Sunday, 2 February 2020

ប្រទេស​នានា​ចេញ​វិធានការណ៍​តឹងរ៉ឹង ក្រោយ WHO ប្រកាស​អាសន្ន​ករណី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី


ដោយ មាន ឫទ្ធិ
2020-02-01

មន្ត្រី​ជាន់ខ្ពស់​​អង្គការ​សុខភាព​ពិភពលោក។
មន្ត្រី​ជាន់ខ្ពស់​​អង្គការ​សុខភាព​ពិភពលោក។
 AFP



អង្គការ​សុខភាព​ពិភពលោក World Health Organization ឬ WHO កាលពី​ថ្ងៃ​ទី​៣០ មករា បានសម្រេច​ប្រកាស​ដាក់​ករណី​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ជា​បញ្ហា​អាសន្ន​សាកល​ផ្នែក​សុខភាព​។ តើ​រដ្ឋាភិបាល​ប្រទេស​នានា​នៅ​លើ​ពិភពលោក កំពុង​ចាត់​វិធានការណ៍​យ៉ាង​ណាខ្លះ​ដែរ ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ?

ការ​ប្រកាស​ភាព​អាសន្ន​ជា​សាកល​ផ្នែក​សុខភាព​របស់​អង្គការ WHO នេះ ធ្វើឡើង​ក្នុង​រយៈពេល​ប្រមាណ​តែ ១​ខែ​ប៉ុណ្ណោះ ក្រោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ បាន​ផ្ទុះ​រាលដាល​ដោយមាន​ប្រភព​ដើម​ចេញ​ពី​ទីក្រុង វូហាន (Wuhan) ប្រទេស​ចិន កាល​ពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩។

ទោះបី​មានការ​ប្រកាស​អាសន្ន​នេះ​ក៏ដោយ ក៏​អង្គការ​សុខភាព​ពិភពលោក មិន​បាន​តម្រូវ ឬ​ផ្ដល់​អនុសាសន៍​ឱ្យ​ប្រទេស​នានា​ត្រូវតែ​រឹតត្បិត ឬ​ហាមប្រាម​រាល់​ការ​ធ្វើ​ដំណើរ ឬ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នោះ​ទេ​។ ក៏ប៉ុន្តែ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​តម្រូវ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវ​ចែកចាយ​រាល់​ព័ត៌មាន​ដែល​ខ្លួន​មាន​ទាំងអស់​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ ស្របតាម​បញ្ញត្តិ​អន្តរជាតិ។ ជាមួយ​គ្នា​នេះ ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក ត្រូវ​ត្រៀមខ្លួន​បង្ហារ និង​ទប់ស្កាត់​កុំ​ឱ្យ​វីរុស​នេះ​ឆ្លង​រាលដាល​តទៅទៀត តាមរយៈ​ការ​បន្ត​តាមដាន ការ​ប្រកាស​ទុកជាមុន ការ​ដាក់​អ្នកជំងឺ​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ ឬ​ការគ្រប់គ្រង​ករណី​ឆ្លង​វីរុស​នេះ ជាដើម​។ ជាពិសេស ប្រទេស​នីមួយៗ ត្រូវ​ផ្ដោត​ការ​យក​ចិត្តទុកដាក់ កាត់​បន្ថយ​កុំ​ឱ្យ​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ឬ​រីក​រាលដាល​ជា​អន្តរជាតិ ហើយ​ចូលរួម​ចំណែក​ក្នុង​ការ​ឆ្លើយតប​ជា​អន្តរជាតិ តាមរយៈ​ការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ និង​ចូលរួម​ក្នុង​ពង្រីក​ចំណេះដឹង​អំពី​វីរុស និង​ជំងឺ​នេះ និង​ការស្រាវជ្រាវ​បន្ថែម​ទៀត​។ អង្គការ​សុខភាព​ពិភពលោក ក៏បាន​តម្រូវ​ឱ្យ​ប្រទេស​ដែល​ចេញ​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ដែល​ផ្ទុះ​មេរោគ​នេះ ត្រូវ​ជូនដំណឹង​ដល់​អង្គការ​នេះ ហើយ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ចំណាត់​ការ​ណាមួយ ដែល​អាច​បង្ក​ឱ្យ​មានការ​រើសអើង ឬ​ស្លាកស្នាម​ទុរយស ដល់​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយសារតែ​ការ​ផ្ទុះ​វីរុស​ប្រភេទ​ថ្មី​នេះ។



ឆ្លើយតប​នឹង​ការ​ប្រកាស​អាសន្ន​ជា​សាកល​នេះ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវណ្ណ ប្រាប់​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃ​ទី​៣១ មករា ថា បន្ថែម​ពីលើ​វិធានការណ៍​ដែល​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ ក្រសួង​បាន​ធ្វើ​តាម​រាល់​ការណែនាំ​ទាំងអស់​របស់​អង្គការ WHO នេះ​ហើយ ក្នុង​នោះ​មានការ​ពង្រឹង​ការ​ផ្សព្វផ្សាយ​អប់រំ ការ​ផ្លាស់ប្តូរ​ព័ត៌មាន និង​ការ​ផ្លាស់ប្តូរ​ចំណេះដឹង និង​ការស្រាវជ្រាវ​អំពី​មេរោគ​នេះ​ជាដើម​។ លោក​ថា ផ្អែក​តាម​អង្គការ WHO នេះ កម្ពុជា​មិនបាន​ដាក់​បម្រាម​ពលរដ្ឋ​កម្ពុជា មិន​ឱ្យ​ធ្វើដំណើរ​ទៅ​ចិន​នោះ​ទេ៖ «អង្គការ​សុខភាព​ពិភពលោក អត់​ឱ្យ​ហាម​ទេ អ៊ីចឹង​យើង​ធ្វើ​តាម​គាត់។ គ្រាន់តែ​ថា យើង​ក៏​មិន​ហាម​ដែរ ប៉ុន្តែ យើង​ថា បើ​មិន​ចាំបាច់​មិន​គួរ​ធ្វើដំណើរ​ទៅ​នោះ​ទេ​។ ប៉ុន្តែ បើសិនជា​ចាំបាច់​ទៅ ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​សុខភាព​របស់​គាត់ ដូចជា​កុំ​ទៅ​កន្លែង​ណា​ដែល​គេ​ប្រកាស​ថា មាន​រាតត្បាត កុំ​ទៅ​ប៉ះពាល់​អ្នក​ឈឺ ឬ​អ្នកមាន​ជំងឺ​ផ្លូវ​ដង្ហើម»។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ បញ្ជាក់​ថា បច្ចុប្បន្ន​តួលេខ​ចុងក្រោយ​ត្រឹម​យប់​ថ្ងៃ​ទី​៣១ មករា នៅ​កម្ពុជា មានតែ​ជនជាតិ​ចិន​១​រូប​ដដែល​នោះ​ទេ ដែល​ឆ្លង​មេរោគ​នេះ ពុំ​មាន​ករណី​ថ្មី​ឡើយ។ យ៉ាងណាក៏ដោយ លោក​ថា ក្រសួងសុខាភិបាល​កំពុង​បន្ត​តាមដាន​សុខភាព​យ៉ាង​ដិតដល់​លើ​មនុស្ស​ប្រមាណ​ជា ១០០ នាក់ ដែល​ជា​មុខសញ្ញា​សង្ស័យ ហើយ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​បិទ​ជើង​ហោះហើរ​ទៅមក​រវាង​ចិន និង​កម្ពុជា​វិញ អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ជា អូន អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល ដើម្បី​សុំ​ព័ត៌មាន​ចុងក្រោយ​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ កន្លង​មក លោក​ធ្លាប់​ប្រាប់​ថា កម្ពុជា​បិទ​តែ​ជើង​ហោះហើរ​តែ​ពី​ទីក្រុង​វូហាន​មួយ​តែប៉ុណ្ណោះ​ដែល​ជា​កន្លែង​ផ្ទុះ​មេរោគ​នេះ រីឯ​ចំណុច​ដទៃ​ទៀត​នៅ​រក្សា​ការហោះហើរ​ដដែល។ ដូចគ្នា​នេះ​ដែរ លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស ប្រាប់​អាស៊ីសេរី​ថា លោក​មិន​មាន​អ្វី​បន្ថែម​នោះ​ទេ ក្រៅ​ពី​​អ្វី​ដែល​ក្រសួង​ធ្លាប់​ប្រកាស​ថា នឹង​មិន​មាន​ចំណាត់​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ជា​និស្សិត​២៣​នាក់ ដែល​កំពុង​ជាប់​នៅ​ក្រុង​វូហាន​នោះ​ឡើយ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។ Photo: RFA


លើស​ពី​នោះ​ទៀត នៅ​មួយ​ថ្ងៃមុន​អង្គការ WHO ប្រកាស​អាសន្ន លោក ហ៊ុន សែន ចេញមុខ​អះអាង​ថា កម្ពុជា​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ចិន​នោះ​ទេ ព្រោះ​វិធានការ​នេះ ជា​ការ​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក ហ៊ុន សែន ថែមទាំង​អំពាវនាវ​កុំ​ឱ្យ​និស្សិត​ខ្មែរ​វិល​មក​កម្ពុជា​វិញ ដោយ​ត្រូវ​នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ហើយ​លោក​ថែមទាំង អំពាវនាវ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ភ័យ​ជ្រុល​ហួស​ហេតុ​ពេក៖ «អត់​មាន​តម្រូវការ​ទាក់ទិន​នឹង​ការបញ្ឈប់​ជើង​ហោះហើរ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សម្លាប់​សេដ្ឋកិច្ច​ខ្មែរ និង​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​។ អត់​មាន​តម្រូវការ​នៃ​ការ​ជម្លៀស​និស្សិត​ខ្មែរ អ្នកការទូត​ខ្មែរ កុងស៊ុល​ខ្មែរ នៅ​តាម​បណ្ដា​ទីកន្លែង​នានា​មកកាន់​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទីនោះ ដែល​ជា​ការ​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។ ហើយ​ប្រសិនបើ​ជម្លៀស​និស្សិត បានជា​ជ្រុល​ជម្លៀស​ហើយ បាន​សេចក្តី​ថា មិន​ចាំបាច់​សុំ​អាហារូបករណ៍​ចិន​ទៀត​ទេ​។ ច្បាស់​ជា​ចិន​នឹង​មិន​ឱ្យ​ទេ​។ អាហ្នឹង ខ្ញុំ​ប៉ាន់ស្មាន​ទុក ខ្ញុំ​មិន​ដឹង​ថា ចិន​គាត់​គិត​យ៉ាងម៉េច​ទេ ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ជា​ចិន ក៏​ខ្ញុំ​អត់​ឱ្យ​អ្នកឯង​ទៀត​ទេ»។​

លោក ហ៊ុន សែន ទំនងជា​មេដឹកនាំ​ទី​មួយ​ហើយ​នៅ​លើ​ពិភពលោក ដែល​ចេញ​មុខ​មក​ថ្លែង​សារ​បែប​នេះ ដោយ​មិន​ត្រឹមតែ​មិន​ចាត់វិធានការ​បិទ​ជើង​ហោះហើរ ឬ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្លួន​នៅ​រួមសុខ​រួម​ទុក​ជាមួយ​ចិន​នេះ​។ សារ​របស់​លោក ហ៊ុន សែន នេះ រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក ស្រប​ពេល​ដែល​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភពលោក កំពុង​ចាត់​វិធានការណ៍​ផ្ទុយ​ពី​នេះ តាមរយៈ​ការ​ខ្នះខ្នែង​ជម្លៀស​ពលរដ្ឋ​ខ្លួន និង​បិទ​ជើង​ហោះហើរ ឬ​ព្រំដែន​ជាមួយ​ប្រទេស​ចិន។

អ្នកប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ដាក់​គណនី​ឈ្មោះ «​សេង រតនា (Seng Ratana)» សរសេរ​ឌឺដង​ថា «​សាក​បញ្ជូន​ពួក [​គាត់​] ទៅកាន់​វហាន ៣​ថ្ងៃ​ល​មើល ហើយ​កុំ​ឱ្យ​ពាក់​ម៉ាស់​ឱ្យ​សោះ​!»​។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​មួយ​រូប​ទៀត ដាក់​គណនី​ឈ្មោះ «​តារា សុវណ្ណ​» សរសេរ​ថា​៖ «​ជាតិខ្មែរ​មាន​សំណាង​ណាស់​ដែល​មាន​នាយករដ្ឋមន្ត្រី​ដែល​ស្រលាញ់​ជាតិ និង​មិត្ត​បរទេស​បែបនេះ​។​» លោក​សរសេរ​បន្ត​ថា «​ប្រជាជន​ខ្មែរ​សង្ឃឹមថា សម្ដេច និង​លោកជំទាវ​ព្រមទាំង​ក្រុម​គ្រួសារ​រួម​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្លេច​តេជោ ចុះទៅ​ទីក្រុង​វូហាន ប្រទេស​ចិន ដោយ​ផ្ទាល់​ដើម្បី​សួរសុខទុក្ខ​ក្រុម​និស្សិត​ខ្មែរ ឬ​ជួយ​ព្យាបាល​ជំងឺ​ដល់​មហាមិត្ត​ចិន ដែល​ផ្ទុក​មេរោគ​កូរ៉ូណា។ គឺ​សម្ដេច​និង​ក្រុម​គ្រួសារ​មិន​រត់ចោល​ពួកគាត់ និង​រួមសុខ​រួម​ទុក្ខ​ក្នុង​គ្រា​ដែល​មហាមិត្ត​ជួប​ផល​លំបាក»។

ពលរដ្ឋ​ក្មេង​ចាស់​ចំនួន​ភាគ​ច្រើន​នៅ​ក្រុង​ភ្នំពេញ នាំ​គ្នា​ពាក់​ម៉ាស់​បង្ការ​ការ​ឆ្លង​មេរោគ កូរ៉ូណា​វីរុស ប្រភេទ​ថ្មី (Coronavirus) ខណៈ​កម្ពុជា​មាន ១ករណី ម៉ាស់​ឡើង​ថ្លៃ​ទ្វេ​ដង។ រូប៖ ពលរដ្ឋ
ពលរដ្ឋ​ក្មេង​ចាស់​ចំនួន​ភាគ​ច្រើន​នៅ​ក្រុង​ភ្នំពេញ នាំ​គ្នា​ពាក់​ម៉ាស់​បង្ការ​ការ​ឆ្លង​មេរោគ កូរ៉ូណា​វីរុស ប្រភេទ​ថ្មី (Coronavirus) ខណៈ​កម្ពុជា​មាន ១ករណី ម៉ាស់​ឡើង​ថ្លៃ​ទ្វេ​ដង។ រូប៖ ពលរដ្ឋ


យ៉ាងណាក៏ដោយ ចំណាត់​ការ​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ចិន និង​ការ​មិន​បិទ​ជើង​ហោះហើរ​ពី​ចិន​នេះ ហាក់​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​នានា​កំពុង​ខ្នះខ្នែង​យកចិត្តទុកដាក់​ទៅលើ​ពលរដ្ឋ​ខ្លួន ដែល​កំពុង​ជាប់​នៅ​ចិន​នេះ​។ ជប៉ុន និង​សហរដ្ឋអាមេរិក គឺជា​ប្រទេស​ពីរ​ដំបូង​គេ​បង្អស់ ដែល​បាន​ចាប់ផ្តើម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​តំបន់​ស្នូល​នៃ​ការ​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​មកពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ក្រុង​វូហាន ប្រទេស​ចិន​។ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​ព្រហស្បតិ៍ ក្រោយពេល​អង្គការ​សុខ​ភាព​ពិភពលោក​ប្រកាស​អាសន្ន បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ខ្លួន​កុំ​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ដោយសារតែ​ការ​គំរាមកំហែង​នៃ​មេរោគ​ថ្មី​នេះ ដោយ​បាន​ដំឡើង​កម្រិត​ឱ្យ​ពលរដ្ឋ​ខ្លួន​ប្រុង​ជើងការ​នេះ ទៅ​កម្រិត​ខ្ពស់​បំផុត​ពណ៌​ក្រហម។

ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) រាយការណ៍​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ មករា រដ្ឋាភិបាល​ប្រទេស​កាន់តែ​ច្រើន​ឡើងៗ​នៅ​លើ​ពិភពលោក​សរុប​មិន​តិច​ជាង ១៥​ប្រទេស​ទេ រួម​ទាំង​សហភាព​អឺរ៉ុប​ផង កំពុង​អនុវត្ត​យុទ្ធនាការ​ជម្លៀស ឬ​មាន​ផែនការ​ជម្លៀស​បុគ្គលិក​ការទូត និង​ពលរដ្ឋ​របស់​ខ្លួន ចេញពី​តំបន់​ខ្លះ​នៅ​ប្រទេស​ចិន ដែល​កំពុង​រង​ផ្ទុះ​រាលដាល​នៃ​វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ។ ក្រៅពី​ជប៉ុន និង​សហរដ្ឋអាមេរិក រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​រួម​មាន​៖ កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ស្វីស ហូឡង់ ម៉ារ៉ុ​ក រុស្ស៊ី អូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង កាហ្សាក់ស្ថាន ឥណ្ឌូណេស៊ី និង ថៃ ជាដើម​។ ដោយឡែក ប្រទេស​មួយ​ចំនួន​ដែល​មាន​ព្រំប្រទល់​ដីគោក​ជាប់​ជាមួយ​ប្រទេស​ចិន បានសម្រេច​បិទ​ច្រក​ព្រំដែន​ទាំងអស់ ឬ​ដោយ​ផ្នែក​ជាមួយ​ចិន ក្នុង​នោះ​មាន​ប្រទេស​រុស្ស៊ី អាហ្វកានីស្ថាន ឡាវ នេប៉ាល់ កូរ៉េខាងជើង និង​ប៉ាគីស្ថាន​ជាដើម។


ក្រាហ្វិក​ព័ត៌មាន​៖ វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ចិន៖ ការជម្លៀស​ពលរដ្ឋ​បរទេស (ត្រឹម​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២០)
ក្រាហ្វិក​ព័ត៌មាន​៖ វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ចិន៖ ការជម្លៀស​ពលរដ្ឋ​បរទេស (ត្រឹម​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២០)។ ក្រាហ្វិក៖ AFP


ក្រៅពី​វិធានការណ៍​ទាំងនេះ ផ្អែក​តាម​ព័ត៌មាន​ចុងក្រោយ គិត​ត្រឹម​ថ្ងៃ​ទី​៣១ មករា យ៉ាង​ហោចណាស់ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ក្នុង​លោក​មិន​តិច​ជាង ១០​ក្រុមហ៊ុន​នោះ​ទេ បាន​សម្រេច​បិទ​រាល់​ជើង​ហោះហើរ​ត្រង់​ទាំងអស់​ទៅកាន់ និង​មក​ពី​ប្រទេស​ចិន​។ ក្នុង​នោះ​មាន ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ អង់គ្លេស អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណាម ជាដើម​។ ក្រៅពីនោះ ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត​នៅ​លើ​ពិភពលោក ក៏បាន​ប្រកាស​ផ្អាក​ជើង​ហោះហើរ​ត្រង់ ដោយ​ផ្នែក​ទៅកាន់ និង​មកពី​ប្រទេស​ចិន ឬ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​នេះ​ខណៈ​ក្រុមហ៊ុន​ខ្លះ​ទៀត​បាន​កាត់បន្ថយ​ជើង​ហោះ​ហើរ។

តួលេខ​ចុងក្រោយ​ឱ្យ​ដឹងថា គិត​ត្រឹម​​ថ្ងៃ​ទី​៣១ មករា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ សរុប​មាន ២១៣​នាក់ ដែល​សុទ្ធ​សឹង​ជា​ជន​ជាតិ​ចិន​ទាំងអស់​។ ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​នៅ​ចិន​សរុប​មាន​ជាង ៩​ពាន់ ១​រយ​នាក់ ខណៈ​មេរោគ​នេះ​បាន​វាយលុក ឬ​រីក​រាលដាល​ទៅកាន់​គ្រប់​តំបន់​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​។ នៅ​ទូទាំង​ពិភពលោក យ៉ាងហោចណាស់ ប្រទេស ឬ​ដែនដី​សរុប​ចំនួន ១៩ បាន​បញ្ជាក់​ពី​ករណី​ឆ្លង​មេរោគ​នេះ៕

No comments: