Khmer Circle: If only this regime is as diligent with regard to rampant corruption within its own ranks or the on-going illicit logging trade...
$$$
ដោយ វ៉ែន សុមេធ
2020-04-16
យុវជន លេខ សៀងលី (រូបកណ្ដាល) ដែលត្រូវសមត្ថកិច្ចខេត្តកំពង់ធំចាប់ខ្លួន មានមុខរបរជាកម្មករចាក់សាំង នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
រូបហ្វេសប៊ុកស្នងការខេត្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ បានចាប់ខ្លួនយុវជនម្នាក់ ក្រោយយុវជនរូបនោះបានបញ្ចេញមតិលើហ្វេសប៊ុកជុំវិញបម្រាមធ្វើដំណើររបស់រដ្ឋាភិបាល។ មន្ត្រីសិទ្ធិមនុស្សយល់ថា អាជ្ញាធរគួរតែប្រើវិធានការអប់រំណែនាំ ល្អជាជាងការឃុំខ្លួនយុវជនរូបនោះក្នុងពន្ធនាគារ។
តុលាការ ខេត្តកំពង់ធំបានចោទប្រកាន់យុវជនម្នាក់ឈ្មោះ លេខ សៀងលី អាយុ២១ឆ្នាំ ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ក្រោយរូបគេបង្ហោះវីដេអូលើហ្វេសប៊ុក ប៉ះពាល់ដល់បទបញ្ជាហាមឃាត់ការធ្វើដំណើរដែលដាក់ចេញដោយរដ្ឋាភិបាលនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។ តុលាការបានសម្រេចឃុំខ្លួនយុវជនរូបនោះ ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីចាប់ខ្លួនរូបគេ កាលពីថ្ងៃទី១៣ មេសា។
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ដែលជាអ្នកដឹកនាំកម្លាំង ហើយនិងព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក ស៊ិន វិរៈ ដែលជាអ្នកសម្របសម្រួលនីតិវិធីឱ្យចាប់ខ្លួនយុវជន លេខ សៀងលី ដែរ ប៉ុន្តែពួកលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទី១៥ មេសា។
ទោះជាយ៉ាងណា គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ និងទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឱ្យដឹងថា ការចាប់ខ្លួនយុវជន លេខ សៀងលី នេះ គឺដោយសាររូបគេបានឡាយវីដេអូញុះញង់ប្រឆាំងបទបញ្ជាលេខ០២ របស់រដ្ឋាភិបាលស្ដីពីបម្រាមធ្វើដំណើរឆ្លងកាត់ខេត្ត នៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។
យុវជន លេខ សៀងលី មានមុខរបរជាកម្មករចាក់សាំង នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ យុវជនរូបនេះបានបង្ហោះវីដេអូ ដោយរៀបរាប់ថា ការដើរកម្សាន្តនៅថ្ងៃចូលឆ្នាំអាចធ្វើបាន ព្រោះមិនមានជំងឺកូវីដ-១៩ នោះទេ៖ «ចង់និយាយថា អាកូវីដ-១៩ និងកូរ៉ូណាហ្នឹង គ្មានទេ។ ចូលឆ្នាំ ដើរលេងបាន និយាយមែននេះ។ ឥលូវសាំងចុះថោកទៀត ស្តាយ។ និយាយមែន សាំងសល់តែមួយលីត្រ ៣ពាន់(រៀល)។ សប្បាយជិះតែម្ដង សប្បាយដើរលេងតែម្ដង ដើរអត់មានជំងឺអ្វីទេនេះ»។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា ទទួលស្គាល់ថា សាររបស់យុវជនរូបនេះផ្ទុយពីបទបញ្ជារបស់រដ្ឋាភិបាល ប៉ុន្តែលោកយល់ថា អាជ្ញាធរគួរតែណែនាំ និងធ្វើកិច្ចសន្យាបានហើយ មិនគួរដល់ថ្នាក់ចោទប្រកាន់ និងឃុំខ្លួនរូបគេក្នុងពន្ធនាគារបែបនេះទេ។ លោកជឿថា យុវជនរូបនេះគ្មានចេតនាប្រឆាំងនឹងបម្រាមរបស់រដ្ឋាភិបាលឡើយ ហើយបើពិនិត្យមើលការខូចខាតដែលចេញពីអំពើរបស់គេវិញ ក៏មិនទាន់លេចចេញជារូបរាងដែរ៖ «គាត់ជាយុវជន គាត់ក្មេង គាត់ឃើញទិដ្ឋភាពយ៉ាងម៉េច គាត់និយាយក្នុងន័យមួយគាត់អត់បានចាប់អារម្មណ៍ថា អ្វីដែលគាត់និយាយទៅហ្នឹងជាកំហុសផងទេ បើតាមស្តាប់ភាសារបស់គាត់ហ្នឹងទៅ។ អ៊ីចឹងយើងគួរតែអប់រំគាត់ យើងគួរតែហៅគាត់មកណែនាំ ហៅគាត់មកធ្វើកិច្ចសន្យាអ្វីមួយ ដើម្បីឱ្យគាត់កែ កុំឱ្យគាត់និយាយអ៊ីចឹងទៀតទៅ អាហ្នឹងខ្ញុំគិតថា វាប្រសើរជាជាងយកគាត់ទៅឃុំខ្លួន។ វាមិនជាមានផលចំណេញអ្វីទៅដល់សង្គមយើងដែរទេ»។
អង្គការសិទ្ធិមនុស្សក្នុងស្រុករកឃើញថា ចាប់តាំងពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ មក អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន២៨ នាក់ហើយ ដោយក្នុងនោះ១២ នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ និង១៦ នាក់ទៀត ត្រូវបានដោះលែងវិញក្រោយធ្វើកិច្ចសន្យា។ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នោះ មានមួយចំនួនធំគឺជាអ្នកគាំទ្រ ឬជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយចោល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់សកម្មជនបក្សប្រឆាំង អ្នកបញ្ចេញទុក្ខកង្វល់អំពីមេរោគថ្មីនេះ និងអ្នកហ៊ានរិះគន់វិធានការរបស់រដ្ឋាភិបាល។ អង្គការដដែលនេះ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ទង្វើរំលោភបំពានលើសិទ្ធិនិយាយស្តីដោយសេរីរបស់ពលរដ្ឋតទៅទៀត ហើយជំនួសមកវិញ រដ្ឋាភិបាលត្រូវផ្ដោតអាទិភាពលើការផ្ដល់ព័ត៌មានអំពីជំងឺកូវីដ-១៩ ជូនសាធារណជនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕
No comments:
Post a Comment