ដោយ មាន ឫទ្ធិ
2020-02-14

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រារព្ធទិវា ៧ មករា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។
គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយផ្នែក ពីកម្ពុជាកាលពីថ្ងៃទី១២ កុម្ភៈ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប រកឃើញជាផ្លូវការថា មានករណីរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ តើខ្លឹមសារនៃការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបនេះ មានអត្ថន័យយ៉ាងដូចម្ដេចខ្លះ?
ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយគណៈកម្មាការអឺរ៉ុប មិនមែនជាការដកទាំងស្រុងនោះទេ។ ក៏ប៉ុន្តែ ជាការដកដោយផ្នែក ទៅលើមុខទំនិញនាំចេញរបស់កម្ពុជាប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ទៅកាន់ទីផ្សារអឺរ៉ុប។ នេះមានន័យថា ជាការតម្រូវឱ្យកម្ពុជាបង់ពន្ធ លើមុខទំនិញនាំចេញដែលមានតម្លៃប្រមាណជាង ១ប៊ីលានដុល្លារអាមេរិក ឬ១ពាន់លានដុល្លារអាមេរិក (១ប៊ីលានអឺរ៉ូ) ក្នុងចំណោមតម្លៃសរុបដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបជាង ៥,៧ ប៊ីលានដុល្លារ ឬជាង ៥,៧ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
ជារួម កម្ពុជាអាចនឹងត្រូវខាតបង់ទឹកប្រាក់ប្រមាណជាង ១២០ លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែការតម្រូវឱ្យបង់ពន្ធលើមុខទំនិញនាំចេញ ២០% ទៅកាន់ទីផ្សារអឺរ៉ុបនេះ។ មុខទំនិញដែលកម្ពុជាត្រូវបង់ពន្ធនោះ រួមមាន ផលិតផលសំលៀកបំពាក់ និងស្បែកជើងមួយចំនួន ផលិតផលធ្វើដំណើរទាំងអស់ និងផលិតផលស្ករស ខណៈផលិតផលដទៃទៀតក្រៅពីនេះ ដូចជាកង់ជាដើម មិនទទួលរងការបង់ពន្ធនោះទេ។ ដោយឡែក អង្ករកម្ពុជាវិញ នៅតែជាប់កាតព្វកិច្ចបង់ពន្ធដដែល គឺប្រមាណ២០០ដុល្លារក្នុងឆ្នាំ២០១៩ ១៧០ដុល្លារក្នុងឆ្នាំ២០២០ និង១៤០ដុល្លារក្នុងឆ្នាំ២០២១ សម្រាប់អង្ករមួយតោនៗ ហើយរយៈពេលបន្ទាប់ពីនេះ តម្លៃជាក់លាក់សម្រាប់ពន្ធលើមុខទំនិញអង្ករកម្ពុជា នឹងត្រូវគណៈកម្មការអឺរ៉ុបសម្រេចឡើងវិញ។គណៈកម្មការអឺរ៉ុប ពន្យល់ថា ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែកនេះ គឺជាការសម្រេចយកពន្ធលើមុខទំនិញជាក់លាក់ ដោយគិតតាមអត្រាពន្ធ MFN ហើយជាការសម្រេចដោយសមាមាត្រ និងសមស្រប។ អត្រាពន្ធ MFN ឬ Most-Favored Nation Tariffs ជាអត្រាទាបបំផុតសម្រាប់ប្រទេសទទួលបានការអនុគ្រោះបំផុត ដូចដែលបានកំណត់ឡើងដោយអង្គការពាណិជ្ជកម្មពិភពលោក WTO។
ការជ្រើសរើសមុខទំនិញដើម្បីតម្រូវឱ្យកម្ពុជាបង់ពន្ធនេះ ត្រូវគណៈកម្មការអឺរ៉ុប ពន្យល់ថា ជាការជ្រើសរើសដោយពិចារណាប្រកបដោយតុល្យភាព ក្នុងគោលដៅជួយរក្សាការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា តែក្នុងពេលជាមួយគ្នានោះ ក៏ដើម្បីធានាថា មានការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែរ។ គណៈកម្មការអឺរ៉ុប ពន្យល់ថា រាល់ឧស្សាហកម្មទើបនឹងរីកដុះដាលនៅកម្ពុជាទាំងអស់ ដូចជាកង់ជាដើម នឹងនៅតែបន្តទទួលបានការមិនយកពន្ធ និងការមិនកំណត់កូតានាំចូលទៅទីផ្សារសហភាពអឺរ៉ុបដដែល ខណៈផលិតផលកាត់ដេរដែលមានតម្លៃបំពេញបន្ថែមខ្ពស់ និងផលិតផលស្បែកជើងជាក់លាក់មួយចំនួន ក៏នៅតែទទួលបានការមិនយកពន្ធ និងការមិនកំណត់កូតានាំចូលទៅទីផ្សារអឺរ៉ុបដដែល។
ការសម្រេចយកពន្ធលើទំនិញកម្ពុជា ២០% នេះ មិនទាន់ចូលជាធរមានភ្លាមៗនៅឡើយទេ នាពេលនេះ។ គណៈកម្មការអឺរ៉ុប ត្រូវយកសំណើគិតពន្ធពីកម្ពុជានេះ ទៅឆ្លងយោបល់ពីសភាអឺរ៉ុបដែលជាស្ថាប័នអនុម័តច្បាប់ និងក្រុមប្រឹក្សាអឺរ៉ុបដែលជាស្ថាប័នអនុម័តគោលនយោបាយអឺរ៉ុប ជាបន្តទៅទៀត។ ប្រសិនបើគ្មានការជំទាស់ណាមួយពីសំណាក់ស្ថាប័នទាំងពីរនេះទេ នោះការគិតពន្ធផ្លូវការពីកម្ពុជា នឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ខែសីហា តទៅ។ ក៏ប៉ុន្តែ ប្រសិនបើមានការជំទាស់ណាមួយពីសំណាក់ស្ថាប័នអឺរ៉ុបចុងក្រោយនេះ នោះពេលវេលាត្រូវបង់ពន្ធពិតប្រាកដ អាចនឹងពន្យារពេលពីរ (២) ខែបន្ថែមទៀត គឺរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តទៅ។ រយៈពេល២ខែបន្ថែមទៀតនេះ គឺដើម្បីទុកឱ្យស្ថាប័នសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប លើកឡើងពីការជំទាស់របស់ពួកគេទៅនឹងសំណើសម្រេចយកពន្ធដោយផ្នែករបស់គណៈកម្មការអឺរ៉ុប។ រដ្ឋសមាជិកអឺរ៉ុបតែមួយ ឬពីរ នៃក្រុមប្រឹក្សាអឺរ៉ុប ដែលមានតំណាងរដ្ឋសមាជិកអឺរ៉ុប ២៧ ជាសមាជិកនោះ មិនអាចជំទាស់ទៅនឹងសេចក្តីសម្រេចខាងដើមរបស់គណៈកម្មការអឺរ៉ុបនេះទេ។ ការជំទាស់ទៅនឹងសេចក្តីសម្រេចនេះ អាចមានសុពលភាពទៅបាន លុះត្រាតែទទួលបាននូវសំឡេងគាំទ្រដោយមតិភាគច្រើនលើសលប់។
ការសម្រេចរបស់គណៈកម្មការអឺរ៉ុប យកពន្ធលើមុខទំនិញនាំចេញរបស់កម្ពុជាប្រមាណ ២០%នេះ ជាការសម្រេចមួយ ដែលទុកផ្លូវឱ្យអ្នកនយោបាយខ្មែរ ចរចាគ្នាលើភាពមិនចុះសម្រុងនានាផ្នែកនយោបាយ ដើម្បីជាការផ្សះផ្សាជាតិឡើងវិញ។ នេះមានន័យថា គ្មានការកំណត់ជាក់លាក់ ថាតើការគិតពន្ធពីកម្ពុជានេះ មានរយៈពេលប៉ុន្មានឆ្នាំ ឬអាចនឹងបិទបញ្ចប់ទៅវិញនៅពេលណានោះទេ។ ការសម្រេចនេះ ក៏ទុកផ្លូវឱ្យគណៈកម្មការអឺរ៉ុប អាចបន្ថែមមុខទំនិញដែលត្រូវយកពន្ធពីកម្ពុជានាពេលខាងមុខទៀត បង្កើនលើសពីចំនួនយកពន្ធលើមុខទំនិញ២០%នេះ ប្រសិនបើនៅតែមានស្ថានភាពរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដដែលនោះ។
យ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុប លើកឡើងថា ខ្លួននឹងនៅតែបន្តកិច្ចពិគ្រោះយោបល់បែបកែលម្អ ជាមួយកម្ពុជា ហើយនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញស្ថានភាពនៃការរំលោភបំពានសិទ្ធិមនុស្ស ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិពលរដ្ឋ និងនយោបាយ សិទ្ធិការងារ សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន។ គណៈកម្មការអឺរ៉ុប ដាក់លក្ខខណ្ឌសំខាន់ៗចំនួន៣ ឱ្យកម្ពុជាកែលម្អ ប្រសិនបើកម្ពុជា មិនចង់ឱ្យគណៈកម្មការអឺរ៉ុបយកពន្ធលើមុខទំនិញនាំចេញទាំង២០%នេះទេ ឬក្នុងន័យម្យ៉ាងទៀត ចង់ឱ្យគណៈកម្មការអឺរ៉ុប លុបចោលការយកពន្ធនេះ ហើយផ្ដល់ឱ្យកម្ពុជាវិញ នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពេញលេញទាំងស្រុង ឬការមិនយកពន្ធទាំងស្រុងលើគ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធនោះ។ លក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប នាពេលនេះ ក៏ពុំបានកំណត់ពេលវេលាជាក់លាក់ចំពោះការចរចានយោបាយនោះដែរ។ នេះមានន័យថា ប្រសិនបើអ្នកនយោបាយខ្មែរជាគូរបដិបក្ខ អាចឈានទៅត្រូវរ៉ូវគ្នានៅពេលណាមួយនាពេលអនាគត ហើយធានាថា មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនោះ នោះគណៈកម្មការអឺរ៉ុប អាចនឹងពិចារណាលុបចោល ឬកែប្រែការសម្រេចយកពន្ធពីកម្ពុជានេះ ឡើងវិញបាន។ ប្រសិនបើអ្នកនយោបាយខ្មែរត្រូវរ៉ូវគ្នានៅមុនថ្ងៃទី១២ សីហា ឬ ១២ តុលា ដែលជាកាលបរិច្ឆេទចាប់ផ្តើមយកពន្ធ នោះកម្ពុជាទំនងជាអាចត្រូវបញ្ចៀសពីការបង់ពន្ធទាំងស្រុងលើមុខទំនិញទាំង២០%នេះ សូម្បីតែមួយសេន។
លក្ខខណ្ឌទាំងបី ដែលគណៈកម្មការអឺរ៉ុបនៅតែចង់ឃើញកម្ពុជាកែប្រែស្ថានភាពនោះ គឺ ទីមួយ បើកលំហនយោបាយក្នុងប្រទេសឡើងវិញ និងទីពីរ បង្កើតឱ្យមាននូវលក្ខខណ្ឌចាំបាច់នានាសម្រាប់ការបង្កើតឱ្យមានឡើងវិញនូវគណបក្សជំទាស់តាមបែបប្រជាធិបតេយ្យមិនក្លែងក្លាយ ដែលអាចជឿទុកចិត្តបាន។ លក្ខខណ្ឌចុងក្រោយ គឺផ្ដួចផ្ដើមឱ្យមានដំណើរការប្រជាធិបតេយ្យនៃការផ្សះផ្សាជាតិតាមរយៈកិច្ចសន្ទនានយោបាយពិតប្រាកដ និងដែលមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ចំណាត់ការទាំងនេះ គណៈកម្មការអឺរ៉ុប គូសបញ្ជាក់ថា អាចរួមមានដូចជាការផ្តល់នីតិសម្បទាសិទ្ធិនយោបាយដល់សមាជិកគណបក្សប្រឆាំង និងការលុបចោល ឬកែប្រែច្បាប់មួយចំនួន ជាពិសេសគឺច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម។ ក៏ប៉ុន្តែ គណៈកម្មការអឺរ៉ុប មិនបានលើកឡើងពីការតម្រូវឱ្យកម្ពុជា ត្រូវតែរៀបចំការបោះឆ្នោតឡើងវិញនៅមុនអាណត្តិនោះឡើយ៕
1 comment:
Ah Chor Kbot Cheat Hun Sen became a "Vireak Boross Doy Min Deung Khluon" when other countries refused entry for the giant cruise ship, and Ah Kwack did allow it to dock in Cambodia.
If Ah Roleuy Hun Sen is truly a man who cared about people's suffering why did
he execute the K5 project that killed hundreds of thousands of Khmer people ?
Why did he refuse Khmer nationalists to enter into Cambodia on November 9th 2019 ? Why did he dissolve the CNRP ?
Why did his government never find the killers who killed prominent Khmers such as Chea Vichea, Chhut Vuthy, and Kem Ley ??
Ah Hun Sen is really is a Hero by accident !!
Hell is waiting for Ah Kwack Hun Sen because he will make hell famous.
Post a Comment