Tuesday, 10 March 2020
លោក ហ៊ុន សែន នឹងឲ្យគ្រូពេទ្យយកសំណាកវិភាគរបស់លោកទៅពិនិត្យរកជំងឺកូវីដ-១៩
Khmer Circle:
As dreaded and deadly coronavirus is, Xamdaach himself is the biggest scourge to the Khmer people; a deadly disease and epidemic with no known cure who has been planted in the body of Cambodia by Hanoi... literally!
^^^
ដោយ អាស៊ីសេរី
2020-03-09
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បន្តចាប់ដៃពលរដ្ឋ ក្រោយពីលោកប្រកាសនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ថា លោកមានអាការៈតឹងច្រមុះ និងចង់ឲ្យគ្រូពេទ្យយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ប្រកាសថា លោកនឹងឲ្យគ្រូពេទ្យយកសំណាករបស់លោកទៅពិនិត្យរកជំងឺកូវីដ-១៩ ក្រោយពីលោកមានអាការៈតឹងច្រមុះ។ សង្គមស៊ីវិល យល់ថា ប្រសិនបើលោក ហ៊ុន សែន សង្ស័យខ្លួនឯងដូច្នេះ គួរតែកុំនៅជិតស្និតជាមួយមនុស្សដទៃ ដើម្បីចៀសវាងការចម្លងមេរោគក្នុងករណីពិនិត្យទៅឃើញលទ្ធផលវិជ្ជមាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកសង្ស័យខ្លួនឯងអាចឆ្លងជំងឺកូវីដ-១៩។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅស្រុកវាលវែងខេត្ត ពោធិ៍សាត់ នៅថ្ងៃទី៩ ខែមីនា។ ទោះបីជាលោក ហ៊ុន សែន សង្ស័យខ្លួនឯង និងមិនទាន់បានពិនិត្យ រកមេរោគក្តី ក៏លោក មិនបានការពារខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ពោលគឺមេដឹកនាំរូបនេះ បានដើរចាប់ដៃជាមួយប្រជាពលរដ្ឋ និងអ្នកដទៃទៀតហាក់គ្មានការបារម្ភ។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏ព្រមានចាប់ខ្លួនអ្នកដែលចោទថា លោកធ្លាក់ខ្លួនឈឺ ហើយត្រូវបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យក្រៅប្រទេស៖ «ខ្ញុំគិតថា ត្រឡប់ទៅវិញខ្ញុំ ឲ្យពេទ្យយកសំណាកខ្ញុំ ទៅមើលដែរ ព្រោះខ្ញុំនិយាយទៅដូចរាងតឹងច្រមុះ ព្រោះអ៊ីចេះតែកាលណាខ្ញុំដំឡើងម៉ាស៊ីនលើសតែពីមួយ ម៉ោងទៅ វាតឹងច្រមុះហើយវាជាទម្លាប់របស់ខ្ញុំទេ។ ម៉ាឆឺតនឹងទៅណាគេថា កូរ៉ូណា។ ហើយ អាមួយនោះផ្ដាំហ្អែង ហ្អែងនៅកំពង់ត្របែក ខេត្តព្រៃវែង។ អាហ្នឹងវាថា ខ្ញុំត្រូវបានគេបញ្ជូនដោយ ស្ងាត់បំផុត ទៅពេទ្យសិង្ហបុរី។ ប្រយ័ត្នណា! អញឲ្យប៉ូលិសទៅយកដល់ផ្ទះ ហ្អែងត្រូវដឹងថា ម្ង៉ៃហ្អែង និយាយអីខ្លះ។ កុំគិតស្មានតែគេមិនដឹង! គ្រាន់តែព្រមានទេ លើកក្រោយតែហ្អែងដដែលហ្នឹង អញ ចាប់យកហ្អែងមកឃុំហើយ»។
ក្នុងឱកាសនោះដែរ លោក ហ៊ុន សែន ក៏នៅតែអំពាវនាវកុំឲ្យពលរដ្ឋភ័យខ្លាចហួសហេតុ និងត្រូវទុកចិត្តលើក្រសួងសុខាភិបាលកម្ពុជា ព្រោះថា ប្រសិនបើពលរដ្ឋកម្ពុជារួមទាំងលោក ពិតជាមានជំងឺនេះមែន គឺប្រទេសវៀតណាម និងថៃ ឬក៏សិង្ហបុរី ក៏មិនទទួលយកទៅព្យាបាលដែរ ព្រោះគេខ្លាចឆ្លង និងតាមគោលការណ៍អង្គការសុខភាពលោក (WHO) គឺរកឃើញទីណាត្រូវទុកព្យាបាលទីនោះ។ ថ្វីដ្បិតតែអំពាវនាវកុំឲ្យពលរដ្ឋភ័យខ្លាច និងទុកចិត្តក្រសួងជំនាញក្ដី ក៏លោក ហ៊ុន សែន ប្រកាសបញ្ជាក់ថា មកទល់ពេលនេះក្រសួងមានសមត្ថកិច្ចមិនទាន់ប្រមូលអ្នកធ្លាប់ ប៉ះពាល់ ឬប្រាស្រ័យទាក់ទងជាមួយនឹងបុរសជនជាតិជប៉ុន និងបុរសខ្មែរ ដែលផ្ទុកជំងឺកូវីដ ដើម្បីធ្វើតេស្តសុខភាពអស់នៅឡើយទេ។ ទោះយ៉ាងណា លោកស្នើឲ្យពលរដ្ឋដែលមានការសង្ស័យ ត្រូវសហការជាមួយ ក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តរកមេរោគឲ្យបានទាន់ពេល វេលាកុំឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ក្រៅពីប្រកាសដូច្នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញប្រតិកម្មខ្លាំងៗ ទៅទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ដែលចុះផ្សាយកាលពីពេលថ្មីៗ នេះថា វៀតណាមរឹតបន្តឹងអ្នកដំណើរពី កម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ លោក ហ៊ុន សែន យល់ថា ការចុះផ្សាយបែបនេះ គឺធ្វើឲ្យមាន ការយល់ច្រឡំថា កម្ពុជាជាប្រទេសមានហានិភ័យក្នុងការចម្លងមេរោគ។ លោកទាមទារទីភ្នាក់ងារសារព័ត៌មានវៀតណាម ដកអត្ថបទនោះចេញ បើពុំនោះទេ លោកនឹងធ្វើកំណត់ទូតតវ៉ាទៅរដ្ឋាភិបាលវៀតណាម៖ «រឿងហេតុអីបានជាអ្នកឯង ដាក់ប្រទេសខ្ញុំថា ជាប្រទេសដែល មានហានិភ័យសម្រាប់ប្រទេសវៀតណាម។ រឿងនេះវាក្លាយជាបញ្ហា បើសិនជាប្រជាជនកម្ពុជាប្រតិកម្មវិញ ប្រជាជនកម្ពុជាអាចនឹងបិទមិនឱ្យវៀតណាមឆ្លងមកវិញ ប៉ុន្តែបានដោះស្រាយកាលពីម្សិលមិញហើយ»។
រីឯនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនបើលោក ហ៊ុន សែន សង្ស័យខ្លួនឯងបែបនេះ គួរតែកុំសូវនៅជិត ឬស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ លោក ជំរុញឲ្យអាជ្ញាធរ បន្តស្រាវជ្រាវប្រមូលអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុរសជប៉ុន និងបុរសខ្មែរដែលកំពុងផ្ទុកជំងឺកូវីដនោះ យកទៅធ្វើតេស្តសុខភាពទាំងអស់ ដើម្បីធានាថា ពួកគេមានសុវត្ថិភាព និងគ្មានការចម្លងពីមួយទៅមួយ។ ម្យ៉ាងវិញ ទៀត លោក មឿន តុលា យល់ថា ដើម្បីឲ្យពលរដ្ឋកម្ពុជា និងប្រទេសនានា ទុកចិត្តលើកម្ពុជាថា ជាប្រទេសមានសុវត្ថិភាពនោះ គឺរដ្ឋាភិបាល ត្រូវតែពង្រឹងសមត្ថភាពក្រសួងសុខាភិបាល និងត្រូវតែចាត់វិធានការទប់ស្កាត់ និងបង្ការជំងឺកូវីដឲ្យមានប្រសិទ្ធភាព ជាងពេលបច្ចុប្បន្ន៖ «តួនាទីរបស់រដ្ឋមួយ គឺខ្វល់ខ្វាយការពារ ឬក៏លើកស្ទួយនូវសុខមាលភាពរបស់ប្រជាពលរដ្ឋគេ ដូច្នេះចង់មិនចង់ គេត្រូវតែមានវិធានការណាមួយ ដើម្បីការពារ និងលើកស្ទួយសុខមាលភាពរបស់ប្រជាពលរដ្ឋគេហើយ។ គេយករឿងការទូតរឿងអីនោះ ដាក់មួយអន្លើសិន សំខាន់កុំឲ្យពលរដ្ឋគេមានបញ្ហា។ អ្វីដែលកម្ពុជា គួរប្រឹងធ្វើនោះ គឺយន្តការទប់ស្កាត់ ឬក៏ការពារការឆ្លង ឬការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានច្បាស់លាស់។នៅពេលដែលគេឃើញប្រព័ន្ធការពារ និងទប់ស្កាត់របស់កម្ពុជារឹងមាំហើយ គឺគេមានទំនុកចិត្ត និងដកចំណុចក្រហមចេញពីកម្ពុជា»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ឲ្យដឹងដែរថា តាមពិត រដ្ឋាភិបាលកម្ពុជា គួរតែប្រកាសឲ្យមានការប្រុង ប្រយ័ត្នជំងឺកូវីដ-១៩ ចាប់តាំងពីដំបូងនៃការផ្ទុះការរីករាលដាល ប៉ុន្តែលោកសង្កេតឃើញថា ការឆ្លើយតប របស់រដ្ឋាភិបាលនៅមានភាពធូររលុងខុសពីប្រទេសដទៃ ដូចជាមិនបិទជើងហោះហើរ និងការអនុញ្ញាតឲ្យកប៉ាល់វ៉េស្ទើដាម (Westerdam) ចូលចតក្នុងកំពង់ផែខេត្តព្រះសីហនុ ទាំងដែលគ្មាន យន្តការពិនិត្យសុខភាពឲ្យបានគ្រប់គ្រាន់ និងមិនបានដាក់ឲ្យអ្នកទេសចរទាំងនោះនៅដាច់ដោយ ឡែកមួយរយៈសិន៖ «ការទុកចិត្តរបស់ពលរដ្ឋ មិនសំខាន់លើការអំពាវនាវរបស់មេដឹកនាំទេ ទាល់តែមន្ត្រីពេទ្យខ្លួនឯងនោះប្រឹងប្រែងផ្ដល់សេវាល្អជូនប្រជាពលរដ្ឋ។ឧទាហរណ៍ ប៉ុន្មានថ្ងៃនេះ ខ្ញុំមិនដឹងថា ព័ត៌មាននោះពិតប៉ុណ្ណាទេ ប៉ុន្តែនៅកំពង់សោមនោះ មានពលរដ្ឋទៅពិនិត្យ សុខភាពរកកូវីដនេះដែរ បន្ទាប់មកគ្រូពេទ្យមិនឲ្យចេញពីពេទ្យហើយ ទាល់តែឲ្យលុយ ៥០០ដុល្លារ ទើបឲ្យចេញ។ មិនដឹងថារឿងនេះរឿងពិត ឬមិនពិតប៉ុណ្ណាទេ ប៉ុន្តែប្រសិនបើរឿងនេះពិតមែន គឺជារឿងគ្រោះថ្នាក់សម្រាប់ជាតិហើយ»។
កាលពីថ្ងៃទី៧ ខែមីនា ក្រសួងសុខាភិបាលប្រកាសថា បុរសខ្មែរម្នាក់ អាយុ ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩។ បុរសខ្មែរម្នាក់នេះ គឺជាមនុស្សម្នាក់ក្នុងចំណោម ៤នាក់ ដែលជាអ្នកប៉ះពាល់ ផ្ទាល់ និងធ្វើការជិតស្និទ្ធជាមួយបុរសជនជាតិជប៉ុន ដែលគេបានរកឃើញ មានផ្ទុកជំងឺកូវីដនៅពេលទៅដល់ប្រទេសជប៉ុនវិញ បន្ទាប់ពីចាកចេញពីកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា។ បុរសខ្មែររូបនោះ កំពុងដាក់ឲ្យនៅក្នុង បន្ទប់ដាច់ដោយឡែក និងកំពុងបន្តព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកសមាជិកគ្រួសារ ៣នាក់របស់បុរសនោះ និងអ្នកប៉ះពាល់ផ្ទាល់ ជាមួយបុរសជប៉ុន ៣នាក់ ក៏កំពុងដាក់ឲ្យនៅដាច់ដោយឡែកនិងតាមដានសុខភាពរយៈពេល ១៤ថ្ងៃដែរ។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់អំពីស្ថានភាពសុខភាពអ្នកទាំងនោះបានទេនៅថ្ងៃទី៩ ខែមីនា ដោយទូរស័ព្ទទៅអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងអ្នកស្រី ឱ វណ្ណឌីន ព្រម ទាំងអភិបាលខេត្តសៀមរាប លោក ទៀ សីហា ជាច្រើនដងតែគ្មានអ្នកទទួល។
ក្រោយការរកឃើញករណីឆ្លងជំងឺកូវីដលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប គឺពលរដ្ឋក្នុងខេត្ត មួយនេះ មានការភ័យខ្លាចដោយម្នាក់ៗ មិនហ៊ានដើរចេញទៅណាទេ ដែលធ្វើឱ្យទីក្រុងទេសចរណ៍មួយនេះ មានសភាពស្ងប់ស្ងាត់។ លោក ហ៊ុន សែន ប្រកាសថា លោកគ្រោងនឹងទៅខេត្តសៀមរាបឆាប់ៗ ដើម្បីសួរទុកអ្នកជំងឺ និងដើម្បីលើកទឹកចិត្តកុំឲ្យពលរដ្ឋភ័យខ្លាច។
គិតត្រឹមថ្ងៃទី៩ ខែមីនា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបឡើងដល់ជាង ១១ម៉ឺននាក់ (១១០.២៩៦នាក់) នៅលើពិភពលោក ហើយអ្នកស្លាប់ ក៏ឡើងដល់ជាង ៣ពាន់ ៨រយនាក់ (៣.៨៤០នាក់) ហើយ ដែលភាគច្រើននៅប្រទេសចិន។ មេរោគនេះ ក៏កំពុងមានសន្ទុះឆ្លងរាលដាលខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីតាលី ប្រទេសអ៊ីរ៉ង់ ប្រទេសអាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក៕
Subscribe to:
Post Comments (Atom)
1 comment:
All Cambodian politicians used foreign powers for backing. Hun Sen got Vietnam's backing. Kem Sokha got USA's backing.
Only Sam Rainsy how does not need any foreign power backing because he has the backing of the Cambodian people. If Sam Rainsy is allowed to return to Cambodia, a tsunami of people will rally behind him and topple Hun Sen. And Hun Sen knows that. That's why he prevented Sam Rainsy from returning last year.
Post a Comment