Tuesday, 4 February 2020
មន្ត្រីបក្សប្រឆាំងជំរុញលោក ហ៊ុន សែន ឱ្យកសាងទំនុកចិត្តរវាងខ្មែរនិងខ្មែរ មុនផ្ដល់ដំបូន្មានដល់អន្តរជាតិ
ដោយ អាស៊ីសេរី
2020-02-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ របស់អង្គការសហព័ន្ធសន្តិភាពសាកល (UPF) នៅប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកតាមដានស្ថានការណ៍យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសជាមុនសិន មុននឹងលោកផ្ដល់អនុសាសន៍ដល់សហគមន៍អន្តរជាតិឱ្យចេះកសាងទំនុកចិត្តជាមួយគ្នាទៅវិញទៅមក។ ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញបានផ្តល់យោបល់ឱ្យសហគមន៍អន្តរជាតិគោរពគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់មនុស្សជាតិ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ជឿថា សហគមន៍អន្តរជាតិទំនងជាមិនខ្វល់នឹងអនុសាសន៍របស់លោក ហ៊ុន សែន នោះទេ ដោយសារពួកគេដឹងថា បុរសខ្លាំងនៅកម្ពុជារូបនេះ ជាមនុស្សដែលមិនចេះកសាងទំនុកចិត្តរវាងខ្មែរនិងខ្មែរដូចគ្នាឡើយ ហើយថែមទាំងកំពុងធ្វើឱ្យប្រជាជាតិខ្លួនឯងបែកបាក់គ្នាទៀតផង។ លោកយល់ថា សុន្ទរកថារបស់លោក ហ៊ុន សែន ល្អតែនៅលើឆាក និងលើក្រដាសប៉ុណ្ណោះ ប៉ុន្តែលើសាច់ការជាក់ស្ដែង នាយករដ្ឋមន្ត្រីកម្ពុជារូបនេះកំពុងតែញៀនអំណាច ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារអំណាចរបស់ខ្លួន ក្នុងនោះមានការរំលាយគណបក្សសង្គ្រោះជាតិ និងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យជាដើម៖ «ខ្ញុំមើលមិនឃើញនូវការកសាងទំនុកចិត្តដែលលោក ហ៊ុន សែន បានផ្ដួចផ្ដើមនេះទេ ព្រោះកន្លងទៅ គឺគណបក្សសង្គ្រោះជាតិបានព្រមព្រៀងបង្កើតនូវការសន្ទនារវាងខ្មែរនិងខ្មែរ ហើយបញ្ចប់នូវអរិភាពទាំងអស់ដើម្បីដោះស្រាយបញ្ហាជាតិទាំងអស់គ្នា។ ផ្ទុយទៅវិញ លោក ហ៊ុន សែន មិនបានធ្វើដូចអ្វីដែលជាការដោះស្រាយដោយសន្តិវិធី និងជាវិជ្ជមាននោះទេ។ គាត់តែងតែបង្កើតព្រឹត្តិការណ៍ ហើយយកលេសដាក់បន្ទុកទៅលើគណបក្សសង្គ្រោះជាតិ និងអ្នកដែលហ៊ានប្រតិកម្ម ឬសម្ដែងមតិទាក់ទងទៅនឹងការខុសឆ្គងរបស់គាត់»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានថ្លែងសុន្ទរកថា នៅថ្ងៃទី៤ កុម្ភៈ ទៅកាន់ឥស្សរជននយោបាយ និងអ្នកសន្តិភាពនិយមក្នុងឱកាសកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ របស់អង្គការសហព័ន្ធសន្តិភាពសាកល (UPF) នៅប្រទេសកូរ៉េខាងត្បូងថា ក្នុងនាមជាអ្នកដឹកនាំមួយរូប ដែលធ្លាប់ឆ្លងកាត់សង្គ្រាមដោយផ្ទាល់លោកបានប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រជាជាតិខ្មែរ។ លោកបន្តថា ការកសាង និងថែរក្សាសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។ ក្នុងបរិបទនេះ លោកបានផ្ដល់អនុសាសន៍ឱ្យសហគមន៍អន្តរជាតិលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ គោរពគ្នា កសាងទំនុកចិត្ត និងជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងដោះស្រាយបញ្ហាដោយសន្តិវិធី និងដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ លោកអំពាវនាវដល់សហគមន៍អន្តរជាតិគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ព្រោះលោកថា រឿងនេះតែងតែនាំមកនូវក្តីវិនាស និងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់អនុសាសន៍ខ្លីខ្លឹមបែបនេះ ដោយសារលោកមានសុន្ទរកថាកម្រាស់ ៤ទំព័រនៅក្នុងដៃ ដែលមន្ត្រីរបស់លោកបានសរសេរយ៉ាងផ្ចិតផ្ចង់ទុកឱ្យលោកអានជាស្រេច ហើយម្យ៉ាងដោយសារនេះជាកិច្ចប្រជុំកំពូលអន្តរជាតិនិយាយពីរឿងសន្តិភាពផង។ ជាធម្មតា បើជាវេទិការបស់លោកវិញ លោក ហ៊ុន សែន ច្រើនប្រើពេលរាប់ម៉ោង ដើម្បីនិយាយអ្វីស្រេចតែនឹងចិត្ត គ្មានអ្នកណាហ៊ានកម្រិតលោកឡើយ ជាពិសេសទោះជាប្រសាសន៍ដែលលោកថ្លែងនោះ ជាការសាបព្រួសការរើសអើង ជាសម្ដីអសីលធម៌ ឬជាការគំរាមកំហែងដល់អាយុជីវិតអ្នកដទៃក៏ដោយ ក៏សម្ដីទាំងនោះទទួលបានការទះដៃសាទរ ឬសើចក្អាកក្អាយពីមន្ត្រីថ្នាក់ក្រោមរបស់លោកដែរ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក យល់ថា អនុសាសន៍នេះល្អតែនៅលើទ្រឹស្ដីប៉ុណ្ណោះ ប៉ុន្តែស្ថានភាពនៅកម្ពុជាវិញ លោកថាក្រុមអ្នកកាន់អំណាចកំពុងតែបំផ្លាញទំនុកចិត្តរបស់ពលរដ្ឋ និងធ្វើឱ្យជាតិបែកបាក់គ្នាទៅវិញទេ តាមរយៈវិធានការបង្ក្រាបឥតត្រាប្រណីលើសំឡេងប្រឆាំង និងសំឡេងរិះគន់ ជាឧទាហរណ៍ ការរំលាយបក្សប្រឆាំងដែលមានពលរដ្ឋអ្នកមានសិទ្ធិបោះឆ្នោតគាំទ្រជិតពាក់កណ្ដាលប្រទេស ជាដើម។ ទន្ទឹមនឹងនេះ លោកមើលឃើញថា អាជ្ញាធររដ្ឋាភិបាលមិនសូវជ្រើសរើសរកការដោះស្រាយបញ្ហាដោយសន្តិវិធី ឬស្របតាមច្បាប់នោះទេ ប៉ុន្តែច្រើនប្រើវិធានការបង្ក្រាប និងគាបសង្កត់ធ្ងន់ធ្ងរលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ៖ «រដ្ឋាភិបាលខ្លួនឯង គឺកំពុងតែធ្វើឱ្យខ្មែរបាត់បង់ទំនុកចិត្តទៅលើគ្នាទៅវិញទៅមក តាមរយៈការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ ហើយម្យ៉ាងវិញទៀត កម្ពុជាកំពុងតែមានបញ្ហា និងវិបត្តិយ៉ាងធ្ងន់ធ្ងរ គឺការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP។ មកដល់ពេលនេះ អ្វីដែលជាការលើកឡើងរបស់រដ្ឋាភិបាល គ្រាន់តែជាការបិទបាំងអ្វីដែលខ្លួនបានធ្វើនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណឹងទេ ហើយអួតប្រាប់ពិភពលោកអំពីសុខសន្តិភាព និងវិបុលភាពរបស់កម្ពុជា។ ផ្ទុយទៅវិញ កម្ពុជាកំពុងតែមានបញ្ហាជាច្រើនរាប់មិនអស់»។
អ្នកតាមដានស្ថានការណ៍កម្ពុជារូបនេះសង្កត់ធ្ងន់ថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានទស្សនៈដូចការលើកឡើងក្នុងសុន្ទរកថានេះមែន លោកចាំបាច់ត្រូវតែស្ដារស្ថានការណ៍នយោបាយកម្ពុជាឱ្យល្អឡើងវិញ ដោយត្រូវអង្គុយតុចរចាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបំពេញតាមលក្ខខណ្ឌ ដែលក្រុមប្រទេសប្រជាធិបតេយ្យបានស្នើឡើងដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋពិតប្រាកដ៕
Subscribe to:
Post Comments (Atom)
1 comment:
Just remember that Yuon has picked a monster named Hun Sen to control Khmer so that the evil Vietnam could implement the Vietnamization of Cambodia.
That's why Khmer people always have problems with each other: one group pro Yuon and the other pro Khmer.
Ah Roleuy Hun Sen has caused so much damage to Cambodia from the execution of the K5 project to the signing of the 2005 supplemental treaty, etc...
If Khmer people continue to behave cowardly, Cambodia's disappearance from the world map will be imminent.
Post a Comment