Thursday, 19 March 2020
អាមេរិករកឃើញថា ជំងឺកូវីដ-១៩ អាចឆ្លងស្ងាត់ៗតាមមនុស្សដែលគ្មានរោគសញ្ញា ឬអត់ឈឺសោះ
ដោយ មាន ឫទ្ធិ
2020-03-19
រូបតំណាងមេរោគ កូរ៉ូណាវីរុស (Coronavirus) ឬហៅម្យ៉ាងទៀតថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
AFP
ការសិក្សាចុងក្រោយរបស់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវេជ្ជសាស្ត្រ ដើម្បីស្វែងយល់អំពីជំងឺ រាតត្បាតកូវីដ-១៩ រកឃើញថា មេរោគ SARS-CoV-2 ដែលអាចបង្កឱ្យកើតជំងឺរលាកផ្លូវដង្ហើមកូវីត១៩ អាចចម្លងស្ងាត់ៗពីមនុស្សដែលគ្មានបង្ហាញរោគសញ្ញាទាល់តែសោះ ឬដែលគេហៅថា Silent Transmission។ ក្រុមអ្នកវិទ្យាសាស្ត្រក៏រកឃើញដែរថា មេរោគដ៏កាចសាហាវមួយនេះ អាចរស់ក្នុងខ្យល់ និងនៅតាមទីកន្លែងសាធារណៈ ឬផ្ទៃនានាបានជាច្រើនម៉ោង ឬច្រើនថ្ងៃ ដែលអាចបង្កការចម្លងដល់មនុស្សទាំងឡាយណាដែលបានប៉ះពាល់វាដោយផ្ទាល់។
ការសិក្សាស្រាវជ្រាវថ្មីមួយដោយអ្នកស្រាវជ្រាវផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia University) បោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ Science Magazine កាលពីថ្ងៃទី១៦ មីនា រកឃើញថា ការចម្លងដោយស្ងាត់ៗពីមនុស្សដែលគ្មានបង្ហាញរោគសញ្ញា គឺរឿងពិត ហើយក៏ជាកត្តាសំខាន់មួយក្នុងការបណ្ដាលឱ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩នេះផង។ ការណ៍នេះ បណ្ដាលឱ្យមេរោគនេះ អាចរីករាលដាលបានយ៉ាងឆាប់រហ័ស ដោយគ្មានការដឹងមុន ហើយដែលភាគច្រើនត្រូវគេមើលរំលង។
តាមរយៈការសិក្សានេះ ក្រុមអ្នកវិទ្យាសាស្ត្រខាងផ្នែកជំងឺឆ្លង Epidemiologists បានពិនិត្យ លើករណីឆ្លងចំនួន ៩១ ករណីនៅក្នុងប្រទេសសិង្ហបុរី។ ពួកគេរកឃើញថា ៤៨%នៃមនុស្សដែលឆ្លងជំងឺកូវីដ-១៩ បានកើតជំងឺនេះ ដោយសារការឆ្លងពីមនុស្ស ដែលពុំធ្លាប់ឈឺ ឬគ្មានរោគសញ្ញាអ្វីទាល់តែសោះ។ ដូចគ្នានេះដែរ ការសិក្សាទៅលើករណីឆ្លងចំនួន ១៣៥ករណី នៅខេត្ត ធៀនជិន (Tianjin) ប្រទេសចិន រកឃើញថា ៦២% នៃអ្នកកើតជំងឺនេះ ទំនងជាឆ្លងជំងឺនេះ មកពីមនុស្សដែលពុំមានរោគសញ្ញាឈឺទាល់តែសោះ។
បើទោះជាមានលទ្ធផលបញ្ជាក់យ៉ាងដូច្នេះក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រថា របកគំហើញនេះ នៅជារបកគំហើញបឋមនៅឡើយ ខណៈមេរោគនេះកំពុងវិវឌ្ឍ និងមានរឿងរ៉ាវ អាថ៌កំបាំងជាច្រើនដែលក្រុមអ្នកវិទ្យាសាស្ត្រ នៅមិនទាន់បានសិក្សាស្វែងយល់ អស់ពីមេរោគនេះនៅឡើយ។
ជាដំណោះស្រាយ ការសិក្សានេះ ផ្ដល់ដំបូន្មានថា ការធ្វើតេស្តរកមេរោគនេះ គឺជារឿងសំខាន់ ដើម្បីបញ្ចៀសក្តីមន្ទិលនានា។ ដូចគ្នានេះដែរ វិធានការតម្រូវឱ្យអ្នកជំងឺនៅដាច់ដោយឡែក ពីគេ និងការអនុវត្តការនៅឆ្ងាយពីគ្នាក្នុងសង្គម ដោយឱ្យមនុស្សនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការប្រមូលផ្តុំគ្នាច្រើននៅតាមកន្លែងសាធារណៈ ដូចជាភោជនីយដ្ឋាន ផ្សារ កន្លែងធ្វើការជាដើម ឬដែលគេហៅថា Social Distancing អាចចូលរួមជួយកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីត-១៩នេះបានច្រើន។
ទន្ទឹមគ្នានេះ ដែរ ការសិក្សាស្រាវជ្រាវចុងក្រោយមួយទៀត ទើបនឹងចុះផ្សាយដោយព្រឹត្តិបត្រ វេជ្ជសាស្ត្រ The New England Journal of Medicine របស់អាមេរិក កាលពីថ្ងៃទី១៧ ខែមីនា រកឃើញថា មេរោគ SARS-CoV-2 អាចរស់នៅបាននៅក្នុងខ្យល់ និងនៅតាមទីកន្លែងសាធារណៈ ឬផ្ទៃនានាបានជាច្រើនម៉ោង ឬច្រើនថ្ងៃ។ ការសិក្សាបញ្ជាក់ថា មេរោគដែលអាចបង្កឱ្យ កើតជំងឺកូវីដ-១៩នេះ អាចរស់ក្នុងខ្យល់បានរយៈពេលដល់ទៅ ៣ម៉ោង។ ដោយឡែកចំពោះ សារធាតុប្លាស្ទិក ឬជ័រ និងដែកដែលមិនច្រេះ មេរោគនេះ អាចរស់បានដល់ទៅ ៧២ម៉ោង ឬប្រមាណ៣ថ្ងៃ ខណៈនៅលើកេស ឬក្រដាសកាតុង មេរោគនេះ អាចរស់បានមិនលើសពី ២៤ម៉ោង ឬមួយថ្ងៃ។ ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី វិទ្យាស្ថានជាតិសុខាភិបាល ឬ National Institutes of Health (NIH) សហការជាមួយ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC សាកលវិទ្យាល័យ UCLA និងសាកលវិទ្យាល័យ Princeton របស់អាមេរិក ដែលអាចផ្ដល់ជាការណែនាំចុងក្រោយ ឱ្យមនុស្សទូទៅមានការប្រុង ប្រយ័ត្នខ្ពស់ ជៀសវាងការប៉ះពាល់វត្ថុទាំងនេះដោយផ្ទាល់នៅតាមទីសាធារណៈ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment