ដោយ យន់ សាមៀន
2020-04-26

អ្នកភូមិនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លើកបដា និងរូបថតលោក សែម សាង ធ្វើយុទ្ធនាការទាមទារឱ្យអាជ្ញាធរដោះលែងលោក សែម សាង ពីការឃុំឃាំង។
រូប៖ ពលរដ្ឋ
ប្រជាពលរដ្ឋប្រមាណ ៦០នាក់ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ បន្តធ្វើយុទ្ធនាការទាមទារឱ្យតុលាការខេត្តត្បូងឃ្មុំ ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងតំណាងពួកគេគឺលោក សែម សាង ឱ្យមានសេរីភាពវិញ។ ការជួបជុំគ្នានេះ ធ្វើនៅដីមានទំនាស់ជាមួយក្រុមហ៊ុនចិនឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដោយក្រុមពលរដ្ឋបាននាំគ្នាកាន់បដា និងរូបថតរបស់លោក សែម សាង។
អ្នកភូមិស្រែប្រាំង លោកស្រី ម៉ៅ សេងហាក់ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៦ មេសា ថា នេះជាលើកទី៦ហើយដែលអ្នកភូមិរួមគ្នាទាមទារឱ្យសាលាដំបូងខេត្តត្បូងឃ្មុំ ដោះលែងលោក សែម សាង មកវិញ ព្រោះការចាប់ខ្លួន និងចោទប្រកាន់លើតំណាងពួកគាត់ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។
រីឯភរិយាលោក សែម សាង គឺ លោកស្រី ឈឿន ស្រីសុខ ដែលមានផ្ទៃពោះជិតគ្រប់ខែសម្រាលកូន ស្នើដល់តុលាការជួយពន្លឿននីតិវិធីដោះលែងប្ដីលោកស្រី ឱ្យបានជួបជុំគ្រួសារវិញ ព្រោះពេលនេះគ្រួសារកំពុងជួបបញ្ហាជីវភាពខ្លាំង។
លោក សែម សាំង ត្រូវបានអាជ្ញាធរស្រុកតំបែរ ស្ទាក់ចាប់នៅភូមិស្រែប្រាំង ហើយនាំខ្លួនទៅឃុំនៅពន្ធនាគារ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីលោកត្រឡប់មកពីចូលរួមសិក្ខាសាលាចិញ្ចឹមមាន់ និងផលិតទឹកសុទ្ធ នៅខេត្តកំពង់ឆ្នាំង។ លោក រងការចោទប្រកាន់ទាក់ទងនឹងបទចោទថា "កំហែងដោយមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ" ដែលបានប្រព្រឹត្តនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
អ្នកភូមិស្រែប្រាំងបញ្ជាក់ថា ពួកគេនឹងបន្តធ្វើយុទ្ធនាការនេះ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់តុលាការ ទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងលោក សែម សាង ឱ្យមានសេរីភាពឡើងវិញ។ ពលរដ្ឋក៏ស្នើដល់តុលាការនិងអាជ្ញាធរ និងក្រុមហ៊ុន បញ្ឈប់ការចោទប្រកាន់លាបពណ៌លើប្រជាពលរដ្ឋស្លូតត្រង់តទៅទៀត៕
1 comment:
Cambodia's law is also known as " Chbab Kdor Ah Hun Sen". It is natural that this law is rude to Khmer people, but nice to Hun Sen's masters Yuon and Chen.
Post a Comment