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណឹង​ទេ ហើយ​អួត​​ប្រាប់​ពិភពលោក​អំពី​សុខ​សន្តិភាព និង​វិបុល​ភាព​របស់​កម្ពុជា។ ផ្ទុយ​ទៅវិញ កម្ពុជា​កំពុង​តែ​មាន​បញ្ហា​​ជាច្រើន​រាប់​មិន​អស់»។

អ្នក​​តាម​​ដាន​ស្ថានការណ៍​កម្ពុជា​​រូប​នេះ​សង្កត់​ធ្ងន់​ថា ប្រសិនបើ​លោកនាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន ពិតជា​មាន​ទស្សនៈ​​ដូច​ការ​លើក​​​ឡើង​​ក្នុ​ងសុន្ទរកថា​នេះ​មែន លោក​​ចាំបាច់​ត្រូវ​​តែ​ស្ដារ​ស្ថានការណ៍​នយោបាយ​កម្ពុជា​​ឱ្យ​ល្អ​ឡើង​វិញ ដោយ​ត្រូវ​អង្គុយ​តុ​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំពេញ​តាម​លក្ខខណ្ឌ ដែល​​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បាន​​ស្នើ​ឡើង​ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​​​ប្រទេស​ប្រជាធិបតេយ្យ​ គោរព​​សិទ្ធិមនុស្ស និង​មាន​នីតិរដ្ឋ​ពិត​ប្រាកដ៕

1 comment:

Anonymous said...

Just remember that Yuon has picked a monster named Hun Sen to control Khmer so that the evil Vietnam could implement the Vietnamization of Cambodia.
That's why Khmer people always have problems with each other: one group pro Yuon and the other pro Khmer.

Ah Roleuy Hun Sen has caused so much damage to Cambodia from the execution of the K5 project to the signing of the 2005 supplemental treaty, etc...

If Khmer people continue to behave cowardly, Cambodia's disappearance from the world map will be imminent.