Thursday, 19 March 2020

មតិ​ពលរដ្ឋ ជុំវិញ​ការវិវឌ្ឍន៍​ជំងឺ​កូវីដ ១៩ និង​ការ​រង​ផល​ប៉ះពាល់​ជីវភាព


ដោយ អាស៊ីសេរី
2020-03-18

អាជីវករ​ផ្សារ​ឈូក​មាស ត្អូញ​ថា ផ្សារ​ស្ងាត់​មិន​សូវ​មាន​មនុស្ស​អ្នក​ទិញ​ទេ ហើយ​លក់​មិន​ដាច់ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០២០។
អាជីវករ​ផ្សារ​ឈូក​មាស ត្អូញ​ថា ផ្សារ​ស្ងាត់​មិន​សូវ​មាន​មនុស្ស​អ្នក​ទិញ​ទេ ហើយ​លក់​មិន​ដាច់ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ



ពលរដ្ឋ​អ្នក​លក់​ដូរ អ្នក​រត់​ម៉ូតូ​ឌុប ក្រុម​អ្នក​រើស​សំរាម និង​កសិករ អះអាង​​ថា ពួកគាត់​កំពុង​​ជួប​បញ្ហា​ជីវភាព​ខ្លាំង​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩ (Covid-19)។ ស្រប​ពេល​ជាមួយ​នេះ រដ្ឋាភិបាល ក៏​​បាន​បង្ហាញ​​​​ចេញ​គោលនយោបាយ​សម្រាប់​ជួយ​ទប់​ទល់​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពលរដ្ឋ និង​ការ​ទម្លាក់​តម្លៃ​ប្រេង​សាំង​ជាដើម។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ប្រកាស​ឲ្យ​ពន្យារ​ការ​បង់​លុយ​សង​ធនាគារ និង​​បង់​ប្រាក់​រំលោះ​ដី​ធ្លី ផ្ទះ​សម្បែង​គ្រប់​បែប​យ៉ាង ​មួយ​រយៈ​សិន។

អ្នក​លក់​នំ​បញ្ចុក​ និង​បាញ់ហយ នៅ​ម្ដុំ​ផ្សារ​សិនជូរី​ ផ្លាហ្សា ជិត​​ពោធិចិនតុង លោកស្រី ម៉េក មុន្នីនាថ ឲ្យ​ដឹង​ថា ស្ថានភាព​លក់​ដូរ​ធ្លាក់​ចុះ​ខ្លាំង មាន​សភាព​ស្ងាត់​ ដូច​គ្នា គ្រប់​តែ​ផ្សារ ដោយសារ​តែ​ពលរដ្ឋ​ខ្លាច​ជំងឺ​កូវីដ១៩ លែង​សូវ​ហ៊ាន​ដើរ​ចេញ​ពី​ផ្ទះ។ លោកស្រី​ថា ពី​មុន​ធ្លាប់​លក់​មួយ​ថ្ងៃ ដោយ​មិន​ទាន់​ទូទាត់​ថ្លៃ​ដើម លក់​បាន ៤០ម៉ឺន ទៅ ៥០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ឥឡូវ​លក់​បាន​តែ​ពាក់​កណ្ដាល​ទេ។

អាជីវករ​រូប​នេះ ប្រាប់​ថា ការ​លក់​ធ្លាក់​ចុះ​ខ្លាំង​ គឺ​នៅ​ពេល​មាន​ការ​ប្រកាស​បិទ​សាលា​រៀន។​ ឯ​កម្មករ​ធ្វើការ​​រោងចក្រ ក៏​លែង​មាន​ចំណូល​គួរសម ដូច​មុន។ លោកស្រី​ ថា សម្រាប់​អ្នក​លក់​ពេល​យប់​នៅ​ផ្សារ​​សិនជូរី​ផ្លាហ្សា ក៏​បាត់​ចំណូល​ខ្លាំង ដោយសារ​បិទ​ក្លឹប​កម្សាន្ត និង​ហាង​ខារ៉ាអូខេ (KTV) ដែរ។

សម្រាប់​ស្ថានភាព​លក់​ដូរ​ក្នុង​ផ្សារ​វិញ លោកស្រី និយាយ​ថា មាន​ការ​ណែនាំ​ឲ្យ​ពាក់​ម៉ាស់ និង​លាង​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល​ឲ្យ​ញឹកញាប់​ដែរ។ លោកស្រី​ថា អ្នក​លក់​​ខ្លះ ពាក់​ម៉ាស់ អ្នក​លក់​ខ្លះ​ពាក់​ម៉ាស់​បាន​មួយ​ភ្លែត​ក៏​ដោះចេញ​វិញ អ្នក​លក់​ខ្លះ ក៏​បិទ​តូប​​សម្រាក​លែង​ហ៊ាន​លក់។ ឯ​អ្នក​ទិញ ក៏​មាន​សភាព​ដូច​គ្នា​ដែរ គឺ​ខ្លះ​ពាក់​ម៉ាស់ ខ្លះ​មិន​ពាក់ ឯ​ខ្លះ​ទៀត លែង​ឃើញ​មក​ទិញ​ចំណី​អាហារ​ខាង​ក្រៅ​ដូច​មុន។

លោកស្រី​ឲ្យ​ដឹង​ថា អាជីវករ​ព្រួយ​ខ្លាំង​បំផុត​នោះ គឺ​ការ​ជំពាក់​ធនាគារ និង​អ្នក​ខ្លះ​ ត្រូវ​បង់​រំលោះ​ដី​ និង​ផ្ទះ ដែល​លែង​មាន​​លទ្ធភាព​បង់​លុយ ដោយសារ​លក់​មិន​ដាច់​ដូច​មុន។ លោកស្រី មុន្នីនាថ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ ជួយ​អន្តរាគមន៍ ​​ប្រកាស​ឲ្យ​មាន​ការ​ពន្យារ​ពេល​បង់​លុយ​ធនាគារ​ផង៖ «(ជំពាក់​ធនាគារ) សឹង​តែ​គ្រប់។ ចុះ​ធម្មតា កាល​ពី​មុន​មក ដូច​ថា នៅ​រោងចក្រ​ នៅ​ស្អី​អ៊ីចឹង ចេះ​តែ​រក​ទៅ ដូច​អាច​ថា យើង​បង់​ធនាគារ​បាន​ យើង​យក​មក​ប្រកប​មុខ​របរ​ ធ្វើ​ពី​នេះ ពី​នោះ​អ៊ីចឹង​ទៅ ពេល​នោះ យើង​អាច​ថា រត់​រួច​ណា។ ដល់​ពេល​ឥឡូវ​មិន​ដឹង​យ៉ាង​ម្ដេច​ទៅ ដល់​អ៊ីចឹង​ទៅ»។

ចំណែក​លោក ខែក វិចិត្រ ជា​អ្នក​រត់​រម៉ក​កង់​បី នៅ​ភ្នំពេញ ឲ្យ​ដឹង​ថា ស្ថានភាព​អ្នក​រត់​ម៉ូតូ​ឌុប រត់​កង់​បី រត់​ឡាន​តាក់ស៊ី ឬ​ឡាន​ឈ្នួល ក៏​មាន​សភាព​កាន់​តែ​យ៉ាប់​ទៅ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ។ លោក​ថា ផ្លូវ​​នៅ​ក្រុង​ភ្នំពេញ​ ដែល​ធ្លាប់​តែ​ស្ទះ​កកកុញ ប្រែ​ទូលាយ​ល្វឹង​ គ្មាន​ការ​ចរាចរណ៍​​ទៅ​មក ​ដូច​មុន។ ចំណែក​ចំណូល​ ដែល​ធ្លាប់​តែ​រក​បាន ៨ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប្រែ​មក​​រក​បាន​​ត្រឹម​​តែ​៣​ម៉ឺន​រៀល។

លោក​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​រដ្ឋាភិបាល​បាន​ទម្លាក់​ថ្លៃ​សាំង មក​ត្រឹម​សាំង​ធម្មតា​មួយ​លីត្រ ៣.០៥០រៀល ចាប់​ពី​ថ្ងៃ​ទី១៦ មីនា ដល់​ដំណាច់​ខែ​មីនា​​ ក៏​ដោយ​ចុះ តែ​តម្លៃ​ទំនិញ​សព្វ​សារពើ​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ដដែល ហើយ​ពិសេស​ម៉ាស់ និង​អាល់កុល​ លាង​សំអាត​ដៃ កើន​ឡើង​ថ្លៃ​ខ្លាំង។

លោក​ក៏​មាន​បំណង​ដូច​អាជីវករ​មុន​នេះ​ដែរ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ពន្យារ​ពេល​បង់​លុយ​ធនាគារ ឲ្យ​បាន​ច្រើន​ខែ​សិន ទម្រាំ​ស្ងប់ស្ងាត់​សភាពការណ៍​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​សិន ចាំ​​ឲ្យ​ពលរដ្ឋ​បន្ត​បង់​លុយ​វិញ ព្រោះ​ពលរដ្ឋ​សុទ្ធ​តែ​ធ្លាក់​ចំណូល​គ្រប់​វិស័យ៖ «ពិបាក​ដូច​គ្នា​បង ប៉ះពាល់​ទាំង​អស់​ហ្នឹង​បង។ ​វា​មិន​មែន​ថា យើង​រត់​កង់​បី ឬ​ក៏​រត់​តាក់ស៊ី ឬ​ក៏​រត់​អ្វី​ អត់​ប៉ះពាល់​នោះ​ទេ​បង។ ប៉ះពាល់​ទាំង​អស់​តែ​គ្នា​ហ្នឹង​បង។ អូ! ភ័យ​ខ្លាច​គ្រប់​គ្នា​ហ្នឹង​បង។ ម្នាក់ៗ ភ័យ​ខ្លាច​គ្រប់​គ្នា​ហ្នឹង ឈរ​ក្បែរ​គ្នា អង្គុយ​ក្បែរ​គ្នា​អត់​ហ៊ាន​ទេ។ ទាល់​តែ​នៅ​ឆ្ងាយ​ពី​គ្នា។ ភ័យ​ខ្លាច​ដូច​តែ​គ្នា​ហ្នឹង​បង ការពារ​ទឹក​អាល់កុល ទឹក​អ្វី​លាង​ដៃ ពាក់​ម៉ាស់ ពាក់​អ្វី​ ដូច​គ្នា​ហ្នឹង​បង។ សុទ្ធ​តែ​ភ័យ​ខ្លាច ដូច​គ្នា​ទាំង​អស់​ហ្នឹង​បង។​ ឥឡូវ ពាក់​ម៉ាស់ លាង​ដៃ លាង​អ្វី​ច្រើន​បង»។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (cambonomist) ថា តម្លៃ​សាំង​នៅ​កម្ពុជា​ធ្លាក់​ចុះ តាម​តម្លៃ​ទីផ្សារ​ប្រេងឆៅ​ នៅ​លើ​ទីផ្សារ​សកលលោក។ លោក​ថា ប្រេង​ឆៅ​​កំពុង​ធ្លាក់​ចុះ ដោយ​សារ​បញ្ហា​ តម្រូវការ​ប្រើប្រាស់​ប្រេង​ថយ​ចុះ ហើយ​មូលហេតុ​នេះ គឺ​បណ្ដាល​មក​ពី​​រាតត្បាត​នៃ​មេរោគ​ កូវីដ១៩ នៅ​លើ​ពិភព​លោក។

បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា កំពុង​ភ័យ​ខ្លាច​​ជំងឺ​កូវីដ​១៩ ដោយ​លែង​សូវ​ហ៊ាន​ចេញ​ពី​ផ្ទះ​ ហើយ​រដ្ឋាភិបាល​បាន​ហាមប្រាម មិន​ឲ្យ​ជួបជុំ​គ្នា ទ្រង់ទ្រាយ​ធំ គ្រប់​បែប​យ៉ាង រាប់​​ទាំង​ពិធី​សាសនា និង​ការ​ប្រគំតន្ត្រី ជា​ដើម ដើម្បី​កាត់​បន្ថយ​ហានិភ័យ ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

និយាយ​ពី​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ចាក់​សំរាម​ ដែល​មាន​មុខ​របរ​ ជា​អ្នក​រើស​សំរាម​អាជីព​ នៅ​​ក្នុង​​បរិវេណ​ទីលាន​ចាក់​សំរាម ក្នុង​សង្កាត់​ដង្កោ ជាយ​ក្រុង​ភ្នំពេញ​វិញ ក៏​បារម្ភ​ពី​សុខភាព​ដែរ។

អ្នក​រើស​សំរាម​ម្នាក់​ លោកស្រី សំអុល វ៉ារី ប្រាប់​អាស៊ី​សេរី​ថា អង្គការ​World Vision បាន​ចុះ​ទៅ​បង្រៀន​ចាស់ៗ​ រស់​នៅ​ក្នុង​សហគមន៍​ចាក់​សំរាម ពី​របៀប​អនាម័យ ការ​លាង​ដៃ ជាមួយ​សាប៊ូ​ឲ្យ​ជ្រះ​ស្អាត​ល្អ ការ​ហូប​ស្អាត និង​ពាក់​ម៉ាស់ បង្ការ​ជំងឺ​កូវីដ​១៩។ លោក​ស្រី ប្រាប់​ថា ការ​រស់​នៅ​ក្នុង​សហគមន៍​រើស​សំរាម មិន​សូវ​មាន​អនាម័យ​ទេ ដោយសារ​ម្នាក់ៗ ជា​អ្នក​រើស​សំរាម ទាំង​គ្រួសារ ហើយ​មិន​សូវ​បាន​គិត​គូរ​ពី​សុខភាព​ទេ គឺ​គិត​គូរ​ពី​​ជីវភាព​ជា​ធំ។

លោកស្រី សំអុល វ៉ារី ឲ្យ​ដឹង​ថា មិន​សូវ​បាន​ដឹង​ច្បាស់​ពី​ព័ត៌មាន​ជំងឺ​កូវីដ​១៩ ទេ សម្រាប់​អ្នក​រស់​នៅ​ក្នុង​សហគមន៍​ចាក់​សំរាម តែ​គ្រាន់​លឺ​ត​គ្នា​ថា ជំងឺ​នេះ​សាហាវ ហើយ​ឆ្លង​បណ្ដាល​ឲ្យ​ស្លាប់ ទើប​មាន​អង្គការ​ចុះ​មក​បង្រៀន​ពី​របៀប​អនាម័យ​ខ្លួន​ប្រាណ និង​ការ​រស់នៅ៖ «លោក​ខាង​អង្គការ គាត់​បង្ហាត់​បង្រៀន​តាំង​ពី​ម្សិល​មិញ​មក​ម្ល៉េះ​លោកគ្រូ។ លោកគ្រូ គាត់​បង្ហាត់​ពីរ​ដង បី​ដង​​មក​ហើយ គាត់​បង្ហាត់​ឲ្យ​ចាស់ៗ​ហ្នឹង​លាង​ដៃ នឹង​សាប៊ូ កាន់​របស់​អ្វី​ហ្នឹង ពេល​ត្រូវ​ហូប​អ្វី​ហ្នឹង ត្រូវ​លាង​ដៃ​ទៀត ពេល​កាន់​របស់​ យើង​បោស​សំរាម​ បោស​អ្វី​ហ្នឹង ត្រូវ​លាង​ដៃ​សិន ចាំ​មក​កាន់​របស់​ហូប​។ បង្រៀន​ចាស់ៗ ដូច​ថា គាត់​មិន​សូវ​អ្នក​ស្អាត​ ចាស់​ៗ ច្រើន​តែ​វង្វេង​វង្វាន់​អ៊ីចឹង គ្រូ​ហៅ​មក​បង្ហាត់​បង្រៀន ឲ្យ​លាង​ដៃ ហូប​ចុក​​ហើយ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហូប​ចុក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ទប់​ឈ្នះ​នឹង​ជំងឺ​ហ្នឹង​ណា លោកគ្រូ​។ ចា! បើ​កាល​ណា យើង​ហូប​មិន​ដិត​ដល់ ហើយ​គេ​អត់​គ្រប់​គ្រាន់​ វា​អាច​ ជំងឺ​ហ្នឹង វា​រាតត្បាត​មក​ដល់​សុខភាព​យើង ដល់​អ៊ីចឹង គាត់​ឲ្យ​យើង​ចាស់ៗ​ហ្នឹង សម្រាន្ត​ឲ្យ​បាន​ច្រើន​ ហូប​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​ យើង​ឈ្នះ​ជំងឺ​ហ្នឹង​ណា លោកគ្រូ»។

ចំពោះ​ជីវភាព​វិញ ស្ត្រី​ប្រកប​របរ​រើស​អេតចាយ​រូប​នេះ ឲ្យ​ដឹង​ថា អ្នក​ក្នុង​សហគមន៍​នៅ​តែ​ប្រកប​របរ​រើស​អេតចាយ​ដដែល ហើយ​ចំណូល​បាន​មក​ពី​ការ​រើស និង​លក់​អេតចាយ មាន​ល្មម​ទិញ​អាហារ​ហូប​សម្រាប់​មួយ​ពេលៗ ដដែល គ្មាន​ការ​ប្រែប្រួល​ទេ។

សម្រាប់​អ្នក​រស់​នៅ​តាម​ភូមិ​ឃុំ ក្នុង​ជន​បទ​វិញ ពីមុន​មិន​សូវ​បារម្ភ​ទេ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អ្នក​តាម​ភូមិ​ ហាក់​បង្កើន​ការ​ព្រួយ​បារម្ភ​ជាង​មុន ដោយសារ​តែ​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ លើ​ពលរដ្ឋ​ខ្មែរ កាន់តែ​កើន​ឡើង និង​កំណើន​ កូន​ចៅ​អ្នក​ភូមិ ត្រលប់​ទៅ​ស្រុក​កំណើត​វិញ។

កសិករ​ម្នាក់ រស់​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោក អ៊ុយ សែន ឲ្យ​ដឹង​ថា តាម​ភូមិ មិន​សូវ​ស្ងាត់​ទេ តែ​ពួកគេ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាង​​មុន និង​មិន​បាន​រើស​អើង អ្នក​ទើប​ត្រលប់​ពី​ភ្នំពេញ ឬ​ទី​ប្រជុំ​ជន​ចូល​ទៅ​ក្នុង​ភូមិ​ទេ។ លោក​ថា តាម​ភូមិ​នីមួយៗ ចាប់​​អារម្មណ៍​ តែ​​ព័ត៌មាន​ជំងឺ​កូវីដ​១៩ ​ទេ ហើយ​​អ្នក​ខ្លះ​ប្រជុំ​គ្នា ស្ដាប់​ព័ត៌មាន​ពី​ជំងឺ​នេះ។

លោក អ៊ុយ សែន ​បន្ត​ថា ចំពោះ​ជីវភាព​វិញ ​​រង​ផល​ប៉ះពាល់​ ចាប់​តាំង​ពី​អ្នក​ផ្សារ​កំពង់ធំ រហូត​ដល់​អ្នក​ភូមិ និង​កសិករ។ លោក​ថា ក្នុង​គ្រួសារ​ចាប់​ផ្ដើម​បាត់​ចំណូល​ ដោយសារ​គ្មាន​អតិថិជន​ គ្រប់​វិស័យ។ លោក​ថា អ្នក​ផ្សារ​ខ្លះ ជា​កូន​បំណុល​របស់​ម្ចាស់​គម្រោង​បង់​រំលោះ​ដី និង​ផ្ទះ​ល្វែង ឯ​អ្នក​ភូមិ​ភាគ​ច្រើន សុទ្ធ​តែ​ជា​កូន​បំណុល​របស់​ធនាគារ ដូច្នេះ​ទាំង​អ្នក​ផ្សារ និង​អ្នក​ភូមិ សុទ្ធ​តែ​​កើត​ទុក្ខ​ រឿង​អត់​លុយ​​សង​បំណុល៖ «ប្រឈម​ច្រើន ព្រោះ​ឥឡូវ​ការ​រកស៊ី​របស់​គាត់​ចេះ​តែ​ថយ​ចុះ​ទៅ អា​ជំពាក់​ប្រាក់​ធនាគារ​នោះ ដូចជា ច្រើន​គ្នា​ដែរ ហើយ​គាត់​ចេះ​តែ​បារម្ភ បើ​ករណី​នេះ មាន​ការ​រាតត្បាត​កាន់​តែ​ខ្លាំង ការ​រក​ស៊ី​កាន់​តែ​ថយ​ចុះ ការ​បង់​ប្រាក់​ទៅ​ធនាគារ​វិញ ក៏​រាង​ពិបាក​ដែរ​។ ពិបាក​ច្រើន បើ​សិន​ជា​អាច រដ្ឋាភិបាល​អាច​ជួយ​បន្ធូរ​បន្ថយ​ពន្យារ​ អា​ការ​បង់​ប្រាក់​នោះ ឲ្យ​ទៅ​ឲ្យ​យូរ ឲ្យ​ទៅ​ឲ្យ​ឆ្ងាយ​ទៅ ព្រោះ​អ្វី នេះ​ការ​បង់​ប្រាក់​ធនាគារ​វា​រាង​ពិបាក​ដែរ»។

គិត​ត្រឹម​ថ្ងៃ​ទី១៨ មីនា រដ្ឋាភិបាល​ មិន​បាន​ដាក់​ចេញ​វិធានការ ​ពន្យារ​ពេល​បង់​លុយ​រំលោះ​ដីធ្លី ឬ​សង​ធនាគារ​ នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ឲ្យ​ដឹង​ថា ស្ថានការណ៍​ជីវភាព​អ្នក​រកស៊ី​ក្រៅ​ប្រព័ន្ធ​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ កាន់​តែ​ដុនដាប​ទៅៗ។ លោក​ថា អ្នក​ប្រកប​របរ​តាម​ចិញ្ចើម​ផ្លូវ និង​រត់​ឌុប ធ្លាក់​ចុះ​ចំណូល​ខ្ទង់ ៧០ភាគរយ គិត​ត្រឹម​ថ្ងៃ​ទី​១៨ មីនា។ លោក វន់ ពៅ ទទួល​ស្គាល់​ថា សាំង​ធ្លាក់​ថ្លៃ បាន​ជួយ​ដល់​អ្នក​ក្រៅ​ប្រព័ន្ធ តែ​មុខ​ទំនិញ​ផ្សេង​ទៀត រឹត​តែ​ឡើង​ថ្លៃ លើ​តម្លៃ​សាំង​ធ្លាក់​ចុះ។

ចំពោះ​បញ្ហា​ប្រឈម​មុខ​នេះ លោក វន់ ពៅ​ ស្នើ​ឲ្យ​រដ្ឋាភិបាល ដាក់​ចេញ​វិធានការ​ជួយ​សង្គ្រោះ​​ជីវភាព​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ដោយ​ត្រូវ​​ប្រកាស​ឲ្យ​ផ្អាក​បង់​ប្រាក់​ធនាគារ​មួយ​រយៈ​សិន និង​ស្នើ​សុំ​​ឲ្យ​បញ្ឈប់​ការ​យក​ថ្លៃ​ភាស៊ី​តូប និង​​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ១ឆ្នាំ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​ធ្វើ​ការ​ឧបត្ថម្ភ​ធន ទៅ​ដល់​អ្នក​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​ហ្នឹង ដូចជា​ កុំ​ឲ្យ​បង់​ការ​ប្រាក់​​ អ្នក​ដែល​ជំពាក់​ធនាគារ​ហ្នឹង ហើយ​ចំណុច​មួយទៀត សម្រាប់​អ្នក​លក់​ដូរ​តាម​ផ្សារ តាម​ផ្លូវ​ហ្នឹង សុំ​ឲ្យ​​ម្ចាស់​ផ្សារ ឬ​ក៏​ម្ចាស់​ទីតាំង​ហ្នឹង សុំ​កុំ​​យក​លុយ​ថ្លៃ​ឈ្នួល ឬ​ក៏​ទី​តាំង​ហ្នឹង ពី​គាត់​អ្វី យ៉ាង​ហោច​​ណាស់​ក៏​​១​ឆ្នាំ​ដែរ ទម្រាំ​​ស្ងប់​អា​កូវីដ​១៩​ហ្នឹង។ អ៊ីចឹង រដ្ឋាភិបាល​ត្រូវ​គិត​ពី​ចំណុច​ហ្នឹង ឲ្យ​សំខាន់ សម្រាប់​ពួក​គាត់។ សំខាន់​មួយ​ទៀត រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​ផ្ដល់​អា​សម្ភារៈ​ការពារ​​ជំងឺ​កូវីដ​១៩ Free (ចែក​ទទេ) ជូន​ពួក​គាត់។ ពួកគាត់ មិន​មាន​លទ្ធភាព​ទិញ​របស់​ទាំង​អស់​ហ្នឹង​ទេ»។

បើ​ទោះ​ជា អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាស​ឲ្យ​ពលរដ្ឋ​ កុំ​នាំ​គ្នា​សម្រុក​ទិញ​ទំនិញ​ស្ដុក​ទុក​យ៉ាង​ណា ក៏​ដោយ តែ​មក​ដល់​ថ្ងៃ​ទី១៨ មីនា​នេះ អ្នក​លក់​តាម​ផ្សារ​ឲ្យ​ដឹង​ថា ពលរដ្ឋ​បាន​សម្រុក​ទិញ​អង្ករ និង​ម្ហូប​អាហារ​ទុក​បាន​យូរ ស្ដុក​ទុក​តាម​ផ្ទះ​មួយ​ចំនួន​ហើយ ព្រោះ​ពួក​គេ​មិន​ចង់​ចេញ​ក្រៅ​ផ្ទះ​ញឹក​ញាប់។ តែ​ទោះ​ជា​យ៉ាង​ណា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថា កុំ​មាន​ព្រួយ​បារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ​ ព្រោះ​អង្ករ​នៅ​ក្នុង​ស្ដុក​មាន​ពេញ​បរិបូរណ៍​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស និង​មាន​អង្ករ​នាំ​ចេញ​ទៀត​ផង៕

No comments: