Friday, 13 March 2020

សហរដ្ឋ​អាមេរិក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រឌិត​រឿង​ថា អាមេរិក​ឃុបឃិត​ជាមួយ​លោក កឹម សុខា​​ រឿង​បដិវត្តន៍​ពណ៌


ដោយ សេក បណ្ឌិត
2020-03-12

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ចំពោះ​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ចំពោះ​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។



ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​ចូលរួម​តាម​ដាន​សវនាការ​កាត់​ក្តី​សំណុំ​រឿង​លោក កឹម សុខា ជា​លើក​ដំបូងបង្អស់ នៅ​ព្រឹក​ថ្ងៃទី១២ មីនា នេះ។ ក្រោយ​ចេញ​ពី​សវនាការ មន្ត្រី​ការទូត​ដ៏​​មាន​​បទពិសោធន៍​រូប​នេះ បាន​ចេញ​មុខ​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​​​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ថា សហរដ្ឋ​អាមេរិក​មាន​ពាក់ព័ន្ធ​ក្នុង​គម្រោង​ការ​របស់​លោក កឹម សុខា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​ការ​ប្រឌិត​រឿង​ថា សហរដ្ឋ​អាមេរិក​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ក្នុង​សកម្មភាព​ដែល​អាជ្ញាធរ​ចោទ​ថា ជា​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក​មាន​តម្លាភាព និង​ត្រូវ​បាន​ផ្ដល់​ឱ្យ​គ្រប់​គណបក្ស​នយោបាយ ក្នុង​នោះ​ក៏​រួមមាន​ទាំង​គណបក្សប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ផង​ដែរ៖ «យើង​មាន​ការ​រំខាន​ចិត្ត​ដែល​ខាង​ព្រះរាជអាជ្ញា​លើក​ឡើង​នូវ​រឿង​ប្រឌិត​អំពី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​ឃុបឃិត​ជាមួយ​លោក កឹម សុខា។ ជា​ការ​ពិត​នោះ​គឺ​ថា ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ប្រមាណ ៣ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​នោះ​រួម​ទាំង​ជំនួយ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្ស​នយោបាយ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។ កម្មវិធី​របស់​យើង​ គឺ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់  ដោយ​រួម​មាន​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ និង​ស្ថាប័ន​ជាច្រើន​ទៀត​របស់​រដ្ឋាភិបាល​ផង​ដែរ»។



ចាប់​តាំងពី​ចូល​កាន់​តំណែង​ផ្លូវ​ការ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​កាល​ពី​ខែ​តុលា ឆ្នាំ២០១៩ មក ​នេះ​គឺ​ជា​លើក​ទី​មួយ​​ហើយ​ដែល​ លោក ប៉ាទ្រីក ម័រហ្វី បាន​បញ្ចេញ​​សារ​ដាស់​តឿន​ និង​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ដែល​ជា​ញឹក​ញាប់​ត្រូវ​មន្ត្រី​ក្រោម​បង្គាប់​នាំគ្នា​​ស្រែក​បន្ទរ​តាម​គ្នា​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក កឹម សុខា ក្នុង​​ផែន​ការ​បដិវត្តន៍​ពណ៌។

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) គូស​បញ្ជាក់​ទៀត​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​កេរ្តិ៍​ឈ្មោះ​ដែល​សម​នឹង​ទទួល​បាន​នៅ​ទូទាំង​ពិភព​លោក​ថា ជា​ជើង​ឯក​ខាង​​សិទ្ធិ​មនុស្ស និង​សេរីភាព។ លោក​អះអាង​ថា សហរដ្ឋ​អាមេរិក​ចង់​ឃើញ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ ហើយ​ក៏​សង្ឃឹម​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់​អាច​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ​បាន។

ទោះ​ជា​យ៉ាង​ណា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្រកាស​ទុក​ជា​មុន​ហើយ​ថា លោក​ កឹម សុខា ត្រូវ​តែ​មាន​ទោស ព្រោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ដឹក​នាំ​ការ​តវ៉ា​​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​បោះឆ្នោត។ ជាពិសេស លោក​បាន​ទម្លាក់​កំហុស​រឿង​ហិង្សា​នៅ​ផ្លូវ វេង ស្រេង ទៅ​លើ​ក្រុម​មេ​បក្ស​ប្រឆាំង បើ​ទោះ​បី​ជា​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឃើញ​កង​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​គឺ​ជា​អ្នក​បាន​ប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​បាតុករ​អហិង្សា​មុន និង​បន្ទាប់​មក​បាន​បាញ់​ទៅលើ​ពលរដ្ឋ​បណ្ដាល​ឱ្យ​ស្លាប់​នៅ​គ្រា​នោះ​ក៏​ដោយ​ចុះ៖ «អា​មុន​បោះ​ឆ្នោត​អា​ឯង​ឃោសនា​ដូរ​មិន​ដូរ ហ្អែង​ឃោសនា​ត្រូវ​ហើយ ដូរ​មិន​ដូរ​ ដូរ​ហ្នឹង​មុន​បោះ​ឆ្នោត។ តែ​បោះ​ឆ្នោត​រួច​ហើយ​ហ្អែង​មក​ទារ​ដូរ អា​ហ្នឹង​ស្អី?។ ផែនការ​ដែល​ផ្ដួល​រំលំ​ចុង​ក្រោយ ដែល​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៣ អា​ហ្នឹង​ជា​ស្អី? ដែល​ជា​ចុង​បំផុត នាំ​ដល់​មនុស្ស​ស្លាប់​នឹង​របួស​នៅ​ផ្លូវ វេង ស្រេង អា​ហ្នឹង​ជា​ស្អី?។ គិត​មិន​ឱ្យ​គេ​កាត់​ទោស ឬ​ស្អី ត្រូវ​តែ​កាត់ ហើយ​ម្ដង​នេះ មិន​មែន​គុក​ត្រពាំង​ផ្លុង​ទេ ប្រាប់​ឱ្យ​ហើយ គឺ​កន្លែង​ផ្សេង។ តែ​សាលក្រម​ចេញ​គ្រឹប​ហើយ គឺ​ដាក់​ហើយ គ្មាន​ទៅ​ទុក​ទេ»។


ការ​ប្រកាស​បែប​នេះ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​អ្នក​ច្បាប់ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​ទង្វើ​ខុស​ច្បាប់ និង​ជា​​ការ​រំលោភ​បំពាន​ដល់​ឯករាជ្យ​នៃ​អំណាច​តុលាការ ដែល​ធ្វើ​ឱ្យ​ចៅក្រម​ភ័យ​ខ្លាច មិន​ហ៊ាន​កាត់​សេចក្ដី​តាម​វិជ្ជាជីវៈ​ឡើយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី អះអាង​ថា សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​សវនាការ​សំណុំ​រឿង​លោក កឹម សុខា យ៉ាង​ដិត​ដល់។ លោក​សង្កត់​ធ្ងន់​លើ​ដំណើរ​ការ​ក្ដី​នេះ​ថា គឺ​ជា​បច្ច័យ​យ៉ាង​សំខាន់​សម្រាប់​នីតិរដ្ឋ ​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​និង​​ទំនាក់​ទំនង​អន្តរជាតិ​របស់​កម្ពុជា។ ជាមួយ​គ្នា​នេះ លោក​ក៏​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ដែល​ថា សហរដ្ឋ​អាមេរិក​មាន​បំណង​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដែរ៖ «សហរដ្ឋ​អាមេរិក​មិន​ដែល​ចង់​ជ្រៀត​ជ្រែក​អភិបាល​កិច្ច​របស់​កម្ពុជា​នោះ​ទេ ហើយ​យើង​គោរព​យ៉ាង​ពេញលេញ​ចំពោះ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា។ ក៏​ប៉ុន្តែ ទន្ទឹម​នឹង​នេះ យើង​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ​ សង្គម​ស៊ីវិល​ដែល​មាន​ភាព​សកម្ម និង​ការ​អត់ឱន​ដល់​ទស្សនៈ​ប្រឆាំង​ ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក»។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​តែ​តាម​ដាន​ករណី​លោក​ កឹម សុខា និង​ថ្លែង​ការណ៍​អំពី​ជំហរ​របស់​ខ្លួន​​ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​​បាន​ចោទ​អាមេរិក​ថា ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក កឹម សុខា​។ លោក​ថា ដោយសារ​តែ​ការ​ចោទ​ប្រកាន់​បែបនេះ​ហើយ ទើបបាន​ជា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​​មាន​ភាព​ល្អក់​កករ​មក​ដល់​ពេល​នេះ។ លោក​បន្ថែម​ថា ប្រសាសន៍​​របស់​លោក ប៉ាទ្រីក ម័រហ្វី ស​បញ្ជាក់​ឱ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​គ្មាន​ជំនឿ​លើ​ភស្តុតាង​ដែល​អាជ្ញាធរ​កម្ពុជា​យក​មក​ប្រើ​ដើម្បី​ចោទ​ប្រកាន់​លោក កឹម សុខា និង​ចោទ​អាមេរិក​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ៖ «សហរដ្ឋ​អាមេរិក​មាន​តំណាង​របស់​គេ​តាម​ដាន​រហូត ដូច្នេះ​ដល់​ពេល​វេលា​មួយ​​ដែល​គេ​ត្រូវ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ដើម្បី​បញ្ជាក់​អំពី​ភាព​មិន​ពាក់ព័ន្ធ ហើយ​និង​មិន​ជំពាក់ជំពិន​នៅ​ក្នុង​រឿង​សម​គំនិត​នេះ​ទេ។ គេ​ចង់​បង្ហាញ​អំពី​សុឆន្ទៈ​នៅ​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ទ្វេភាគី​​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ហ្នឹង​ឱ្យ​មក​មាន​ប្រសើរ​ហើយ»។

លោក ឯម សុវណ្ណរ៉ា ពន្យល់​ថា សហរដ្ឋ​អាមេរិក​ គឺ​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីសឆ្នាំ១៩៩១ ដូច្នេះ​ប្រទេស​មហាអំណាច​មួយ​នេះ មាន​សិទ្ធិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ស្រប​តាម​កិច្ច​ព្រមព្រៀង និង​បទដ្ឋាន​​អន្តរជាតិ​ទាំង​ឡាយ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់។

ជុំវិញ​ការ​ចោទ​ប្រកាន់​​លើ​លោក​ កឹម សុខា នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ពិនិត្យ​ឃើញ​ថា ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។ អង្គការ​អន្តរជាតិ​មួយ​នេះ ជំរុញ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ដាក់​សម្ពាធ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក​ កឹម សុខា និង​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

1 comment:

Anonymous said...

The Hyena Hun Sen recognized that the CPP would surely lose the election in 2018, thanks to the 50 plus 1 election rule and the new NEC initiated and amended by Sam Rainsy and the CNRP.

The 50 plus 1 rule gave any one political party a great chance to win the election and lead the country. After all, it looked like Hun Sen killed himself when he changed to 50 plus one.
After the CNRP joined the National Assembly in 2014 and changed the NEC, the one eye devil Hun Sen could no longer control the NEC.

Therefore, in order to keep his power, Hun Sen has no choice but to dissolve the CNRP by accusing Kem Sokha of plotting to take him to hell to live with Sihanouk and his supreme master Ho Chi Minh.

The problem for Hun Sen is that Khmer people and the international community are not on his side.

When will Hun Sen go to hell ?? Hopefully soon.