Thursday, 13 February 2020

កម្មករ​ថា ការ​ព្យួរ EBA ទោះ​ត្រឹម​២០% ក៏​ធ្វើឱ្យ​ខាត​ប្រយោជន៍​​ជាតិ​ដែរ


ដោយ សុ ជីវី
2020-02-12

កម្មករ-កម្មការិនី​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ចូល​រួម​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
កម្មករ-កម្មការិនី​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ចូល​រួម​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's Page



កម្មករ​រោងចក្រ​មួយ​ចំនួន​ឱ្យ​ដឹងថា ពួកគាត់​ខ្វាយខ្វល់​ចិត្តជា​ខ្លាំង​ជុំវិញ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទោះជា​ត្រឹម​២០% ក៏ដោយ ព្រោះ​វិធានការ​នេះ​នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ជុំវិញ​ជំហរ​ដាច់ខាត​របស់​ខ្លួន​ដែល​ថា សុខចិត្ត​ឱ្យ​បាត់ EBA ក៏​មិន​ព្រម​កែប្រែ​ស្ថានភាព​ស្រុកទេស​ឡើងវិញ​នោះ។

កម្មករ​កាត់ដេរ​ជឿ​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទោះជា​ត្រឹម​២០% ក៏ដោយ ក៏​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា​ដែរ​។ ផលវិបាក​ទាំងនោះ មាន​ដូចជា អ្នក​វិនិយោគ​បរទេស​បាត់​ទំនុក​ចិត្ត ខាតបង់​សេដ្ឋកិច្ច​ជាតិ និង​បាត់​ប្រាក់ចំណូល ឬ​អាច​ឈាន​ដល់​ការបាត់បង់​ការងារ​កម្មករ​ផង​ក៏​អាច​ថា​បាន។

កម្មការិនី​រោងចក្រ​មួយ​រូប​នៅ​ខេត្តកណ្តាល លោកស្រី ដោក សាវ៉ាន់ ថ្លែង​ថា ការ​អនុគ្រោះ​ពន្ធ EBA បាន​ធានា​ឱ្យ​កម្មករ​រាប់​សែន​នាក់​មានការ​ងារ​ធ្វើ និង​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ទាញ​ផលប្រយោជន៍​បាន​ពី​វិស័យ​កាត់ដេរ​។ លោកស្រី​ថា ការ​បាត់បង់ EBA ទោះ​ប៉ុន្មាន​ភាគរយ​ក៏ដោយ ក៏​គ្មាន​អ្នកណា​ផ្សេង​ជា​អ្នក​ខាតបង់​ក្រៅពី​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ដែរ៖ «ខ្ញុំ​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់ គ្រាន់តែ​រឿង​ហ្នឹង​ចេញ​មក ម្នាក់ៗ​សួរ​ខ្ញុំ​គ្រប់គ្នា​ថា រោងចក្រ​យើង​អាច​នឹង​បិទទ្វារ ឬ​អត់​? រោងចក្រ​នៅ​ស្រុក​ខ្មែរ​អាច​នឹង​មាន​ចលាចល ឬ​អត់​? ខ្ញុំ​ថា រឿង​ហ្នឹង​តាមមើល​សភាព​ជាក់ស្ដែង បើ​រោងចក្រ​ណា​បិទទ្វារ នោះ​វា​មានការ​រំសាយ​កម្មករ​ចោល ហើយ​ការរំសាយ​ហ្នឹង​មិន​ប្រាកដ​ថា ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ឱ្យ​កម្មករ​ពេញ ឬ​អត់​នោះ​ទេ​។ ម្នាក់ៗ​លឺ​ថា ត្រៀម​ប៉ាស្ព័រ​ទៅ​(​ធ្វើការ​)​ថៃ​អ៊ីចឹង»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook's page



ស្រដៀង​គ្នា​នេះ កម្មករ​មួយ​រូប​ទៀត​នៅ​រាជធានី​ភ្នំពេញ​ថ្លែង​ថា ក្នុងនាម​ជា​ពលរដ្ឋ លោក​មិន​ចង់​ឃើញ​វិស័យ​ណាមួយ​ត្រូវ​ដើរ​ធាក់​ថយក្រោយ​ដោយសារតែ​ការបាត់បង់ EBA នោះ​ឡើយ​។ លោក​មើល​ឃើញ​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​មានការ​អនុគ្រោះ​ពន្ធ​ផង ជីវភាព​ពលរដ្ឋ​ភាគច្រើន​នៅតែ​លំបាក ទម្រាំ​បាត់​ការ​អនុគ្រោះ​ពន្ធ​ទៀត នោះ​ស្ថានភាព​ពួកគាត់​នឹង​កាន់តែ​អាក្រក់​ជាងនេះ​ទៅ​ទៀត៖ «សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​កម្មករ​រោងចក្រ និង​អ្នក​ដែល​ធ្វើការ​គ្រប់​វិស័យ​ទាំងអស់ មិនមែន​ថា នៅ​លើ​តែ​វិស័យ​កាត់ដេរ​មួយ​ទេ គឺ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​ដោយសារតែ​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​។ សព្វថ្ងៃ សូម្បីតែ​គេ​អត់​យកពន្ធ​ផង ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​មាន​ភាព​ក្រីក្រ​ច្រើន ចុះ​ទម្រាំ​គេ​យកពន្ធ ពិបាក​ទាំងអស់»។

ចំណែក កម្មករ​មួយ​រូប​ទៀត​នៅ​ខេត្ត​កណ្ដាល ជឿ​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ទោះបីជា​មិន​ទាំងស្រុង​ក៏ដោយ ក៏​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បរទេស​កាត់បន្ថយ​ការ​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​ដែរ ហើយ​ពេលនោះ​រោងចក្រ​មួយ​ចំនួន​នឹង​ប្រឈម​ការ​បិទ​ទ្វារ៖ «គេ​អាច​បែរ​ទៅ​ប្រទេសក្រៅ​ខ្លះ​ហើយ ដូចជា វៀតណាម​ឥលូវ​មាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប​ផង អ៊ីចឹង​ប្រហែល​ជា​មាន​រោងចក្រ​មួយ​ចំនួន​ប្រហែលជា​អាច​បែរ​ទៅ​ខ្លះ​ហើយ​តាមមើល​។ អ្វី​ដែល​យើង​ធ្លាប់​បាន​ពេញ ហើយ​ដល់ពេល​គេ​ព្យួរ​ខ្លះ​អ៊ីចឹង វា​អាច​ប៉ះពាល់​ហើយ គ្រាន់តែ​ថា ប៉ះពាល់​ដល់​កម្រិត​ណា​នោះ ខ្ញុំ​មិន​អាច​វាយតម្លៃ​បាន​ដែរ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page Photo courtesy of PM Hun Sen's Facebook Page


គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដកហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដែល​គិត​ជា​ទឹកប្រាក់​ជាង​១ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​ប្រមាណ​២០% នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។ សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​វិធានការ​នេះ ដោយសារតែ​រក​ឃើញ​ថា កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយ​ទៅ​នឹង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​២០% នេះ មិន​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បាត់​ភាព​ម្ចាស់ការ​ឡើយ ព្រោះ​លោក​ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ទប់ទល់​វិធានការ​នេះ​រួចជាស្រេច​ទៅ​ហើយ ដោយ​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​មួយ​ចំនួន​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ចង់​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ EBA ឡើយ សូម្បីតែ​១% ក៏ប៉ុន្តែ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​លោក​ចោទ​ថា ធ្វើឡើង​ដោយមាន​ភាព​លម្អៀង​ខាង​នយោបាយ​។ លោក​ស្នើ​ឱ្យ​ក្រុម​កម្មករ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​នេះ៖ «២០% នេះ គឺ​រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​បាន មិន​ឱ្យ​បងប្អូន​បាត់បង់​ផលប្រយោជន៍​។ ប្រាក់​ឈ្នួល​ប្រចាំខែ​របស់​បងប្អូន​កម្ម​ករ​និយោជិក ក៏ដូចជា​ប៉ះពាល់​ដល់​គ្រួសារ​ដែល​គេ​ផ្សព្វផ្សាយ​ដល់​រាប់​លាន​នាក់​នោះ អា​ហ្នឹង​ខ្ញុំ​យល់​ថា មិន​ធ្ងន់ធ្ងរ​ទេ​។ រាជរដ្ឋាភិបាល​អាច​ធានារ៉ាប់រង​បាន»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP


ផ្ទុយ​ពី​ការ​អះអាង​នេះ កម្មការិនី​រោងចក្រ លោកស្រី ដោក សាវ៉ាន់ មិន​ជឿ​ថា រដ្ឋាភិបាល​នឹង​អាច​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​កម្មករ ដែល​កើត​ចេញ​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​នោះ​ឡើយ​។ លោកស្រី​បន្ត​ថា លោកស្រី​មិន​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​គិត​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ​សម្រាប់​កម្មករ គឺ​ពួកគាត់​កំពុង​ព្រួយបារម្ភ​ខ្លាំង​ខ្លាច​អត់​ការងារ​ធ្វើ និង​បាត់បង់​ប្រាក់ចំណូល​។ លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិចារណា​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប នៅមុន​ការ​ចូល​ជា​ធរមាន​នៃ​សេចក្ដី​សម្រេច​នេះ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខាងមុខ៖ «វា​អាច​នៅសល់​សុពលភាព​៦ ឬ​៧ ខែ​ចុងក្រោយ គាត់​អាច​ទម្លាក់ ឬក៏​គេ​ហៅ​ភាសា​ខ្លី​ថា ឱន​ដាក់គ្រាប់​។ យើង​អាច​ទទួល​អ្វី​ដែល​ជា​សំណូមពរ​របស់​សហភាព​អឺរ៉ុប​ខ្លះ​ទៅ ដើម្បី​បន្ថយ​ការ​កាត់​ពន្ធ ឬក៏​ធ្វើ​ម៉េច​កុំ​ឱ្យ EBA ហ្នឹង គេ​ដក»។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ចំនួន រួមមាន​ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ដូចគ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ពី​ជាង​៧% មក​នៅ​ត្រឹម​៦.៨% នៅ​ឆ្នាំ​២០២០ ដោយសារតែ​មូលហេតុ​ចម្បង គឺ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះឯង៕

2 comments:

Anonymous said...

This Khmer traitor Hun Sen wanted to hold on to his power until the Vietnamization of Cambodia is complete. That's the main reason behind Hun Sen's brutality against Khmer people.

Vietnam cannot control Khmer people, but Vietnam can use a dumb Khmer named Hun Sen to implement all Vietnam's strategic plans to swallow Cambodia.


Anonymous said...

We all know Hun Sen will blame Sam Rainsy for the EBA withdrawal. He said Sam Rainsy made EU to do it to harm the people.

But the truth is, it is to punish Hun Sen.