ដោយ សេក បណ្ឌិត
2020-04-12
rfa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រូបឯកសារ
AFP
គណបក្សកាន់អំណាចចាត់ទុកសារនយោបាយរបស់លោក សម រង្ស៊ី ថា ជាវោហារសាស្ត្របំបែកបំបាក់សាមគ្គីភាពរបស់ថ្នាក់ដឹកនាំគណបក្សនេះ។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារជាថ្មីម្ដងទៀត កាលពីថ្ងៃទី១០ មេសា តាមរយៈការអនុម័តច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដើម្បីទុកប្រើពេលផ្ទេរអំណាចឱ្យទៅកូន។
គណបក្សប្រជាជនកម្ពុជាច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដើម្បីត្រៀមបង្ក្រាបអ្នកដែលប្រឆាំងនឹងគម្រោងផ្ទេរអំណាចទៅឱ្យកូនប្រុស។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនេះ ធ្វើឡើងតាមរយៈមហាសន្និបាតគណបក្សទូទាំងប្រទេស មិនមែនសម្រេចលើបុគ្គលណាម្នាក់នោះឡើយ។ ជាពិសេសលោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់អាចយកគណបក្សប្រជាជនកម្ពុជាមកគ្រប់គ្រងផ្តាច់មុខបានឡើយ ព្រោះវាផ្ទុយពីលក្ខន្តិកៈគណបក្ស៖ «ការដាក់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន មិនមែននៅលើបុគ្គលជាអ្នកសម្រេចឯណា គឺមហាសន្និបាតរបស់គណបក្សជាអ្នកសម្រេច ហើយគាត់អត់យល់រឿងហ្នឹង គាត់ចេះតែលើកឡើង។ លើកឡើងហ្នឹង ដោយសារគាត់ចងគំនុំជាមួយសម្តេចតេជោ ហ៊ុន សែន បានជាគាត់ចេះតែលើកឡើង។ ចង់ធ្វើឯកជនភាវូបនីយកម្មអំណាចរបស់គណបក្សប្រជាជន ធ្វើម្តេចនឹងកើត ពីព្រោះវាផ្ទុយអំពីខ្លឹមសារលក្ខន្តិកៈរបស់គណបក្ស»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងកិច្ចសម្ភាសន៍ នាទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងកិច្ចសម្ភាសន៍ នាទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ AFP
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ យល់ថា លោក សម រង្ស៊ី មានចេតនាបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកថា បក្សរបស់លោកនឹងមិនបែកបាក់តាមសារនយោបាយរបស់មេបក្សប្រឆាំងឡើយ។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានេះ គឺជាការឆ្លើយតបនឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១០ មេសាថា លោក ហ៊ុន សែន គ្រោងផ្ទេរអំណាចទៅឱ្យកូន ក្នុងរយៈពេល១ ឆ្នាំ ឬ២ ឆ្នាំខាងមុខទៀតនេះ។
លោក សម រង្ស៊ី ថ្លែងថា ដើម្បីឱ្យគម្រោងនេះជោគជ័យ លោក ហ៊ុន សែន បានធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ទុកកម្ចាត់នរណាដែលហ៊ានប្រឆាំងនឹងបំណងរបស់គាត់ ជាពិសេសគឺកម្ចាត់មន្ត្រីក្នុងជួរបក្សប្រជាជនកម្ពុជាខ្លួនឯង និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដែលមិនពេញចិត្តរបបគ្រួសារនិយមដឹកនាំដោយត្រកូល ហ៊ុន។ មេបក្សប្រឆាំងរូបនេះ បានចាត់ទុកការអនុម័តសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នថា ជាការធ្វើរដ្ឋប្រហារជាថ្មីម្ដងទៀតពីសំណាក់លោក ហ៊ុន សែន។ លោក សម រង្ស៊ី បន្ថែមថា លោក ហ៊ុន សែន បានប្លន់អំណាចពីពលរដ្ឋម្តងរួចទៅហើយតាមរយៈការបោះឆ្នោតក្លែងក្លាយកាលពីខែកក្កដា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១០ មេសា គាត់បានប្លន់អំណាចពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត ទុកសម្រាប់ត្រកូល ហ៊ុន របស់គាត់។
ស្រដៀងនឹងលោក សម រង្ស៊ី ដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត ជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើច្បាប់នេះឡើងដើម្បីទុកបង្ក្រាបអ្នកប្រឆាំងនឹងការផ្ទេរអំណាចទៅឱ្យកូនរបស់គាត់ ពីព្រោះលោក ហ៊ុន សែន បានសារភាពហើយថា ទោះជាមិនទាន់មានច្បាប់ ក៏លោកអាចប្រើកម្លាំងបង្ក្រាបពលរដ្ឋបានដែរ៖ «លោក ហ៊ុន សែន រៀបចំច្បាប់នេះដើម្បីអ្វី? ដើម្បីប្រសិនបើក្រុមគ្នាគាត់ ថ្ងៃណាមួយមានការបះបោរ មានការប្រឆាំងនៅក្នុងរឿង ហ៊ុន ម៉ាណែត ដែលអាចឡើងធ្វើនាយករដ្ឋមន្ត្រីជំនួសគាត់អ៊ីចឹង អ៊ីចឹងគាត់អាចប្រើច្បាប់នេះបង្ក្រាប។ បង្ក្រាបទាំងអ្នករិះគន់ បង្ក្រាបទាំងអ្នកប្រឆាំង បង្ក្រាបទាំងក្រុមគ្នាគាត់ ប្រាកដជាមានរឿងហ្នឹងកើតឡើង»។
ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃទី១៣ មេសា ហើយសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ ទំនងជានឹងត្រូវសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនពិនិត្យសម្រេចនៅថ្ងៃទី១៧ មេសាខាងមុខ។ សេចក្តីព្រាងច្បាប់ដែលធ្វើឡើងដោយប្រញាប់ប្រញាល់នេះ មានចំនួន៥ ជំពូក ចែកជា១២ មាត្រា។
តាមរយៈសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលទទួលបានសិទ្ធិអំណាចយ៉ាងច្រើនលើសលប់ ក្នុងដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជា ការធ្វើដំណើរ ការជួបប្រជុំ ការប្រមូលផ្តុំ និងការប្រកបមុខរបរជាដើម។ ច្បាប់នេះបើកផ្លូវឱ្យរដ្ឋាភិបាលប្រើវិធានការអ្វីក៏បានឱ្យតែយល់ថា សមស្រប និងចាំបាច់ ក្នុងការឆ្លើយតបនឹងភាពអាសន្ន រហូតដល់អាចគ្រប់គ្រងប្រទេសតាមរបបអាជ្ញាសឹកទៀតផង។ ចំណុចគន្លឹះនៅត្រង់នេះ គឺថា កូនប្រុសច្បងលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ជាឧត្ដមសេនីយ៍ផ្កាយ៣ កំពុងគ្រប់គ្រងកងទ័ពជើងគោកទូទាំងប្រទេសស្រាប់ ដូច្នេះបើករណីប្រទេសត្រូវដាក់ស្ថិតក្នុងភាពអាសន្ន ហើយការគ្រប់គ្រងធ្វើឡើងតាមរបបអាជ្ញាសឹក នោះលោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជាអ្នកកាន់អំណាចនៅកម្ពុជាយ៉ាងងាយស្រួល។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន យល់ថា ការធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ គឺជាការច្បាមយកអំណាចដោយស្រស់ៗ និងឥតគ្មានខ្មាសពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមលេសនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកជឿថា ច្បាប់នេះនឹងបង្កើនការគាបសង្កត់លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះបន្ថែមថា ដោយសារតែអំណាចរបស់លោក ហ៊ុន សែន បានគ្របសង្កត់លើរដ្ឋសភា និងព្រឹទ្ធសភារួចទៅហើយនោះ ដូច្នេះនឹងគ្មាននរណាម្នាក់ហ៊ានលើកពីកង្វល់អំពីបញ្ហាទាំងនេះជាមួយគាត់នោះឡើយ៕
1 comment:
Ah Hun Sen = All CPP members = All Khmers = All laws = Law of Kdor Ah Hun Sen
So, there is no dictatorship in Cambodia.
Khmer people should be happy because the Vietnamization of Cambodia implementing through Ah Roleuy Hun Sen is almost complete.
Post a Comment