Tuesday 17 March 2020
មន្ទីរសុខាភិបាលតាមខេត្តបញ្ជូនជាបន្តបន្ទាប់ សំណាកជនជាតិចាមដែលត្រឡប់មកពីម៉ាឡេស៊ី ដើម្បីពិនិត្យរកកូវីដ១៩
ដោយ អាស៊ីសេរី
2020-03-16
អ្នកជំនាញសុខាភិបាលកំពុងបំពេញការងារក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រ។
រូប៖ ក្រសួងសុខាភិបាល
មន្ទីរសុខាភិបាលតាមខេត្តបានបញ្ជូនសំណាកជនជាតិចាមទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រជាបន្តបន្ទាប់ ក្រោយពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅលើសាសនិកឥស្លាម ដែលបានទៅចូលរួមពិធីសាសនាដ៏ធំមួយ នៅប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗ នេះ។ សង្គមស៊ីវិលអំពាវនាវដល់ក្រសួងសុខាភិបាលឱ្យបញ្ចេញព័ត៌មានលម្អិតអំពីករណីជនជាតិចាមទាំងនេះ ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។
អាជ្ញាធរសុខាភិបាលនៅតាមខេត្តមួយចំនួនឱ្យដឹងថា ពួកគេបានសម្រេចបញ្ជូនសំណាកជនជាតិចាមដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រហើយ បើទោះបីជាជនជាតិចាមទាំងនោះមិនទាន់លេចចេញរោគសញ្ញាជំងឺកូវីដ១៩ ក៏ដោយ។
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ឱ្យអាស៊ីសេរីដឹងថា ក្រុមការងាររបស់លោកបានបញ្ជូនសំណាករបស់ជនជាតិចាម ៣នាក់ ដែលបានចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ទៅពិនិត្យរកជំងឺកូវីដ១៩ ហើយ នៅថ្ងៃទី១៦ មីនា។ លោកបញ្ជាក់ថា លទ្ធផលអាចនឹងដឹងនៅថ្ងៃទី១៧ មីនា ហើយក្រសួងសុខាភិបាលជាអ្នកប្រកាសពីលទ្ធផលនៃការធ្វើសំណាកនេះ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ឱ្យដឹងទៀតថា ជនជាតិចាមទាំង ៣នាក់នោះ មិនមែនជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងនោះទេ។ លោកថា ពួកគាត់ ២នាក់ជាអ្នករស់នៅក្រុងកំពត ខេត្តកំពត និងម្នាក់ទៀតជាអ្នកស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ជនជាតិចាមទាំង៣ បានធ្វើដំណើរមកដល់ខេត្តកោះកុង ដើម្បីជួបជុំជាមួយសហគមន៍ចាមផ្សេងទៀត ប៉ុន្តែដោយសារសហគមន៍ចាមបានដឹងពីការអំពាវនាវរបស់អាជ្ញាធរ ទើបពួកគេជំរុញឱ្យអ្នកទាំង៣ មកពិនិត្យសុខភាពនៅមន្ទីរពេទ្យខេត្តកោះកុង។ លោកអះអាងថា ពេលនេះអ្នកទាំង៣ មានសុខភាពល្អធម្មតាទេ ហើយពួកគាត់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅពីអ្នកដទៃ៖ «ដាក់ក្នុងបន្ទប់នៅសហគមន៍ឥស្លាមគាត់ហ្នឹង គាត់មានវិហារមានបន្ទប់ អ៊ីចឹងដាក់ដាច់ដោយឡែក ៣នាក់ហ្នឹង ក្រោមការត្រួតពិនិត្យរបស់ពេទ្យ សហការជាមួយអាជ្ញាធរជាមួយនឹងក្រសួង។ យើងតាមរហូត ដល់ម៉ោងនេះ គឺអត់មានរោគសញ្ញាអ្វីទេ។ គ្រាន់តែបារម្ភគាត់ គាត់នៅក្នុងក្រុមមកពីកូឡាឡាំពួរ គាត់ទៅបុណ្យដែរ តែប៉ុណ្ណឹងអ៊ីចឹង»។
ដោយឡែក នៅឯខេត្តបាត់ដំបងវិញ ប្រធានមន្ទីរសុខាភិបាលខេត្តនេះ គឺលោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត ឱ្យអាស៊ីសេរីដឹងថា មន្ត្រីរបស់លោកបានបញ្ជូនសំណាកជនជាតិចាម ៦នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័ររួចហើយ នៅថ្ងៃទី១៦ មីនា។ លោកបញ្ជាក់ថា មន្ត្រីសុខាភិបាលបានដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកសិន ដើម្បីរង់ចាំលទ្ធផល។
ចំណែក នៅខេត្តព្រះវិហារឯណោះវិញ អាជ្ញាធរសុខាភិបាលខេត្តនេះ បានយកជនជាតិចាម ២នាក់ទៅថែទាំ និងព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា ដែលជាមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពេលក្រសួងបានប្រកាសនៅយប់ថ្ងៃទី១៥ មីនាថា លទ្ធផលវិភាគបង្ហាញថា ពួកគាត់ទាំង ២នាក់ មានផ្ទុកជំងឺកូវីដ១៩។ មន្ទីរសុខាភិបាលខេត្តព្រះវិហារឱ្យដឹងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៦ មីនាថា ជនជាតិចាមដែលផ្ទុកជំងឺកូវីដ១៩ នោះ ម្នាក់អាយុ ៣៥ឆ្នាំ និងម្នាក់ទៀត អាយុ ៣៩ឆ្នាំ ហើយអ្នកទាំងពីររស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារឱ្យដឹងទៀតថា អាជ្ញាធរកំពុងតាមដានស្រាវជ្រាវរកអ្នកដែលរស់នៅជិតស្និទ្ធ និងប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺទាំងពីរនាក់នេះ។
ខេត្តព្រះវិហារ មានជនជាតិចាមចំនួន១០ នាក់ បានទៅចូលរួមពិធីសាសនាឥស្លាមនៅប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ ហើយពួកគេបានត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៣ មីនា។ លុះដល់ថ្ងៃទី១៤ មីនា ក្រោយពេលផ្ទុះព័ត៌មានថា អ្នកទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ីជាច្រើននាក់ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ មន្ទីរសុខាភិបាលខេត្តព្រះវិហារក៏បានយកសំណាកពលរដ្ឋចំនួន ៨នាក់ ទៅពិនិត្យ ហើយលទ្ធផលចេញមកគឺវិជ្ជមាន ២នាក់។ ដោយឡែកជនជាតិចាម២ នាក់ទៀត ក្រសួងសុខាភិបាលបញ្ជាក់ថា មានម្នាក់បានចេញទៅខេត្តស្ទឹងត្រែង ហើយមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានយកសំណាកវត្ថុវិភាគពីបុគ្គលនោះរួចហើយ នៅថ្ងៃទី១៥ មីនា ចំណែកនៅសល់ម្នាក់ទៀតនោះ មន្ទីរសុខាភិបាលខេត្តព្រះវិហារត្រូវបញ្ជូនសំណាកមកពិនិត្យនៅថ្ងៃទី១៦ មីនា។
គិតត្រឹមពេលនេះ ចំនួនអ្នកចូលរួមក្នុងពិធីជួបជុំបែបសាសនាឥស្លាមនៅជិតទីក្រុងកូឡាឡាំពួរ ដែលបានឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជាង ២០០នាក់ហើយ ក្នុងនោះប្រមាណ ១៩០នាក់ ជាពលរដ្ឋម៉ាឡេស៊ី ១២នាក់ជាពលរដ្ឋប្រ៊ុយណេ ២នាក់ជាពលរដ្ឋសិង្ហបុរី ហើយ ២នាក់ទៀតជាពលរដ្ឋកម្ពុជា។ ទោះជាយ៉ាងណា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ អាចនឹងមានច្រើនជាងនេះទៅទៀត ពីព្រោះកម្មវិធីនោះ មានអ្នកចូលរួមរហូតដល់ទៅជាង ១ម៉ឺន ៦ពាន់នាក់ ហើយក្នុងនោះមាន ៧៩នាក់ ជាពលរដ្ឋកម្ពុជា។
ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី១៦ មីនា ក្រសួងសុខាភិបាលមិនទាន់បានផ្ដល់ព័ត៌មានលម្អិតជូនសាធារណជនថា តើមានជនជាតិចាមប៉ុន្មាននាក់ ដែលត្រូវបានយកសំណាកទៅវិភាគនោះឡើយ ក្រៅពីជនជាតិចាម ១០នាក់ នៅខេត្តព្រះវិហារនោះ។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងអ្នកនាំពាក្យ លោក លី សូវ៉ាន់ ប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទនោះទេ។ ជាមួយគ្នានេះ អាស៊ីសេរីក៏បានព្យាយាមទាក់ទងទៅមន្ទីរសុខាភិបាលតាមខេត្តមួយចំនួនដែលមានពលរដ្ឋចាមរស់នៅច្រើន ដូចជា នៅខេត្តកណ្ដាល កំពត កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ជាដើម ដើម្បីសាកសួរថា តើនៅក្នុងតំបន់ទាំងនោះមានជនជាតិចាមបានទៅចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី ដែរ ឬមួយក៏អត់? ហើយបើមានថា តើខាងមន្ទីរបានយកសំណាករបស់ពួកគេទៅធ្វើការវិភាគ ហើយឬនៅ? ក៏ប៉ុន្តែ ប្រធានមន្ទីរសុខាភិបាលតាមខេត្តទាំងនេះ មិនបានលើកទូរស័ព្ទនោះឡើយ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការឥស្លាម លោក អូស្មាន ហាស្សាន់ ធ្លាប់ឱ្យអាស៊ីសេរីដឹងថា ជនជាតិចាមដែលបានទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ីនោះ មាន ១១នាក់ នៅខេត្តកំពង់ឆ្នាំង ១០ នាក់នៅខេត្តព្រះវិហារ និង៦ នាក់នៅខេត្តបាត់ដំបង ចំណែកមនុស្ស៥២ នាក់ទៀត លោកមិនដឹងប្រាកដនោះទេ។ លោកថា ពួកគេរស់នៅតាមបណ្ដាខេត្តនានា ហើយបានចាប់ផ្ដើមប្រកបរបររៀងៗ ខ្លួនវិញ តាំងពីពេលមកដល់កម្ពុជាវិញនៅដើមខែមីនា។
គិតត្រឹមថ្ងៃទី១៦ មីនា តួលេខដែលអាស៊ីសេរីប្រមូលបានពីអាជ្ញាធរសុខាភិបាលខេត្តបាត់ដំបង និងខេត្តកោះកុង បូករួមជាមួយតួលេខដែលក្រសួងបានប្រកាស មានជនជាតិចាមតែ ១៩នាក់ប៉ុណ្ណោះ ដែលត្រូវបានយកសំណាកមកពិនិត្យ ហើយចេញលទ្ធផលវិជ្ជមានផ្ទុកកូវីដ១៩ ចំនួន ២នាក់។ ដោយឡែក ជនជាតិចាម ៦០នាក់ផ្សេងទៀត ដែលបានទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ីដែរនោះ មិនទាន់ដឹងថា តើអាជ្ញាធរបានរកពួកគាត់ឃើញ ហើយឬនៅ ឬមួយក៏ថា តើអាជ្ញាធរសុខាភិបាលបានពិនិត្យសុខភាពឱ្យពួកគាត់ហើយ ឬនៅនោះទេ ពីព្រោះសប្ដាហ៍នេះជាអំឡុងពេលដែលអាចចេញរោគសញ្ញា ប្រសិនបើពួកគាត់ណាម្នាក់បានឆ្លងជំងឺកូវីដ១៩ ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ដំណាក់កាលនេះ ក្រសួងសុខាភិបាលគួរតែបង្ហាញព័ត៌មានលម្អិតអំពីករណីជនជាតិចាមទាំងអស់ ដែលបានទៅធ្វើពិធីសាសនានៅប្រទេសម៉ាឡេស៊ី ដើម្បីសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់៖ «តាមពិតព័ត៌មានហ្នឹង គួរតែផ្សព្វផ្សាយជាសាធារណៈហើយ ដើម្បីត្រៀមលក្ខណៈក្នុងការការពារខ្លួនអ៊ីចឹង ប៉ុន្តែសំណួរខ្ញុំសួរថា តើវាជារឿងមួយដែលអាជ្ញាធររដ្ឋយើងលាក់ ឬក៏គាត់រកអត់ទាន់ឃើញ។ អាហ្នឹងវាជាចំណុចមួយដែលយើងពិចារណាដែរ។ ខ្ញុំខ្លាចតែគាត់រកអត់ទាន់ឃើញច្រើនជាង។ បើគាត់មានព័ត៌មានជាក់លាក់ ប្រហែលជាគាត់ប្រកាសឱ្យដឹងដែរ»។
អ្នកការពារសិទ្ធិមនុស្ស លោក មឿន តុលា អំពាវនាវដល់មន្ត្រីសុខាភិបាលគួរតែសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណជនជាតិចាមទាំងនោះ ហើយយកពួកគាត់មកពិនិត្យសុខភាព ដើម្បីព្យាបាលបានទាន់ពេលវេលា ក្នុងករណីដែលពួកគាត់ឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ លោកជំរុញឱ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើសង្ស័យ ឬដឹងថា សាសនិកឥស្លាមណាម្នាក់ បានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ហើយមិនទាន់ទទួលបានការពិនិត្យសុខភាពពីមន្ត្រីសុខាភិបាល។
គិតត្រឹមថ្ងៃទី១៦ មីនា ក្រសួងសុខាភិបាលបានរកឃើញជំងឺកូវីដ១៩ នៅកម្ពុជាចំនួន ១៣ករណីហើយ ក្នុងនោះ ៥នាក់ ជាពលរដ្ឋខ្មែរ និង ៨ករណីគឺជាជនបរទេស៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment