Saturday, 15 February 2020

តើ​ខ្លឹមសារ​នៃ​ការ​ដកEBA ផ្នែក​ខ្លះ​ពី​កម្ពុជា របស់​គណៈកម្មការ​អឺរ៉ុប មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ខ្លះ?


ដោយ មាន ឫទ្ធិ
2020-02-14

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។



គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​ផ្នែក ពី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​។ ការ​សម្រេចចិត្ត​នេះ ធ្វើ​ឡើង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប រក​ឃើញ​ជា​ផ្លូវការ​ថា មាន​ករណី​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅ​លើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ តើ​ខ្លឹមសារ​នៃ​ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​នេះ មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ខ្លះ?

ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​គណៈកម្មាការ​អឺរ៉ុប មិនមែនជា​ការដក​ទាំ​ង​ស្រុង​នោះទេ​។ ក៏ប៉ុន្តែ ជាការ​ដក​ដោយ​ផ្នែក ទៅលើ​មុខទំនិញ​នាំចេញ​របស់​កម្ពុជា​ប្រមាណ​២០% នៃ​មុខទំនិញ​នាំចេញ​ទាំងអស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ នេះ​មានន័យថា ជាការ​តម្រូវ​ឱ្យ​កម្ពុជា​បង់ពន្ធ លើ​មុខទំនិញ​នាំចេញ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ១​ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​១​ពាន់​លាន​ដុល្លារ​អាមេរិក (១​ប៊ី​លាន​អឺរ៉ូ​) ក្នុងចំណោម​តម្លៃ​សរុប​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ជាង ៥,៧ ប៊ី​លាន​ដុល្លារ ឬ​ជាង ៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​។



ជារួម កម្ពុជា​អាច​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជាង ១២០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​មុខទំនិញ​នាំចេញ ២០% ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​។ មុខទំនិញ​ដែល​កម្ពុជា​ត្រូវ​បង់ពន្ធ​នោះ រួមមាន ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន ផលិតផល​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករស ខណៈ​ផលិតផល​ដទៃ​ទៀត​ក្រៅ​ពី​នេះ ដូចជា​កង់​ជាដើម មិន​ទទួលរង​ការ​បង់ពន្ធ​នោះ​ទេ​។ ដោយឡែក អង្ករ​កម្ពុជា​វិញ នៅតែ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ដដែល គឺ​ប្រមាណ​២០០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ និង​១៤០​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ សម្រាប់​អង្ករ​មួយ​តោនៗ ហើយ​រយៈពេល​បន្ទាប់ពី​នេះ តម្លៃ​ជាក់លាក់​សម្រាប់​ពន្ធ​លើ​មុខទំនិញ​អង្ករ​កម្ពុជា នឹង​ត្រូវ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ឡើង​វិញ។គណៈកម្មការ​អឺរ៉ុប ពន្យល់​ថា ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មួយ​ផ្នែក​នេះ គឺជា​ការសម្រេច​យកពន្ធ​លើ​មុខទំនិញ​ជាក់លាក់ ដោយ​គិត​តាម​អត្រាពន្ធ MFN ហើយ​ជា​ការ​សម្រេច​ដោយ​សមាមាត្រ និង​សមស្រប។ អត្រាពន្ធ MFN ឬ Most-Favored Nation Tariffs ជា​អត្រា​ទាប​បំផុត​សម្រាប់​ប្រទេស​ទទួល​បាន​ការ​អនុគ្រោះ​បំផុត ដូច​ដែល​បាន​កំណត់​ឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។

ការ​ជ្រើសរើស​មុខទំនិញ​ដើម្បី​តម្រូវ​ឱ្យ​កម្ពុជា​បង់ពន្ធ​នេះ ត្រូវ​គណៈកម្មការ​អឺរ៉ុប ពន្យល់​ថា ជា​ការ​ជ្រើសរើស​ដោយ​ពិចារណា​ប្រកបដោយ​តុល្យភាព ក្នុង​គោលដៅ​ជួយ​រក្សា​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា តែ​ក្នុង​ពេល​ជាមួយគ្នា​នោះ ក៏​ដើម្បី​ធានា​ថា មានការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​។ គណៈកម្មការ​អឺរ៉ុប ពន្យល់​ថា រាល់​ឧស្សាហកម្ម​ទើបនឹង​រីក​ដុះដាល​នៅ​កម្ពុជា​ទាំងអស់ ដូចជា​កង់​ជាដើម នឹង​នៅតែ​បន្ត​ទទួល​បាន​ការ​មិន​យកពន្ធ និង​ការ​មិន​កំណត់​កូតា​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដដែល ខណៈ​ផលិតផល​កាត់ដេរ​ដែល​មាន​តម្លៃ​បំពេញ​បន្ថែម​ខ្ពស់ និង​ផលិតផល​ស្បែកជើង​ជាក់លាក់​មួយ​ចំនួន ក៏​នៅតែ​ទទួល​បាន​ការ​មិន​យកពន្ធ និង​ការ​មិន​កំណត់​កូតា​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ដដែល។

ការសម្រេច​យកពន្ធ​លើ​ទំនិញ​កម្ពុជា ២០% នេះ មិនទាន់​ចូល​ជា​ធរមាន​ភ្លាមៗ​នៅឡើយ​ទេ នា​ពេល​នេះ​។ គណៈកម្មការ​អឺរ៉ុប ត្រូវ​យក​សំណើ​គិត​ពន្ធ​ពី​កម្ពុជា​នេះ ទៅ​ឆ្លង​យោបល់​ពី​សភា​អឺរ៉ុប​ដែល​ជា​ស្ថាប័ន​អនុម័ត​ច្បាប់ និង​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​ជា​ស្ថាប័ន​អនុម័ត​គោលនយោបាយ​អឺរ៉ុប ជា​បន្ត​ទៅ​ទៀត​។ ប្រសិនបើ​គ្មាន​ការជំទាស់​ណាមួយ​ពី​សំណាក់​ស្ថាប័ន​ទាំងពីរ​នេះ​ទេ នោះ​ការ​គិត​ពន្ធ​ផ្លូវការ​ពី​កម្ពុជា នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​សីហា តទៅ​។ ក៏ប៉ុន្តែ ប្រសិនបើ​មានការ​ជំទាស់​ណាមួយ​ពី​សំណាក់​ស្ថាប័ន​អឺរ៉ុប​ចុងក្រោយ​នេះ នោះ​ពេលវេលា​ត្រូវ​បង់ពន្ធ​ពិតប្រាកដ អាច​នឹង​ពន្យារ​ពេល​ពីរ (២) ខែ​បន្ថែម​ទៀត គឺ​រហូតដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ តទៅ​។ រយៈពេល​២​ខែ​បន្ថែម​ទៀត​នេះ គឺ​ដើម្បី​ទុក​ឱ្យ​ស្ថាប័ន​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប លើកឡើង​ពី​ការជំទាស់​របស់​ពួកគេ​ទៅនឹង​សំណើ​សម្រេច​យកពន្ធ​ដោយ​ផ្នែក​របស់​គណៈកម្មការ​អឺរ៉ុប​។ រដ្ឋ​សមាជិក​អឺរ៉ុប​តែមួយ ឬ​ពីរ នៃ​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​មាន​តំណាង​រដ្ឋ​សមាជិក​អឺរ៉ុប ២៧ ជា​សមាជិក​នោះ មិន​អាច​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​ខាងដើម​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ទេ​។ ការ​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នេះ អាច​មាន​សុពលភាព​ទៅ​បាន លុះត្រាតែ​ទទួល​បាន​នូវ​សំឡេង​គាំទ្រ​ដោយ​មតិ​ភាគច្រើន​លើសលប់។

ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប យកពន្ធ​លើ​មុខទំនិញ​នាំចេញ​របស់​កម្ពុជា​ប្រមាណ ២០%​នេះ ជា​ការ​សម្រេច​មួយ ដែល​ទុក​ផ្លូវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ ចរចា​គ្នា​លើ​ភាព​មិន​ចុះសម្រុង​នានា​ផ្នែក​នយោបាយ ដើម្បី​ជា​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​។ នេះ​មានន័យថា គ្មាន​ការកំណត់​ជាក់លាក់ ថា​តើ​ការ​គិត​ពន្ធ​ពី​កម្ពុជា​នេះ មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ ឬ​អាច​នឹង​បិទ​បញ្ចប់​ទៅវិញ​នៅ​ពេលណា​នោះ​ទេ​។ ការសម្រេច​នេះ ក៏​ទុក​ផ្លូវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប អាច​បន្ថែម​មុខទំនិញ​ដែល​ត្រូវ​យកពន្ធ​ពី​កម្ពុជា​នា​ពេល​ខាង​មុខ​ទៀត បង្កើន​លើស​ពី​ចំនួន​យកពន្ធ​លើ​មុខទំនិញ​២០%​នេះ ប្រសិនបើ​នៅតែ​មាន​ស្ថានភាព​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដដែល​នោះ។

យ៉ាងណាក៏ដោយ គណៈកម្មការ​អឺរ៉ុប លើកឡើង​ថា ខ្លួន​នឹង​នៅតែ​បន្ត​កិច្ច​ពិគ្រោះ​យោបល់​បែប​កែ​លម្អ ជាមួយ​កម្ពុជា ហើយ​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​ស្ថានភាព​នៃ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​។ គណៈកម្មការ​អឺរ៉ុប ដាក់​លក្ខខណ្ឌ​សំខាន់ៗ​ចំនួន​៣ ឱ្យ​កម្ពុជា​កែ​លម្អ ប្រសិនបើ​កម្ពុជា មិន​ចង់​ឱ្យ​គណៈកម្មការ​អឺរ៉ុប​យកពន្ធ​លើ​មុខទំនិញ​នាំចេញ​ទាំង​២០%​នេះ​ទេ ឬ​ក្នុង​ន័យ​ម្យ៉ាងទៀត ចង់​ឱ្យ​គណៈកម្មការ​អឺរ៉ុប លុបចោល​ការ​យក​ពន្ធ​នេះ ហើយ​ផ្ដល់​ឱ្យ​កម្ពុជា​វិញ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពេញលេញ​ទាំងស្រុង ឬ​ការ​មិន​យកពន្ធ​ទាំងស្រុង​លើ​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ​នោះ​។ លក្ខខណ្ឌ​របស់​គណៈកម្មការ​អឺរ៉ុប នា​ពេល​នេះ ក៏​ពុំបាន​កំណត់​ពេលវេលា​ជាក់លាក់​ចំពោះ​ការ​ចរចា​នយោបាយ​នោះ​ដែរ​។ នេះ​មានន័យថា ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​ជា​គូរ​បដិបក្ខ អាច​ឈាន​ទៅ​ត្រូវរ៉ូវ​គ្នា​នៅ​ពេល​ណា​មួយ​នា​ពេល​អនាគត ហើយ​ធានា​ថា មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​នោះ នោះ​គណៈកម្មការ​អឺរ៉ុប អាច​នឹង​ពិចារណា​លុបចោល ឬ​កែប្រែ​ការសម្រេច​យកពន្ធ​ពី​កម្ពុជា​នេះ ឡើងវិញ​បាន​។ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា​នៅមុន​ថ្ងៃ​ទី​១២ សីហា ឬ ១២ តុលា ដែល​ជា​កាលបរិច្ឆេទ​ចាប់​ផ្តើម​យកពន្ធ នោះ​កម្ពុជា​ទំនងជា​អាច​ត្រូវ​បញ្ចៀស​ពី​ការ​បង់ពន្ធ​ទាំងស្រុង​លើ​មុខទំនិញ​ទាំង​២០%​នេះ សូម្បី​តែមួយ​សេន។

លក្ខខណ្ឌ​ទាំង​បី ដែល​គណៈកម្មការ​អឺរ៉ុប​នៅតែ​ចង់​ឃើញ​កម្ពុជា​កែប្រែ​ស្ថានភាព​នោះ គឺ ទីមួយ បើក​លំហ​នយោបាយ​ក្នុង​ប្រទេស​ឡើងវិញ និង​ទី​ពីរ បង្កើត​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​សម្រាប់​ការ​បង្កើត​ឱ្យ​មាន​ឡើងវិញ​នូវ​គណបក្ស​ជំទាស់​តាម​បែប​ប្រជាធិបតេយ្យ​មិន​ក្លែងក្លាយ ដែល​អាច​ជឿ​ទុកចិត្ត​បាន​។ លក្ខខណ្ឌ​ចុងក្រោយ គឺ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​នៃ​ការផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ច​សន្ទនា​នយោបាយ​ពិតប្រាកដ និង​ដែល​មាន​ការចូលរួម​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ចំណាត់​ការ​ទាំងនេះ គណៈកម្មការ​អឺរ៉ុប គូសបញ្ជាក់​ថា អាច​រួមមាន​ដូចជា​ការ​ផ្តល់​នីតិសម្បទា​សិទ្ធិ​នយោបាយ​ដល់​សមាជិក​គណបក្សប្រឆាំង និង​ការលុបចោល ឬ​កែប្រែ​ច្បាប់​មួយ​ចំនួន ជាពិសេស​គឺ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាដើម​។ ក៏ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប មិន​បាន​លើកឡើង​ពី​ការ​តម្រូវ​ឱ្យ​កម្ពុជា ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅមុន​អាណត្តិ​នោះ​ឡើយ៕

1 comment:

Anonymous said...

Ah Chor Kbot Cheat Hun Sen became a "Vireak Boross Doy Min Deung Khluon" when other countries refused entry for the giant cruise ship, and Ah Kwack did allow it to dock in Cambodia.

If Ah Roleuy Hun Sen is truly a man who cared about people's suffering why did
he execute the K5 project that killed hundreds of thousands of Khmer people ?
Why did he refuse Khmer nationalists to enter into Cambodia on November 9th 2019 ? Why did he dissolve the CNRP ?

Why did his government never find the killers who killed prominent Khmers such as Chea Vichea, Chhut Vuthy, and Kem Ley ??

Ah Hun Sen is really is a Hero by accident !!

Hell is waiting for Ah Kwack Hun Sen because he will make hell famous.