Sunday, 26 April 2020

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​តំបែរ​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ ទម្លាក់​បទ​ចោទ និង​ដោះលែង​តំណាង


ដោយ យន់ សាមៀន
2020-04-26

អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ លើក​បដា និង​រូប​ថត​លោក សែម សាង ធ្វើ​យុទ្ធនាការ​ទាមទារ​​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សែម សាង ពី​ការ​ឃុំឃាំង។
អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ លើក​បដា និង​រូប​ថត​លោក សែម សាង ធ្វើ​យុទ្ធនាការ​ទាមទារ​​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សែម សាង ពី​ការ​ឃុំឃាំង។
រូប៖ ពលរដ្ឋ



ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់ នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ​គឺ​លោក សែម សាង ឱ្យ​មាន​សេរីភាព​វិញ​។ ការ​ជួប​ជុំគ្នា​នេះ ធ្វើ​នៅ​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដោយ​ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​កាន់​បដា និង​រូបថត​របស់​លោក សែម សាង។

អ្នកភូមិ​ស្រែប្រាំង លោកស្រី ម៉ៅ សេងហាក់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ មេសា ថា នេះ​ជា​លើក​ទី​៦​ហើយ​ដែល​អ្នកភូមិ​រួមគ្នា​ទាមទារ​ឱ្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដោះលែង​លោក សែម សាង មក​វិញ ព្រោះ​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​លើ​តំណាង​ពួកគាត់ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួលយក​បាន​ឡើយ។

រីឯ​ភរិយា​លោក សែម សាង គឺ លោកស្រី ឈឿន ស្រីសុខ ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​សម្រាលកូន ស្នើ​ដល់​តុលាការ​ជួយ​ពន្លឿន​នីតិវិធី​ដោះលែង​ប្ដី​លោកស្រី ឱ្យ​បាន​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ពេលនេះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្លាំង។

លោក សែម សាំង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​តំបែរ ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង ហើយ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាលពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ចូលរួម​សិក្ខាសាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្តកំពង់ឆ្នាំង​។ លោក រង​ការចោទប្រកាន់​ទាក់ទង​នឹង​បទ​ចោទ​ថា "​កំហែង​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ការ​ប្រើប្រាស់​អាវុធ​" ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

អ្នកភូមិ​ស្រែប្រាំង​បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់​តុលាការ ទម្លាក់​ចោល​ការ​ចោទប្រកាន់ ហើយ​ដោះលែង​លោក សែម សាង ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ពលរដ្ឋ​ក៏​ស្នើ​ដល់​តុលាការ​និង​អាជ្ញាធរ និង​ក្រុមហ៊ុន បញ្ឈប់​ការ​ចោទប្រកាន់​លាប​ពណ៌​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តទៅ​ទៀត៕

1 comment:

Anonymous said...

Cambodia's law is also known as " Chbab Kdor Ah Hun Sen". It is natural that this law is rude to Khmer people, but nice to Hun Sen's masters Yuon and Chen.