Tuesday 17 March 2020
សមត្ថកិច្ចអះអាងថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារនោះ ជាប់ពាក់ព័ន្ធករណីបំផុសព័ត៌មានក្លែងក្លាយធ្វើឲ្យមានការជ្រួលច្របល់ក្នុងសង្គម
ដោយ អូន ភាព
2020-03-17
លោក ឃុត ច្រឹក សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរចាប់ដាក់គុក ក្រោយពីបង្ហោះព័ត៌មានទាក់ទងនឹងជំងឺកូវីដ១៩ ដែលអាជ្ញាធរចាត់ទុកថា បំផុសព័ត៌មានក្លែងក្លាយធ្វើឲ្យមានការជ្រួលច្របល់ក្នុងសង្គម។
រូប៖ ផ្ដល់ដោយលោកស្រី ប៊ុត សាម៉ាក់ ភរិយាលោក ឃុត ច្រឹក។
សកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក ឃុត ច្រឹក ដែលបានបាត់ខ្លួនចំនួន ៧ថ្ងៃមកហើយនោះ ពេលនេះបានរកឃើញវិញហើយ ដោយសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារ។
សមត្ថកិច្ចអះអាងថា សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះកំពុងជាប់ពន្ធនាគារក្រោយតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ករណីបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកបំផុសព័ត៌មានក្លែងក្លាយធ្វើឲ្យមានការជ្រួលច្របល់ក្នុងសង្គម។
មន្ត្រីសិទ្ធិមនុស្សយល់ថា ការចោទប្រកាន់នេះជាការរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដ៏គួរឲ្យព្រួយបារម្ភ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៦ ខែមីនាថា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយតុលាការបានចេញដីកាសម្រេចឃុំខ្លួនលោក ឃុត ច្រឹក រួចហើយ មិនលោកមិនព្រមបញ្ជាក់ថា នៅពន្ធនាគារណានោះទេ។ មន្ត្រីជាន់ខ្ពស់នគរបាលរូបនេះថា លោកមិនចាំថា តុលាការចោទប្រកាន់ពីបទល្មើសអ្វី និងត្រូវឃុំខ្លួននៅពន្ធនាគារណានោះទេ ប៉ុន្តែលោកបង្ហើបថា លោក ឃុត ច្រឹក បានបំផុសព័ត៌មានក្លែងក្លាយធ្វើឲ្យមានការជ្រួលច្របល់ក្នុងសង្គម៖ «គាត់ (ឃុត ច្រឹក) ទៅបំផុសរឿងឲ្យជ្រួលច្របល់ពេញទឹកពេញដីប្រមាថកាតទានញុះញង់អ៊ីចឹងព័ត៌មានហ្នឹងមានចេតនាអី អ៊ីចឹងសំណូមពរប្រជាពលរដ្ឋកុំឲ្យជឿពួកអស់ហ្នឹង ព្រោះរដ្ឋាភិបាលគេបានបង្កើតប្រព័ន្ធ ដើម្បីប្រជាពលរដ្ឋគាត់ឆ្ងល់គាត់សួរដូចក្រសួងសុខាភិបាលគេបកស្រាយរហូតគេមានប្រព័ន្ធទូរស័ព្ទ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះថា លោកគ្មានពេលវេលាច្រើនសម្រាប់បកស្រាយលើបុគ្គល ដែលបំពុលសង្គមបែបនេះទេ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែម ប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃទី១៦ ខែមីនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
លោក ឃុត ច្រឹក សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបាត់ខ្លួនកាលពីថ្ងៃទី១០ មីនា ដែលកាលនោះសមត្ថកិច្ចមូលដ្ឋានបានកោះហៅលោកឲ្យទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុករិះគន់ករណីជំងឺកូវីត១៩ នៅកម្ពុជា។
លោកស្រី ប៊ុត សាម៉ាក់ ភរិយាលោក ឃុត ច្រឹក ឆ្ងល់ថា ហេតុអ្វីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មិនបានផ្ដល់ព័ត៌មានពីការបញ្ជូនស្វាមីលោកស្រីទៅពន្ធនាគារ បើទោះជាលោកស្រីបានព្យាយាមតាមសួរដំណឹងស្វាមីលោកស្រីពីក្រុមសមត្ថកិច្ចក្តី។ លោកស្រីឲ្យដឹងទៀតថា លោកស្រីបានពិនិត្យមើលហ្វេសប៊ុកប្ដីលោកស្រីដែលឈ្មោះ Border Khmer គឺស្វាមីលោកស្រីមិនបានសរសេរព័ត៌មានក្លែងក្លាយរិះគន់ករណីជំងឺកូវីត១៩ នៅកម្ពុជាទេ ប៉ុន្តែស្វាមីលោកស្រីបានចែករំលែក ឬស៊ែរព័ត៌មានមួយចំនួនទាក់ទងនឹងជំងឺកូវីត១៩។ លោកស្រីបន្តថា ក្រោយដឹងពីប្ដីត្រូវជាប់ពន្ធនាគារបែបនេះ លោកស្រីបានពឹងពាក់មេធាវី ដើម្បីជួយការពារក្តី៖ «មានការព្រួយបារម្ភ អយុត្តិធម៌សូមឲ្យសង្គមស៊ីវិលជួយតាមដានជួយគាត់ផង ហើយស្នើសុំរដ្ឋាភិបាលជួយសម្រាលទោសគាត់ ព្រោះរឿងជំងឺកូវីតហ្នឹងមិនធ្ងន់ធ្ងរដល់ជាប់ពន្ធនាគារអ៊ីចឹង»។
លោកស្រីយល់ថា ប្តីលោកស្រីមិនបានប្រព្រឹត្តិទោសកំហុសធ្ងន់ធ្ងរទេ ដូច្នេះលោកស្រីស្នើទៅរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធដោះលែងស្វាមីលោកស្រីឲ្យមានសេរីភាពឡើងវិញ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្សលីកាដូ យល់ថា រដ្ឋាភិបាលមិនគួរអនុវត្តផ្លូវច្បាប់តឹងរ៉ឹងលើពលរដ្ឋក្នុងករណីជំងឺកូវីត១៩ ពេកទេ ដែលប្រការនេះអាចធ្វើឲ្យកើតមានផលអវិជ្ជមានទៅវិញទេ គឺពលរដ្ឋលែងហ៊ានបង្ហាញ ឬបង្ហោះព័ត៌មានពិតទាក់ទងជំងឺនេះ ដែលពួកគេបានដឹង។ ជុំវិញការមិនផ្ដល់ដំណឹងដល់សាច់ញាតិជនសង្ស័យក្នុងការចាប់ខ្លួន និងការចោទប្រកាន់ មន្ត្រីសិទ្ធិរូបនេះយល់ថា ជាការរំលោភសិទ្ធិទទួលបានព័ត៌មានរបស់ក្រុមគ្រួសារជនសង្ស័យ៖ «ផ្លូវច្បាប់ គេតម្រូវឲ្យអ៊ីចឹងមិនអាចយកទៅហើយលាក់បាំងព័ត៌មានមិនឲ្យគ្រួសារដឹងជាការរំលោភសិទ្ធិទទួលបានព័ត៌មានអំពីក្រុមគ្រួសារគេហ្នឹង»។
លោក ឃុត ច្រឹក សកម្មជនគណបក្សសង្គ្រោះជាតិស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចកោះហៅមកសារសួររឿងបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១០ មីនាកន្លងទៅនេះ ប៉ុន្តែចាប់ពីការពេលនោះមកសមត្ថកិច្ចមិនបានផ្ដល់ដំណឹងដល់សាច់ញាតិ ឬភរិយាសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះទេ ដែលការបាត់ខ្លួននេះអស់រយៈពេល ៧ថ្ងៃមកហើយ។ វិធានការលើលោក ឃុត ច្រឹក ពេលនេះ ខណៈជំងឺកូវីត១៩ បានផ្ទុះឡើងជាបន្តបន្ទាប់នៅកម្ពុជា រដ្ឋាភិបាលបានចាត់វិធានការប្រឆាំងទៅនឹងអ្នកហ៊ាននិយាយរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុក។
មន្ត្រីសិទ្ធិមនុស្សលោក អំ សំអាត យល់ថា អាជ្ញាធរគួរតែបង្កើន ការផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋយល់ដឹង និងដឹងពីវិធីការពារ និងទប់ស្កាត់ ដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ខុស និងមានការភ័យខ្លាចខ្លាំង ជាជាងការចាប់ខ្លួនពលរដ្ឋក្នុងករណីនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment