ដោយ សុ ជីវី
2020-02-12

កម្មករ-កម្មការិនីនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលរួមសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
Photo courtesy of SPM's Page
កម្មកររោងចក្រមួយចំនួនឱ្យដឹងថា ពួកគាត់ខ្វាយខ្វល់ចិត្តជាខ្លាំងជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទោះជាត្រឹម២០% ក៏ដោយ ព្រោះវិធានការនេះនឹងប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាឡើងវិញជុំវិញជំហរដាច់ខាតរបស់ខ្លួនដែលថា សុខចិត្តឱ្យបាត់ EBA ក៏មិនព្រមកែប្រែស្ថានភាពស្រុកទេសឡើងវិញនោះ។
កម្មករកាត់ដេរជឿថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទោះជាត្រឹម២០% ក៏ដោយ ក៏នឹងជះឥទ្ធិពលអាក្រក់ដល់កម្ពុជាដែរ។ ផលវិបាកទាំងនោះ មានដូចជា អ្នកវិនិយោគបរទេសបាត់ទំនុកចិត្ត ខាតបង់សេដ្ឋកិច្ចជាតិ និងបាត់ប្រាក់ចំណូល ឬអាចឈានដល់ការបាត់បង់ការងារកម្មករផងក៏អាចថាបាន។
កម្មការិនីរោងចក្រមួយរូបនៅខេត្តកណ្តាល លោកស្រី ដោក សាវ៉ាន់ ថ្លែងថា ការអនុគ្រោះពន្ធ EBA បានធានាឱ្យកម្មកររាប់សែននាក់មានការងារធ្វើ និងជួយឱ្យពលរដ្ឋខ្មែរជាច្រើនទៀតទាញផលប្រយោជន៍បានពីវិស័យកាត់ដេរ។ លោកស្រីថា ការបាត់បង់ EBA ទោះប៉ុន្មានភាគរយក៏ដោយ ក៏គ្មានអ្នកណាផ្សេងជាអ្នកខាតបង់ក្រៅពីប្រទេសកម្ពុជា និងពលរដ្ឋខ្មែរដែរ៖ «ខ្ញុំនៅក្នុងមូលដ្ឋានផ្ទាល់ គ្រាន់តែរឿងហ្នឹងចេញមក ម្នាក់ៗសួរខ្ញុំគ្រប់គ្នាថា រោងចក្រយើងអាចនឹងបិទទ្វារ ឬអត់? រោងចក្រនៅស្រុកខ្មែរអាចនឹងមានចលាចល ឬអត់? ខ្ញុំថា រឿងហ្នឹងតាមមើលសភាពជាក់ស្ដែង បើរោងចក្រណាបិទទ្វារ នោះវាមានការរំសាយកម្មករចោល ហើយការរំសាយហ្នឹងមិនប្រាកដថា ទូទាត់ប្រាក់អត្ថប្រយោជន៍ឱ្យកម្មករពេញ ឬអត់នោះទេ។ ម្នាក់ៗលឺថា ត្រៀមប៉ាស្ព័រទៅ(ធ្វើការ)ថៃអ៊ីចឹង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។ Photo courtesy of SPM Facebook's page
ស្រដៀងគ្នានេះ កម្មករមួយរូបទៀតនៅរាជធានីភ្នំពេញថ្លែងថា ក្នុងនាមជាពលរដ្ឋ លោកមិនចង់ឃើញវិស័យណាមួយត្រូវដើរធាក់ថយក្រោយដោយសារតែការបាត់បង់ EBA នោះឡើយ។ លោកមើលឃើញថា ក្នុងស្ថានភាពដែលកម្ពុជាមានការអនុគ្រោះពន្ធផង ជីវភាពពលរដ្ឋភាគច្រើននៅតែលំបាក ទម្រាំបាត់ការអនុគ្រោះពន្ធទៀត នោះស្ថានភាពពួកគាត់នឹងកាន់តែអាក្រក់ជាងនេះទៅទៀត៖ «សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកម្មកររោងចក្រ និងអ្នកដែលធ្វើការគ្រប់វិស័យទាំងអស់ មិនមែនថា នៅលើតែវិស័យកាត់ដេរមួយទេ គឺពួកគាត់ប្រឈមនឹងបញ្ហាដោយសារតែអឺរ៉ុបព្យួរការអនុគ្រោះពន្ធ។ សព្វថ្ងៃ សូម្បីតែគេអត់យកពន្ធផង ប្រជាពលរដ្ឋខ្មែរយើងនៅមានភាពក្រីក្រច្រើន ចុះទម្រាំគេយកពន្ធ ពិបាកទាំងអស់»។
ចំណែក កម្មករមួយរូបទៀតនៅខេត្តកណ្ដាល ជឿថា ការដកប្រព័ន្ធអនុគ្រោះ EBA ទោះបីជាមិនទាំងស្រុងក៏ដោយ ក៏នឹងធ្វើឱ្យក្រុមហ៊ុនបរទេសកាត់បន្ថយការបញ្ជាទិញទំនិញពីកម្ពុជាដែរ ហើយពេលនោះរោងចក្រមួយចំនួននឹងប្រឈមការបិទទ្វារ៖ «គេអាចបែរទៅប្រទេសក្រៅខ្លះហើយ ដូចជា វៀតណាមឥលូវមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបផង អ៊ីចឹងប្រហែលជាមានរោងចក្រមួយចំនួនប្រហែលជាអាចបែរទៅខ្លះហើយតាមមើល។ អ្វីដែលយើងធ្លាប់បានពេញ ហើយដល់ពេលគេព្យួរខ្លះអ៊ីចឹង វាអាចប៉ះពាល់ហើយ គ្រាន់តែថា ប៉ះពាល់ដល់កម្រិតណានោះ ខ្ញុំមិនអាចវាយតម្លៃបានដែរ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រុងភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen's Facebook Page Photo courtesy of PM Hun Sen's Facebook Page
គណៈកម្មការអឺរ៉ុបបានសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលគិតជាទឹកប្រាក់ជាង១ ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ២០% នៃទំនិញដែលកម្ពុជានាំទៅលក់នៅទីផ្សារអឺរ៉ុប។ សហភាពអឺរ៉ុបបានដាក់ចេញវិធានការនេះ ដោយសារតែរកឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ ផ្ទុយទៅនឹងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ការដកប្រព័ន្ធអនុគ្រោះ២០% នេះ មិនអាចធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបាត់ភាពម្ចាស់ការឡើយ ព្រោះលោកថា រដ្ឋាភិបាលបានត្រៀមខ្លួនទប់ទល់វិធានការនេះរួចជាស្រេចទៅហើយ ដោយការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយចំនួន។ លោកបញ្ជាក់ថា រដ្ឋាភិបាលមិនចង់ឱ្យបាត់ការអនុគ្រោះពន្ធ EBA ឡើយ សូម្បីតែ១% ក៏ប៉ុន្តែនេះជាសិទ្ធិសម្រេចរបស់គណៈកម្មការអឺរ៉ុបដែលលោកចោទថា ធ្វើឡើងដោយមានភាពលម្អៀងខាងនយោបាយ។ លោកស្នើឱ្យក្រុមកម្មករទុកចិត្តលើរដ្ឋាភិបាលទាក់ទងនឹងការដោះស្រាយបញ្ហានេះ៖ «២០% នេះ គឺរដ្ឋាភិបាលអាចដោះស្រាយបញ្ហាបាន មិនឱ្យបងប្អូនបាត់បង់ផលប្រយោជន៍។ ប្រាក់ឈ្នួលប្រចាំខែរបស់បងប្អូនកម្មករនិយោជិក ក៏ដូចជាប៉ះពាល់ដល់គ្រួសារដែលគេផ្សព្វផ្សាយដល់រាប់លាននាក់នោះ អាហ្នឹងខ្ញុំយល់ថា មិនធ្ងន់ធ្ងរទេ។ រាជរដ្ឋាភិបាលអាចធានារ៉ាប់រងបាន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងកិច្ចសម្ភាសន៍ នាទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ AFP
ផ្ទុយពីការអះអាងនេះ កម្មការិនីរោងចក្រ លោកស្រី ដោក សាវ៉ាន់ មិនជឿថា រដ្ឋាភិបាលនឹងអាចជួយដោះស្រាយរាល់បញ្ហារបស់កម្មករ ដែលកើតចេញពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA បាននោះឡើយ។ លោកស្រីបន្តថា លោកស្រីមិនដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងតែគិតអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែសម្រាប់កម្មករ គឺពួកគាត់កំពុងព្រួយបារម្ភខ្លាំងខ្លាចអត់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូល។ លោកស្រីទទូចឱ្យរដ្ឋាភិបាលពិចារណាអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប នៅមុនការចូលជាធរមាននៃសេចក្ដីសម្រេចនេះនៅថ្ងៃទី១២ ខែសីហា ខាងមុខ៖ «វាអាចនៅសល់សុពលភាព៦ ឬ៧ ខែចុងក្រោយ គាត់អាចទម្លាក់ ឬក៏គេហៅភាសាខ្លីថា ឱនដាក់គ្រាប់។ យើងអាចទទួលអ្វីដែលជាសំណូមពររបស់សហភាពអឺរ៉ុបខ្លះទៅ ដើម្បីបន្ថយការកាត់ពន្ធ ឬក៏ធ្វើម៉េចកុំឱ្យ EBA ហ្នឹង គេដក»។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន រួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករដូចគ្នាថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពីជាង៧% មកនៅត្រឹម៦.៨% នៅឆ្នាំ២០២០ ដោយសារតែមូលហេតុចម្បង គឺការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះឯង៕
2 comments:
This Khmer traitor Hun Sen wanted to hold on to his power until the Vietnamization of Cambodia is complete. That's the main reason behind Hun Sen's brutality against Khmer people.
Vietnam cannot control Khmer people, but Vietnam can use a dumb Khmer named Hun Sen to implement all Vietnam's strategic plans to swallow Cambodia.
We all know Hun Sen will blame Sam Rainsy for the EBA withdrawal. He said Sam Rainsy made EU to do it to harm the people.
But the truth is, it is to punish Hun Sen.
Post a Comment