Sunday, 2 February 2020
និស្សិតខ្មែរកំពុងព្រួយបារម្ភខ្លាំងពីសុខភាព ទោះលោក ហ៊ុន សែន ព្រមានឲ្យបន្តនៅរួមសុខរួមទុក្ខជាមួយចិននៅវូហាន
ដោយ មួង ណារ៉េត
2020-02-01
rfa
លោក ហ៊ុន សែន ថ្លែងក្នុងពិធី "ទិវាជាតិទីក្រុងស្អាត" នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ កុម្ភៈ។
ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
និស្សិតខ្មែរជាច្រើននាក់ ដែលកំពុងជាប់ផុងក្នុងទីក្រុងវូហាន ប្រទេសចិន នៅតែស្នើសុំយ៉ាងទទូច ឱ្យរដ្ឋាភិបាលកម្ពុជា ជម្លៀសពួកគាត់ទៅកម្ពុជាវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារជំងឺរលាកប្រព័ន្ធផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណា កំពុងបន្តរាតត្បាតខ្លាំងនៅទីនោះ។ ចំណែករដ្ឋាភិបាល នៅតែព្រងើយកន្តើយ ចំពោះសំណូមពររបស់ពួកគាត់ដដែល ព្រោះអះអាងថា បើជម្លៀសខ្លាចចិនអន់ចិត្ត។
និស្សិតខ្មែរដែលកំពុងរស់នៅក្នុងទីក្រុងវូហាន ដែលជាកន្លែងផ្ទុះការីករាលដាលខ្លាំង នៃវីរុសកូរ៉ូណា នៅតែសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងពិចារណាឡើងវិញ ក្នុងការយកពួកគាត់ ចេញពីទីនោះ ព្រោះពួកគាត់ និងក្រុមគ្រួសារ ព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព និងសុខភាព។
និស្សិតបរិញ្ញាបត្រឆ្នាំទី៤ ជំនាញវិស្វកម្មសំណង់ស៊ីវិលនៃសកលវិទ្យាល័យវូហាន (Wuhan University) លោក ភួង បុប្ផាគីមហុង រៀបរាប់ថា បច្ចុប្បន្នលោក កំពុងរស់នៅក្នុងស្ថានភាពភ័យខ្លាច និងឯកោតែម្នាក់ឯងក្នុងបន្ទប់ ស្របពេលដែលវីរុសកូរ៉ូណា កំពុងបន្តវាយប្រហារ និងរីករាលដាលយ៉ាងលឿន ក្នុងប្រទេសចិន ជាពិសេសក្នុងទីក្រុងវូហាន តែម្ដង។
លោកឱ្យដឹងថា មកទល់ពេលនេះ ពុំទាន់ឃើញមានមន្ត្រីស្ថានទូត ឬស្ថានកុងស៊ុលខ្មែរនៅប្រទេសចិន ចុះសួរសុខទុក្ខលោកដោយផ្ទាល់ឡើយ។ ប៉ុន្តែលោកទទួលបានការយកចិត្តទុកដាក់ និងមានការឧបត្ថម្ភអាហារបីពេល ដោយឥតគិតថ្លៃ ពីខាងសាលាទៅវិញ។
និស្សិតវ័យ២៣ឆ្នាំរូបនេះ បន្តថា ស្ថានភាពនៅទីនោះ ស្ងប់ស្ងាត់ខ្លាំង ហើយលោកឃើញរដ្ឋាភិបាលប្រទេសនានា បានជម្លៀសនិស្សិតរបស់ខ្លួន ចេញពីទីក្រុងវ៉ូហានជាបន្តបន្ទាប់ ពោលគឺនៅសល់តែនិស្សិតខ្មែរ និងនិស្សិតប្រទេសក្រីក្រមួយចំនួនតូចប៉ុណ្ណោះ៖ «សម្រាប់បច្ចុប្បន្ននេះ មានការជម្លៀសដូចជនជាតិថៃ សាំងហ្គាពូ បារាំង អង់គ្លេស និងអាមេរិក សុទ្ធតែមានការជម្លៀសមែន។ សព្វថ្ងៃនេះអ្នកដែលនៅ មានជនជាតិខ្មែរយើង មាននេប៉ាល់ ហើយនិងបណ្ដាប្រទេសនៅអាហ្វ្រិក»។
និស្សិត ភួង បុប្ផាគីមហុង ឱ្យដឹងដែរថា អាណាព្យាបាលរបស់លោក មានក្តីបារម្ភយ៉ាងខ្លាំង ហើយ ពួកលោកដែលជាប់នៅក្នុងទីក្រុងវូហាន នៅតែសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការជម្លៀស ពួកលោកចេញទៅកម្ពុជាមួយរយៈ ព្រោះថាសាលា ក៏បានផ្អាកកម្មវិធីសិក្សាបណ្ដោះអាសន្នដែរ៖ «គ្រួសារខ្ញុំផ្ទាល់នៅតែបារម្ភហើយពួកគាត់រាល់ថ្ងៃព្យាយាមសួរខ្ញុំអំពីសុខទុក្ខរបស់ខ្ញុំ សុខភាពម៉េចម៉ាហើយ ស្ថានភាពនេះមានការផ្លាស់ប្ដូរអីខ្លះ ។និយាយទៅគឺគាត់ចង់ដឹងសុខទុក្ខរបស់ខ្ញុំឱ្យបានប្រាកដ ហើយណាមួយឥឡូវនេះជំងឺនេះ ចេះតែធ្ងន់ធ្ងរទៅៗ។ ពួកគាត់ នៅបារម្ភហើយពួកគាត់ថា បើមានឱកាសណាមួយ ពួកគាត់ នៅតែសង្ឃឹមថា ខ្ញុំអាចត្រឡប់ទៅប្រទេសវិញ។ ចំពោះគំនិតខ្ញុំផ្ទាល់ចង់បានការជម្លៀសចេញ ប៉ុន្តែពួកខ្ញុំគោរពតាមអ្វីដែលសម្ដេចបានមានប្រសាសន៍»។
ជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ (Hubei) ប្រទេសចិន ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩។ នៅខេត្តរបស់ចិនមួយនេះ មាននិស្សិតខ្មែរ ចំនួន២៣នាក់ កំពុងជាប់ផុងនៅទីនោះ ដោយសារអាជ្ញាធរចិន បានបិទទីក្រុង និងខេត្តនេះទាំងមូល ដោយមិនអនុញ្ញាតឱ្យធ្វើដំណើរចេញចូលទៀតឡើយ។
ទោះជាយ៉ាងណា រដ្ឋាភិបាលបរទេសនានា បានសហការជាមួយរដ្ឋាភិបាលចិន ជម្លៀសពលរដ្ឋនិងនិស្សិតរបស់ខ្លួនចេញពីទីនោះជាបន្តបន្ទាប់ ដើម្បីគេចពីវីរុសកូរ៉ូណា ហើយមានតែរដ្ឋាភិបាលកម្ពុជាទេ ដែលទុកពលរដ្ឋខ្មែរឱ្យបន្តស្នាក់នៅប្រទេសចិន ដើម្បីរួមសុខរួមទុក្ខជាមួយប្រជាជនចិន ក្រោមហេតុផលថា ជឿជាក់លើចិនក្នុងការគ្រប់គ្រងស្ថានការណ៍នេះ។
និស្សិតខ្មែរម្នាក់ទៀត កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រឆ្នាំទី៣ជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ នៃសកលវិទ្យាល័យបច្ចេកវិទ្យាវូហាន(Wuhan University Of Technology) លោក លី សេដ្ឋា ប្រាប់ អាស៊ីសេរីថា តំបន់ដែលលោកកំពុងរស់នៅក៏ មានសភាពស្ងាត់ជ្រងំដែរ ហើយម្នាក់ៗសំងំនៅតែក្នុង ផ្ទះ។
លោកបន្តថា នៅសាលារបស់លោក គឺមិនមានការឧបត្ថម្ភអាហារនោះទេ ដូច្នេះលោកតែងតែទៅផ្សារ ដើម្បីទិញម្ហូបអាហារដោយខ្លួនឯង សម្រាប់បរិភោគក្នុងរយៈពេលមួយសប្ដាហ៍ ឬពីរសប្ដាហ៍។
និស្សិតរូបនេះ បញ្ជាក់ថា លោកមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលខ្មែរ ចុះសួរសុខ ទុក្ខលោកដោយផ្ទាល់ ឬផ្ដល់ជំនួយអ្វីទេ។ ប៉ុន្តែ លោកទទួលបានថវិកាខ្លះៗ ពីសប្បុរសជន សម្រាប់ជួយផ្គត់ផ្គង់ការចំណាយផ្សេងៗ ក្នុងគ្រាមានអាសន្ននេះ៖ «ចំពោះពួកខ្ញុំឥលូវនេះ គឺខំការពារខ្លួនទៅតាមលទ្ធភាពដែលអាចធ្វើបាន ភាគច្រើនគឺនៅក្នុងបន្ទប់ ហើយបើចេញទៅក្រៅមានម៉ាស់ មានស្រោមដៃ ដដែល ហើយការហូបចុកគឺគោរពទៅតាមអនាម័យ ។ អារម្មណ៍ផ្ទាល់របស់និស្សិតយើងនេះ នៅតែមានភាពភ័យខ្លាចនៅឡើយ ប៉ុន្តែដោយសារយើងគោរពទៅតាមអនុសាសន៍របស់ប្រមុខដឹកនាំ ហើយពួកយើង កំពុងរង់ចាំនូវអនុសាសន៍បន្ទាប់ថែមទៀត»។
និស្សិត លី សេដ្ឋា បញ្ជាក់ថា លោកនៅតែចង់ឱ្យរដ្ឋាភិបាល ជម្លៀសពួកលោក ចេញពីទីក្រុងវូហានបណ្ដោះអាសន្ន ព្រោះដើម្បីកុំឱ្យក្រុមគ្រួសាររបស់លោកបារម្ភខ្លាំង ហើយម្យ៉ាងទៀតក្នុងស្ថានភាពអាក្រក់បែបនេះ លោក យល់ថា គ្មានអ្វីប្រសើរជាងវិលទៅមាតុភូមិរបស់ខ្លួនវិញនោះទេ៖ «ជាការពិតណាស់! គ្រួសារខ្ញុំ ជាពិសេសឪពុកម្ដាយរបស់ខ្ញុំ គាត់បារម្ភមែនទែន ។ មួយថ្ងៃៗនេះ គាត់ខលមកសួរសុខទុក្ខពីរទៅបីដង ហើយគាត់ ចង់ឱ្យត្រឡប់ទៅវិញ។ ខ្ញុំនិយាយលួងលោមគាត់ទៅ ថា ពេលណាមួយនឹងត្រឡប់ទៅវិញ ហើយក៏សន្យាថា នឹងថែរក្សាសុខភាពឱ្យបានល្អ នឹងត្រឡប់ទៅជួបគាត់វិញឆាប់ៗ»។
ដោយឡែក ក្រុមនិស្សិតមួយចំនួនទៀត ហាក់មិនសូវហ៊ាននិយាយនោះទេ ព្រោះពួកគេ បារម្ភខ្លាចប៉ះពាល់ ដល់ការរស់នៅនិងសិក្សាក្នុងប្រទេសចិន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យពួកគេបន្តរស់នៅក្នុងប្រទេសចិន និងបង្ហាញការមិនពេញចិត្តចំពោះនិស្សិតរូបណាដែលចាកចេញទៅកម្ពុជា ក្នុងគ្រាប្រទេសចិនមានអាសន្នបែបនេះ។
តាំងពីមុនអង្គការសុខភាពពិភពលោក ប្រកាសអាសន្នអំពីការរីករាលដាលដ៏គ្រោះថ្នាក់នៃវីរុសកូរ៉ូណានេះម្ល៉េះ ប្រទេសជាច្រើននៅលើពិភពលោក បានចាត់វិធានការជាបណ្ដើរ ដើម្បីជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន និងបានផ្អាកជើងហោះហើរពីប្រទេសចិន ឬបិទច្រកព្រំដែនមួយរយៈ ដើម្បីសុវត្ថិភាពពលរដ្ឋរបស់ខ្លួន។
ប៉ុន្តែ ចំពោះកម្ពុជា រដ្ឋាភិបាលមិនត្រឹមគ្មានវិធានការនាំពលរដ្ឋខ្មែរ ដែលនៅជាប់គាំងនៅទីក្រុងវូហាន មកស្រុកកំណើតវិញនោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងព្រមានពលរដ្ឋទាំងនោះ អំពីផលវិបាក នៃការគេចចេញពីគ្រោះអាសន្ននេះទៀតផង។
លោក ហ៊ុន សែន បង្គាប់ឱ្យអ្នកទាំងនោះ បន្តនៅរួមសុខរួមទុក្ខជាមួយជនជាតិចិន ដែលកើតកំពុងឆ្លង និងប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវ និងកំពុងរីករាលដាលនេះ ដោយលោកអះអាងថា ដើម្បីរឹតចំណងរវាងរដ្ឋាភិបាលប្រទេសទាំងពីរផង និងដើម្បីជួយប្រទេសចិន ក្នុងគ្រាមានអាសន្ននេះផង៖ «អត់មានតម្រូវការនៃការជម្លៀសនិស្សិតខ្មែរ មកកាន់កម្ពុជាទេ ដោយយើងទុកនៅទីនោះ ដែលជាការរួមសុខរួមទុក្ខជាមួយគ្នា ក្នុងការដោះស្រាយបញ្ហានេះ។ បើជម្លៀសនិស្សិត មិនចាំបាច់សុំអាហារូបករណ៍ចិនទៅទៀតទេ ច្បាស់ជាចិននឹងមិនឱ្យទេ។ អាហ្នឹងខ្ញុំប៉ាន់ស្មានទុក ខ្ញុំមិនដឹងថាចិនគាត់គិតយ៉ាងម៉េចទេ។ ក៏ប៉ុន្តែសម្រាប់ខ្ញុំ បើខ្ញុំជាចិន ខ្ញុំអត់ឱ្យ (អាហារូបករណ៍) អ្នកឯងទៀតទេ ព្រោះពេលស្រួលអ្នកឯងមករកខ្ញុំ ពេលលំបាកអ្នកឯងរត់ចោលខ្ញុំ។ បើខ្ញុំជា ស៊ី ជីនពីង ឬ លី ឃើឈាង គឺខ្ញុំអត់ឱ្យទេ!»។
ស្របពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងជ្រួលច្របល់ រកវិធីការពារខ្លួនតែរៀងៗខ្លួន លោក ហ៊ុន សែន ថែមទាំងនិយាយចំអកដល់អ្នកដែលព្រួយបារម្ភខ្លាំង អំពីការឆ្លងមេរោគនេះ ថាភ័យហួសហេតុពេក។ លោកថែមទាំងលើកទឹកចិត្តកុំឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ការពារ ដោយព្រមានបណ្ដេញអ្នកសារព័ត៌មាន និងអ្នកណាក៏ដោយដែលពាក់ម៉ាស់ ចូលក្នុងវិមានសន្តិភាព ក្នុងពេលលោកកំពុងធ្វើសន្និសីទសារព័ត៌មាននោះទៀតផង៖ «នែ៎! នៅក្នុងហ្នឹង បើសិនមាននរណាមួយពាក់ម៉ាស់ ខ្ញុំដេញចេញ! មាននរណាពាក់ម៉ាស់ទេ? បើពាក់ម៉ាស់ដេញចេញ! នាយករដ្ឋមន្ត្រីអត់ពាក់ម៉ាស់ផង មកពាក់ម៉ាស់ស្អីនៅកន្លែងហ្នឹង! នេះចេះអត់មាននរណាពាក់ម៉ាស់ បើពាក់ម៉ាស់ខ្ញុំដេញចេញ អត់ឱ្យនៅហ្នឹងទេ! អ្ហែងទៅស៊ីជាមួយម៉ាស់ ទៅនៅជាមួយម៉ាស់! ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា! វាឆ្លល់រឿងកន្លែងហ្នឹង! អត់ទាន់ងាប់ម្នាក់ផង ខ្មែរមិនទាន់ឆ្លងម្នាក់ផង»។
ទោះជាយ៉ាងណា និស្សិតខ្មែរមួយរូបដែលទើបមកដល់ប្រទេសកម្ពុជាដោយខ្លួនឯង ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពថា រដ្ឋាភិបាលកម្ពុជាគួរជួយជម្លៀសនិស្សិតខ្មែរ ដែលស្ថិតក្នុងទីក្រុងវូហាននោះ ព្រោះពួកគេប្រឈមគ្រោះថ្នាក់ខ្លាំង ហើយជាពិសេស ទោះបីជាពួកគេ នៅទីនោះក៏មិនអាចជួយអ្វីដល់រដ្ឋាភិបាលចិនដែរ។
យុវនិស្សិតរូបនេះ បន្តថា ពួកនិស្សិតទាំងនោះ គឺជាធនធានមនុស្ស សម្រាប់ជួយអភិវឌ្ឍកម្ពុជានាពេលអនាគត ហើយប្រសិនបើការព្រងើយកន្តើយរបស់រដ្ឋាភិបាលបែបនេះ ធ្វើឱ្យកើតមានរឿងអកុសលចំពោះនិស្សិតទាំងនោះវិញ គឺជារឿងឈឺចាប់ និងសោកស្ដាយសម្រាប់ជាតិខ្មែរ ហើយរដ្ឋាភិបាល នឹងត្រូវមហាជនស្តីបន្ទោស។
ចំពោះករណីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ឆ្លើយតបយ៉ាងខ្លីថា រដ្ឋាភិបាល នៅមានជំហរ មិនបិទជើងហោះហើរពីចិន និងមិនជម្លៀសនិស្សិតខ្មែរ ពីទីក្រុងវូហានដដែល «បាទនៅដដែល!»។
មន្ត្រីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះ ឱ្យដឹងដែរថា គិតត្រឹមល្ងាចថ្ងៃទី១ ខែកុម្ភៈ កម្ពុជាមិន ទាន់រកឃើញករណីឆ្លងថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណានោះទេ ក្រៅពីបុរសជនជាតិចិនម្នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ហើយដែលលោកអះអាងថា កំពុងមានស្ថានភាពសុខភាពល្អធម្មតានោះ។ ក្រុមគ្រូពេទ្យកម្ពុជា ក៏រកឃើញករណីសង្ស័យជាបន្តបន្ទាប់ដែរ ប៉ុន្តែគ្មាននរណាម្នាក់ ចេញរោគសញ្ញាជាវិជ្ជមាននៅឡើយទេ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ជាច្រើន លើក តែទូរស័ព្ទចូលពុំមានអ្នកទទួល កាលពីថ្ងៃទី១ ខែកុម្ភៈ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រ សាសន៍ថា នៅពេលដែលអង្គភាពសុខភាពលោក(WHO) ប្រកាសដាក់ពិភពលោកក្នុងភាពអាសន្ន ដោយសារតែវីរុសកូរ៉ូណានេះ គឺមានន័យថា មេរោគដ៏កាចសហាវនេះ មិនអាចថមថយ ឬមិនទាន់ រកវិធីបង្ការនិងទប់ស្កាត់ការរីករាលដាលបានទេ ដូច្នេះសម្រាប់និស្សិតខ្មែរដែលរស់នៅប្រទេសចិន ជាពិសេសក្នុងទីក្រុងវូហាន គឺមានការប្រឈមខ្លាំង។ មន្ត្រីសង្គមស៊ីវិលរូបនេះក៏ទទូចឱ្យរដ្ឋាភិបាល កម្ពុជា គួរតែពិចារណាឡើងវិញក្នុងការចាត់វិធានការកម្រិតខ្ពស់បំផុត ដើម្បីការពារសុវត្ថិភាព និង សុខុមាលភាពរបស់ពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ៖ «ពិចារណាយកគាត់មកប្រទេសកម្ពុជាវិញ ក្នុងរយៈពេលណាមួយ ហើយក៏ចាំជំងឺនេះស្រាកស្រាន្តទៅ ក៏អាចឱ្យគាត់ទៅវិញទៅ ព្រោះថា រាល់ថ្ងៃនេះ គាត់អត់បានរៀនដដែលទេ ដូច្នេះគាត់មកក៏អត់មានខាត់ពេលវេលាក្នុងការរៀនដែរ ។ ម្យ៉ាងដែរ បើអាចឱ្យគាត់បានមកវិញទាំងពួកគាត់និងគ្រួសារ ក៏គាត់មានការត្រេកអរសប្បាយនិងការកោត ស្ញប់ស្ញែងចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែរ ដូច្នេះខ្ញុំគិតថា នេះគឺជារឿងសំខាន់មួយ»។
មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនៅឯបរទេស ត្រូវបានរដ្ឋគាំ ពារ។ ចំណែកមាត្រា៣៥ ចែងថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយដោយហ្មត់ចត់ដោយអង្គការរដ្ឋ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ដោយសរសេរឃ្លាថា “គួរអនុវត្តឃ្លានេះក្នុងរដ្ឋធម្មនុញ្ញ៖ «គឺរដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»
កាលពីថ្ងៃយប់ថ្ងៃទី៣០ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាស ដាក់ពិភពលោកក្នុងភាពអាសន្នបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ក្រោយពិនិត្យឃើញថា មេរោគបង្កឱ្យរលាកសួតនេះ បានសម្លាប់មនុស្ស និងឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្ស កើនឡើងជាលំដាប់យ៉ាងឆាប់រហ័ស រហូតឆ្លងដល់ប្រទេសជាច្រើនក្នុងពិភពលោក។
គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ មានមនុស្សស្លាប់ក្នុងប្រទេសចិនកើនដល់ ២៥៩នាក់ និងបានឆ្លងដល់ មនុស្សជាង១ម៉ឺននាក់។ ករណីឆ្លងមេរោគនេះ បានរីករាលដាល ដល់ប្រទេសចំនួន ២៣ នៅលើពិភពលោក រួមទាំងប្រទេសចិន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment