Thursday, 6 February 2020

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា លោក ហ៊ុន សែន ទៅ​ចិន គ្រាន់​តែ​ចង់​ឈ្នះ​ចាញ់​នឹង​អ្នក​រិះគន់​ប៉ុណ្ណោះ


ដោយ សុ ជីវី
2020-02-06

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
 រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត




មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ពិត​ប្រាក​ចំពោះ​និស្សិត​ខ្មែរ​ដែល​ជាប់​គាំង​ក្នុង​តំបន់​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ​។ ពួកគេ យល់ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ជម្លៀស​ក្រុម និស្សិត​ខ្មែរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បណ្ដោះអាសន្ន ទើប​ជា​រឿង​ប្រសើរ​ជាង។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន បញ្ចេញមតិ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​ចង់​ឈ្នះ​ចង់​ចាញ់​ជាមួយ ក្រុម​អ្នក​រិះគន់​លោក​តែប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​និស្សិត​ខ្មែរ​ដែល​ជាប់​ផុង​ក្នុង​ទីក្រុង​វូហាន​(Wuhan) ដែល​កំពុង​ប្រឈម​ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ។


នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍ថា លោក ហ៊ុន សែន គ្មាន​គម្រោង​ច្បាស់លាស់​ជាមុន​ឡើយ ក្នុង​ការ​ប្រកាស ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ពោល​គឺ​មេដឹកនាំ​រូប​នេះ គ្រាន់តែ​ចង់​ឈ្នះ​ចិត្ត​របស់​ប្រជាពលរដ្ឋ ខ្មែរ​ខ្លួនឯង​តែប៉ុណ្ណោះ​។ ការ​អះអាង​ដូច្នេះ ព្រោះ​លោក មឿន តុលា កត់សម្គាល់​ថា ដំណើរ​ទស្សនកិច្ច​នេះ កើតឡើង​ក្រោយ​ប្រជាពលរដ្ឋ​ខ្មែរ រិះគន់​ខ្លាំងៗ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មិន​យកចិត្តទុកដាក់​ចំពោះ​អាយុជីវិត​ក្រុម​និស្សិត​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​វូហាន។ ម្យ៉ាង វិញទៀត ការប្រកាស​នេះ​ទៀតសោត ក៏​ព្រោះតែ​លោក ហ៊ុន សែន បាន​ដឹង​ជាមុន​ហើយ​ថា រដ្ឋាភិបាល​ចិន បាន​ចេញ​ចេញ​បម្រាម​បិទ​ទីក្រុង​វូហាន​ទាំងមូល​មិន​អនុញ្ញាត​ឱ្យ​មានការ​ចេញចូល​ដោយ សេរី​នោះ​ទេ​។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​រូប​នេះ យល់ថា ប្រសិនបើ លោក ហ៊ុន សែន ពិត​ខ្វាយខ្វល់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​ត្រូវតែ​ចាត់វិធានការ​ជម្លៀស​និស្សិត​ខ្មែរ​ចេញពី​ទីក្រុង​វូហាន និង​តំបន់​នានា​ដែល​ប្រឈម​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ជា​បន្ទាន់៖ «គួរតែ​មាន​ផែនការ​ជម្លៀស​និស្សិត​ខ្មែរ​ចេញ​មក ប្រសិនបើ លោកនាយក​រដ្ឋមន្ត្រី​មានការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពលរដ្ឋ​យើង​នៅ​ទីនោះ ខណៈ​ដែល ប្រទេស​ដទៃ​ទៀត គេ​បាន​ធ្វើ​ហើយ​ដូចជា​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង​អី​នឹង ហើយ​ហ្វីលីពីន ក៏​គេ​ធ្វើ​ដែរ​។ រហូតដល់​គោលការណ៍​(policy )​របស់​ហ្វីលីពីន​ថ្មីៗ​នេះ តាម​ខ្ញុំ​ដឹង​ថា ប្រទេស​កម្ពុជា ក៏​ជា​ចំណុច មួយ​ដែល​គេ​ដាក់​ការ​ឃ្លាំមើល​ដែរ មានន័យថា ជនជាតិ​ហ្វីលីពីន​ដែល​ហោះហើរ​ចេញពី​កម្ពុជា​ទៅ ក៏​គេ​ដាក់​ការ​ឃ្លាំមើល​រយៈពេល​១៤​ថ្ងៃ​ដែរ»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA




ការ​លើក​ឡើង​នេះ ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ចេញពី​ប្រទេស​កូរ៉េខាងត្បូង ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ មុន​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។ នៅ​ទីក្រុង​ប៉េកាំង លោក ហ៊ុន សែន មិនបាន​បង្ហើប​ប្រាប់​ថា លោក​បាន​ជួប​និស្សិត​ខ្មែរ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ណាមួយ ឬ​បាន​ដឹង​ពី​ស្ថានភាព​រស់នៅ​របស់​ពួកគេ​បែប​ណា​នោះ​ទេ ប៉ុន្តែ​លោក លោក ហ៊ុន សែន គ្រាន់តែ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី លោក លី ឃឺឈាង និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។ ដំបូង​ឡើយ មេដឹកនាំ​ក្រុងភ្នំពេញ​រូប​នេះ បាន​ប្រកាស​ថា ចង់​ទៅ​សួរ​ទុក្ខ​និស្សិត​ខ្មែរ​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​វូហាន ប៉ុន្តែ​រដ្ឋាភិបាល​ចិន​មិន​អនុញ្ញាត ព្រោះ​ទីនោះ កំពុង​ផ្ទុះ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា។

និស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ​សកល​វិទ្យាល័យ​វូហាន (Wuhan University) លោក ភួង បុប្ផាគីមហុង ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​បាន​កែប្រែ​គំនិត​ឈប់​ចង់​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ព្រោះ​រស់នៅ​ក្នុង​សាលា ក៏​មាន​សុវត្ថិភាព​ដែរ ហើយ​ម្យ៉ាងទៀត លោក​ត្រូវ​ចាប់ផ្ដើម​សរសេរ​សារណា​បញ្ចប់​ការសិក្សា​ហើយ​។ និស្សិត​រូប​នេះ បញ្ជាក់​ថា ក្នុង​ពេល​លោក​នាយករដ្ឋមន្ត្រី​ទៅដល់​ទីក្រុង​ប៉េកាំង​នេះ គឺ​មិន​បាន​ទូរស័ព្ទ​សួរសុខទុក្ខ​លោក​ដោយ​ផ្ទាល់​នោះ​ទេ​។

ការ​ផ្លាស់ប្ដូរ​ជំហរ​បែប​របស់​និស្សិត​រូប​នេះ ក្រោយពី​លោក ហ៊ុន សែន បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​កុំ​ឱ្យ​និស្សិត ខ្មែរ​ចាក​ចេញពី​ទីនោះ ដើម្បី​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ចិន​។ អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​និស្សិត​ផ្សេងទៀត តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា លោក ហ៊ុន សែន គួរតែ​ព្យាយាម​ទាក់ទង​ជួប​ជាមួយ​ក្រុម​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហាន​តាម​វិធី​ណា​មួយ ដើម្បី​ដឹង​អំពី​សុខទុក្ខ និង​ស្ថានភាព​រស់នៅ​របស់​ពួកគេ ហើយ​ថា ពួកគេ​ត្រូវការ​ជំនួយ​បែប​ណា​ខ្លះ​។ លោក​បន្ត​ថា ប្រសិនបើ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​មាន​ភាព​ប្រឈម​ខ្លាំង ហើយ​រដ្ឋាភិបាល ចិន មិន​អាច​ទទួលខុសត្រូវ​បាន​ដោយសារ​ថា ទំហំ​នៃ​ការ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង គឺ​រដ្ឋាភិបាល​កម្ពុជា គួរតែ​រក​វិធី​ជម្លៀស​ពួកគេ​មក​កម្ពុជា​វិញ ហើយ​ធ្វើការ​ពិនិត្យ​ថែទាំ​ឱ្យ​បាន​ដិតដល់​បំផុត ដូច​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​នានា​បាន​ធ្វើ​ដែរ៖ «បើសិនជា​មានលទ្ធភាព​យក​ពួកគាត់​មក​បាន​ក៏​ធ្វើ​ឱ្យ​ឪពុកម្ដាយ ក៏​លែង​បារម្ភ​ហើយ​ពួកគាត់ ក៏បាន​ជួបជុំ​គ្រួសារ​លែង​ខ្វាយខ្វល់​ដែរ​។​មួយទៀត តើ​រដ្ឋាភិបាល​មាន ការ​លើក​ទឹកចិត្ត​ពិសេស​យ៉ាងម៉េច​ដល់​ពួកគាត់​តាមរយៈ​ស្ថានទូត​ខ្មែរ នៅ​ទីនោះ​តាម​ការ​ស្វែង​​យល់ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​អំពី​ការរស់នៅ​និង​ស្ថានភាព​របស់ គាត់​(​និស្សិត​)។ យើង​មិន​អាច​ផ្ដេកផ្ដួល តែ​លើ​ភាគី​ចិន​ទាំងអស់​នោះ​ទេ»។

លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA RFA


អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​រិះគន់​ថា ដំណើរ​ទស្សនកិច្ច​នៅ​ប៉េកាំង​របស់ លោក ហ៊ុន សែន នេះ មាន​ភាព​ពុតត្បុត មិន​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​នោះ​ទេ ហើយ​ពួកគេ ក៏​បួងសួង​ឱ្យ​និស្សិត​ខ្មែរ​នៅ​វូហាន​គេច​ផុត​ពី​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​នេះ។

អ្នកប្រើប្រាស់​បណ្តាញ​ហេ្វសប៊ុក​ម្នាក់​ឈ្មោះ សូរ សមយុទ្ធ សរសេរ​ថា ក្នុង​បរិបទ​មេរោគ​កូរ៉ូណា​ឆ្លង បែប​នេះ ប្រហែលជា​ចិន​ពុំ​មាន​ពេលវេលា ដើម្បី​កំដរ​អ្នកណាម្នាក់ ឬ​ប្រទេស​ណាមួយ ដើម្បី​លេងចម្បាំង​យក​មុខ​ឌឺដង​គ្នា​ឡើយ​។ ក្នុង​បរិបទ​នេះ ប្រហែល​ចិន ត្រូវ​ការ​ជំនួយ​បច្ចេកទេស​ជាង​មុខ​មាត់​ការទូត​។ ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ លើកឡើង​ថា បើ​ខ្លួន​ជា​អ្នក​សម្រេច​កិច្ចការ​នយោបាយ​កម្ពុជា​វិញ នឹង​បញ្ជូន​យន្តហោះ​ទៅ​ដឹក​និស្សិត​កម្ពុជា​មក​ផ្ទះ ហើយ​រុញ​ចូល​ពេទ្យ ១៥​ថ្ងៃ និង​៣០​ថ្ងៃ ក្រោយ​ចាំ​ឱ្យ​ជួបជុំ​គ្រួសារ​។

គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ វីរុស​កូរ៉ូណា ដែល​មាន​ប្រភព​ផ្ទុះ​រីក​រាលដាល​ពី​ទីក្រុង​វូហាន ប្រទេស​ចិន បាន សម្លាប់​មនុស្ស​កើន​ដល់ ៤៩០​នាក់​ហើយ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន​។ ចំណែក​អ្នក​ឆ្លង​វីរុស​នេះ កើត​ដល់​ជិត​២​ម៉ឺន ៥​ពាន់​(២៤.៣២៤) នាក់​ហើយ។ មាន​ប្រទេស​ជិត​៣០ ត្រូវ​បាន​វីរុស​នេះ ឆ្លង​រាតត្បាត តាមរយៈ​អ្នកដំណើរ​ពី​ប្រទេស​ចិន​។ ប្រទេស​ភាគច្រើន​រួម​ទាំង ប្រទេស​ជិតខាង​កម្ពុជា​រួមមាន​ថៃ និង​វៀតណាម បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​កើត​ឡើងជា​បន្ត​បន្ទាប់ លើកលែងតែ​កម្ពុជា​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​ករណី​ថ្មី​ទៀត​នៅឡើយ ក្រៅពី​បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ៕

1 comment:

Anonymous said...

Khmer Traitor Hun Sen’s real intention to go to Wuhan, China:

Khmer people should understand Ah Khmer traitor Hun Sen's ulterior motive behind his willingness to go to Wu Han, China: Ah Hun Sen knew that his regime will be in deep trouble after the EU cut the EBA and the US cut the GSP.

Therefore, he will need China's support for his government. He doesn't want China to abandon him. To prove to China that he is a good friend for China, he is not going to abandon China while China is facing with the CORONA virus. For this reason, he pretends to show China that Hun Sen is a good friend, Hun Sen will go to Wuhan in spite of the danger stemmed from the Virus.
Hun Sen wanted China to stay with him when there is no EBA and no GSP. And that the main reason why he wanted to go to Wuhan.

In brief, Ah Norouk Hun Sen will do whatever it takes at the expense of Cambodia and Khmer people's interest to hold on to power. This asshole Hun Sen is not a brave man; he has given in to all Yuon's demands in exchange for his power. At this time, he just wants China not to leave him when the horrible effects of NO EBA and NO GSP kick in.