Thursday, 19 March 2020
មន្រ្តីសហជីព និងសង្គមស៊ីវិល បារម្ភការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរោងចក្រ
លោក មួង ណារ៉េត
2020-03-18
កម្មកររោងចក្រកាត់ដេរ ចេញពីធ្វើការនៅរោងចក្រមួយក្បែរក្រុងភ្នំពេញ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០។
AP Photo
មន្រ្តីសហជីព និងសង្គមស៊ីវិល ស្នើឲ្យមានអ្នកទទួលខុសត្រូវចំពោះបញ្ហាសុខុមាលភាព និងជីវភាពកម្មករ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩។ ជំហររបស់មន្រ្តីទាំងនេះ ធ្វើឡើងស្របពេលដែលរោងចក្រសហគ្រាសជាច្រើន នៅតែបន្តបើកទ្វារ ស្របពេលដែលករណីឆ្លងនៃជំងឺកូវីដ-១៩ មាននៅខេត្តក្រុងចំនួន ១២ ទៅហើយ។
មន្រ្តីសហជីព និងមន្រ្តីអង្គការសង្គមស៊ីវិលផ្នែកការងារ និងសិទ្ធិមនុស្ស ចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន នៅថ្ងៃទី ១៨ ខែ មីនានេះ ដោយដាក់ការទទួលខុសត្រូវ នៃសុខុមាលភាព និងជីវភាពរបស់កម្មករ ក្នុងស្ថានភាពមានវិបត្តិនេះ ទៅលើរដ្ឋាភិបាល និងក្រុមហ៊ុនបញ្ជាទិញ។
សហភាពសហជីពកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាប្រធាន ស្នើជាច្រើនចំណុច សុំឲ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើបញ្ហានេះ។ ក្នុងចំណោមចំណុចទាំងនោះ សហភាពសហជីពកម្ពុជា ដែលតំណាងកម្មកររាប់សែននាក់នេះ ស្នើឲ្យរដ្ឋាភិបាលគួរឲ្យកម្មករនិយោជិត បានឈប់សម្រាកពីការងារមួយរយៈពេល ដោយរក្សាប្រាក់ឈ្នួល បើការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ នេះ មិនថមថយ។
ចំណែកឯមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ឬហៅកាត់ថាសង់ត្រាល់ (CENTRAL) ឯណោះវិញ ដាក់ការទទួលខុសត្រូវនេះ ទៅក្រុមហ៊ុនបញ្ជាទិញទៅវិញ។ លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការនេះ ថាក្រុមហ៊ុនបញ្ជាទិញជាច្រើន បានទទួលផលចំណេញពីពលកម្មរបស់កម្មករកម្ពុជា។ ដូច្នេះក្រុមហ៊ុនទាំងនេះ គួរតែបោះជំហានទៅមុខ ក្នុងពេលមានវិបត្តិ ហើយធានាការការពារជីវិត និងជីវភាពកម្មករ។
លោកបន្ថែមទៀតថា កម្មករគួរតែត្រូវបានអនុញ្ញាតឱ្យស្នាក់នៅផ្ទះរហូតដល់ស្ថានការណ៍ អាចគ្រប់គ្រងបាន ហើយក្រុមហ៊ុនបញ្ជាទិញទាំងនេះ ត្រូវធានាថាកម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលធម្មតា ប្រាក់រង្វាន់មកធ្វើការទៀងទាត់(លុយព្រីម) និងប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃបន្ទប់ ឬសោហ៊ុយធ្វើដំណើរក្នុងស្ថានការណ៍បែបនេះ។
ការអំពាវនាវរបស់សហភាពសហជីពកម្មករ និងអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យបិទសាលារៀន និងក្លឹបកំសាន្ត និងកន្លែងប្រមូលផ្តុំមនុស្សច្រើនដទៃទៀត នៅទូទាំងប្រទេសកម្ពុជា ស្របពេលដែលករីណីរាតត្បាតនៃមេរោគកូរ៉ូណាថ្មី បានរកឃើញនៅលើពលរដ្ឋខ្មែរ និងបរទេស ៣៥ នាក់ និងនៅខេត្តក្រុង ១២ ទៅហើយគិតមកត្រឹមថ្ងៃទី ១៨ ខែ មីនានេះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនទាន់មានវិធានការណាមួយ ក្នុងការផ្អាករោងចក្រសហគ្រាសជាបណ្តោះអាសន្ននៅឡើយ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅពេលនេះ ដោយសារលោកមិនលើកទូរស័ព្ទ។
ប៉ុន្តែ បើតាមប្រសាសន៍មន្រ្តីជាន់ខ្ពស់នៃខេត្តកំពង់ឆ្នាំង ដែលមានអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីចំនួន ៣ ករណីដែរ បានថ្លែងថា គណៈអភិបាលខេត្តនេះ ខិតខំធ្វើយ៉ាងណាដើម្បីឲ្យរោងចក្រទាំងអស់នៅក្នុងខេត្តនេះ នៅបើកបន្ត។ នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី ១៨ ខែ មីនា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី ក្រោយថ្លែងបើក ដោយមិនភ្លេចអរគុណសន្តិភាពដែលមានថ្ងៃនេះ បានបញ្ជាក់ដោយភាពជឿជាក់ថា រោងចក្រនៅខេត្តលោក មកដល់ពេលនេះ មិនទាន់រងផលប៉ះពាល់ដោយសារវិបត្តិកូរ៉ូណានេះនៅឡើយទេ។ ជាងនេះទៅទៀត លោកកំពុងត្រេកអរនឹងវត្ថុធាតុដើម ដែលដឹកមកពីចិនបណ្តើរៗ ដែលលោកថា នឹងអាចជួយបន្តផ្គត់ផ្គង់ឲ្យរោងចក្របើកទ្វារផលិតតទៅទៀត <<បាទ! ជាបឋមនេះ អនុញ្ញាតសូមគោរព និងអរគុណ និងដឹងគុណដល់សន្តិភាព! បើសិនគ្មានសន្តិភាពទេ គឺយើងពុំមានអ្វីៗដូចសព្វថ្ងៃទេ។ មកទល់ពេលនេះ មិនទាន់មានរោងចក្រ ឬក្រុមហ៊ុនសហគ្រាសណាមួយបានព្យួរការងារនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ យើងទទួលបាននូវការផ្គត់ផ្គង់ ពីប្រទេសចិន ដែលការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិស័យការងារក៏ដូចជារោងចក្រកំពុងជួបប្រទះ។ ខ្ញុំជឿថានៅពេលនេះមិនមានការប៉ះពាល់ទេ លើវិស័យការងារនៅខេត្តកំពង់ឆ្នាំង>>។
ទោះជាយ៉ាងនេះក្តី ក្នុងស្ថានភាពមានវិបត្តិនេះ ប្រទេសជាច្រើននៅលើពិភពលោក បានបិទទ្វាររោងចក្រ និងសហគ្រាសរបស់ខ្លួនជាបណ្តោះអាសន្ន មិនមែនដោយសារខ្វះវត្ថុធាតុដើមទេ ប៉ុន្តែដោយសារការព្រួយបារម្ភអំពីការឆ្លងរាតត្បាតជំងឺនេះ ដល់កម្មករនិយោជិត។ ប្រទេសដែលសម្រេចបិទទ្វាររោចក្ររបស់ខ្លួនមួយរយៈពេលទាំងនោះ មានដូចជាប្រទេស ស្រីលង្កា បង់ក្លាដែស ឥណ្ឌូនេស៊ី និងប្រទេសជាច្រើននៅអាមេរិកកណ្តាល។
ប៉ុន្តែការបិទទ្វាររោងចក្រនេះ ធ្វើឲ្យខាងសហជីពព្រួយបារម្ភ អំពីការកេងប្រវ័ញ្ចអត្ថប្រយោជន៍របស់កម្មករ ដោយសារថៅកែរោងចក្រខ្លះ យកលេសវិបត្តិនេះ បញ្ឈប់កម្មករ និងមិនផ្តល់អត្ថប្រយោជន៍ជូនពួកគាត់។
អង្គការសង់ត្រាល់ ស្នើឲ្យក្រុមហ៊ុនអ្នកបញ្ជាទិញយកចិត្តដាក់ឲ្យមែនទែនលើបញ្ហានេះ ព្រោះកម្មករខ្មែរជាច្រើន កំពុងជំពាក់បំណុលគេរួចទៅហើយ និងអ្នកខ្លះទៀតបានខ្ចីប្រាក់គេ ដើម្បីទប់ទល់នឹងជីវភាពខ្វះខាតស្រាប់នេះ។ កម្មករច្រើនណាស់ កំពុងជួបបញ្ហា ដែលពួកគាត់មិនអាចរកប្រាក់សងថ្លៃបំណុលប្រចាំខែ ដែលទាំងនេះ ជាបន្ទុកមួយដ៏ធ្ងន់របស់កម្មករ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment