ដោយ មួង ណារ៉េត និង ហេង រស្មី
2020-03-21

លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន ចូលរួមពិធីប្រារព្ធខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
RFA
ប្រទេសកម្ពុជា គិតមកត្រឹមពេលនេះ មានអ្នកផ្ទុកជំងឺកូវីដ-១៩ បួនករណីបន្ថែមទៀត កើនឡើងដល់៥១នាក់ ក្រោយក្រសួងសុខាភិបាល ប្រកាសកាលពីយប់ថ្ងៃទី២០ ខែ មីនា រកឃើញជនជាតិម៉ាឡេស៊ី ១នាក់ រស់នៅក្នុងខេត្តកំពង់ចាម និងជនជាតិខ្មែរចំនួន ៣នាក់ផ្សេងទៀតរស់នៅក្រុងភ្នំពេញ និងខេត្តបាត់ដំបង មានផ្ទុកជំងឺកូវីដ-១៩។
បុរសជនជាតិម៉ាឡេស៊ី នោះមានអាយុ៣៩ ឆ្នាំ កំពុងសម្រាកព្យាបាលនៅស្រុកកងមាសខេត្តកំពង់ចាម។ ចំណែកឯបុរសជនជាតិខ្មែរ០៣នាក់ផ្សេងទៀតនោះ មានអាយុចាប់ពី៣៣ ឆ្នាំដល់អាយុ៤៨ឆ្នាំ។ អ្នកទាំងបួន សុទ្ធតែអ្នកបានវិលត្រឡប់មកពីចូលរួមពិធីតាមបែបសាសនានៅក្នុងប្រទេសម៉ាឡេស៊ី។
ទោះជាក្រសួងសុខាភិបាលប្រកាសថា មានករណីអ្នកផ្ទុកជំងឺនេះ ៥១ នាក់នៅពេលនេះ ក៏ដោយ ក៏ចំនួននៅមិនទាន់រាប់បញ្ចូលមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស ដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បាននិយាយក្នុងសារបែកធ្លាយមួយកាលពីដើមសប្ដាហ៍នេះ។ សារសំឡេងនោះ ត្រូវបានលោក ហ៊ុន ម៉ានិត បញ្ជាក់ប្រាប់អាស៊ីសេរី ថាពិតជាសំឡេងរបស់លោកមែន៖ «អគ្គនាយកម្នាក់នៅក្រសួងការបរទេសបានឆ្លង ហើយមុនគាត់មកហ្នឹង គាត់ជួបជាមួយទូតយើងនិងបាយជាមួយគ្នា បន្ទាប់មកគាត់ជួយជាមួយនឹងក្រសួងការពារជាតិម្នាក់ដែលគាត់ការងារសកម្មដែរ។ ដូច្នេះការរាលដាលច្រើនដែរ។ ការរាលដាលច្រើន»។
លោក ហ៊ុន ម៉ានិត អះអាងថា គ្មានអ្វីចម្លែកទេ ដែលមន្ត្រីជាន់ខ្ពស់ក្នុងជួររបបឱពុករបស់លោកឆ្លងជំងឺនេះ ព្រោះនៅប្រទេសក្រៅក៏មិនខ្វះមន្ត្រីជាន់ខ្ពស់ឆ្លងដូចតែគ្នាដែរ។
ទោះជាលោក ហ៊ុន ម៉ានិត ដែលមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការមជ្ឈិមបក្ស ថារឿងនេះគ្មានអ្វីចម្លែកក៏ដោយ អ្វីដែលចម្លែកគឺមន្ត្រីក្នុងជួររដ្ឋាភិបាលបរទេស ដែលមានផ្ទុកជំងឺនេះ ដូចជានៅសហរដ្ឋអាមេរិក កាណាដា និងអង់គ្លេសជាដើម សុទ្ធតែប្រកាសប្រាប់ជាសាធារណៈ ថាខ្លួនពិតជាមានផ្ទុកមេរោគនេះមែន។
ស្របពេលដែលលោក ហ៊ុន ម៉ានិត ធ្លោយមាត់និយាយអំពីមន្ត្រីជាន់ខ្ពស់ផ្ទុកជំងឺនេះ លោកក៏បានរិះគន់ប្រព័ន្ធសុខាភិបាលកម្ពុជា ដែលឪពុកលោកប្រឹងការពារនោះដែរ៖ «ក្រសួងសុខាភិបាលរបស់យើង អត់ទាន់មានផែនការរួមទេ។ មានការប្រជុំបន្ទាន់មួយដែរ ប៉ុន្តែអត់មានធ្វើអ្វីផង។ ទម្លាក់មកឲ្យខាងសន្តិសុខវិញ។ បញ្ហាក្រសួងដែលយើងហៅមកលើកមុន មកដល់ពេលនេះ គាត់ខំប្រឹងប្រែង ប៉ុន្តែនៅមិនទាន់គ្រប់ជ្រុងជ្រោយ នៅមានការខ្វះខាតច្រើន ហើយខ្វះធនធានមនុស្ស។ ចំនួនមនុស្សដែលថា ២០០០ នាក់ហ្នឹងអត់មាន ដូចការបានត្រៀមទេ។ អ្នកដែលធ្វើការនៅសល់តែប៉ុន្មាននាក់ដដែល»។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជុំវិញរឿងមិនបញ្ចូលឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទៅក្នុងបញ្ជីអ្នកផ្ទុកជំងឺនេះនៅបាននៅឡើយទេ កាលពីថ្ងៃទី ២០ ខែ មីនា ដោយអ្នកស្រីប្រាប់ថា កំពុងជាប់រវល់ប្រជុំ៕
3 comments:
Kaun Mi Kanhchrouk Mouk Dauch Mi Kanhchrouk !!
They are useless or detrimental to Cambodia.
He looks a bit retarded.
He is a fat pig.
Post a Comment