Thursday, 19 March 2020
ស្ថានទូតអាមេរិកមិនឆ្លើយឆ្លងជាមួយរដ្ឋាភិបាលកម្ពុជារឿងប្រសាសន៍លោក ប៉ាទ្រីក ម័រហ្វី ជុំវិញសំណុំរឿងលោក កឹម សុខា
ដោយ ខែ សុណង
2020-03-18
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្លែងចំពោះអ្នកកាសែតនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ
ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា មិនឆ្លើយឆ្លងជាមួយរដ្ឋាភិបាលកម្ពុជា រឿងប្រសាសន៍របស់លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជុំវិញដំណើរការសវនាការសំណុំរឿងលោក កឹម សុខា នោះឡើយ។ អ្នកវិភាគយល់ថា សហរដ្ឋអាមេរិកជាប្រទេសចាស់ទុំខាងកិច្ចការការទូត ដូច្នេះទើបមិនចង់ឆ្លងឆ្លើយជាមួយរដ្ឋាភិបាល។
ស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងភ្នំពេញ មិនឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍ទាំងឡាយរបស់ក្រសួងការបរទេសកម្ពុជាឡើយ បើទោះជាក្រសួងបានប្រើពាក្យសម្ដីធ្ងន់ៗ លើលោក ប៉ាទ្រីក ម័រហ្វី យ៉ាងណាក្ដី។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អ្នកស្រី អេមីលី ហ្ស៊ីប៊ឺគ (Emily Zeeberg) ប្រាប់អាស៊ីសេរីតាមអ៊ីមែលដោយខ្លីថា សេចក្ដីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត លោក ប៉ាទ្រីក ម័រហ្វី ជុំវិញដំណើរការក្ដីលោក កឹម សុខា នោះ មានភាពច្បាស់លាស់អស់ហើយ និងមិនមានអ្វីត្រូវបកស្រាយបន្ថែមនោះទេ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលលោកចូលស្ដាប់សវនាការរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ មីនាថា ដំណើរការក្តីនេះនឹងប៉ះពាល់ខ្លាំងដល់នីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ព្រមទាំងប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសដទៃទៀតផងដែរ។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែចង់ឃើញលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ ហើយសហរដ្ឋអាមេរិកក៏សង្ឃឹមថា ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមបាននៅក្នុងដំណើរការនយោបាយ។ មន្ត្រីការទូតអាមេរិករូបនេះ ក៏បានសម្ដែងការមិនពេញចិត្តផងដែរ ចំពោះអ្វីដែលលោកហៅថា ជាការការប្រឌិតរឿងចោទសហរដ្ឋអាមេរិកថា បានឃុបឃិតជាមួយលោក កឹម សុខា ក្នុងសកម្មភាពដែលអាជ្ញាធរហៅថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល៖ «យើងមានការរំខានចិត្តដែលខាងព្រះរាជអាជ្ញាលើកឡើងនូវរឿងប្រឌិតអំពីសហរដ្ឋអាមេរិកទាក់ទងនឹងការឃុបឃិតជាមួយលោក កឹម សុខា។ ជាការពិតនោះគឺថា ក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយប្រមាណ ៣ ពាន់លានដុល្លារដល់កម្ពុជា ក្នុងនោះរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ កម្មវិធីរបស់យើង គឺសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ដោយរួមមានទាំងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាលផងដែរ»។
ភ្លាមៗក្រោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្លែងបែបនេះ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបថា ក្នុងដំណើររឿងក្ដីលោក កឹម សុខា នេះ ព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ។ ស្ថាប័នអយ្យការបញ្ជាក់ថា ព្រះរាជអាជ្ញាបានចោទប្រកាន់តែទៅលើលោក កឹម សុខា ដែលស្ថាប័ននេះអះអាងថា មានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ទៅតាមច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
ទោះជាបែបនេះក្តី អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់សម្គាល់ថា ចាប់តាំងពីសវនាការថ្ងៃដំបូងមក ខាងតំណាងអយ្យការតែងតែសួរដេញដោលលោក កឹម សុខា អំពីទំនាក់ទំនងរវាងមន្ត្រីបក្សប្រឆាំងជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលរបស់សហរដ្ឋអាមេរិក ជាពិសេសគឺជំនួយរបស់សហរដ្ឋអាមេរិកដែលត្រូវបានផ្ដល់ឱ្យគណបក្សសង្គ្រោះជាតិ។ លោកឱ្យដឹងទៀតថា ស្ថានទូតអាមេរិកតែងបញ្ជូនមន្ត្រីរបស់ខ្លួនមកតាមដានសវនាការរឿងក្ដីនេះគ្រប់ពេល ដូច្នេះលោកជឿថា លោក ប៉ាទ្រីក ម័រហ្វី មានព័ត៌មានគ្រប់ជ្រុងជ្រោយនៅក្នុងដៃ មុននឹងលោកថ្លែងការណ៍ជាសាធារណៈបែបនេះ។ ម្យ៉ាងវិញទៀត លោកយល់ថា នេះជារឿងចាំបាច់ដែលតំណាងរដ្ឋាភិបាលអាមេរិកត្រូវចេញមុខបកស្រាយ ដើម្បីជម្រះមន្ទិលសង្ស័យជុំវិញការចោទថា សហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធនឹងក្នុងរឿងនេះ។
ទាក់ទងនឹងការបំភ្លឺរបស់ស្ថាប័នអយ្យការវិញ អ្នកការពារសិទ្ធិមនុស្សរូបនេះ យល់ថា វាជារឿងមិនសមហេតុផល ព្រោះបទចោទប្រឆាំងនឹងលោក កឹម សុខា គឺអំពើត្រូវរ៉ូវគ្នាជាមួយបរទេស ប៉ុន្តែអយ្យការបែរជាថា មកដល់ពេលនេះពុំទាន់មានការចោទប្រកាន់លើរដ្ឋបរទេសណាទៅវិញ៖ «បើយើងចោទបទល្មើសហ្នឹងហើយ យើងថាអត់ទាន់បានចោទពាក់ព័ន្ធជាមួយបរទេសណា ខ្ញុំយល់ថា វាមិនសមហេតុសមផលទាល់តែសោះតែម្ដង ពីព្រោះជាទូទៅត្រូវរកឱ្យឃើញថា បុគ្គលហ្នឹងពាក់ព័ន្ធនឹងរដ្ឋបរទេសហ្នឹង ពាក់ព័ន្ធនឹងរឿងអ្វី? ព្រមព្រៀងគ្នា ស្រុះស្រួលគ្នា ចង់ធ្វើអ្វី? ផ្ដួលរំលំរដ្ឋាភិបាលតាមបែបម៉េច? មានផលប្រយោជន៍ ឬក៏ធ្វើឱ្យប៉ះពាល់អ្វីខ្លះទៅហើយ? ហើយភាគីហ្នឹងត្រូវមានកិច្ចព្រមព្រៀងរបៀបម៉េចខ្លះដើម្បីទទួលបាននូវផលប្រយោជន៍ពីការឃុបឃិតគ្នាហ្នឹង អ៊ីចឹងបើយើងមិនទាន់ឃើញភាគីដែលឃុបឃិតជាមួយផង តើយើងអាចចោទមាត្រាហ្នឹងដោយរបៀបម៉េច?»។
ថ្វីដ្បិតតែខាងស្ថាប័នអយ្យការព្យាយាមបកស្រាយថា ព្រះរាជអាជ្ញាមិនទាន់ចោទប្រកាន់ប៉ះពាល់ដល់សហរដ្ឋអាមេរិកក៏ដោយ ក៏មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលជាមនុស្សមានអំណាចលើសស្ថាប័នតុលាការទៀតនោះ បានចោទប្រកាន់ម្ដងហើយម្ដងទៀតថា គឺសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា។ លោក ហ៊ុន សែន បានផ្ដើមការចោទប្រកាន់បែបនេះ កាលពីចុងឆ្នាំ២០១៧ កន្លងទៅ ក្រោយពេលលោកបានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។ ទន្ទឹមនឹងនេះ លោកបានព្រមានសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កុំឱ្យលូកដៃធ្វើអន្តរាគមន៍រឿងនេះ ព្រោះលោកថា ករណីនេះស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖ «អ្វីៗទាំងអស់ គឺមនុស្សនេះជាអ្នកកសាង ដូច្នេះការចាប់ខ្លួននៅពេលនេះ គឺជាការទូទាត់បញ្ជីពីដើមដល់ចប់។ ហើយបាតដៃពីក្រោយ គឺវានៅតែដដែល គឺអាមេរិក។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺតម្រូវឱ្យមានការចាប់ខ្លួនភ្លាមៗ»។
ក្រោយការប្រកាសបែបនេះរបស់លោក ហ៊ុន សែន ក្រុមមន្ត្រីគ្រាក់ៗ របបក្រុងភ្នំពេញក៏បាននាំគ្នាស្រែកបន្ទរតាមលោក ហើយប្រព័ន្ធឃោសនាក្នុងស្រុកមួយចំនួន ដែលបម្រើនយោបាយឱ្យបក្សកាន់អំណាច ក៏បាននាំគ្នាសរសេរអត្ថបទបែបចោទប្រកាន់ និងវាយប្រហារសហរដ្ឋអាមេរិក មកទល់នឹងពេលបច្ចុប្បន្ននេះ។ សូម្បីតែពេលលោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់ពីជំហរសហរដ្ឋអាមេរិកនេះក៏ដោយ ក៏ប្រព័ន្ធឃោសនារបបក្រុងភ្នំពេញសរសេរវាយប្រហារថា សហរដ្ឋអាមេរិកមានបំណងគ្រលាស់ដៃចេញពីលោក កឹម សុខា ដែរ។
ចំណែកឯក្រសួងការបរទេសកម្ពុជាវិញ បានចាត់ទុកការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប៉ាទ្រីក ម័រហ្វី ថា ជាឥរិយាបថគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យភាពកម្ពុជា។ ក្រសួងការបរទេសថា សេចក្ដីថ្លែងការណ៍នេះផ្ទុយទៅនឹងស្មារតីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជាពិសេស ក្រសួងការបរទេសកម្ពុជាថា ប្រសាសន៍របស់លោក ប៉ាទ្រីក ម័រហ្វី នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែលក្រសួងហៅថា ជាស្ថាប័នឯករាជ្យ។
ទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍ជឿថា សេចក្ដីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតអាមេរិកនេះ នឹងគ្មានឥទ្ធិពលអ្វីលើតុលាការកម្ពុជាឡើយ ប៉ុន្តែគឺប្រសាសន៍របស់លោក ហ៊ុន សែន ទៅវិញទេ ទើបប៉ះពាល់ធ្ងន់ធ្ងរ និងជាការដាក់សម្ពាធលើប្រព័ន្ធតុលាការកម្ពុជា។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា មូលហេតុដែលស្ថានទូតអាមេរិកមិនឆ្លើយឆ្លងជាមួយក្រសួងការបរទេសកម្ពុជានោះ ព្រោះសហរដ្ឋអាមេរិកមិនចង់ឱ្យមានភាពរកាំរកូស និងការប្រឈមមុខគ្នាខ្លាំងជាមួយរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ការវាយតម្លៃលើឥរិយាបថការទូតរបស់លោក ប៉ាទ្រីក ម័រហ្វី នេះ គឺជាសិទ្ធិរបស់ភាគីកម្ពុជា ប៉ុន្តែលោកថា លើសាច់ការជាក់ស្ដែង មុននឹងទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសណាមួយនោះ មន្ត្រីការទូតអាមេរិកដែលមានសមត្ថភាព និងបទពិសោធន៍ ត្រូវឆ្លងកាត់ការទុកចិត្តពីស្ថាប័នកំពូលៗរបស់សហរដ្ឋអាមេរិកជាមុនសិន៖ «រឿងអ្នកនាំពាក្យក្រសួងការបរទេសថ្លែងនេះ ខ្ញុំគិតថាជាឥរិយាបថមួយដែលអាចជំរុញឱ្យកាន់តែឈានទៅរកភាពប្រឈមមុខគ្នាកាន់តែខ្លាំងទេ។ បើរឿងនេះជារឿងរបស់តុលាការ ខ្ញុំគិតថា គួរតែឱ្យតុលាការបកស្រាយ ឬក៏បន្ថែមភស្តុតាង បង្ហាញអំណះអំណាងគ្រប់គ្រាន់ ធ្វើម៉េចឱ្យបរទេសដែលជាប់ពាក់ព័ន្ធហ្នឹង គេទទួលយកបាន។ បើចោទអត់មានអំណះអំណាងគ្រប់គ្រាន់ ក្នុងនាមប្រទេសដែលពាក់ព័ន្ធ គេមានសិទ្ធិបកស្រាយការពារកិត្តិយស និងមុខមាត់ប្រទេសរបស់គេហើយ»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយរូបនេះយល់ថា សេចក្ដីថ្លែងការណ៍របស់លោក ប៉ាទ្រីក ម័ហ្វី បង្ហាញថា សហរដ្ឋអាមេរិកមានសុឆន្ទៈនៅក្នុងការស្ដារទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលបានប្រេះស្រាំដោយសារបទចោទប្រឆាំងនឹងលោក កឹម សុខា។ លោកជឿថា ប្រសិនបើសំណុំរឿងនេះ ត្រូវបានទម្លាក់ចោល នោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា អាចនឹងត្រូវបានស្តារឱ្យល្អប្រសើរឡើងវិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment