Thursday, 19 March 2020
វៀតណាមបិទច្រកព្រំដែននៅខេត្តមួយចំនួន ដើម្បីទប់ទល់ជំងឺកូវីដ-១៩
Khmer Circle: No humans or Coronavirus can pass through the check-points but timber trucks?!
^^^
ដោយ សុជីវី
2020-03-19
ទិដ្ឋភាពព្រំដែនរវាងកម្ពុជា និងវៀតណាម នាច្រកជ្រៃធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានសភាពស្ងប់ស្ងាត់មិនសូវឃើញមានមនុស្សឆ្លងកាត់ ព្រោះរដ្ឋាភិបាលបញ្ជាឱ្យបិទព្រំដែនបណ្ដោះអាសន្ន។
អាជ្ញាធរវៀតណាម បានបិទច្រកព្រំដែនកម្ពុជា-វៀតណាម នៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីទប់ទល់ ជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩។ មន្ត្រីរដ្ឋាភិបាលអះអាងថា អាជ្ញាធរវៀតណាមប្រកាសថា នឹងបិទច្រកព្រំដែនកម្ពុជា-វៀតណាមទាំងអស់នៅទូទាំងប្រទេស ក៏ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់ច្បាស់ថា មានច្រកព្រំដែនកម្ពុជា-វៀតណាមណាខ្លះនោះទេ ដែលត្រូវបានបិទជាបណ្ដោះអាសន្នហើយនោះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យដឹងនៅថ្ងៃទី១៨ មីនាថា វៀតណាមបានប្រកាសថា នឹងបិទច្រកព្រំដែនកម្ពុជា-វៀតណាមទាំងអស់ បណ្ដាលឱ្យទំនិញចេញចូលរវាងប្រទេសទាំងពីរ រាំងស្ទះជាបណ្ដោះអាសន្ន។ ប៉ុន្តែលោកមិនបញ្ជាក់លម្អិតថា មកទល់ពេលនេះ មានច្រកព្រំដែនណាខ្លះនោះទេ ដែលវៀតណាមបិទជាបណ្ដោះអាសន្ន។ លោករុញឱ្យអាស៊ីសេរីសួរទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍វិញ៖ «បិទមួយចំនួនមែន តែតាមការប្រកាសរបស់វៀតណាម គឺវៀតណាមគេបិទទាំងអស់ គេបិទច្រកព្រំដែន ហើយមនុស្សចូលមិនបាន ទំនិញក៏ចូលមិនបានដូចគ្នាដែរ។ ទំនិញមក មិនមែនទំនិញចេះហោះមកទេ ទាល់មានមនុស្សនាំមក សូមបញ្ជាក់ទៅអន្តោប្រវេសន៍ច្បាស់ជាងខ្ញុំ ព្រោះគេគ្រប់គ្រងខាងព្រំដែន»។
អាស៊ីសេរីបានព្យាយាម ទាក់ទងប្រធាននាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក ឌឹម រ៉ា និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការអធិប្បាយបន្ថែមរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១៨ មីនា។
ចំណែកអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ និងអភិបាលខេត្តស្វាយរឿង លោក ម៉ែន វិបុល ដែលជាខេត្តជាប់ព្រំដែនវៀតណាម ក៏មិនអាចទាក់ទងបានដែរ ដោយសារពួកលោក មិនលើកទូរស័ព្ទនៅថ្ងៃដដែលនេះ។
នៅពីព្រឹកថ្ងៃពុធ ទី១៨ មីនា អាជ្ញាធរវៀតណាម បានបិទច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ត្រពាំងផ្លុង ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យ ទំនិញគ្រប់ប្រភេទរវាងប្រទេសទាំងពីរ ត្រូវរាំងស្ទះទាំងអស់។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមការងារ ១០០រាត្រី ឱ្យដឹងថា ច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង មានទំនិញនាំចេញពីកម្ពុជា ទៅវៀតណាម ដូចជា ដំឡូង គ្រាប់ស្វាយចន្ទី កៅស៊ូ ស្រូវ ឈើ និងដំណាំកសិឧស្សាហកម្មផ្សេងៗ ទៀត។ រីឯវៀតណាមបាននាំទំនិញចូលមកកម្ពុជារួមមាន បន្លែ ផ្លែឈើ ឆ្នាំង ចាន និងគ្រឿងអគ្គិសនីជាដើម។ ពលរដ្ឋខ្មែររស់នៅតាមបណ្ដោយព្រំដែនខេត្តត្បូងឃ្មុំមួយចំនួន ធ្វើកសិកម្មពឹងផ្អែកលើទីផ្សារវៀតណាម ដើម្បីទទួលទិញទំនិញរបស់ពួកគេ។
ប្រធានក្រុមការងារ ១០០រាត្រី និងជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី និយាយថា ច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង គឺជាច្រកសំខាន់ ដែលកម្ពុជានាំទំនិញទៅវៀតណាម ក៏ប៉ុន្តែនៅគ្រាដែលវៀតណាមបិទច្រកនេះ នឹងបង្កឱ្យរាំងខ្ទប់ទំនិញរបស់កសិករខ្មែរ លំបាករកទីផ្សារកសិផល។ លោកសង្កេតឃើញថា ច្រកសំខាន់ៗ ដែលវៀតណាមដឹកទំនិញចូលមកកម្ពុជា រួមមាន ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ច្រកកោះធំ ច្រកអន្លង់ជ្រៃ ក្នុងខេត្តកណ្ដាល និងច្រកភ្នំដិន នៅខេត្តតាកែវ។ ច្រកព្រំដែនទាំងនេះ វៀតណាមនាំទំនិញចូលកម្ពុជា រួមមាន បន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿងបរិភោគពីវៀតណាម ហើយប្រសិនបើវៀតណាម បិទច្រកទាំងនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាម ធំជាងកម្ពុជា៖ «យើងអត់មានរោងចក្រ កសិឧស្សាហកម្មច្រើន ដែលអាចធានាការប្រមូលផល ទំនិញកសិឧស្សាហកម្មយកមកផលិតកែច្នៃ យកមកលក់នៅក្រៅប្រទេសដូចវៀតណាមទេ។ ប្រសិនជាពលរដ្ឋគាត់ដឹងលក់នៅថៃ ឆ្ងាយអាចខាត ហើយទំនិញខ្លះដូចដំឡូង បើស្តុកទុកអាចខូចខាតជាដើម។ រដ្ឋាភិបាលត្រូវចរចាជាមួយវៀតណាម ដើម្បីសម្រួលធ្វើយ៉ាងណា ឱ្យទំនិញនៅកម្ពុជាយើងលក់នៅវៀតណាម។ បើវៀតណាមមិនឯកភាពទេ អាហ្នឹងគួរបិទច្រកខ្លះដែរ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថា ការបិទច្រកព្រំដែនកម្ពុជា-វៀតណាម គឺជាឱកាសដ៏មានតម្លៃ ធ្វើឱ្យកសិករខ្មែរ មានទីផ្សារកសិផល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ តែយ៉ាងណាលោកថា ឱកាសនេះក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ដោះស្រាយពីអាជ្ញាធររដ្ឋាភិបាលដែរ។
លោកថា ប្រសិនបើវៀតណាម បិទច្រកព្រំដែនកម្ពុជាទាំងអស់ ភាគីវៀតណាម នឹងខាតសេដ្ឋកិច្ចធំជាងកម្ពុជា ព្រោះទំនិញ ដែលនាំចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាមមានតិចតួច ផ្ទុយពីវៀតណាមនាំទំនិញចូលមកកម្ពុជា។
លោកបញ្ជាក់ថា ទំនិញរបស់វៀតណាម រងការរិះគន់ថា ផ្ទុកសារធាតុគីមីកម្រិតខ្ពស់ ហេតុនេះការបិទច្រកព្រំដែនទាំងនេះ នឹងរាំងខ្ទប់ការនាំទំនិញខូចគុណភាពរបស់វៀតណាម ចូលមកកម្ពុជាដែរ៖ «ចំណុចមួយម្យ៉ាងដែរ ព្រោះបិទអ៊ីចឹងទៅ អត់អាចនាំទំនិញបន្លែគីមីចូលតាមច្រកព្រំដែនបាន។ មិនចាំវិភាគច្រើនទេ មើលតែផ្សារដើមគ ទំនិញពីវៀតណាមមករាប់តោនមួយថ្ងៃៗ បន្លែត្រីសាច់ភាគច្រើនចូលតាមច្រកវៀតណាមមក។ ខ្ញុំគិតថា ខាតច្រើន គឺខាតខាងវៀតណាមទៅវិញទេ»។
កាលពីខែកញ្ញា ឆ្នាំ២០១៩ ក្រុមយុវជន ១០០រាត្រី បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយទៀត រកឃើញថា រដ្ឋាភិបាលកម្ពុជាអសមត្ថភាពទប់ស្កាត់បន្លែ ផ្លែឈើ និងចំណីអាហារផ្ទុកសារធាតុគីមី នាំចូលពីប្រទេសវៀតណាម។ របាយការណ៍បង្ហាញថា មានគុណវិបត្តិជាច្រើន ទាក់ទិនចំណីអាហារលក់ដូរ ដោយសេរីក្នុងទីផ្សារ ក្នុងប្រទេសកម្ពុជាផ្ទុកធាតុគីមី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីសំណាក់អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ផ្សារដើមគ ក្នុងរាជធានីភ្នំពេញ ជាទីតាំងចែកចាយ ចំណីអាហារខ្នាតធំ នាំចូលពីប្រទេសវៀតណាម។ ទំនិញ និងចំណីអាហារទាំងនោះរួមមាន ត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត នាំចូលពីប្រទេសវៀតណាម ផ្ទុកសារធាតុគីមីកម្រិតខ្ពស់។
កាលពីឆ្នាំ២០១៨ ប្រទេសវៀតណាមបាននាំទំនិញ និងចំណីអាហារ ចូលមកលក់នៅប្រទេសកម្ពុជា គិតជាប្រាក់ ៣.៧០០ពាន់លានដុល្លារ៕
Subscribe to:
Post Comments (Atom)
1 comment:
100% with you SOV!
Post a Comment