ដោយ មាន ឫទ្ធិ
2020-04-16
ទិដ្ឋភាពអ្នករស់នៅរាជធានីភ្នំពេញ ទៅទិញទំនិញនៅផ្សារទំនើបឈ្មោះ ម៉ាក្រូ (Makro) នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
Photo Provided
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានពីចលាចលក្នុងសង្គម ប្រសិនបើរដ្ឋាភិបាលប្រទេសនានា ពុំចាត់វិធានការគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ ឬធ្វើឱ្យធូរស្រាលនូវវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩ នោះទេ។ ការព្រមាននេះ ធ្វើឡើងក្នុងរបាយការណ៍ឃ្លាំមើលហិរញ្ញវត្ថុសាកលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៥ មេសា។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា ប្រទេសនានានៅលើពិភពលោក អាចនឹងងាយរងគ្រោះពីរលកថ្មីនៃភាពរំជើបរំជួលក្នុងសង្គម ប្រសិនបើវិធានការជួយសង្គ្រោះ របស់រដ្ឋ ត្រូវពលរដ្ឋមើលឃើញថា មិនទាន់គ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងការដួលរលំសេដ្ឋកិច្ចនោះទេ។ អង្គការនេះពន្យល់បន្តថា ភាពរំជើបរំជួលក្នុងសង្គមនេះ ក៏អាចកើតឡើងដោយសារតែវិធានការជួយសង្គ្រោះរបស់រដ្ឋ ត្រូវពលរដ្ឋមើលឃើញថា មានភាពអយុត្តិធម៌ ឬនៅពេលដែលវិធាការទាំងនោះ ត្រូវបញ្ឈប់ទៅវិញ។
បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រទេសឬរដ្ឋដែលអាចប្រឈមនឹងការផ្ទុះភាពរំជើប រំជួលក្នុងសង្គមនោះ អាចជាប្រទេសដែលមានអំពើពុករលួយខ្ពស់ និងខ្វះតម្លាភាពជាដើម។ មូលនិធិនេះ សរសេរពន្យល់នៅក្នុងរបាយការណ៍របស់ខ្លួនថា ការផ្ទុះការតវ៉ានានា អាចនឹងមានលទ្ធភាពកើតឡើងច្រើន ក្នុងបណ្ដាប្រទេសដែលមានប្រវត្តិនៃអំពើពុករលួយ រីកសុះសាយ មានកង្វះតម្លាភាពក្នុងគោលនយោបាយសាធារណៈ និងការផ្តល់សេវាសាធារណៈនៅទន់ខ្សោយ។
បើទោះជាមូលនិធិរូបិយវត្ថុអន្តរជាតិមិនបានលើកចំៗ ថាតើកម្ពុជា អាចនឹងប្រឈមទៅនឹងស្ថានការធ្លាក់ចូលទៅក្នុងរលកនៃការផ្ទុះការរំជើបរំជួលក្នុងសង្គមនេះ ដែរឬយ៉ាងណានោះ ក៏ប៉ុន្តែកម្ពុជាជាប្រទេសមួយដែលមានប្រវត្តិប្រព្រឹត្តិអំពើពុករលួយខ្លាំង។ ផ្អែកតាមសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយឆ្នាំ២០១៩ របស់អង្គការតម្លាភាពអន្តរជាតិ Transparency International កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៦២ ក្នុងចំណោម១៨០ប្រទេស ដែលមានការប្រព្រឹត្តិអំពើពុករលួយខ្លាំង។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ជុំវិញការព្រមានរបស់មូលនិធិ រូបិយវត្ថុអន្តរជាតិ IMF នេះ និងថា តើរដ្ឋាភិបាលបានចាត់វិធានការជួយសង្គ្រោះគ្រប់គ្រាន់ ហើយឬនៅដល់ពលរដ្ឋទូទៅ ឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នេះ។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់ប្រកាសត្រៀមបម្រុងថវិកាពី ៨០០លានដល់២ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិនេះ។ ក៏ប៉ុន្តែ មជ្ឈដ្ឋានមួយចំនួនរិះគន់ថា រដ្ឋាភិបាលអាចនឹងពុំមាន កញ្ចប់ថវិកាពិតប្រាកដដើម្បីដោះស្រាយបញ្ហានេះ ទើបបានជារដ្ឋាភិបាល ប្រកាសកៀរគររកថវិកាបន្ថែមពីវិស័យឯកជន និងផ្ដួចផ្ដើមឱ្យមានការបរិច្ចាគ ប្រាក់ខែក្នុងចំណោមមន្ត្រីរបស់ខ្លួន។ ម្យ៉ាងវិញទៀត វិធានការជួយសង្គ្រោះរបស់រដ្ឋាភិបាល ក៏ហាក់ពុំទាន់ធ្លាក់ដល់ដៃពលរដ្ឋដែលរងផលប៉ះពាល់ ឬងាយរងគ្រោះខ្លាំង ពីវិបត្តិកូវីដ១៩នេះនៅឡើយ ខណៈកម្មករវិស័យកាត់ដេរដែលបាត់បង់ការងារធ្វើ ប្រាប់អាស៊ីសេរីថា ពួកគេនៅពុំទាន់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលនៅឡើយ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMFក៏ បានបញ្ចេញការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្រុតចុះខ្លាំងបំផុត មិនធ្លាប់មានពីមុនមក មកនៅក្រោមសូន្យ គឺរហូតដល់ទៅ -១,៦% ឯណោះក្នុង ឆ្នាំ២០២០នេះ។ កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ការគ្មានកំណើនសេដ្ឋកិច្ចទាល់តែសោះ រហូតដល់រដ្ឋត្រូវចេញវិធានការជួយ សង្គ្រោះនេះ គឺធ្ងន់ធ្ងរជាងកាលពីពេលដែលពិភពលោកទាំងមូល ជួបវិបត្តិហិរញ្ញវត្ថុ កាលពីឆ្នាំ២០០៨ និង២០០៩ទៅទៀត ដែលកាលណោះកំណើនសេដ្ឋកិច្ចកម្ពុជា មានត្រឹម ០,០៨៧ភាគរយ បើផ្អែកតាមធនាគារពិភពលោក។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលនានាចាំបាច់ ត្រូវចាត់វិធានការឆ្លើយតបជាបន្ទាន់ និងដោយហ្មត់ចត់ដើម្បីកែសម្រួល ស្ថានការណ៍នៃផលប៉ះពាល់ផ្នែកសុខភាព និងសេដ្ឋកិច្ច ដោយសារតែការផ្ទុះជំងឺរាតត្បាតកូវីដ១៩នេះ។ អង្គការនេះថា គោលនយោបាយ ជួយសង្គ្រោះផ្នែកហិរញ្ញវត្ថុ ដើរតួនាទីសំខាន់មួយ ដើម្បីធានាថា ជីវិតពលរដ្ឋត្រូវបានជួយសង្គ្រោះទាន់ពេល តាមរយៈការបង្ការការរីករាលដាលនៃជំងឺនេះ និងការព្យាបាលអ្នកដែលបានឆ្លងជំងឺនេះ។ ក្រៅពីនោះ វិធានការដ៏ទៃរួមមានដូចជា ការការពារពលរដ្ឋ និងក្រុមហ៊ុនឯកជន កុំឱ្យរងផលប៉ះពាល់ពីការដួលរលំសេដ្ឋកិច្ច តាមរយៈការផ្តល់ប្រាក់អត្ថប្រយោជន៍ពីការអត់ការងារធ្វើ ការឧបត្ថម្ភធនប្រាក់ខែ ការគាំទ្រចំណូល និងជំនួយសង្គម ព្រមទាំងការកាត់បន្ថយការបញ្ឈប់បុគ្គលិកពីការងារ និងការក្ស័យធនចំពោះក្រុមហ៊ុន និងវិស័យពាក់ព័ន្ធ ជាដើម។ អង្គការនេះថា សកម្មភាពគោលនយោបាយទាំងនេះ អាចជួយបង្ការកុំឱ្យវិបត្តិសុខភាពនាពេលនេះ បន្តអូសបន្លាយយូរតទៅទៀត និងជួយលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ៕
No comments:
Post a Comment