Monday, 13 April 2020

គណបក្ស​កាន់​អំណាច​ថា គ្មាន​អ្នកណា​ម្នាក់​អាច​គ្រប់គ្រង​គណបក្ស​នេះ​ផ្ដាច់មុខ​ឡើយ



ដោយ សេក បណ្ឌិត
2020-04-12
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
AFP



គណបក្ស​កាន់​អំណាច​ចាត់​ទុក​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ថា ជា​វោហារសាស្ត្រ​បំបែកបំបាក់​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​ជាថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទី​១០ មេសា តាមរយៈ​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ទុក​ប្រើ​ពេល​ផ្ទេរ​អំណាច​ឱ្យ​ទៅ​កូន។

គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ត្រៀម​បង្ក្រាប​អ្នក​ដែល​ប្រឆាំង​នឹង​គម្រោង​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស។

មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា ការតែងតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​នេះ ធ្វើឡើង​តាមរយៈ​មហាសន្និបាត​គណបក្ស​ទូទាំង​ប្រទេស មិនមែន​សម្រេច​លើ​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ​។ ជាពិសេស​លោក​សង្កត់ធ្ងន់​ថា គ្មាន​នរណា​ម្នាក់​អាច​យក​គណបក្ស​ប្រជាជន​កម្ពុជា​មក​គ្រប់គ្រង​ផ្តាច់មុខ​បាន​ឡើយ ព្រោះ​វា​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស៖ «ការ​ដាក់​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន មិនមែន​នៅ​លើ​បុគ្គល​ជា​អ្នក​សម្រេច​ឯណា គឺ​មហាសន្និបាត​របស់​គណបក្ស​ជា​អ្នក​សម្រេច ហើយ​គាត់​អត់​យល់​រឿង​ហ្នឹង គាត់​ចេះតែ​លើកឡើង​។ លើកឡើង​ហ្នឹង ដោយសារ​គាត់​ចងគំនុំ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន បានជា​គាត់​ចេះតែ​លើកឡើង​។ ចង់​ធ្វើ​ឯកជន​ភាវូបនីយកម្ម​អំណាច​របស់​គណបក្ស​ប្រជាជន ធ្វើ​ម្តេច​នឹង​កើត ពីព្រោះ​វា​ផ្ទុយ​អំពី​ខ្លឹមសារ​លក្ខន្តិកៈ​របស់​គណបក្ស»។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូប​នេះ យល់ថា លោក សម រង្ស៊ី មាន​ចេតនា​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​ថា បក្ស​របស់​លោក​នឹង​មិន​បែកបាក់​តាម​សារ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​ឡើយ។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺជា​ការ​ឆ្លើយតប​នឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១០ មេសា​ថា លោក ហ៊ុន សែន គ្រោង​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន ក្នុង​រយៈពេល​១ ឆ្នាំ ឬ​២ ឆ្នាំ​ខាងមុខ​ទៀត​នេះ។

លោក សម រង្ស៊ី ថ្លែង​ថា ដើម្បី​ឱ្យ​គម្រោង​នេះ​ជោគជ័យ លោក ហ៊ុន សែន បាន​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ទុក​កម្ចាត់​នរណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​បំណង​របស់​គាត់ ជាពិសេស​គឺ​កម្ចាត់​មន្ត្រី​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង និង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ ដែល​មិន​ពេញចិត្ត​របប​គ្រួសារនិយម​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន​។ មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ចាត់​ទុក​ការ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​ជាថ្មី​ម្ដង​ទៀត​ពី​សំណាក់​លោក ហ៊ុន សែន។ លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ពី​ពលរដ្ឋ​ម្តង​រួច​ទៅ​ហើយ​តាមរយៈ​ការបោះឆ្នោត​ក្លែងក្លាយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃ​ទី​១០ មេសា គាត់​បាន​ប្លន់​អំណាច​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដទៃ​ទៀត ទុក​សម្រាប់​ត្រកូល ហ៊ុន របស់​គាត់។

ស្រដៀង​នឹង​លោក សម រង្ស៊ី ដែរ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ជឿជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ឡើង​ដើម្បី​ទុក​បង្ក្រាប​អ្នក​ប្រឆាំង​នឹង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​របស់​គាត់ ពី​ព្រោះ​លោក ហ៊ុន សែន បាន​សារភាព​ហើយ​ថា ទោះជា​មិនទាន់​មាន​ច្បាប់ ក៏​លោក​អាច​ប្រើ​កម្លាំង​បង្ក្រាប​ពលរដ្ឋ​បាន​ដែរ៖ «លោក ហ៊ុន សែន រៀបចំ​ច្បាប់​នេះ​ដើម្បី​អ្វី​? ដើម្បី​ប្រសិនបើ​ក្រុម​គ្នា​គាត់ ថ្ងៃ​ណាមួយ​មានការ​បះបោរ មានការ​ប្រឆាំង​នៅ​ក្នុង​រឿង ហ៊ុន ម៉ាណែត ដែល​អាច​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​ជំនួស​គាត់​អ៊ីចឹង អ៊ីចឹង​គាត់​អាច​ប្រើ​ច្បាប់​នេះ​បង្ក្រាប​។ បង្ក្រាប​ទាំង​អ្នក​រិះគន់ បង្ក្រាប​ទាំង​អ្នកប្រឆាំង បង្ក្រាប​ទាំង​ក្រុម​គ្នា​គាត់ ប្រាកដជា​មានរឿង​ហ្នឹង​កើតឡើង»។

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ទី​១៣ មេសា ហើយ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ទំនងជា​នឹង​ត្រូវ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​ពិនិត្យ​សម្រេច​នៅ​ថ្ងៃ​ទី​១៧ មេសា​ខាងមុខ​។ សេចក្តី​ព្រាងច្បាប់​ដែល​ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់​នេះ មាន​ចំនួន​៥ ជំពូក ចែក​ជា​១២ មាត្រា។

តាមរយៈ​សេចក្តី​ព្រាងច្បាប់​នេះ រដ្ឋាភិបាល​ទទួល​បាន​សិទ្ធិ​អំណាច​យ៉ាង​ច្រើន​លើសលប់ ក្នុង​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូចជា ការ​ធ្វើ​ដំណើរ ការ​ជួបប្រជុំ ការ​ប្រមូល​ផ្តុំ និង​ការ​ប្រកប​មុខរបរ​ជា​ដើម​។ ច្បាប់​នេះ​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ប្រើ​វិធានការ​អ្វី​ក៏បាន​ឱ្យ​តែ​យល់​ថា សមស្រប និង​ចាំបាច់ ក្នុង​ការ​ឆ្លើយតប​នឹង​ភាព​អាសន្ន រហូតដល់​អាច​គ្រប់គ្រង​ប្រទេស​តាម​របប​អាជ្ញាសឹក​ទៀត​ផង​។ ចំណុច​គន្លឹះ​នៅត្រង់​នេះ គឺថា កូនប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កំពុង​គ្រប់គ្រង​កងទ័ពជើងគោក​ទូទាំង​ប្រទេស​ស្រាប់ ដូច្នេះ​បើ​ករណី​ប្រទេស​ត្រូវ​ដាក់​ស្ថិត​ក្នុង​ភាព​អាសន្ន ហើយ​ការគ្រប់គ្រង​ធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក នោះ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​អ្នកកាន់អំណាច​នៅ​កម្ពុជា​យ៉ាង​ងាយស្រួល។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លា​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន យល់​ថា ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ គឺជា​ការ​ច្បាម​យក​អំណាច​ដោយ​ស្រស់ៗ និង​ឥត​គ្មាន​ខ្មាស​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​លេស​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ លោក​ជឿ​ថា ច្បាប់​នេះ​នឹង​បង្កើន​ការគាបសង្កត់​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​បន្ថែម​ថា ដោយសារតែ​អំណាច​របស់​លោក ហ៊ុន សែន បាន​គ្រប​សង្កត់​លើ​រដ្ឋសភា និង​ព្រឹទ្ធសភា​រួច​ទៅ​ហើយ​នោះ ដូច្នេះ​នឹង​គ្មាន​នរណា​ម្នាក់​ហ៊ាន​លើក​ពី​កង្វល់​អំពី​បញ្ហា​ទាំងនេះ​ជាមួយ​គាត់​នោះ​ឡើយ៕

1 comment:

Anonymous said...

Ah Hun Sen = All CPP members = All Khmers = All laws = Law of Kdor Ah Hun Sen

So, there is no dictatorship in Cambodia.

Khmer people should be happy because the Vietnamization of Cambodia implementing through Ah Roleuy Hun Sen is almost complete.