Monday, 20 April 2020
កម្មករនិងសង្គមស៊ីវិលស្នើឱ្យរដ្ឋពិចារណាឡើងវិញពីការដាក់កម្មករឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ
ដោយ សុជីវី
2020-04-19
ពិធីសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកម្មកររោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។
Photo courtesy of Hun Sen Facebook page
កម្មករ-កម្មការិនីរោងចក្រ និងក្រុមអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភចំពោះវិធានការរបស់រាជរដ្ឋាភិបាល ដែលដាក់កម្មករឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីស្រុកកំណើតវិញក្នុងពិធីបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថា ជាសំពាធបន្ថែមទៀតទៅលើកម្មករ-កម្មការិនី។ ពួកគេស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះវិធានការនេះ។
កម្មករ កម្មការិនី អ្នកប្រកបរបររកស៊ីក្រៅប្រព័ន្ធ កំពុងតែមានការព្រួយបារម្ភពីការប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ចំពោះវិធានការរាជរដ្ឋាភិបាល ដែលដាក់កម្មករឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីស្រុកកំណើតវិញក្នុងពិធីបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួង សុខាភិបាលលោក ម៉ម ប៊ុនហេង បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ចាត់វិធានការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ សម្រាប់កម្មករដែលបានធ្វើដំណើរទៅស្រុកពេលបុណ្យចូលឆ្នាំ។
បន្ទាប់ពីសេចក្តីស្នើសុំពីរដ្ឋមន្ត្រីទាំងពីរក្រសួងនេះ សាលារាជធានីភ្នំពេញក៏បានឱ្យអាជ្ញាធរ ត្រៀមសាលារៀនចំនួន ៣៧កន្លែង ដែលមាន ៦៩៩បន្ទប់ សម្រាប់អនុវត្តវិធានការលើកម្មករ-កម្មការិនីជាង ១ម៉ឺន ៥ពាន់នាក់ (១៥.៧២៦) មកពីរោងចក្រចំនួន ៦៧២ នៅភ្នំពេញ ដែលបានទៅស្រុកក្នុងពេលចូលឆ្នាំ។
កញ្ញា ជល់ ស្រីមុំ ដែលបម្រើការងារនៅរោងចក្រ Sangwoo និងមិត្តភ័ក្ដិរបស់កញ្ញាមួយចំនួនទៀត កំពុងដាក់ឱ្យនៅដាច់ដោយឡែក១៤ ថ្ងៃ បានលើកឡើងថា ការដាក់ឱ្យនៅ១៤ថ្ងៃ ដោយពុំមានការបើកប្រាក់ខែដល់ពួកគាត់ នោះគឺធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាព៖ «អ៊ីចឹងផលប៉ះពាល់របស់គាត់ហ្នឹង គឺអត់មានលុយទ្រទ្រង់ជីវភាពគ្រួសារគាត់ ទី១។ ទី២ យើងដឹងហើយកម្មករទាំងខ្ញុំ ទាំងគេទូទៅ គឺ៩៩ ហើយដែលជំពាក់លុយធនាគារ អ៊ីចឹងបញ្ហាប្រឈមរបស់កម្មករវាធ្ងន់ធ្ងរណាស់»។
កញ្ញាបន្តថា នៅក្នុងរោងចក្ររបស់កញ្ញា កម្មករមកធ្វើការដើម្បីទទួលបានប្រាក់ខែទ្រទ្រង់ជីវភាព ដូច្នេះរដ្ឋាភិបាលគួរពិចារណាដើម្បីផ្ដល់ប្រាក់បៀវត្សនៅក្នុងកំឡុងពេល ១៤ថ្ងៃ នោះដល់ពួកគាត់ បើមិនដូច្នោះទេពួកគាត់នឹងមិនមានលទ្ធភាពរកប្រាក់ទិញទឹកដោះគោឱ្យកូន បង់ថ្លៃបន្ទប់ជួល និងបង់ថ្លៃធនាគារនោះទេ៖ «អាហ្នឹងទាល់តែយើងរួមគិតទាំងអស់គ្នា អឺ ដូចខ្ញុំកម្មករមិនគួរណាខាងរដ្ឋាភិបាលយើងហ្នឹង ដាក់បន្ទុកលើកម្មករ អឺ ទុកគាត់ ១៤ថ្ងៃ ហើយដោយមិនឱ្យប្រាក់ឈ្នួលទេ។ បើសិនជាទុកគាត់ ១៤ថ្ងៃហើយ មានប្រាក់ឈ្នួលឱ្យគាត់ រឺក៏ក្រុមហ៊ុនអត់មានប្រាក់ឈ្នួលឱ្យគាត់ ខាងរដ្ឋាភិបាលហ្នឹង ចេញលុយឱ្យគាត់ទៅ ១៤ថ្ងៃហ្នឹងទៅ អាហ្នឹងបើសិនយើងចង់ដោះស្រាយមិនអ៊ីចឹងណោះ? អាហ្នឹងការយល់ឃើញរបស់ខ្ញុំទេ ណា»។
រីឯកម្មការិនីម្នាក់ទៀតដែលបម្រើការងារនៅរោងចក្រមួយនៅទីក្រុងភ្នំពេញដែលបានស្នើសុំមិនបញ្ចេញឈ្មោះ ថ្លែងឱ្យដឹងថា កញ្ញាពុំទាន់ហ៊ានត្រឡប់មកភ្នំពេញដើម្បីធ្វើការនោះទេ ព្រោះកញ្ញាខ្លាចគេចាប់ឃុំទុក១៤ថ្ងៃ ដូច្នេះកញ្ញាសុខចិត្តនៅផ្ទះជួបជុំគ្រួសារ ហើយកញ្ញានឹងត្រឡប់មករកការងារធ្វើវិញនៅពេលលែងមានជំងឺកូវីដ១៩។
កញ្ញាបានបញ្ជាក់ថា នឹងមកធ្វើការនៅរោងចក្រដើមវិញ ប៉ុន្តែបើក្នុងករណីគេលុបឈ្មោះចេញ កញ្ញានិងរកការងារធ្វើនៅរោងចក្រផ្សេង ព្រោះកញ្ញាមិនអាចប្រថុយប្រថានមកធ្វើការហើយគេចាប់ឃុំ ១៤ថ្ងៃនោះទេ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា បានចេញវិធានការចត្តាឡីស័ក ឬដាក់ឱ្យរស់នៅដាច់ដោយឡែក ២សប្តាហ៍ចំពោះកម្មករនិយោជិក នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ហើយចូលបម្រើការងារវិញ។ ក្នុងករណីមិនសហការ ឬ បំពានវិធានការនេះ ហើយបង្កជាការភ័យខ្លាចដល់កម្មករនិយោជិកដទៃទៀត ក្រោយពីខ្លួនត្រលប់មកពីពិធីបុណ្យចូលឆ្នាំខ្មែរនោះ គឺអាចត្រូវបង្ខំឱ្យឈប់ពីការងារដោយមិនទទួលបានការទូទាត់អត្ថប្រយោជន៍អ្វីទាំងអស់ពីនិយោជក។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ យល់ឃើញថា វិធានការនេះគឺជាការដាក់សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទៅដល់កម្មករ-កម្មការិនីរោងចក្រ ជាពិសេសនៅពេលពួកគាត់មិនទទួលបានកម្រៃប្រាក់ឈ្នួលនោះទេ ហើយថែមប្រឈមមុខនឹងការបាត់បង់ការងារផងដែរ នៅក្នុងករណីដែលពួកគាត់មិនបានសុំច្បាប់ឈប់សម្រាកត្រឹមត្រូវ៖ «អ៊ីចឹងអាសំពាធផ្នែកសេដ្ឋកិច្ចកំឡុងពេលគាត់ស្នាក់នៅដាច់ដោយឡែក ១៤ថ្ងៃហ្នឹង រង់ចាំតាមដានត្រួតពិនិត្យហ្នឹងគឺ អឺ គាត់អត់មានប្រាក់ចំណូល អាហ្នឹងដែលជាបញ្ហាប្រឈមទៅនឹងផ្នែកសេដ្ឋកិច្ចរបស់គាត់ដែលគាត់ត្រូវចំណាយសម្រាប់ការហូបចុក ថ្លៃជួលផ្ទះ ទឹកភ្លើងអីហ្នឹង។ អីធម្មតាផ្ទះជួលផ្ទះអីហ្នឹងគាត់ត្រូវបង់ជាប្រចាំហើយ ទោះបីគាត់មិនស្នាក់នៅក៏ដោយ ក៏គាត់ត្រូវបង់នូវផ្ទះជួលផ្ទះអីហ្នឹង។ អាហ្នឹងជារឿងទី១ ហើយរឿង២ខ្ញុំគិតថា វានឹងអាចប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍របស់ពួកគាត់ដែរ ព្រោះធម្មតាការដាក់នូវដាច់ដោយឡែក បើសិនជាមិនមានវិធានការនៃការគាំពារផ្នែកសេដ្ឋកិច្ច និងការគាំពារនូវការធានាថា ពួកគាត់នឹងទទួលបាននូវ សុវត្ថិភាព ការស្នាក់នៅ នៅក្នុងកំឡុងពេលហ្នឹង អាហ្នឹងខ្ញុំគិតថា វាត្រូវមានការគាំពារមួយពីរដ្ឋាភិបាលនៅក្នុងកាលៈទេសៈហ្នឹង»។
លោកថា កម្មករភាគច្រើនគាត់បានចាកចេញទៅស្រុកមុនពេលចូលឆ្នាំ ហើយពួកគាត់ត្រឡប់មកវិញចំពេលដែលរដ្ឋាភិបាលចេញនូវវិធានការដាក់កំណត់ ដែលនេះជាបញ្ហាប្រឈមសម្រាប់ពួកគាត់៖ «ខ្ញុំមិនជំទាស់អីទេទៅនឹងវិធានការរបស់រាជរដ្ឋាភិបាល ព្រោះវាអាចជួយទប់ស្កាត់មួយផ្នែក អ្វីដែលសំខាន់គឺការនៃការគំពារនៅក្នុងកំឡុងពេល អឹ១៤ថ្ងៃហ្នឹង អាហ្នឹងដែលជារឿងដែលសំខាន់ ពីព្រោះនៅបណ្ដាប្រទេសមួយចំនួននៅពេលណា ដាក់ឱ្យនៅដាច់ដោយឡែក ដាក់អីហ្នឹងទៅ គឺរដ្ឋាភិបាលរបស់គេផ្ដល់ការគាំពារទាំងផ្នែកសេដ្ឋកិច្ច ទាំងតម្រូវការចំបាច់ជាមូលដ្ឋានរបស់កម្មករនិយោជិក ជាពិសេសដូចជាស្បៀងអាហារហូបចុកអីហ្នឹងឯង»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ចំពោះការចាត់វិធានការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ លើពួកគាត់គឺជាការរួមចំណែកមួយក្នុងការទប់ស្កាត់ការចម្លង ក៏ប៉ុន្តែគួរតែពិនិត្យទៅលើស្ថានភាពនៅពីក្រោយ និងសុខភាពរបស់ពួកគាត់ ហើយពិចារណាឱ្យពួកគាត់ចូលធ្វើការងារវិញ៖ «គួរតែមានការពិចារណា អឺ ទៅលើ អាដែងភាពជាក់ស្តែងនឹងដែរថា គួរតែត្រូវបានពិចារណានៅក្នុងការចូលរួមធ្វើការងារធម្មតាវិញ វាមិនមែនសុទ្ធតែអ្នកទៅទាំងអស់ហ្នឹងសុទ្ធតែ អើជាក្រុមដែលមាន ហានិភ័យដែរ អឺហានិភ័យនោះទេ ព្រោះអីអ្នកខ្លះគាត់ ទៅទៅលេងគ្រួសារគាត់ដែរ គ្រួសារគាត់ជាអ្នកដែលនៅឯស្រុកកំណើតហ្នឹង មិនសូវឆ្វៀលឆ្វាត់ទៅណាផង»។
លោកថា ចំពោះស្ថានភាពបែបនេះគឺត្រូវមានការថ្លឹងថ្លែងអំពីមេរោគឆ្លងខ្ពស់ជាងហានិភ័យនៃចង្វាក់ផលិតកម្ម ប៉ុន្តែគួរក្រឡេកមើលអំពីបញ្ហាជីវភាព ព្រោះកម្មករប្រសិនបើពួកគាត់មិនធ្វើការតែមួយខែគឺពួកគាត់នឹងមានបញ្ហាជីវភាព៖ «អ៊ីចឹងទៅ អឺ មធ្យោបាយផ្លូវកណ្តាលមួយគឺយើងមិនចង់ឱ្យមាន ប្រើប្រាស់មធ្យោបាយដាក់ឱ្យដាច់ដោយឡែកហ្នឹងទៅគ្រប់កម្មករទាំងអស់នោះទេ ដោយសារតែអី ដោយតែយើងចង់ឱ្យមានមានការពិនិត្យមើលទៅលើសាវតាររបស់ពួកគាត់ ពី១៤ថ្ងៃមុន មុននឹងយកគាត់មកពាក់ព័ន្ធជាមួយនឹងការដាក់ដាច់ដោយឡែក។ ដោយសារស្ថានភាពល្អរបស់គាត់វាជួយទៅដល់ការងាររោងចក្រ វាអាចជួយទៅដល់ជីវភាពរបស់គាត់»។
លោកថា មូលហេតុដែលកម្មករនាំគ្នាសម្រុកទៅស្រុក កាលពីថ្ងៃទី៩ នឹង១០ ខែមេសា ដោយសារតែពួកគាត់ខ្វះព័ត៌មានអំពីការបិទការធ្វើដំណើរឆ្លងខេត្ត និងអ្នកខ្លះទៀតគាត់ទៅដោយសារតែមានការផ្អើលតគ្នា និងខ្លះទៀតអ្នកផ្ទះរបស់គាត់បារម្ភអំពីការពុំមានអីហូបនៅពេលដែលមានបម្រាមក្នុងការធ្វើដំណើរ។
អាជីវករលក់ដូរនៅខាងមុខរោងចក្រមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ អ្នកស្រី សំអុល បានត្អូញត្អែរថា មុខរបររបស់អ្នកស្រីលក់ពុំសូវដាច់នោះទេ គឺធ្លាក់ចុះប្រមាណជា៧០ភាគរយ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ធ្វើឱ្យកម្មកររោងចក្រមួយចំនួនត្រឡប់ទៅស្រុកកំណើតវិញ៖ «ដោយសារយើង ដោយសារអាកូវីដហ្នឹង យើងលក់អត់សូវដាច់ទេ គឺយើងដាច់ភ្ញៀវហ្នឹងជាង៧០ភាគរយ នៃភ្ញៀវដែលយើងធ្លាប់លក់រាល់ដង តែយើងនៅបន្តលក់ធម្មតាអ៊ីចឹង ប៉ុន្តែយើងលក់បន្ថយជាងមុនអ៊ីចឹងណា»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក លោក វន់ ពៅ ថ្លែងថា ចាប់តាំងពីពិភពលោកបានរងនូវការវាយប្រហារដោយវីរុសកូវីដ១៩ ហើយកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនេះដែរ ធ្វើឱ្យអ្នកបំរើការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកដែលរកស៊ីលក់ដូរនៅតាមរោងចក្រ កំពុងប្រឈមនឹងការរកប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារតែមិនមានអតិថិជន គឺមានការធ្លាក់ចុះពី ៧០% ទៅ៨០%៖ «រោងចក្រត្រូវបានគេឃាំងគាត់ ១៤ថ្ងៃទុកធ្វើឱ្យគាត់អ្នកលក់ដូរ គាត់មិនដឹងលក់ឱ្យពីណាដែរ ព្រោះកម្មករទាំងអស់ហ្នឹងត្រូវបានគេឃាត់ឃាំងទុកហើយ។ បើសិនជាក្នុងស្រុកខ្មែរកម្មករភាគច្រើនគាត់មានការងារធ្វើអាហ្នឹងក៏វាជាចំណុចល្អដល់អ្នកក្រៅប្រព័ន្ធដែរ ព្រោះអ្នកក្រៅប្រព័ន្ធជាអ្នកលក់ដូរ ជាពិសេសអ្នកលក់ដូរនៅមុខរោងចក្ររោងអី កាលណារោងចក្រមានការងារធ្វើគាត់ក៏អឺមានមុខរបរលក់ដូរដែរ ប្រសិនបើរោងចក្រអត់ការងារធ្វើគាត់ក៏មានមុខរបរ អឺនៃការប្រកបមុខរបរលក់ដូរឱ្យអ្នករោងចក្រដែរ អាហ្នឹងសម្រាប់អ្នកលក់ដូរ ហើយអ្នករឺម៉ក់ក៏ដឹកអ្នករោងចក្រ រោងអីដែរ»។
អាស៊ីសេរីពុំអាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីធ្វើការអត្ថាធិប្បាយបានទេដោយសារទូរស័ព្ទពុំមានអ្នកទទួល។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការងារនិងបន្តុះបង្អាប់វិជ្ជាជីវ: លោក ហេង សួរ បាននិយាយ ថា រោងចក្រចំនួន៩១ ហើយ បានផ្អាកការងារដោយសារវីរុសកូវីដ១៩ ហើយក៏បានប៉ះពាល់ដល់កម្មករចំនួនជាង ៦ម៉ឺននាក់ផងដែរ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា ប្រទេសនានានៅលើពិភពលោក អាចនឹងងាយរងគ្រោះពីភាពរំជើបរំជួលក្នុងសង្គម ប្រសិនបើវិធានការជួយសង្គ្រោះរបស់រដ្ឋ ត្រូវពលរដ្ឋមើលឃើញថា មិនទាន់គ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងការដួលរលំសេដ្ឋកិច្ចនោះទេ។ អង្គការនេះពន្យល់បន្តថា ភាពរំជើបរំជួលក្នុងសង្គមនេះ ក៏អាចកើតឡើងដោយសារតែវិធានការជួយសង្គ្រោះរបស់រដ្ឋ ត្រូវពលរដ្ឋមើលឃើញថា មានភាពអយុត្តិធម៌ ឬមានអំពើពុករលួយខ្ពស់ ឬខ្វះតម្លាភាពជាដើម។
ការព្រមាននេះ ធ្វើឡើងក្នុងរបាយការណ៍ឃ្លាំមើលហិរញ្ញវត្ថុសាកលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិIMFទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៥ មេសា។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងស្រុតចុះខ្លាំងបំផុតមកនៅក្រោមសូន្យ គឺរហូតដល់ទៅដកមួយក្បៀសប្រាំមួយភាគរយ (-១,៦% ) ឯណោះក្នុង ឆ្នាំ២០២០នេះ ដែលមិនធ្លាប់មានពីមុនមក។ កាលពីឆ្នាំ២០១៩កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។
ទោះជាយ៉ាងណាក៏ដោយចុះកម្មករ និងសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលគិតគូរឡើងវិញអំពីការទុកប្រាក់ខែ ឬការឧបត្ថម្ភថវិកាដល់កម្មករដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ និងធានាថា ការងាររបស់ពួកគេមិនបាត់បង់ឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment