Sunday, 19 April 2020
មន្ត្រីសហជីពចាត់ទុកវិធានការដាក់កម្មករឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ គឺជាទណ្ឌកម្ម
ដោយ ខែ សុណង
2020-04-17
តំណាងសហជីពកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។
RFA
មន្ត្រីសហជីពចាត់ទុកវិធានការដាក់កម្មករឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំវិញ គឺជាការទណ្ឌកម្ម។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការតម្រូវឲ្យកម្មករ កម្មការិនីដែលបានត្រឡប់មកពីស្រុកកំណើត អនុវត្តវិធានការចត្តាឡីស័កនេះ គឺជាសម្ពាធមួយសម្រាប់ពួកគេ ដោយលោកបារម្ភពីកន្លែងស្នាក់នៅនិងការហូបចុកព្រោះកម្មករមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ លោកថា ការដាក់ឲ្យនៅដាច់ដោយឡែក ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយគឺហាក់ជ្រុលពេលទៅហើយ ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នេះ ព្រោះកម្មករខ្លះក៏បានត្រឡប់ចូលមកភ្នំពេញវិញតាំងតែពីថ្ងៃទី១៦ ខែមេសាមកម្ល៉េះ៖ «វាពិបាកដែរសម្រាប់ពួកគាត់ដោយសារតែពួកគាត់ខ្លះការចេញដំណើររបស់គាត់អំឡុងពេលហ្នុងគឺក្រុមហ៊ុនបានបិទទ្វារ ហើយក្រុមហ៊ុនឈប់ជាដើមវាមានបញ្ហាដែរ អ្នកខ្លះវិលមកទាន់ខ្លះវិលមកមិនទាន់។ វិធានការរដ្ឋាភិបាលវាកៀកចូលឆ្នាំពេក។ ចំបោះអ្នកខ្លះគាត់សម្រេចចិត្តមកគឺជាការមួយដែលលំបាកហើយដែលគាត់មកប្រឆាំងទៅនឹងការសម្រេចរបស់ក្រុមហ៊ុនឬរដ្ឋាភិបាល។ កម្មករយើងបើថានៅកន្លែងមណ្ឌលគេដាក់ទុកឲ្យនៅមានម្ហូបអាហារ មុងភួយ មានកន្លែងសមរម្យគឺមិនអីទេ តែបើថាអត់សមរម្យគឺថាវាជាទណ្ឌកម្មសម្រាប់គាត់ដែរ។ វិធានការដាក់នោះគឺថាវាតឹងតែងខ្លាំងមែនទែន»។
ប្រតិកម្មរបស់សហជីពនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានស្នើឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ចាត់វិធានការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ សម្រាប់កម្មករដែលបានធ្វើដំណើរទៅស្រុកពេលបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់កុំឲ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សាលារាជធានីភ្នំពេញអះអាងថា អាជ្ញាធរបានត្រៀមសាលារៀនចំនួន៣៧ ដែលមាន ៦៩៩បន្ទប់ សម្រាប់អនុវត្តវិធានការលើកម្មករ-កម្មការិនីជាង ១ម៉ឺន ៥ពាន់នាក់ (១៥.៧២៦) មកពីរោងចក្រចំនួន ៦៧២ នៅភ្នំពេញ ដែលបានទៅស្រុកក្នុងពេលចូលឆ្នាំ។
មន្ត្រីសហជីពរិះគន់ថា ខណៈគោលការណ៍ទទួលបានប្រាក់ឧបត្ថម្ភ ៧០ដុល្លារពីរដ្ឋាភិបាល និងពីរោងចក្រដែលត្រូវព្យួរនោះមិនទាន់បានអនុវត្តល្អផង ដោយកម្មករទទួលបានតែពីភាគីរោងចក្រនោះ ឥឡូវពួកគេត្រូវប្រឈមមុខនឹងបញ្ហាថ្មីមួយទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment