Thursday, 23 April 2020

អ្នកវិភាគ​ទទូច​ឱ្យ​បក្ស​ប្រឆាំង​បង្កើត​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា


ដោយ ហេង រស្មី
2020-04-22

ប្រតិភូ​អ្នក​ប្រជាធិបតេយ្យ​នៃ​គណបក្ស​សង្រ្គោះជាតិ នៅ​ខាងមុខ​សារមន្ទីរ​វប្បធម៌​អាស៊ី (Asia Culture Center) នៅ​ទីក្រុង​ក្វាងជូ (Qwangju) ​កូរ៉េ​ខាងត្បូង ​ក្នុង​ថ្ងៃ​មហាបាតុកម្ម​ភ្លើង​ទៀន ថ្ងស​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
ប្រតិភូ​អ្នក​ប្រជាធិបតេយ្យ​នៃ​គណបក្ស​សង្រ្គោះជាតិ នៅ​ខាងមុខ​សារមន្ទីរ​វប្បធម៌​អាស៊ី (Asia Culture Center) នៅ​ទីក្រុង​ក្វាងជូ (Qwangju) ​កូរ៉េ​ខាងត្បូង ​ក្នុង​ថ្ងៃ​មហាបាតុកម្ម​ភ្លើង​ទៀន ថ្ងស​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita




អ្នកវិភាគ​នយោបាយ​ល្បីឈ្មោះ​ពីរ​រូប​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ទទូច​ឱ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ បង្កើត​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ​មួយ ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ នៃ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​កូវីត​១៩ និង​សំពាធ​ពី​ប្រទេស​លោក​សេរី។

អ្នកវិភាគ​នយោបាយ និង​ជា​អតីត​ទីប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ឌិត សូ ណារ៉ូ មានប្រសាសន៍​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​២១ មេសា ថា នេះ​ជា​ឱកាស​ប្រវត្តិសាស្ត្រ​សម្រាប់​គណបក្ស​ប្រឆាំង​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា មុនគេ​បង្អស់​ត្រូវតែ​មាន​ការ​រួបរួម​កម្លាំង​គ្នា មិនមែន​ត្រឹមតែ​គណបក្ស​សង្គ្រោះជាតិ​ទេ គឺ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់។ លោក​និយាយ​ថា អ្នក​ប្រជាធិបតេយ្យ​ណា​ក៏​ដោយ​ឱ្យ​តែ​យល់​ថា របប​ក្រុងភ្នំពេញ​ជា​របប​ផ្ដាច់ការ​ហើយ មិន​អាច​អនុញ្ញាត​ឱ្យ​បន្ត​កាន់អំណាច​របៀប​ឃោរឃៅ​បន្ត​ទៅ​ទៀត​ទេ គឺ​ត្រូវតែ​រួបរួម​គ្នា​ជាមួយ​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ៖ «ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​មក​ទាំងអស់ មិនមែន​ត្រឹម​តែ​មាន​អាវ​លឿង អាវ​ស​ទេ គឺ​ត្រឹមតែ​អាវ​លឿង​អាវ​ស​វា​ចង្អៀត​ណាស់ ត្រូវតែ​បើកទូលាយ​ទាំងអស់។ បើកទូលាយ​បេះដូង បើកទូលាយ​ដួងចិត្ត បើកទូលាយ​ទស្សនៈ ហើយ​ឱកាស​នយោបាយ​មកដល់​ហើយ។ ហើយ​មិនមែន​ធ្វើ​ដោយ​តាម​តួឯក​នយោបាយ​ទេ។ បើ​នៅក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​កុម្មុយនិស្ត​បើ​យើង​ដើរ​តួនាទី​ជា​តួឯក​បច្ចុប្បន្ន រលាយ​បក្ស​តែម្ដង​។ តួឯក​រាល់ថ្ងៃ​មានតែ សម រង្ស៊ី និង កឹម សុខា ហ្នឹង អ៊ីចឹង ហ៊ុន សែន ងាយ​នឹង​កាច់​ណាស់។ កឹម សុខា ញាត់​គុក សម រង្ស៊ី បង្អើល​ឱ្យ​​ចាក​ចេញទៅ​ក្រៅ​ស្រុក​ទៅ​ចប់ អ៊ីចឹង​ហ៊ុន សែន​ដឹក​នាំ​តទៅទៀត»។

ចំណែក​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ វិញ ថ្លែង​ថា ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ហ៊ាន​ធ្វើ​នយោបាយ​លើកទឹកចិត្ត​ឱ្យ​មាន​ភាព​សកម្ម​ទាំង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រឆាំង​លោក ហ៊ុន សែន ទាំង​ប្រជារាស្ត្រ និង​ត្រូវ​ទាក់ទាញ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​មក​នៅ​ស្រប​ជាមួយ​នឹង​កម្លាំង​នៃ​ការ​ផ្លាស់ប្ដូរ។

លោក​បញ្ជាក់​ថា ដើម្បី​ធ្វើ​ឱ្យ​កម្លាំង​នេះ​សកម្ម​ឡើង គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ពង្រឹង​ស្មារតី​សង្គ្រោះ​ជាតិ​រួម​ឡើង​វិញ​ដើម្បី​ឱ្យ​លោក សម រង្ស៊ី និង លោក កឹម សុខា ក្លាយ​ជា​មនុស្ស​តែមួយ​ក្នុង​កម្លាំង​រួម​នោះ​បាន​អាច​ផ្លាស់ប្ដូរ​បាន៖ «ចាប់ផ្ដើម​ពី​ការ​ពង្រឹង​ស្មារតី​សម រង្ស៊ី និង លោក កឹម សុខា ហ្នឹង​ទៅ​គឺ​ស្មារតី​សង្គ្រោះ​ជាតិ​ហ្នឹង​ឱ្យ​ងើប​ឡើងវិញ​មក ពី​ព្រោះ​នេះ​ជា​បង្អែក​ធំ​នៃ​ភាព​សកម្ម​របស់​ផ្ទៃក្នុង​ជាតិ​តែម្ដង​ហើយក៏​ជា​បង្អែក​ធំ​នៃ​ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បង្អែក​ធំ​ពីរ​ហ្នឹងហើយ​ដែល​អាច​ធ្វើ​ឱ្យ​យើង​រុញច្រាន​ផែនការ​នយោបាយ​របស់​លោក ហ៊ុន សែន ឱ្យ​ជួប​ហ្នឹង​បរាជ័យ​បាន។ ដូច្នេះ​មិនមែន​ត្រឹមតែ​លោក កឹម សុខា និង លោក សម រង្ស៊ី តែមួយ​ប៉ុណ្ណឹង​ទេ គឺ​ត្រូវ​បើក​ចំហ​​ឱ្យ​ដល់​បញ្ញវន្ត​ផ្សេងៗ​ទៀត»។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង ដែល​កំពុង​រស់នៅ​និទ្ទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក​បាន​គាំទ្រ​ចំពោះ​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​បញ្ជាក់​ថា រណសិរ្ស​នេះ​នឹង​មិន​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ដោយសារតែ​ប្រជាពលរដ្ឋ​ភ័យខ្លាច​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ៖ «ពីព្រោះ​ឥឡូវ​ហ្នឹង​យើង​ឃើញ​ហើយ​នៅ​ស្រុក​ខ្មែរ​ហ្នឹង អ្នកណា​ហ៊ាន​និយាយ​ស្តី​បញ្ចេញមតិ​បន្តិចបន្តួច គឺ​ត្រូវ​របប​លោក ហ៊ុន សែន ចេញ​បង្ក្រាប ចាប់ចង​ចាប់​ដាក់គុក។ អ៊ីចឹង​មាន​មនុស្ស​មួយ​ចំនួន​គាត់​អត់​បាន​គិត​ថា ដើម្បី​ផ្លាស់ប្ដូរ​រលោក ហ៊ុន សែន ទេ​គឺ​ទៅ​បម្រើ​នយោបាយ​លោក ហ៊ុន សែន ទៅ​អែបៗ​លោក ហ៊ុន សែន ហ្នឹង​បាន​ន័យ​ថា ទៅ​បង្គ្រប់​កិច្ច​ទៅ​ធ្វើ​ល្បោយ សម្ល​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ឱ្យ​ហ៊ុន សែន»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ជា​ច្រើន​ដង​តែ​លោក​មិន​លើក​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី​២១ មេសា។

គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ កាលពី​ចុង​ខែ​មករា​ឆ្នាំ​២០១៨ នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ដោះលែង​អ្នក​ទោស​នយោបាយ​ជាច្រើន​រូប​ផ្សេងទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​អាច​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ ប៉ុន្តែ​ចលនា​នេះ​ហាក់​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ៕

1 comment:

Anonymous said...

The CNRP's dissolution was unconstitutional. Khmer people must stick together and fight for the reinstatement of the CNRP.
The important thing is that Khmer people should not break apart under pressure. So we need to stay united and continue fighting.

Ah Roleuy Hun Sen has been facing many problems after he dissolved the CNRP. The impact of his mistake has started haunting him already. The social unrest mainly stemmed from the unemployment will undeniably crumble his regime.

It is imperative that Khmer people stay together if they want to see the devil Vietnam's ambition of swallowing Cambodia derailed.